ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីជំនាញក្រសួង​​យុត្តិធម៌​កំពុងពិនិត្យ​​​លើទិដ្ឋ​ភាពច្បាប់ ​នៃ​សំណើ​​សុំ​លើក​លែង​​ទោស​​ជនជាតិ​​សៀម​​២នាក់

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ សំណើសុំ​ព្រះមហា​ក្សត្រ​​លើកលែងទោស​​ដល់​អ្នក​​​ទោស​ជន​ជាតិថៃ​​២នាក់​​ដែលបាននិងកំពុង​ជាប់ពន្ធនាគារ​ព្រៃ​ស​​នោះ​បាន​​បញ្ជូន​មកដល់​​ខុទ្ទកាល័យ​​រដ្ឋ​មន្ត្រី​​ក្រសួង​យុត្តិធម៌​ហើយ កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ ​ឥឡូវ​​កំពុងស្ថិត​ក្នុងសមត្ថកិច្ច​​នាយក​ដ្ឋាន​ព្រហ្ម​ទណ្ឌ​​ក្រសួង​​យុត្តិធម៌ ​ដើម្បី​ពិនិត្យ​​​លើទិដ្ឋ​ភាព​ច្បាប់​ដាក់ជូនលោក​​​រដ្ឋ​មន្ត្រី​​ក្រសួង​​យុត្តិធម៌​ពិនិត្យ​​សម្រេច ។ នេះបើយោង​តាម​​លោកសំ ​ប្រជា​មានិត ​នាយក​ខុទ្ទកាល័យ​​ក្រសួង​យុត្តិធម៌ ​​ដែល​បាន​ប្រាប់​កោះសន្តិភាព​​តាម​ទូរស័ព្ទ​​​នៅ​រសៀលថ្ងៃទី​​​២៤ មីនា នេះ ។​

គួរបញ្ជាក់​ថា អ្នកទោស​​ជនជាតិថៃ​ឈ្មោះ​​វីរ៉ា​ ស៊ុមខ្វាមឃីត ​​និងស្ត្រី​​ជំនួយ​ការ​របស់​លោក​​ម្នាក់ទៀត ​​គឺលោកស្រី​​រ៉ាទ្រី ត្រូវបាន​​សាលា​ដំបូង​​រាជធានីភ្នំពេញ ​ផ្តន្ទាទោស​​កាលពីថ្ងៃទី​​​១ កុម្ភៈ ​ពីបទឆ្លងដែន​​ខុសច្បាប់​​​ចូលក្នុង​​​​ទីលាន​​យោធា​ក្នុង​​បំណង​​​ទុច្ច​រិត​​ និងបទ​ចារ​កម្ម ។ អ្នក​ទោស​​ទាំង​​២​នាក់នេះ ​មិន​បានសម្រេច​ចិត្ត​ប្តឹង​ឧទ្ធរណ៍​​ជំទាស់​ទៅនឹង​សាលក្រម​​សាលា​ដំបូង​​រាជធានីភ្នំពេញ​​​នោះ​​ទេ ហើយ​​បាន​​សរសេរ​​លិខិត​ស្នើ​សុំព្រះ​​​រាជ​​​ទាន​ទោស​ពីព្រះករុណា​​​សម្តេច​ព្រះ​បរមនាថ ​​នរោត្តម ​សីហមុនី ​​ព្រះ​មហាក្សត្រ​​កម្ពុជា តាមរយៈ​​រាជ​រដ្ឋាភិបាល​កម្ពុជា ។ ​បើតាម​លោក​សំ ប្រជាមានិត ​​នាយក​ខុទ្ទកាល័យ​ក្រសួង​យុត្តិធម៌ ​បាន​​ឱ្យ​​​ដឹង​ថា នៅពេល​សំណើ​​សុំ​លើក​លែង​​ទោស​បាន​មក​ដល់​​ក្រសួង​យុត្តិធម៌ គឺ​រដ្ឋ​មន្ត្រី​​ក្រសួង​យុត្តិធម៌​គ្រាន់តែ​ពិនិត្យ​​លើ​ទិដ្ឋ​ភាព​ច្បាប់ ​ហើយ​រាយការណ៍​​​ជូនសម្តេច​​​តេជោ​​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន ​​តែប៉ុណ្ណោះ ។ ​

គួរ​បញ្ជាក់​ថា ​សំណើ​​សុំព្រះ​មហាក្សត្រ​​កម្ពុជា​លើកលែង​​​ទោស​នោះបាន​ទៅ​ដល់​ក្រសួងការ​​បរទេស​​កាលពី​ល្ងាច​ថ្ងៃទី​​១៦ មីនា ដោយ​មាន​​អម​​ជាមួយនូវកំណត់​ទូតរបស់​ស្ថាន​ទូត​​ថៃប្រចាំ​​​កម្ពុជា​​ផងដែរ ។ ​បើ​​​តាម​អ្នកនាំ ពាក្យ​​ក្រសួង​ការបរទេស​កម្ពុជា​​ លោក​កុយ គួង ធ្លាប់បាន​មាន​ប្រសាសន៍​​​ថា ​អ្នកទោស​​ទាំង​​២​នាក់​​នេះ មាន​​សិទ្ធិ​ក្នុងការ​ស្នើ​សុំ​ព្រះ​រាជ​ទាន​​ទោស​ពី​ព្រះ​មហាក្សត្រ​​ ប៉ុន្តែ​​កម្ពុជា​នឹង​​​ពិចារណា​​ករណីនេះ​ស្រប​តាម​​​ច្បាប់របស់កម្ពុជាដែរ ។ ​សម្តេច​​​​នាយក​រដ្ឋ​មន្ត្រី​​​ហ៊ុន សែន ​ធ្លាប់​បាន​​មាន​ប្រសាសន៍​​ថា ​អ្នកទោសទាំង​​២នាក់នេះ​ត្រូវ​​អនុវ​ត្ត​​​ទោស​ឱ្យបាន​​​​២ភាគ​៣សិន មុននឹង​មាន​ការ​ពិចារណា​​​អំពីការលើកលែង​ទើស​​​នោះ ៕