ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៅកែ​កា​ស៊ី​ណូ​កាត់​ប្រាក់ខែ បុគ្គលិក​បះបោរ​តវ៉ា​ប្រឆាំង ប្រពន្ធ​ថៅកែ​បញ្ជា​ឱ្យ​ចាប់​អ្នកកាសែត

8 ឆ្នាំ មុន

បុគ្គលិក​កាស៊ីណូ​ហ្កា​ទ្បា​ក់​ស៊ី​ហ្គោ​ល​ហូ​ថែ​ល (Galaxy Gold Hotel) ជា​ច្រើន​នាក់ បាន​លើកគ្នា​ទាមទារ​លក្ខខណ្ឌ​ការងារ​ទាំង​យប់ ដោយ​ចោទ​ថា ម្ចាស់​កាស៊ីណូ​មិន​គោរព​តាម​គោលការណ៍​ច្បាប់ បើក​ប្រាក់ខែ​មិន​គោរព​តាម​គោលការណ៍​ច្បាប់ បើក​ប្រាក់ខែ​មិន​គ្រប់​ចំនួន

ខេត្ត​ប៉ៃលិន ៖ បុគ្គលិក​កាស៊ីណូ​ហ្កា​ទ្បា​ក់​ស៊ី​ហ្គោ​ល​ហូ​ថែ​ល (Galaxy Gold Hotel) ជា​ច្រើន​នាក់ បាន​លើកគ្នា​ទាមទារ​លក្ខខណ្ឌ​ការងារ​ទាំង​យប់ ដោយ​ចោទ​ថា ម្ចាស់​កាស៊ីណូ​មិន​គោរព​តាម​គោលការណ៍​ច្បាប់ បើក​ប្រាក់ខែ​មិន​គោរព​តាម​គោលការណ៍​ច្បាប់ បើក​ប្រាក់ខែ​មិន​គ្រប់​ចំនួន ។ ពេល​កើត​មាន​ហេតុការណ៍​នេះ​ខណៈ​អ្នក​សារព័ត៌មាន អ្នក​ថត​ទូរទស្សន៍​ជា​ច្រើន​អង្គភាព​ចុះ​ទៅ​យក​ព័ត៌មាន ស្រាប់តែ​ស្ត្រី​មេការ​ម្នាក់​បញ្ជា​ឱ្យ​សន្តិសុខ​ចាប់​ប្រ​កួច​ក​អាវ​អ្នកកាសែត បញ្ជា​ឱ្យ​លុប​រូបភាព​ចោល​ទាំងអស់ និង​បាន​គំរាមកំហែង​ថែម​ទៀត​ផង ។

ហេតុការណ៍​បុគ្គលិក​កាស៊ីណូ​ខាងលើ នាំ​គ្នា​តវ៉ា​ទាមទារ​លក្ខខណ្ឌ​ការងារ​នេះ បាន​កើត​ទ្បើ​ង​កាលពី​វេលា​ម៉ោង​៩​និង​២៥​នាទី​យប់ ថ្ងៃ​ទី​២ ខែមករា​កន្លង​ទៅ នៅ​មុខ​កាស៊ីណូ​ស្ថិត​នៅ​ជាប់​ផ្លូវជាតិ​លេខ​៥៧ ក្បែរ​ច្រក​ទ្វារ​អន្តរជាតិ​ព្រំ ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា នៅ​យប់​ថ្ងៃ​កើតហេតុ គេ​ឃើញ​បុគ្គលិក​កាស៊ីណូ​ខាងលើ ដែល​ទើបនឹង​បើក​ដំណើរការ​បាន​ប្រហែល​ជិត​១​ឆ្នាំ នាំ​គ្នា​ចេញពី​ក្នុង​កាស៊ីណូ​មក​ឈរ​ត្រៀបត្រា​តវ៉ា​នៅ​ខាង​មុខ​កាស៊ីណូ ទាមទារ​លក្ខខណ្ឌ​ការងារ ដោយ​អះអាង​ថា​ថៅកែ​មិន​គោរព​កិច្ចសន្យា គឺ​ក្នុង​១​ខែ​ត្រូវ​បើកប្រាក់​បៀវត្សរ៍​ឱ្យ​បុគ្គលិក​ម្នាក់​ៗ​ចំនួន​៨​ពាន់​បាត​(​ប្រាក់​ថៃ​) ធ្វើការ​រយៈពេល​៨​ម៉ោង និង​ក្រោយមក​បញ្ចុះ​ត្រឹម​៧​ពាន់​បាត ។ ប៉ុន្តែ​ស្រាប់តែ​សរសេរ​នៅ​ក្រដាស​បិទ​បង្ហាញ​នៅ​មុខ​កាស៊ីណូ​ចុះ​រហូត​នៅ​សល់​ត្រឹមតែ​៥​ពាន់​បាត​ប៉ុណ្ណោះ​ក្នុង​១​ខែ ខណៈ​ពួក​គេ​ធ្វើការ​រហូត​ដល់​១០​ម៉ោង​ក្នុង​១​ថ្ងៃ ទើប​កើតទុក្ខ​មិន​សុខចិត្ត ក៏​លើកគ្នា​តវ៉ា​តែ​ម្តង ។

ប្រភព​ដដែល​បានឱ្យ​ដឹង​ទៀត​ថា លុះ​ក្រោយមក​មាន​អ្នក​សារព័ត៌មាន​ជា​ច្រើន​អង្គភាព​ដូច​ជា ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣ ទូរទស្សន៍​អប្សរា​ANN ទូរទស្សន៍​MSJ និង​អ្នកកាសែត​មួយ​ចំនួន​ចូល​ទៅ​ថត​យក​រូបភាព ស្រាប់តែ​មេការ​ស្រី​ម្នាក់​របស់​កាស៊ីណូ​នេះ​បញ្ជា​ឱ្យ​សន្តិសុខ​ចាប់​យក​ម៉ាស៊ីន​ថត និង​ទូរស័ព្ទ​ដៃ បញ្ជា​ឱ្យ​លុប​រូបភាព និង​គំរាមកំហែង​ដល់​អាយុជីវិត​ថែម​ទៀត​ផង ។

បើ​តាម​ភ្នាក់ងារ​យក​ព័ត៌មាន​ឲ្យ​ទូរទស្សន៍​ទាំងអស់​ខាងលើ បានឱ្យ​ដឹង​ថា នៅ​ពេល​ពួក​គេ​ឃើញ​ក្រុម​បុគ្គលិក​កាស៊ីណូ​នាំ​គ្នា​តវ៉ា​នៅ​មុខ​កាស៊ីណូ​បែប​នេះ ទើប​ទៅ​ឈរ​ថត​នៅ​ក្បែរ​ចិញ្ចើម​ផ្លូវ​សាធារណៈ ដោយ​មិន​បាន​ចូល​ទៅ​ថត​នៅ​ក្នុង​កាស៊ីណូ​ទ្បើ​យ ស្រាប់តែ​សន្តិសុខ​កាស៊ីណូ​ដែល​ស្ថិត​ក្នុង​សភាព​ស្រវឹង​ផង ចេញ​មក​រករឿង​ចាប់​ក្របួច​ក​អាវ​បញ្ជា​ឱ្យ​លុប​រូបភាព ដោយ​មាន​ថៅកែ​ស្រី​ម្នាក់ ដែល​គេ​ស្គាល់​ថា​ជា​ប្រពន្ធ​លោក​ឧកញ៉ា ជា គា ថៅកែ​កាស៊ីណូ​ម​កុ​ជ​ពេជ្រ ចេញ​មក​បញ្ជា​និង​គំរាម​ពួក​គេ ។

ក្រុម​អ្នក​យក​ព័ត៌មាន​ទាំងនេះ​រៀបរាប់​ទៀត​ថា នៅ​ពេល​នោះ​ពួក​គេ​បាន​ទាក់ទង​ទៅ​លោកស្នងការ​នគរបាល​ខេត្ត​ជា​ច្រើន​លើក​ច្រើន​សា ដើម្បី​ឱ្យ​ជួយ​អន្តរាគមន៍ តែ​អត់​មាន​អ្នក​លើក​ទូរស័ព្ទ ហើយ​គ្មាន​សមត្ថកិច្ច​ណា​ម្នាក់​ហ៊ាន​ចេញ​មុខ​ទ្បើ​យ ដែល​គេ​និយាយ​ថា ប៉ូលិស​ខ្លាច​ថៅកែ​ល្បែង​ដូច​ខ្លាចខ្លា ។ លុះ​ក្រោយមក​ទើប​ពួក​គេ​ទាក់ទង​ទៅ​លោក​អភិបាលខេត្ត ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍ លុះ​ចប់​រឿងរ៉ាវ ទើប​គេ​ឃើញ​សមត្ថកិច្ច​ចេញ​ទៅ​អើត​មើល​បន្តិច ក៏​នាំ​គ្នា​ត្រ​ទ្ប​ប់​ទៅ​ផ្ទះ​វិញ​យ៉ាង​ស្ងៀមស្ងាត់ ដូច​ពាក្យ​គេ​ថា «​សម័យនេះ​មាន​ប្រាក់​ទិញ​យក្ស​ប្រើ ទិញ​យក្ស​យាម​ទ្វារ ឬ​ទិញ​យក្ស​ជិះ​លេង​ក៏​បាន​» ។

ចំណែក​លោក ឈិ​ន សុ​ភ័​ណ នាយក​រដ្ឋបាល​កាស៊ីណូ​ខាងលើ និយាយ​ថា បុគ្គលិក​ដែល​នាំ​គ្នា​តវ៉ា​មាន​តិចតួច​ប៉ុណ្ណោះ លុះ​ឃើញ​ដូច្នេះ​ក៏​បង្ក​ឱ្យ​មានការ​ផ្អើល​ឆោ​ទ្បោ​ចេញ​មក​ពី​ក្នុង​បន្ទប់ធ្វើការ​ជា​ច្រើន​នាក់​ថែម​ទៀត ។ ចំណែកឯ​សន្តិសុខ​កាស៊ីណូ​ដែល​ស្រវឹង​ចេញ​មក​ក្របួច​ក​អាវ​អ្នក​សារព័ត៌មាន​បង្ខំ​ឱ្យ​លុប​រូបភាព​ចេញ ខាង​លោក​នឹង​ហៅ​មក​ជួប ដើម្បី​សួរនាំ​ធ្វើការ​អប់រំ ដោយ​សុំ​មិន​ឱ្យ​ខាង​សារព័ត៌មាន​ប្តឹងប្តល់​អ្វី​ទ្បើ​យ ព្រោះ​នេះ​ជា​ការ​យល់​ច្រ​ទ្បំ​រវាង​គ្នា​នឹង​គ្នា ។

ការ​រំលោភ​លើ​អ្នកកាសែត​មាន​តែ​មនុស្ស​ប្រើ​ច្បាប់​ព្រៃ​ប៉ុណ្ណោះ ។ ឯ​ចំពោះ​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​តវ៉ា​របស់​បុគ្គលិក​នោះ មិន​អាច​ស្វែងរក​ព័ត៌មាន​បំភ្លឺ​បាន​ទ្បើ​យ ៕