ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកដឹកនាំ​រឿង និង​ចម្រៀង​ជើង​ចាស់​លោក ហ៊ុយ ពុធ ទទួលមរណភាព​ហើយ

2 ឆ្នាំ មុន
  • ភ្នំពេញ

អ្នកដឹកនាំ​រឿង និង​ចម្រៀង​ជើង​ចាស់​ក្នុង​ផលិតកម្ម​ហង្ស​មាស លោក ហ៊ុយ ពុធ បាន​ទទួលមរណភាព​ហើយ​កាលពី​យប់​ថ្ងៃ​ទី​២ ខែសីហា ឆ្នាំ​២០២១ ក្នុង​ជន្មាយុ​៨២​ឆ្នាំ ដោយសារ​

រាជធានី​ភ្នំពេញ ៖ អ្នកដឹកនាំ​រឿង និង​ចម្រៀង​ជើង​ចាស់​ក្នុង​ផលិតកម្ម​ហង្ស​មាស លោក ហ៊ុយ ពុធ បាន​ទទួលមរណភាព​ហើយ​កាលពី​យប់​ថ្ងៃ​ទី​២ ខែសីហា ឆ្នាំ​២០២១ ក្នុង​ជន្មាយុ​៨២​ឆ្នាំ ដោយសារ​រោគាពាធ និង​ភាព​ចាស់ជរា​។ ដំណឹង​មរណភាព​របស់​លោក ហ៊ុយ ពុធ ត្រូវ​បាន​ផ្សព្វផ្សាយ​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ត្បិត​លោក​គឺជា​អ្នក​ដឹក​ភាពយន្ត និង​ចម្រៀង​កាយវិកា​នៅ​ក្នុង​ផលិតកម្ម​ហង្ស​មាស ដែល​មាន​ស្នាដៃ​ជា​ច្រើន​។

កូនស្រី​របស់​លោក គឺ​នាង ហ៊ុយ បូ​រ៉ា​មី បាន​បង្ហោះ​សារ​តាម​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា ដំណឹង​មរណភាព យើងខ្ញុំ​ទាំងអស់​គ្នា​ត្រូវជា​ប្រពន្ធ កូន កូនប្រសារ ចៅ ចៅទួត និង​បងប្អូន​ញាតិ​មិត្ត​ទាំងអស់​មានទុក្ខ​ជា​ទម្ងន់​ដោយសារ​ឧបាសក ហ៊ុយ ពុធ ដែល​ត្រូវជា​ប្តី បី​តា ជីតា ជីតា​ទួត បាន​ទទួលមរណភាព​នៅ​វេលា​ម៉ោង​២០​និង​១៥​នាទី នៅ​ថ្ងៃ​ទី​២ ខែសីហា ឆ្នាំ​២០២១ នៅ​ក្នុង​ជន្មាយុ​៨២​ឆ្នាំ ដោយសារ​រោគាពាធ (​ហើយ​ការ​ធ្វើតេស្ត​កូ​វី​ដ​១៩ គឺ​អវិជ្ជមាន និង​បញ្ជាក់​ពី​ឃុំ​-​សង្កាត់​)»​។

កូនស្រី​ខាងលើ​បង្ហោះ​ទៀត​ថា «​ស​.​ព​ឧបាសក ហ៊ុយ ពុធ បាន​ត​ម្ត​ល់ និង​ធ្វើបុណ្យ​ទក្ខិណានុប្បទាន​តាម​ប្រពៃណី​ព្រះពុទ្ធ​សាសនា​នៅផ្ទះ​លេខ 93B ផ្លូវលំ ភូមិ​ព្រះ​ពន្លា សង្កាត់ ព្រែក​ប្រា ខណ្ឌ​ច្បា​អំពៅ​។ ដំណឹង​នេះ ចាត់ទុកជា​ការ​គោរព​អ​ញ្ចើ​ញ​ដល់ ឯកឧត្តម លោក​ជំទាវ លោក លោកស្រី ញាតិ​មិត្ត​ជិត​ឆ្ងាយ​នៃ​ស​.​ព មេត្តា​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​នេះ ពី​នាង​ខ្ញុំ ស៊ីវ នាង ត្រូវជា​ប្រពន្ធ និង ហ៊ុយ ម៉ូ​នី​តា​, ហ៊ុយ ពី​ឡុ​ត​, ហ៊ុយ បូ​រ៉ា​មី និង សុខ សេរី​រតនៈ​, ជួន សុធា ត្រូវជា​កូន និង កូនប្រសារ​»​។

ដំណឹង​មរណភាព​របស់​លោក ហ៊ុយ ពុធ នា​ពេល​នេះ​បាន​ក្លាយជា​ដំណឹង​ដ៏​សោកស្តាយ​បំផុត​សម្រាប់​វិស័យ​សិល្បៈ​ខ្មែរ ត្បិត​លោក​គឺជា​ធនធាន​មួយ​ដ៏​ល្អ​ដែល​មាន​ស្នាដៃ និង​បម្រើ​សិល្បៈ​ស្ទើរ​ពេញ​មួយ​ជីវិត​។ អ្នកសិល្បៈ​ដែល​ធ្លាប់​ទទួល​ការ​បណ្តុះបណ្តាល និង​សម្តែង​ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុយ ពុធ បាន​សម្តែង​ការ​សោកស្តាយ​នូវ​មរណភាព​របស់​លោក​យ៉ាង​ខ្លាំង​។

គួរ​បញ្ជាក់​ថា លោក ហ៊ុយ ពុធ គឺជា​អ្នក​ដែល​ស្ថិត​នៅ​ក្នុង​ក្រុម​ផលិត​ចម្រៀង​ខារ៉ាអូខេ និង​ខ្សែភាពយន្ត​ក្នុង​ផលិតកម្ម​ហង្ស​មាស​នា​ដើមឆ្នាំ​១៩៩០​។ នៅ​ឆ្នាំ​១៩៩៤ រូប​លោក និង​លោក កែ សុ​ជាតិ បាន​បង្ហាត់បង្ហាញ​អ្នក​នាង អម្ពរ ទេវី​, លោក ទេព រិ​ន​ដា​រ៉ូ​, លោក ខៃ ប្រសិទ្ធ និង​អ្នក​នាង សុខ ស្រី​មុំ ព្រមទាំង​តារា​មួយ​ចំនួន​ទៀត​អោយ​ចេះ​សម្តែង​តួ​សម្រាប់​ថត​ជា​ខារ៉ាអូខេ​។

លោក ហ៊ុយ ពុធ បាន​ចេះ​ជំនាញ​ដឹកនាំ​ភាពយន្ត និង​សរសេរ សេនា​រី​យោល ពី​គ្រូ​ជនជាតិ​បារាំង​មួយ​រូប​តាំងពី​សម័យ​សង្គម​រាស្ត្រនិយម ខណៈ​ពេល​លោក​ក៏​ធ្លាប់​ចូលរួម​ថត​ភាពយន្ត​ថ្វាយ​ព្រះមហាក្សត្រ​នរោត្តម សីហ​នុ ផង​ដែរ​។ នៅ​ក្នុង​សម័យ លន់ ណុ​ល លោក ហ៊ុយ ពុធ ក៏​ធ្លាប់​ធ្វើការ​ជាមួយនឹង​លោក ម៉ៅ អា​យុទ្ធ នៅ​វិទ្យុជាតិ​វត្ត​ភ្នំ​។ ក្រោយ​ឆ្នាំ​១៩៧៩ លោក​ក៏​បាន​ចូល​បម្រើ​នៅ​នាយកដ្ឋាន​ភាពយន្ត ហើយ​ក៏​ចាប់ផ្តើម​ផលិត​កុន​ខ្មែរ​។

នៅ​ឆ្នាំ​១៩៩០ លោក​ក៏​បាន​បង្កើត​ក្រុម​ផលិតភាព​យន្ត​ដោយ​ខ្លួនឯង ដោយ​កុន​ដំបូង​ដែល​លោក​បាន​ផលិត​នោះ គឺ​រឿង «​ស្នេហ៍​រហែក​» «​ជ្រេ​ក​វិញ្ញាណ​» ឬ «​ជីវិត​អ្នកចម្រៀង​» ដែល​សម្តែង​ដោយ​លោក សំ វិជ្ជា និង​អ្នក​នាង អម្ពរ ទេវី​។ ក្រោយមក​លោក​ក៏​បាន​ចូលរួម​ដឹកនាំ​ផលិត​បទ​ចម្រៀង​ខារ៉ាអូខេ​អោយ​ផលិតកម្ម​ហង្ស​មាស​ជា​ច្រើន​បទ មុន​លោក​ធ្លាក់ខ្លួន​ឈឺ និង​ចាស់ជរា​។ បច្ចុប្បន្ន​លោក ហ៊ុយ ពុធ ក៏​មាន​ប្រុស​ម្នាក់​ជា​អ្នក​កាន់​កាមេរ៉ា​មេន និង​កូនស្រី​ពៅ​ម្នាក់​ទៀត​ជា​អ្នកដឹកនាំ​សម្តែង ដែល​អាច​ស្នង​តំណែង​ពី​លោក​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ