ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា រំពឹងអាមេរិក និងសម្ព័ន្ធមិត្តជួយជំរុញកំណើនសេដ្ឋកិច្ចក្នុងពេល និងក្រោយវិបត្តិកូវីដ ១៩

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ថ្លែងនៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសភាពជាដៃគូមេគង្គ-អាមេរិក លើកទី ២ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស…

រាជធានីភ្នំពេញ ៖ ថ្លែងនៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសភាពជាដៃគូមេគង្គ-អាមេរិក លើកទី ២ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងថា ប្រទេសមេគង្គ មានប្រជាជនសរុបចំនួន ២៤០ លាននាក់ ដែលក្នុងនោះ ៤០% មានអាយុក្រោម ២៥ ឆ្នាំ ដែលធ្វើឱ្យតំបន់នេះក្លាយជាមជ្ឈមណ្ឌលទាក់ទាញសម្រាប់ឧស្សាហកម្មផលិតកម្មធុនស្រាល និងការធ្វើសមាហរណកម្មបន្ថែមទៅក្នុងសង្វាក់ផ្គត់ផ្គង់ផលិតកម្មពិភពលោក ។ ឯកឧត្តមបានមានប្រសាសន៍បន្តថា សហរដ្ឋអាមេរិកបាននាំចេញនូវទំនិញ និងសេវាកម្មប្រមាណ ២៦ ពាន់លានដុល្លារអាមេរិក មកកាន់អនុតំបន់មេគង្គ និងនាំចូលវិញប្រមាណ ៨៩,៩៤ ពាន់លានដុល្លារអាមេរិក ។

 «កម្ពុជារំពឹងថា នឹងមានការវិនិយោកឯកជនបន្តបន្ទាប់ទៀតចូលមកវិនិយោគលើវិស័យទេសចរណ៍ សហគ្រាសធុនតូច និងមធ្យម និងវិស័យជាអាទិភាពដទៃទៀតនៅកម្ពុជា ដោយមានការគាំទ្រពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ដើម្បីជំរុញកំណើនសេដ្ឋកិច្ចក្នុងកំលុងពេល និងក្រោយវិបត្តិនៃជំងឺកូវីដ ១៩» នេះជាការគូសបញ្ជាក់របស់ឯកឧត្តម ប្រាក់ សុខុន ។

សូមជម្រាបថា កិច្ចប្រជុំភាពជាដៃគូមេគង្គ-អាមេរិក លើកទី ២ ដែលធ្វើឡើងតាមប្រព័ន្ធវីដេអូនាថ្ងៃទី ៣ ខែសីហានោះ ឯកឧត្តម ប្រាក់ សុខុន និងអេនតូនី ប្លីនខេន រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក ជាសហប្រធានដឹកនាំកិច្ចប្រជុំ ។ កិច្ចប្រជុំបានផ្តោតសំខាន់លើការពិនិត្យមើលពីមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំ ជាងមួយទសវត្សរ៍ នៃកិច្ចសហការរវាងសហរដ្ឋអាមេរិក និងបណ្តាប្រទេសមេគង្គ ដែលផ្តោតសំខាន់លើការពង្រឹងការតភ្ជាប់ ការធ្វើសមាហរណកម្មសេដ្ឋកិច្ច អភិបាលកិច្ចល្អ និងការកាត់បន្ថយគម្លាតនៃការអភិវឌ្ឍក្នុងតំបន់ តាមរយៈកិច្ចសហប្រតិបត្តិការលើវិស័យជាអាទិភាពចំនួនបួន មានការតភ្ជាប់សេដ្ឋកិច្ច ការគ្រប់គ្រងធនធានទឹកប្រកបដោយនិរន្តរភាព ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្ស និងការការពារបរិស្ថាន ជាដើម ។ ពេលកូវីដ ១៩ នេះ ប្រទេសមេគង្គ និងអាមេរិក បាននិយាយដល់កិច្ចសហប្រតិបត្តិការនៅក្នុងការប្រយុទ្ធប្រឆំាងជំងឺឆ្លងនេះដែរ ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា នៅក្រោយកិច្ចប្រជុំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ