ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កែវ រំ​ចង់ បំបាក់​អំនួត​គូ​សងសឹក​ថៃ​ថ្ងៃ​ឆ្លង​ឆ្នាំ​សាកលព្រឹត្តិការណ៍ THAI FIGHT COUNTDOWN 2015

8 ឆ្នាំ មុន

បាងកក ៖ អ្នក​ប្រដាល់​ជើង​ខ្លាំង​របស់​កម្ពុជា​២​រូប គឺ កែវ រំ​ចង់ និង ផល សោ​ភ័​ណ្ឌ ដែល​បាន​ទៅ​ប្រកួត​ជាមួយ​ជើង​ខ្លាំង​លំដាប់​កំពូល​របស់​ថៃ ក្នុង​ព្រឹត្តិការណ៍ THAI FIGHT COUNTDOWN 2015 នៅ​ទីក្រុង​បាងកក

បាងកក ៖ អ្នក​ប្រដាល់​ជើង​ខ្លាំង​របស់​កម្ពុជា​២​រូប គឺ កែវ រំ​ចង់ និង ផល សោ​ភ័​ណ្ឌ ដែល​បាន​ទៅ​ប្រកួត​ជាមួយ​ជើង​ខ្លាំង​លំដាប់​កំពូល​របស់​ថៃ ក្នុង​ព្រឹត្តិការណ៍ THAI FIGHT COUNTDOWN 2015 នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ កាលពី​យប់​ថ្ងៃ​ព្រ​ហ្ប​តិ៍ ទី​៣១ ធ្នូ ឆ្នាំ​២០១៥ នោះ កីឡាករ​កែវ រំ​ចង់ បាន​បំបាក់​អំនួត​កីឡាករ​ថៃ Iquezang Kor Rungthanakeat ដោយ​ការ​យកឈ្នះ​ពិន្ទុ​។ ចំណែក​កីឡាករ ផល សោ​ភ័​ណ្ឌ បាន​ចាញ់​សន្លប់​នៅ​ក្នុង​ទឹក​ទី​១ ក្រោម​កណ្តាប់ដៃ​កីឡាករ​ថៃ Saenchai ។

កែវ រំ​ចង់ ធ្លាប់​ចាញ់​ពិន្ទុ​កីឡាករ​ថៃ​រូប​នេះ ក្នុង​ព្រឹត្តិការណ៍​ប្រដាល់ THAI FIGHT នៅ​ប្រទេស​វៀតណាម កាលពី​ថ្ងៃ​ទី​២៤ តុលា ឆ្នាំ​២០១៥ ម្តង​ហើយ ដែល​កាលនោះ​គឺ​ចាញ់​ដោយ​មិន​អស់ចិត្ត ធ្វើ​ឱ្យ​គេ​ដេក​មិន​លក់​បក់​មិន​ល្ហើយ ក៏​ខំ​ហ្វឹកហាត់​បង្កើន​កម្លាំង និង​វិជ្ជា​គុន​ដើម្បី​ឡើង​ប្រកួត​សងសឹក​លើក​នេះ​រហូត​បាន​សម្រេច​ដូច​បំណង​។

មុន​ពេល​ប្រកួត គេ​ឃើញ​កីឡាករ​ទាំង​ពីរ បាន​បង្ហោះ​សារ​ជា​សង្គ្រាមពាក្យសម្តី​ដាក់​គ្នា​ធ្វើ​ឱ្យ​ទស្សនិកជន​ទាំង​ខ្មែរ ទាំង​ថៃ ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ។ កីឡាករ​ថៃ Iquezang បាន​និយាយ​បែប​ចំអក​ដាក់ កែវ រំ​ចង់ តាម​រយៈ​វី​ដេ​អូ​ឃ្លី​ប​របស់​ស្ថាប័ន THAI FIGHT កាលពី​ថ្ងៃ​ទី​២៤ ធ្នូ ថា គេ​នឹង​បំបាក់ កែវ រំ​ចង់ ឱ្យ​ដេក​លើ​សង្វៀន​រហូត​រក​ផ្លូវ​មក​ផ្ទះ​វិញ​មិនឃើញ​។​ជា​ការ​ឆ្លើយ​តប កែវ រំ​ចង់ បាន​បន្លុយ​ពាក្យ​ទៅ​កាន់​Iquezang​វិញ​ថា កុំ​រត់​ដូច Floyd ទៅ​បាន​ហើយ​… ។ មិនតែប៉ុណ្ណោះ​កែវ រំ​ចង់ បាន​បង្ហោះ​រូបភាព​ថត​ទល់មុខ​ជាមួយ Iquezang កាលពី​ថ្ងៃ​ទី​២៥ ធ្នូ នៅ​លើ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន ដោយ​សរសេរ​ថា ៖ «​មើល​មុខ Iquezang កំពុង​ភ័យ​ហើយ​បងប្អូន គេ​និយាយ​ផង ភ័យ​ផង មុខ​ឡើង​ស្លេកស្លាំង​អស់ហើយ​» ។

គួរ​បញ្ជាក់​ថា ព្រឹត្តិការណ៍​ប្រដាល់ THAI FIGHT COUNTDOWN 2015 មានការ​ប្រកួត​ចំនួន​៨​គូ​ដែល​សុទ្ធតែ​ជា​កីឡាករ​ជើង​ខ្លាំង លំដាប់​ជួរ​មុខ​របស់​ប្រទេស​នីមួយ​ៗ ។ កីឡាករ​កម្ពុជា កែវ រំ​ចង់ ដែល​ឡើង​ប្រកួត​សងសឹក​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ Iquezang ស្ថិត​នៅ​គូ​ទី​៣ ៕