ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ែន សុ​គង់ បន្ត​ហ្វឹកហាត់​នៅ​ជប៉ុន​៨​ខែ ​ត្រៀម​ស៊ី​ហ្គេ​ម​នៅ​វៀតណាម​​ខាងមុខ​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​បន្ទាប់​ពី​បញ្ចប់​ការ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​នៅ​ទីក្រុង​តូ​ក្យូ​នោះ​ កីឡាករ​អត្តពលកម្ម​កម្ពុជា​មួយរូប គឺ​កីឡាករ


រាជធានី​ភ្នំពេញ​ ៖ ​បន្ទាប់​ពី​បញ្ចប់​ការ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​នៅ​ទីក្រុង​តូ​ក្យូ​នោះ​ កីឡាករ​អត្តពលកម្ម​កម្ពុជា​មួយរូប គឺ​កីឡាករ ប៉ែន​ សុ​គង់​ មិន​បាន​វិល​ត្រឡប់​មកកម្ពុជា​វិញ​ឡើយ​ តែ​​លោក​បន្ត​ហ្វឹកហាត់​នៅ​ប្រទេស​ជប៉ុន​រយៈពេល​៨​ខែ​ដើម្បី​ត្រៀម​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣១​នៅ​ប្រទេស​វៀតណាមដែល​បាន​អូស​បន្លាយ​រហូត​ដល់​ពាក់កណ្ដាល​ឆ្នាំ​២០២២​នោះ ។​ខ​ណះ​ប្រតិភូ​កីឡា​ទាំងអស់​បាន​វិល​ត្រឡប់​មក​ដល់​មាតុប្រទេស​របស់​ខ្លួន​វិញ​ហើយ​កាលពី​រសៀល​ថ្ងៃ​ទី​​​២ សីហា​។

កីឡាករ ប៉ែន សុ​គង់ ​បាន​បញ្ជាក់​ពី​ទីក្រុង​តូ​ក្យូ​តាម​រយៈ​សារ​អេ​ឡិច​ត្រូវ​និក​កាលពី​យប់​​ថ្ងៃទី​​​​២ សីហា ​ថា ​លោក​មិន​ទាន់​បាន​វិល​ត្រឡប់​មក​មាតុភូមិ​កម្ពុជា​ជាមួយ​ក្រុម​ប្រតិភូ​កីឡាករ កីឡាការិនី​កម្ពុជា ដែល​ដឹកនាំ​ដោយ​​លោក​ វ៉ា​ត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា និង​ជា​នាយ​បេសកកម្ម​អូ​ឡាំ​ពិ​ក​ហ្គេ​ម​លើក​នេះ​ទេ ដោយ​​រូបលោក​​ត្រូវ​បន្ត​ការ​ហ្វឹកហាត់​នៅ​ជប៉ុន​រយៈពេល​៨​ខែ​បន្ថែម​ទៀត​។

ការ​ហ្វឹកហាត់​បន្ត​នៅ​ជប៉ុន​នេះ គឺ​សហព័ន្ធ​ខ្មែរ​អត្តពលកម្ម​ស្ម័គ្រចិត្ត​សហការ​ជាមួយ​ក្លិប​កីឡាអត្តពលកម្ម YUMEOMIRAI ស្ថិត​នៅ​ទីក្រុង Kanagawa ដែល​រាល់​ការ​ចំណាយ​លើ​ការ​ហូប​ចុក​-​ស្នាក់​នៅ និង​ការ​ធ្វើ​ដំណើរ ក្នុងអម្លុងពេល​ហ្វឹកហាត់​នេះ គឺជា​បន្ទុក របស់​ក្លិប YUMEOMIRAI ផ្តា​ល់​តែ​ម្តង​។ សម្រាប់​ដំណើរការ​ហ្វឹកហាត់​បាន​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០២១​នេះ​តទៅ​រហូត​ដល់​ខែមេសា ឆ្នាំ​២០២២ មុន​ពេល​ដែល​ស៊ី​ហ្គេ​ម លើក​ទី​៣២ ឆ្នាំ​២០២២ ដែល​បាន​ពន្យារពេល​ពី​ចុងឆ្នាំ​២០២១​ទៅ​ធ្វើ នា​ចុង​ខែមេសា ដល់​ដើមខែ​ឧសភា ឆ្នាំ​២០២២ ខាង​មុខ​។

បន្ទាប់​ពី​ធ្វើ​មិន​បាន​ល្អ​នៅ​ក្នុង​ការ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​នោះ កីឡាករ ប៉ែន សុ​គង់​ ​បាន​បង្ហាញ​នូវ​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​ខិតខំ​ហ្វឹកហាត់​បង្កើន គុណភាព​បច្ចេកទេស​ឲ្យ​កាន់តែ​ល្អ​ប្រសើរ ដើម្បី​ចូលរួម​ប្រកួតប្រជែង ក្នុង​ស៊ី​ហ្គេ​ម នៅ​វៀតណាម ក៏​ដូច​ជា​ត្រៀម​ឆ្ពោះទៅ​ស៊ី​ហ្គេ​ម លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​ព្រះរាជាណាចក្រ​កម្ពុជា​ទទួល​ធ្វើ​ម្ចាស់ផ្ទះ​ផង​ដែរ​។

សូម​បញ្ជាក់​ថា កីឡាករ ប៉ែន សុ​គង់ បាន​ប្រកួត​អត្តពលកម្ម​លើ​វិញ្ញាសា​រត់​ល្បឿន ១០០​ម៉ែត្រ ដោយ​ធ្វើ​បាន​ក្នុង​ថិរវេលា ១១​វិនាទី​០២​ និង​បញ្ចប់​ត្រឹម​ចំណាត់ថ្នាក់​លេខ​៦ ក្នុង​ស៊េរី ក្នុង​ចំណោម​កីឡាករ​៩​នាក់ នៅ​ពហុ​កីឡដ្ឋាន Olympic Stadium កាលពី​ព្រឹក​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០២១​។ ប៉ែន សុ​គង់ មិន​អាច​បំបែក​កំណត់​ត្រា​ចាស់​របស់​ខ្លួន​បាន​ឡើយ​នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក ដែល​ជា​ការ​ប្រកួត​កម្រិត​បច្ចេកទេស​ខ្ពស់​បំផុត​របស់​ពិភពលោក​រៀង​រាល់​៤​ឆ្នាំ​ម្តង​មួយ​នេះ​។ កាលពី ស៊ី​ហ្គេ​ម ឆ្នាំ​២០១៩ នៅ​ប្រទេស​ហ្វី​លី​ពី​ន កីឡាករ ប៉ែន សុ​គង់ ធ្លាប់​ធ្វើ​សម្រេច​ក្នុង​ថិរវេលា ១០​វិនាទី​៨៧៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ