ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដោះស្រាយលុយកាក់ពេលសិក្សា និស្សិតខ្លះចិញ្ចឹមមាន់ ទា លក់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ការសិក្សានៅភ្នំពេញទោះតិច ឬច្រើននិស្សិតត្រូវចំណាយថវិកា ។ ដើម្បីផ្គត់ផ្គង់ការចំណាយលើការសិក្សា ចំណាយលើសំាង ឬមធ្យោបាយធ្វើដំណើរ និងជាការជួយសម្រាលបន្ទុកឪពុកម្តាយផង មាននិស្សិតមួយចំនួនបានឆ្លៀតពេលកំពុងសិក្សាចិញ្ចឹមមាន់…

រាជធានីភ្នំពេញ ៖ ការសិក្សានៅភ្នំពេញទោះតិច ឬច្រើននិស្សិតត្រូវចំណាយថវិកា ។ ដើម្បីផ្គត់ផ្គង់ការចំណាយលើការសិក្សា ចំណាយលើសំាង ឬមធ្យោបាយធ្វើដំណើរ និងជាការជួយសម្រាលបន្ទុកឪពុកម្តាយផង មាននិស្សិតមួយចំនួនបានឆ្លៀតពេលកំពុងសិក្សាចិញ្ចឹមមាន់ ទា គ្រាន់លក់ ដោះស្រាយរឿងលុយកាក់នេះ ។

ជានិស្សិតដែលសិក្សានៅសកលវិទ្យាល័យភូមិន្ទកសិកម្ម ផាន ផល់គុណ ជាអ្នកដែលបានឆ្លៀតចិញ្ចឹមមាន់ម្នាក់ ។ ផល់គុណថ្លែងថា «ខ្ញុំចិញ្ចឹមមាន់លក្ខណៈគ្រួសារផង និងទុកលក់ជូនដល់បងប្អូននៅក្នុងភូមិផង ដើម្បីបានចំណូលខ្លះសម្រួលដល់ការចាយវាយលើការសិក្សាដូចជាថ្លៃម្ហូបប្រចាំថ្ងៃ» ។កញ្ញា ផាន ផល់គុណ និយាយទំាងមុខញញឹមទៀតថា «ខ្ញុំចូលចិត្តការចិញ្ចឹមមាន់ ទា ដាំដំណាំ ដោយសារតែជាចំណង់ចំណូលចិត្ត ហើយណាមួយត្រូវជាមួយជំនាញខ្ញុំរៀនរាល់ថ្ងៃផង» ។ 

មិនមែនមានតែកញ្ញា ផល់គុណ ម្នាក់ទេ ដែលចិញ្ចឹមាន់ ទា គ្រាន់បានថវិកាផ្គត់ផ្គង់ការសិក្សា នៅមាននិស្សិតជាច្រើនទៀត បានធ្វើកិច្ចការនេះដែរ ។ ជានិស្សិតឆ្នាំទី ២ នៃ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) បានចាត់ទុកការចិញ្ចឹមមាន់ ទា ជាផ្នែកមួយនៃមុខរបរបន្ទាប់បន្សំរបស់លោក ។ និស្សិតកំលោះរូបនេះ បានរៀបរាប់យ៉ាងដូច្នេះថា «ការចិញ្ចឹមមាន់ ចិញ្ចឹមទា គឺខ្ញុំអាចឆ្លៀតពេលបាន ដោយសារតែសព្វថ្ងៃខ្ញុំរៀនតាមអនឡាញ ដូច្នេះហើយមិនមានការប៉ះពាល់ដល់ការសិក្សារបស់ខ្ញុំទេ ណាមួយការចិញ្ចឹមមាន់ ទា ជាលក្ខណៈគ្រួសារ និងទុកលក់ដូរបន្តិចបន្ទួចបែបនេះ ក៏មិនត្រូវការឱ្យយើងចំណាយពេលច្រើនលើវាដូចគ្នា ហើយម្យ៉ាងវិញទៀត ខ្ញុំក៏អាចរកចំណូលខ្លះ ដើម្បីទុកធ្វើការចំណាយលើការរៀន និងតម្រូវការផ្សេងបានខ្លះដែរ» ។

នៅមិនទាន់អស់នៅឡើយទេ យុវតីមួយរូបទៀត ជានិស្សិតឆ្នាំទីមួយ នៃសកលវិទ្យាល័យភូមិន្ទកសិកម្ម ក៏មានចិញ្ចឹមមាន់លក្ខណៈគ្រួសារផងដែរ ។ ដោយកញ្ញាបានប្រាប់ឱ្យថា «ខ្ញុំចិញ្ចឹមមាន់ ដោយសារតែមើលទៅមានលក្ខណៈបែបស្រុកស្រែ ហើយណាមួយអាចកាត់បន្ថយការតានតឹងបានខ្លះពីការរៀនផង និងធ្វើការផងរបស់ខ្ញុំ» ។

ជាការកត់សម្គាល់និស្សិតដែលជាកូនចៅអ្នកជនបទ ដែលបានឡើងមកបន្តការសិក្សានៅភ្នំពេញ មួយចំនួនបានស្នាក់នៅតាមវត្តអារាម ខ្លះទៀតស្នាក់នៅជាមួយបងប្អូន ហើយអ្នកខ្លះស្នាក់អាស្រ័យតាមអន្តេវាសិកដ្ឋានសាលា ។ ដើម្បីឲ្យកូនបានសិក្សានៅភ្នំពេញឪពុកម្តាយបានខិតខំប្រកបការងារស្រែចម្ការផ្ញើរលុយឲ្យកូនចំណាយពេលរៀនសូត្រ ។ រយៈពេលសិក្សា ៤ ឆ្នាំ ឬលើសពីនេះ បើកូនៗមិនចេះរកប្រាក់ផ្គត់ផ្គង់ការសិក្សានោះទេ មាតាបិតាត្រូវហ៊ត់នឿយខ្លំាងណស់ក្នុងការបំពេញកាតព្វកិច្ចនេះ ។ ការចិញ្ចឹមមាន់ ទា របស់និស្សិតខាងលើជាគំរូល្អមួយដែលនិស្សិតផ្សេងទៀតអាចធ្វើតាម ។ក្រៅពីនេះ ការងារក្រៅម៉ោង ការងារស្ម័គ្រចិត្តនៅភ្នំពេញ ក៏អាចផ្តល់បទពិសោធន៍ជីវិត និងថវិកាមួយផ្នែកដល់និស្សិតមកពីជនបទនោះដែរ ៕ ដោយ ៖ ថាវី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ