រាជធានីភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី៣ មីនា ឆ្នាំ២០១១នៅសណ្ឋាគារភ្នំពេញ សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA) ក្រោមជំនួយបច្ចេកទេស និងថវិកាពីការិយាល័យសកម្មភាពនិយោជកនៃអង្គការពលកម្មអន្តរជាតិ ILO ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក បានរៀបចំសិក្ខាសាលាស្តីពីកម្មវិធី ការងារសមរម្យរបស់ប្រទេសកម្ពុជា សម្រាប់ឆ្នាំ២០១១-២០១៥ ។ សិក្ខាសាលានេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់កញ្ញា សាន់ដ្រា ដាមីកូ អនុប្រធានសហព័ន្ធ CAMFEBA និងលោកដ្រាហ្គិន រ៉ាឌីក មន្ត្រីជំនាញជាន់ខ្ពស់ខាងសកម្មភាពនិយោជករបស់អង្គការពលកម្មអន្តរជាតិ ILO និងដោយមានការចូលរួមពីសំណាក់តំណាងក្រុមហ៊ុន សហគ្រាសចំនួន៥០រូប ។
សិក្ខាសាលានេះមានគោលបំណងបង្ហាញដល់ភាគីនិយោជក អំពីសារប្រយោជន៍នៃកម្មវិធីការងារសមរម្យសម្រាប់ប្រទេសកម្ពុជា នីតិវិធីនៃការបង្កើតកម្មវិធីនេះ និងទទួលយកនូវសំណើបញ្ហាអាទិភាពដែលវិស័យឯកជនបាននិងកំពុងជួបប្រទះ ហើយចង់ឱ្យមានការដោះស្រាយតាមរយៈសកម្មភាពការងាររបស់អង្គការពលកម្មអន្តរជាតិនៅប្រទេសកម្ពុជា ដែលនឹងត្រូវប្រើកម្មវិធីការងារសមរម្យនេះជាត្រីវិស័យ ។ ឆ្លងតាមរយៈកិច្ចពិភាក្សាយា៉ងផុលផុស អង្គសិក្ខាកាមបានលើកជាសំណើអាទិភាពជាច្រើនសម្រាប់ដាក់បញ្ចូលទៅក្នុងកម្មវិធីការងារសមរម្យឆ្នាំ២០១១-២០១៥ នេះដែលមានដូចជា ការជំរុញឱ្យមានការអនុវត្តច្បាប់ការងារឱ្យមានប្រសិទ្ធភាព ការលើកកម្ពស់ទំនាក់ទំនងវិជ្ជាជីវៈរវាងកម្មករនិយោជិត និងនិយោជក តាមរយៈកិច្ចពិភាក្សាសង្គម ការបង្កភាពងាយស្រួលដល់ការប្រកបអាជីវកម្ម ដើម្បីបង្កើតឱកាសការងារថ្មីៗ ការលើកកម្ពស់សុខភាព និងសុវត្ថិភាពការងារ ការធ្វើវិសោធនកម្មច្បាប់ស្តីពីការងារ ការបង្កើតច្បាប់ស្តីពីសហជីព ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ។ល។
សូមបញ្ជាក់ថា សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា គឺជាសមាគមតំណាងឱ្យនិយោជកនៅក្នុងប្រទេសកម្ពុជា ។ សមាគមត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០០០ ហើយរហូតមកដល់ពេលបច្ចុប្បន្ន សហព័ន្ធមានសហគ្រាស ក្រុមហ៊ុនប្រហែលជាង៨០០ក្រុមហ៊ុន ជាសមាជិក ។ សហព័ន្ធ CAMFEBA ជាសមាជិករបស់អង្គការនិយោជកអន្តរជាតិ សម្ព័ន្ធនិយោជកអាស៊ី-ប៉ាស៊ីហ្វិក និងសម្ព័ន្ធនិយោជកអាស៊ី-អាគ្នេយ៍ ៕
ចែករំលែកព័តមាននេះ