ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូវីដ ១៩ ៖ អាជីវកម្មពលរដ្ឋម្តងលិច ម្តងអណ្តែក !

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បន្ទាប់ពីរាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យអាជីវកម្មមួយចំនួនបើកដំណើរការធម្មតាឡើងវិញរយៈប្រមាណ ២ ខែកន្លងមកនេះ បានធ្វើឱ្យអាជីវករ ពិសេសអ្នកលក់អាហារ ភេជ្ជៈដែលអាចទទួលភ្ញៀវដោយផ្ទាល់ក្នុងហាងនោះ បានទទួលប្រាក់ចំណូលឡើងវិញបន្តិចក្រោយពីស្ងប់ស្ងាត់ និងខាតបង់…

រាជធានីភ្នំពេញ ៖ បន្ទាប់ពីរាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យអាជីវកម្មមួយចំនួនបើកដំណើរការធម្មតាឡើងវិញរយៈប្រមាណ ២ ខែកន្លងមកនេះ បានធ្វើឱ្យអាជីវករ ពិសេសអ្នកលក់អាហារ ភេជ្ជៈដែលអាចទទួលភ្ញៀវដោយផ្ទាល់ក្នុងហាងនោះ បានទទួលប្រាក់ចំណូលឡើងវិញបន្តិចក្រោយពីស្ងប់ស្ងាត់ និងខាតបង់ តែក្តីសង្ឃឹមបានមិនទាន់ប៉ុន្មានផងបានវិលទៅសភាពស្ងាត់វិញ ក្រោយពេលលេចវត្តមានមេរោគកូវីដ ១៩ ប្រភេទ ដែលតា ប៉ុន្មានថ្ងៃនេះ ដែលធ្វើឲ្យអាជ្ញាធររឹតបណ្តឹងវិធានការឡើងវិញ បានធ្វើឲ្យអាជីវកម្មជាច្រើនទទួលរងប៉ះពាល់ និងខាតបង់ម្តងទៀត ។

សមត្ថកិច្ចបានចាប់ផ្ដើមរឹតបន្តឹងវិធានការរដ្ឋបាលឡើងវិញ ដូចជាបិទខ្ទប់តំបន់មួយចំនួននៅភ្នំពេញ ហើយបម្រាមគោលចរបានអនុវត្ត ដែលធ្វើដំណើរការអាជីវកម្មមួយចំនួនរងផលប៉ះពាល់ បិទអាជីវកម្ម ផ្អាក កាត់បន្ថយម៉ោងលក់ដូរ ឬមិនអនុញ្ញាតឲ្យទទួលភ្ញៀវចូលក្នុងហាងជាដើម ។ និយាយជារួមអាជីវករនិយាយថា កូវីដ ១៩ ធ្វើឲ្យអាជីវកម្មពួកគាត់ម្តងលិច ម្តងអណ្តែក ហើយការលិចអណ្តែកនេះ មិនដឹងដល់ពេលណានោះទេ ។

លោក ជ័យ ពិសិដ្ឋ ម្ចាស់ហាងកាហ្វេ មេឌា បានឱ្យដឹងថា ជាការពិតណាស់មេរោគកូវីដ ១៩ ប្រភេទថ្មី ដែលរាលដាលនៅក្នុងប្រទេសកម្ពុជានាពេលនេះ វាពិតជាធ្វើឱ្យប៉ះពាល់ដល់ប្រាក់ចំណូលឡើងវិញ ។ លោកថា បន្ទាប់ពីរដ្ឋបាលរាជធានីភ្នំពេញប្រកាសរឹតបន្តឹងវិធានការរដ្ឋបាល ដោយតម្រូវឱ្យហាងអាហារ កាហ្វេ ត្រូវលក់វេចខ្ចប់តែប៉ុណ្ណោះនោះ ការលក់វេចខ្ចប់ គឺធ្វើឱ្យបាត់បង់ភ្ញៀវច្រើនពីព្រោះមានភ្ញៀវខ្លះគាត់តម្រូវការមកអង្គុយក្នុងហាងត្រជាក់ៗ ដើម្បីជជែកការងារ ឬធ្វើការពីចំងាយជាពិសេសកូនសិស្សមួយចំនួនដែលត្រូវរៀនអនឡាញក៏មកអង្គុយក្នុងហាងកាហ្វេដើម្បីប្រើអ៊ីនធើណេត តែពេលដែលអាជ្ញាធរតម្រូវឱ្យបិទការទទួលភ្ញៀវ និងតម្រូវឱ្យលក់ខ្ចប់ ភ្ញៀវទាំងនោះគាត់មិនមកទិញទៅពីសានៅផ្ទះទេ ដែលជាហេតុធ្វើឱ្យហាងត្រូវបានបាត់ចំណូលជាច្រើន ។

ម្ចាស់ហាងខាងលើឲ្យដឹងថា «បើតាមការប៉ាន់ស្មាន ក្នុងហាងយើងបាត់ចំណូលប្រមាណ ៧៥ ទៅ ៨០ ភាគរយ ពោលគឺចំណូលទទួលបានបន្ទាប់ពីរឹតបន្តឹងគឺ តែ ២០ ភាគរយទៅ  ២៥ភាគរយប៉ុណ្ណោះ ដូច្នេះយើងត្រូវយកលុយសន្សំកន្លងមក មកទប់ការចំណាយក្នុងពេលនេះ សម្រាប់ថ្លៃទឹកថ្លៃភ្លើង និងប្រាក់ខែបុគ្គលិក» ។

មិនខុសគ្នាពីលោក ជ័យ ពិសិដ្ឋ ម្ចាស់អាហារដ្ឋាន ផ្ទះខ្ញុំ នៅបណ្ដោយផ្លូវជាតិលេខ៤ ក៏បានឱ្យដឹងថា អាហារដ្ឋានរបស់គាត់ ភ្ញៀវភាគច្រើនជាអ្នកដំណើរកម្សាន្តទៅលេងរមណីយដ្ឋាននានាដែលជិះឆ្លងកាត់ផ្លូវជាតិលេខ ៤ ហើយក៏ឈប់បរិភោគរួចបន្ដដំណើរទៅមុខទៀត តែពេលដែលអាជ្ញាធរតម្រូវលក់វេចខ្ចប់ គឺមានភ្ញៀវតិចតួចណាស់ដែលឈប់ខ្ចប់ទៅបរិភោគ ពីព្រោះពួកគាត់ត្រូវការបរិភោគនៅក្នុងហាងទទួលបានអាហារក្ដៅៗកន្លែងអង្គុយត្រឹមត្រូវ ។

ពិសិដ្ឋ បញ្ជាក់ថា កាលពីពេលបិទខ្ទប់អាជីវកម្មគាត់បានប៉ះពាល់ម្ដងរួចទៅហើយ បន្ទាប់ក៏បានទទួលបានភ្ញៀវឡើងវិញ ក្រោយរដ្ឋាភិបាលប្រកាសបញ្ចប់ការបិទខ្ទប់ និងមានភ្ញៀវទេសចរទៅកម្សាន្តនៅតំបន់រមណីយដ្ឋាននានា ប៉ុន្តែដោយសារតែការរាលដាលនៃ មេរោគកូវីដប្រភេទថ្មីនេះ អាជ្ញាធរបានចុះមកណែនាំ និងតម្រូវឱ្យលក់វេចខ្ចប់ ។ ជាការកត់សម្គាល់កូវីដ ១៩ បានមានវត្តមាននៅកម្ពុជាតំាងពីដើមឆ្នាំ ២០២០ មក ។ ក្នុងរយៈពេលជិតពីរឆ្នាំមកនេះ វិធានការរដ្ឋបាល និងសុខាភិបាលបានដាក់ចេញបន្តបន្ទាប់ ដើម្បីការពារអាយុវជីតពលរដ្ឋ និងសុខុមាលភាពសង្គម រហូតមានការបិទខ្ទប់រាជធានីភ្នំពេញ ខេត្តក្រុងនានា ដែលធ្វើឲ្យប៉ះពាល់មុខរបរ និងជីវភាពពលរដ្ឋ ចាប់ពីផ្ទុះព្រឹត្តិការណ៍ ២៩កុម្ភៈមក ។ នៅក្នុងសារាចរណ៍រឹតបណ្តឹងវិធានការឆ្លើយតបជំងឺកូវីដ ១៩ បំប្លែកថ្មីនេះ កាលពីពេលថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រាល់វិធានការរដ្ឋបាល និងសុខាភិបាល រួមទាំងការអប់រំនានាកន្លងមក គឺដើម្បីរក្សាអាយុជីវិត និងសុខុមាលភាពពលរដ្ឋ ។ សម្តេចបានបញ្ជាក់ថា វិធានការទំាងនោះជាការត្រៀមក្នុងការរស់នៅតាមគន្លងថ្មីជាមេរោគកូវីដ ១៩ ក្នុងប្រក្រតីភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ