ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឮ​ថា​បុរស​ម្នាក់​នាំ​ប្រពន្ធ​ក្មេង​ទៅ​ផ្ទះសំណាក់ ខឹង​ទៅ​ស្ទាក់​ចាំ ផ្អើល​សំណាក់​ផ្ទះ​ព្រួយ​វាយ

2 ឆ្នាំ មុន
  • ភ្នំពេញ

បុរស​មាន​វ័យ​៤០​ឆ្នាំ​ម្នាក់​បាន​បាត់​ប្រពន្ធ​វ័យក្មេង​ពី​ផ្ទះ​មិនឃើញ ហើយ​មាន​គេ​ប្រាប់​ថា បានឃើញ​យុវជន​ម្នាក់​ដឹក​ប្រពន្ធ​គាត់​ចូល​ក្នុងផ្ទះ​សំណាក់

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​មាន​វ័យ​៤០​ឆ្នាំ​ម្នាក់​បាន​បាត់​ប្រពន្ធ​វ័យក្មេង​ពី​ផ្ទះ​មិនឃើញ ហើយ​មាន​គេ​ប្រាប់​ថា បានឃើញ​យុវជន​ម្នាក់​ដឹក​ប្រពន្ធ​គាត់​ចូល​ក្នុងផ្ទះ​សំណាក់​យីហោ «​ចំប៉ី​មាស​» ធ្វើ​ឱ្យ​បុរស​រូប​នេះ​កើត​ចិត្ត​ប្រចណ្ឌ ក៏​យក​ដំបង​ដែក​ទីប​ប្រវែង​ជាង​១​ម៉ែត្រ មក​ស្ទាក់​ចាំ​វាយ​យុវជន​នោះ​នៅ​មុខ​ផ្ទះសំណាក់ តែ​មិន​សម្រេច បែរជា​ត្រូវ​គេ​ព្រួត​វាយ​តប​វិញ បណ្តាល​ឲ្យ​របួស​បែកក្បាល ផ្អើល​ដល់​សមត្ថកិច្ច​ចុះ​ឃាត់ខ្លួន​ទាំង​២​នាក់ ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​អធ្រាត្រ ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០២១ នៅ​តាម​បណ្ដោយ​ផ្លូវ​កែវ​ចិន្តា ចំណុច​ផ្ទះសំណាក់​យីហោ «​ចំប៉ី​មាស​» ស្ថិត​ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ។

បើ​តាម​បុរស​ដែល​រង​របួស​បែកក្បាល​ខាងលើ​នេះ​មានឈ្មោះ ហាង សុវណ្ណ​រ៉ាត់ អាយុ​៤០​ឆ្នាំ ហើយ​មាន​ប្រពន្ធ​ឈ្មោះ សឿ​ន ស្រី​នុ​ច អាយុ​២៥​ឆ្នាំ បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គឺ​រូប​គាត់​បាន​បាត់​ប្រ​ន្ធ​វ័យក្មេង​ពី​ផ្ទះ​ដោយ​ទាក់ទង​មិន​បាន និង​មាន​គេ​មក​ប្រាប់​គាត់​ថា មាន​បុរស​ម្នាក់​ជិះ​ម៉ូតូ​មក​ឌុ​ប​ប្រ​ន្ធ​គាត់ រួច​ល្បួង​ទៅ​ដេក​នៅផ្ទះ​សំណាក់​យីហោ «​ចំប៉ី​មាស​»​។

បុរស​រង​របួស​បែកក្បាល​ខាងលើ​បន្ត​ថា លឺ​ដូច្នោះ រូប​គាត់​ក៏​មានចិត្ត​ប្រចណ្ឌ​ខឹង​បាន​ទាញ​ដំបង​ដែក​ប្រវែង​ជាង​១​ម៉ែត្រ​ដើរ​ពី​អាង​ទឹក​ជិត​កំពង់ដរ​ស្វាយ​ជ្រុំ ដើម្បី​មក​រង់ចាំ​នៅផ្ទះ​សំណាក់​ខាងលើ​តែ​ម្តង​។ លុះ​ពេល​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​សំដៅ​ចូល​មក​ផ្ទះសំណាក់​នោះ​តែ​ម្នាក់ ដោយ​មាន​ភិនភាគ​ដូច​គេ​ប្រាប់ ក៏​កើត​ចិត្ត​ប្រកាន់​ខឹង​រួច​ក៏​ទាញ​ដំបង​វាយ​សំដៅ​ទៅ​បុរស​រូប​នោះ​ពេញទំហឹង តែ​បុរស​ជិះ​ម៉ូតូ​អោន​ផុត ក៏​បន្ថែម​ល្បឿន​ចូល​ផ្ទះសំណាក់​ស្រែក​អោយ​គេ​ជួយ ហើយ​រូប​គាត់​ក៏​ត្រូវ​បុគ្គលិក​ផ្ទះសំណាក់​ចេញ​មក​ព្រួត​វាយតប​វិញ បណ្តាល​ឲ្យ​របួស​បែកក្បាល​តែ​ម្តង​។

ចំណែក​បុរស​ដែល​រង​ជាប់ចោទ​ថា​ល្បួង​ប្រពន្ធ​គេ​មក​ដេក​ផ្ទះសំណាក់​នោះ បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គឺ​រូប​គាត់​បាន​ជិះ​ម៉ូតូ​តែ​ម្នាក់ឯង​ពីមុខ​ក្រុមហ៊ុន វិ​រៈ​ប៊ុ​ន​ថាំ មក​លេង​មិត្តភក្តិ​នៅផ្ទះ​សំណាក់​កើតហេតុ​ខាងលើ ព្រោះ​ជា​កន្លែង​គាត់​ធ្វើការ​ពី​មុន​។ ហើយ​គាត់​មិន​ដែល​ស្គាល់​បុរស​ចំណាស់​នោះ​ទេ ។

បុរស​រង​ការ​ចោទ​បាន​បន្ត​ថា ខណៈ​ពេល​ជិះ​ម៉ូតូ​មក​ដល់​មុខ​ផ្ទះសំណាក់​ខាងលើ​នោះ ស្រាប់តែ​បុរស​ចំណាស់​រូប​នេះ​បាន​ទាញ​ដំបង​ទីប​ដែក​វាយ​សំដៅ​មក​រក​រូប​គាត់​ពេញទំហឹង ទាំង​ដែល​គាត់​កំពុង​តែ​ជិះ​ម៉ូតូ តែ​សំណាងល្អ​គាត់​អោន​គេច​ផុត ក៏​បន្ថែម​ល្បឿន​ម៉ូតូ​ជិះ​ចូល​ផ្ទះសំណាក់​ស្រែក​អោយ​គេ​ជួយ​តែ​ម្តង ដោយ​ស្មាន​តែ​បុរស​ចំណាស់​ខាងលើ​នេះ ជា​ចោរ​វាយ​ប្លន់​ម៉ូតូ ក៏​នាំ​គ្នា​ព្រួត​វាយ​តប​វិញ បណ្តាល​ឲ្យ​បុរស​វ័យ​ចំណាស់​រូប​នោះ​របួស​បែកក្បាល​បន្តិច​តែ​ម្តង​ទៅ ។

បន្ទាប់​ពី​មានការ​ចោទប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក ភាគី​ទាំង​ពីរ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​នាំ​ទៅ​សម្របសម្រួល​ដោះស្រាយ​គ្នា​នៅ​ប៉ុស្តិ៍​នគរបាល​សង្កាត់​ជ្រោយចង្វារ ដើម្បី​បញ្ចប់រឿង​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ