ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ផ្ទុះ​កូ​វីដ ឆ្លង​រាលដាល​ខ្លាំង ឈានដល់​ការបិទ​ខ្ទប់​តំបន់​អូរ​ស្មាច់ និង​ដាក់​ជា​តំបន់​ក្រហម

2 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្ត​ឧ​ត្ត​រ​មានជ័យ​៖ ចាប់តាំងពី​ថ្ងៃទី​២ ខែសីហា បន្ត​ដល់​ថ្ងៃទី​៣ ខែសីហា​នេះ នៅ​តំបន់​អូ​រស្មាច់ បាន​ផ្ទុះ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ ធ្ងន់ធ្ងរ រហូត​ឈានដល់​ការបិទ​ខ្ទប់​សង្កាត់​អូរ​ស្មាច់ ជាប់​ព្រំដែន​ថៃ​ទាំងស្រុង…

ខេត្ត​ឧ​ត្ត​រ​មានជ័យ​៖ ចាប់តាំងពី​ថ្ងៃទី​២ ខែសីហា បន្ត​ដល់​ថ្ងៃទី​៣ ខែសីហា​នេះ នៅ​តំបន់​អូ​រស្មាច់ បាន​ផ្ទុះ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ ធ្ងន់ធ្ងរ រហូត​ឈានដល់​ការបិទ​ខ្ទប់​សង្កាត់​អូរ​ស្មាច់ ជាប់​ព្រំដែន​ថៃ​ទាំងស្រុង ហើយ​ដាក់​ជា​តំបន់​ក្រហម ដែល​មិនមាន​ការចេញចូល​បានឡើយ​។

​លោក ឌី រ៉ា​ដូ អភិបាលរង​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ជា​អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ប្រាប់​កោះសន្តិភាព នៅ​ល្ងាច​ថ្ងៃទី​៣ ខែសីហា​នេះ​ថា មិនទាន់អាចបញ្ជាក់ថា​ចំនួន​អ្នក​ឆ្លង​កូ​វីដ​១៩ នៅ​សង្កាត់​អូរ​ស្មាច់​សរុបប៉ុន្មាននៅឡើយ​ទេ​។ តែ​ការឆ្លង​នេះ ជាការ​ឆ្លង​សហគមន៍ ហើយ​មាន​ចំនួន​ច្រើនជាងគេ នៅក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ ការឆ្លង​កូ​វីដ​នេះ ក៏​មិនទាន់​បញ្ជាក់ថា ជា​ប្រភេទ​វីរុស​បំប្លែង​ថ្មី ដែល​តា ឬ​យ៉ាងណាទេ ដោយ​រង់ចាំ​លទ្ធផល​ពិសោធន៍ម៉ាស៊ីនធំ នៅ​ភ្នំពេញ នៅឡើយ​។​

​ក្រៅពី​ការបិទ​ខ្ទប់ នៅ​សង្កាត់​អូរ​ស្មាច់ ក្នុង​ក្រុង​សំរោង នៅពេលនេះ កូ​វីដ​ក៏បាន​ឆ្លង​រាលដាល នៅ​តំបន់​ជាច្រើន​ទៀត ដែល​អាជ្ញាធរខេត្ត​ឧ​ត្ត​រ​មានជ័យ បានសម្រេច​បិទ​ខ្ទប់ នៅ​ផ្សារ​ឈូក ផ្សារ​សំរោង និង​បរិវេណ​ផ្សារ ត្រូវបាន​បិទ​ខ្ទប់ នៅ​ផ្សារ​អន្លង់វែង ផ្សារ​នៅ​ស្រុក​ត្រពាំង​ប្រាសាទ រួមទាំង​ទីប្រជុំជន​ជាច្រើន​ទៀត ត្រូវបាន​បិទ​ខ្ទប់ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ ដែល​ឆ្លង​ក្នុង​សហគមន៍​នេះ​។ ក្នុងនោះ នៅ​អូរ​ស្មាច់ ឆ្លង​ច្រើនជាងគេ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ឌី រ៉ា​ដូ ។​

​យ៉ាងណាក៏ដោយ ក្នុង​សារ​ជា​សំឡេង ដែល​គេ​ចែកចាយ​នៅ​ថ្ងៃទី​៣ ខែសីហា​នេះ បានប្រកាស​ឲ្យ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន ខណៈដែល​នៅ​អូរ​ស្មាច់ ផ្ទុះ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ ប្រភេទ បំប្លែង​ថ្មី ដែល​តា ក្នុង​សហគមន៍ ដែល​ទើប​រកឃើញ​នៅថ្ងៃនេះ ចំនួន ៥០​នាក់​ហើយ​។ នៅ​អូរ​ស្មាច់ ក៏ត្រូវ​បាន​បិទ​ខ្ទប់ និង​ដាក់​ជា​តំបន់​ក្រហម​ផងដែរ​។​

​សូម​រម្លឹកថា ខេត្ត​ឧ​ត្ត​រ​មានជ័យ នៅជាប់​ព្រំដែន​ថៃ ជា​ខេត្ត​មួយ ស្ថិតក្នុង​ខេត្ត​ចំនួន ៨ ដែល​រាជរដ្ឋាភិបាល បានសម្រេច​បិទ​ខ្ទប់ រយៈពេល ១៤​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​២៩ ខែកក្កដា រហូតដល់​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២១​។ ការបិទ​ខ្ទប់​ខេត្ត​ជាប់​ព្រំដែន​ថៃ​ទាំងនេះ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​មេរោគ​កូ​វីដ​១៩ ដែល​រកឃើញ​ច្រើន លើ​ពលករ​ខ្មែរ​មកពី​ប្រទេស​ថៃ​។​

​នៅលើ​ហ្វេ​ស​ប៊ុ​ក​ផេ​ក កាលពី​ថ្ងៃទី​២ ខែសីហា ឆ្នាំ​២០២១ រដ្ឋបាលខេត្ត​ឧត្ដរមានជ័យ បានចេញ​សេចក្ដីសម្រេច​បិទ​ខ្ទប់​ជា​បណ្តោះអាសន្ន​ទីតាំង​ចំនួន ០២​កន្លែង ស្ថិតនៅ​ត្រាំ​ប៉ោង ឃុំ​ព្រះ​ប្រឡាយ ស្រុក​ត្រពាំង​ប្រាសាទ​។ ការបិទ​ខ្ទប់​នេះ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩​។​

​កាលពី​ថ្ងៃទី​២ ខែសីហា រដ្ឋបាលខេត្ត​ឧត្ដរមានជ័យ ក៏​ចេញ​សេចក្ដីសម្រេច​បិទ​ខ្ទប់​ជា​បណ្តោះអាសន្ន​ទីតាំង​ចំនួន ០៨​កន្លែង និង​បញ្ចប់​ការបិទ​ខ្ទប់​ចំនួន ០២​កន្លែង ស្ថិតនៅ​ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

​រដ្ឋបាលខេត្ត​ឧត្ដរមានជ័យ បានប្រកាស​កាលពី​ថ្ងៃទី​២ ខែសីហា ឆ្នាំ​២០២១ ថា ករណី​ឆ្លង​កូ​វីដ​-១៩ កើនឡើង​ដល់ ៤.៩២៥​ករណី ខណៈ​រកឃើញ​ថ្មី ៧៩​ករណី (៧២​ករណី សហគមន៍ និង ៧​ករណី នាំចូល​ពី​ប្រទេស​ថៃ​) និង​ជាសះស្បើយ​ចំនួន ៥៥​នាក់​បន្ថែមទៀត​។​

​ជាមួយគ្នា​នោះ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត​ឧត្ដរមានជ័យ កាលពី​ថ្ងៃទី​២ ខែសីហា ឆ្នាំ​២០២១ ក៏បាន​បើក​កិច្ចប្រជុំ​ពិភាក្សា​ការងារ​វាយតម្លៃ និង​កំណត់​យន្តការ​អនុវត្ត​នៅ​តំបន់​បិទ​ខ្ទប់ ជា “​តំបន់​ក្រហម​” “​តំបន់​លឿងទុំ​” និង​”​តំបន់​លឿង​”​។ ការកំណត់​តំបន់​ទាំងនេះ ជា​យុទ្ធនា​ការពង្រឹង​វិធានការ​ប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ នៅ​ទូទាំងប្រទេស សម្រាប់​រយៈពេល ១៤​ថ្ងៃ គិត​ចាប់ពី​ម៉ោង ២៣ និង ៥៩​នាទី ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២១ រហូតដល់​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២១៕