ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក យិន ជា ឈប់ឡើងត្នោតប្រថុយខ្ចីលុយធនាគារមករកស៊ី បែរជាប៉ះព្យុះកូវីដ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ លោក យិន ជា អាយុ ៦៧ឆ្នាំ ជាអ្នកស្រុកខេត្តកំពង់ធំ លោក និងកូនៗពីរនាក់ជាអ្នកលក់គ្រឿងសង្ហារិមតាមម៉ូតូសណ្តោងរ៉ឺម៉ក់…

រាជធានីភ្នំពេញ ៖ លោក យិន ជា អាយុ ៦៧ឆ្នាំ ជាអ្នកស្រុកខេត្តកំពង់ធំ លោក និងកូនៗពីរនាក់ជាអ្នកលក់គ្រឿងសង្ហារិមតាមម៉ូតូសណ្តោងរ៉ឺម៉ក់ នៅក្នុងក្រុងភ្នំពេញ ។ លោកបានប្រកបរបរនេះ ៤ ឆ្នាំហើយ ។ ពីដើមឡើយលោកជាអ្នកជាឡើងត្នោត ចំណែកប្រពន្ធលក់លៀសហាលក្នុងភូមិ ។ «ដោយ សារមុខរបរឡើងត្នោតខាងលើរកប្រាក់ពុំសូវបានធ្វើឲ្យជីវភាពគ្រួសារយ៉ាប់ យ៉ឺនទៅ និងប្រឈមមុខគ្រោះថ្នាក់ផងនោះ ខ្ញុំបានបោះបង់របរនោះចោល ងាកមកចាប់យកមុខរបរថ្មី គឺលក់គ្រែ សាឡុង ចល័តវិញ តាមម៉ូតូនេះ» លោក យិន ជា បញ្ជាក់ ។

ជាអតីតអ្នកឡើងត្នោតលោកពុំមានសល់ដើមទុន មកចាប់របរថ្មីឡើយ ។ ដើម្បីរកស៊ីរបរថ្មីបានលោកបានខ្ចីប្រាក់ពីធនាគារ ជាងមួយម៉ឺនដុល្លារ ។ លោកនិងកូនប្រុសរបស់លោកពីរនាក់ទៀតបានរួមគ្នាខ្ចីប្រាក់ពីធនាគារ ហើយចែកទុនគ្នារកស៊ីរៀងខ្លួនក្នុងរបរដូចគ្នា។ «រយៈពេលជាង ៤ ឆ្នាំហើយដែលយើងចាប់របរថ្មីមួយនេះ ។ យើងបានខ្ចីប្រាក់ពីធនាគារយកមករកស៊ី តែដល់ពេលកូវីដកើតមាននេះ ការលក់ដូរមិនដាច់ ធ្វើឲ្យយើងសឹងដាច់ខ្យល់ពេលដល់ថ្ងៃត្រូវបង់ឲ្យធនាគារនោះ» ។ បុរសខាងលើបានបន្ថែមថា «ខែខ្លះដល់ពេលត្រូវបង់លុយធនាគារម្ដងៗ សឹងចង់ស្រែកទ្រហ៊ោយំទៅហើយដោយសារគ្មានលុយបង់ឱ្យ» ។

ទោះមានការលំបាករត់រកប្រាក់ពីនេះ ពីនោះពេលត្រូវបង់ធនាគារម្តងៗក្តី តែលោកមិនដែលធ្វើឲ្យធនាគារលំបាកឡើយ ។ លោកបង់ឲ្យគេគ្រប់ៗ នៅក្នុងមួយខែជាង ៣០០ដុល្លារ ។ និយាយពីការលក់ដូរគ្រឿងសង្ហារិម ដែលមានដូចជា ៖ គ្រែ សាឡុង និងហង់តេ ជាដើមនោះ លោក យិន ជា ថាផលិតផលដែលគាត់ដឹកលក់នេះ ធ្វើអំពីឈើផ្ចឹក សុក្រំ និងកកោះ ហើយមានតម្លៃចាប់ពីជាង ១០០ ដុល្លាររហូតដល់ជាង ៥០០ ដុល្លារ តម្លៃគ្រឿងសង្ហារិមដែលផលិតក្នុងស្រុកនេះ ទៅតាមទំហំ និងប្រភេទនៃឈើ ។

ផលិតផលទំាងអស់នេះ លោកបានទិញពីសិប្បកម្មនៅឯខេត្តព្រះវិហារ រួចដឹកតាមម៉ូតូសណ្ដោងរ៉ឺម៉ក ១ គ្រឿងដើរលក់ចល័តពីកន្លែងមួយទៅកន្លែងមួយ គ្រប់តំបន់ ហើយយប់នៅកន្លែងណាឈប់សម្រាកនៅកន្លែងនោះ ។ លោក យិន ជា បានឲ្យដឹងទៀតថា កាលពីរឆ្នាំដំបូងរបររបស់លោកកាក់កប ក្នុង ១ ខែអាចលក់អស់ ៣ ទៅ ៤ រ៉ឺម៉ក ហើយក្នុង១  រ៉ឺម៉កៗមាន៨ គ្រែរួមជាមួយសាឡុង និងហង់តេផង ។ ក្នុង ១ រ៉ឺម៉កអាចលក់បានកម្រៃសរុបជាង ៣ ពាន់ដុល្លារ ។ «លក់ដាច់សប្បាយចិត្តខ្លាំងណាស់ និងមានកម្លាំងចិត្តបំផុត ពុំដែលគិតថា នឿយហត់នោះឡើយ ។ ព្រោះអីអាចរកប្រាក់ចំណូលបង់ធនាគារ ។ បង់ធនាគាររួចនៅសល់មួយចំនួនសម្រាប់ចាយវាយមិនលំបាកនោះឡើយ» ។

រៀបរាប់ទំាងទឹកមុខរីករាយបានមួយសន្ទុះលោក ជា បានប្តូរទឹកមុខមកស្រងូតស្រងាត់វិញ ហើយផ្តើមសម្តីថា ពីរឆ្នាំមកនេះយើងយ៉ាប់ណាស់ ។  បុរសចំណាស់រូបនេះបានបន្តថា «អ្វីៗមិនដូចជាការគិតរបស់គាត់ឡើយ ព្រោះរយៈពេល ២ ឆ្នាំចុងក្រោយស្រាប់តែការជំងឺ COVID-19 ឡើងធ្វើឲ្យក្ដីសង្ឃឹម ភាពរីករាយ រលាយបាត់អស់ ។

អ្នកខេត្តកំពង់ធំខាងលើបានពោលថា ការលក់ដូរមានការធ្លាក់ចុះយ៉ាងខ្លាំង លក់អត់សូវដាច់ឡើយ ។ ពីដើម លក់ដាច់ ៣ ទៅ ៤ រ៉ឺម៉ក ធ្លាក់មកនៅត្រឹម ១ រ៉ឺម៉ក ហើយទំរាំអស់ អាចប្រើពេលជាង ១ ខែ ។ «បញ្ហានេះបានធ្វើឲ្យគាត់ជួបការលំបាកខ្លាំងមែនទែន ប្រឈមនិងការរកប្រាក់ដើម្បីបង់ធនាគារពុំចង់បានឡើយ ។ មិនដឹងថា យើងអាចរត់រកលុយបង់ធនាគារទៅមុខទៀតបាន ឬយ៉ាងណានោះទេ បើកូវីដ ១៩ មិនស្ងប់នោះ» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ