ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វ៉ាក់សាំង​អាមេរិក Johnson & Johnson នឹង​មកដល់​កម្ពុជា​កណ្តាល​អា​ធ្រា​ត្រ យប់​ថ្ងៃទី​១ ឈានចូល​ថ្ងៃទី​២​សីហា​នេះ​

2 ឆ្នាំ មុន
  • ភ្នំពេញ

​ភ្នំពេញ​៖ តាម​គម្រោង វ៉ាក់សាំង​ជំនួយ​អាមេរិក Johnson & Johnson ដែល​នៅសល់ ក្នុងចំណោម​ជាង ១​លាន​ដូ​ស នឹង​ដឹកជញ្ជូន​តាម​យន្តហោះ​ពិសេស…

​ភ្នំពេញ​៖ តាម​គម្រោង វ៉ាក់សាំង​ជំនួយ​អាមេរិក Johnson & Johnson ដែល​នៅសល់ ក្នុងចំណោម​ជាង ១​លាន​ដូ​ស នឹង​ដឹកជញ្ជូន​តាម​យន្តហោះ​ពិសេស មកដល់​កម្ពុជា នៅ​ម៉ោងជាង ១២​កណ្តាល​អា​ធ្រា​ត្រ ថ្ងៃទី​១ ឈានចូល​ថ្ងៃទី​២ ខែសីហា​នេះ​។ នេះ​បើតាម​មន្ត្រី​ស្ថានទូត​អាមេរិក ប្រចាំ​កម្ពុជា​។​

​កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០២១ វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​១៩ Johnson & Johnson ចំនួន ៤៥០៥០០ ដូ​ស ត្រូវបាន​អាមេរិក ដឹកជញ្ជូន​មកដល់​ភ្នំពេញ​។ វ៉ាក់សាំង ៤៥០ ៥០០​ដូ​ស ស្ថិតក្នុង​ចំណោម ១ ០៦០ ១០០​ដូ​ស ដែលជា​ការបរិច្ចាគ​ពី​ប្រជាជន​អាមេរិក ជូន​ចំពោះ​ប្រជាជន​កម្ពុជា​។​

​ស្ថានទូត​អាមេរិក បានប្រកាសថា ក្នុងការ​រួមចំណែក​មួ​យ​នេះ សហរដ្ឋអាមេរិក​បញ្ជា​ក់​ជាថ្មី នូវ​ការប្តេជ្ញា​ចិត្តជា​យូរអង្វែង​របស់ខ្លួន ចំពោះ​សុខភាព​សាធារណៈ នៃ​ប្រជាជន​កម្ពុជា ដែល​ស្តែង​ឲ្យ​ឃើញច្បាស់​បំផុត នៅក្នុង​អំឡុងពេល​នៃ​វិបត្តិ​កូ​វីដ​១៩ នេះ​។ វ៉ាក់សាំង​ទាំងនេះ ដែល​នឹង​ការពារ​ប្រជាជន​កម្ពុជា ចំនួន​ជាង​មួយ​លាន​នាក់​នោះ គឺជា​ផ្នែក​មួយ​នៃ​ការសន្យា​របស់លោក​ប្រធានាធិបតី Biden ក្នុងការ​ធ្វើការ​ចែកចាយ​វ៉ាក់សាំង​ចំនួន ៨០ លាន​ដូ​ស នៅក្នុង​សាកលលោក​។

​វ៉ាក់សាំង Johnson & Johnson នេះ ត្រូវ​ផ្តល់​ដល់​ប្រជាជន​កម្ពុជា តាមរយៈ​យន្តការ​កូ​វ៉ា​ក់​(COVAX) និង​ក្រោម​ភាពជា​ដៃគូ​ជាមួយ​អង្គការ​យូ​នី​សេ​ហ្វ (UNICEF) និង​អង្គការ​សុខភាព​ពិភពលោក (WHO) ។​

​លោក​ឯកអគ្គរដ្ឋទូត​របស់​សហរដ្ឋអាមេរិក W. Patrick Murphy បាន​មានប្រសាសន៍ថា ៖ «​វិធី​ការពារ​ដ៏​ល្អ បំផុត​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩ គឺ​ការចាក់​វ៉ាក់សាំង​ដែលមាន​ប្រសិទ្ធភាព និង​ប្រកបដោយ​គុណភាព​ខ្ពស់​។ យើង​មាន​មោទកភាព​ក្នុង​ការជួយ​ប្រជាជន​កម្ពុជា​ឲ្យ​មាន​សុខ​ភាពល្អ និង​មាន​សេដ្ឋកិច្ច​ល្អ​ទៅ​អនាគត​តាម រយៈ​ជំនួយ​វ៉ាក់សាំង​ទាំងនេះ​»​។

​សហរដ្ឋអាមេរិក បាន​សន្យា​ផ្តល់ជំនួយ​ចំនួន ៤ ពាន់​លាន​ដុល្លារ​ដល់​យន្តការ​កូ​វ៉ា​ក់ ដែល​ធ្វើ​ឲ្យ​សហរដ្ឋអាមេរិក គឺជា​ប្រទេស​ផ្តល់​វិភាគទាន​ធំជាងគេ​តែមួយគត់ ដល់​ការឆ្លើយតប​ជា​អន្តរជាតិ​ចំពោះ​ជំងឺ​កូ​វីដ​១៩​។ នៅ​ប្រទេស​កម្ពុជា សហរដ្ឋអាមេរិក​បាន​ផ្តល់ជំនួយ​ជាង ១១ លាន​ដុល្លារ​ទាក់ទង​នឹង​ការឆ្លើយតប​ជំងឺ​កូ​វីដ ១៩ ចាប់តាំងពី​ជំងឺ​រាតត្បាត​នេះ​បាន​ផ្ទុះ​ឡើងជា​លើកដំបូង​។ តាមរយៈ​ទីភ្នាក់ងារ​ជំនួយ​អាមេរិក (USAID) ជំនួយ​គាំទ្រ​របស់​សហរដ្ឋអាមេរិក បាន​ទៅដល់​ប្រជាជន​កម្ពុជា​ចំនួន​ជាង ១០ លាន​នាក់ ដោយ​ក្នុងនោះ មាន​សម្ភារៈ​ឯកសារ​ចូលរួម​លើកកម្ពស់​ការយល់ដឹង​លើ​ហានិភ័យ ដែល​ត្រូវបាន​ផ្សព្វផ្សាយ​តាម​ទូរទស្សន៍ បណ្តាញ​សង្គម វិទ្យុ សារ​តាម​ទូរស័ព្ទ និង​ផ្ទាំង​ប៉ាណូ​នានា​។ ការជួយ​ទាំងនេះ ថែមទាំង​បាន​ជួយ​លើកកម្ពស់​សមត្ថភាព​នៃ​មន្ទីរពិសោធន៍ ពង្រឹង​ជំនាញ​របស់​គ្រូពេទ្យ និង​ជួយ​កាត់បន្ថយ​ផលប៉ះពាល់​ដែល​បង្កដោយ​ជំងឺ​រាតត្បាត​មកលើ​សេដ្ឋកិច្ច​។​

​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​ដទៃទៀត​នៅ​ប្រទេស​កម្ពុជា រួមមាន​មជ្ឈមណ្ឌល​ប្រយុទ្ធ​ជំងឺឆ្លង​សហរដ្ឋអាមេរិក វិទ្យាស្ថាន​ជាតិ​សុខភាព កងទ័ពជើងទឹក និង​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក បានផ្តល់​នូវ​ជំនួយ​ជា លក្ខណៈ​បច្ចេកទេស​សំខាន់ៗ ក្នុង ពេល​នៃ​ជំងឺ​រាតត្បាត​នេះ ដោយ​ធ្វើការ​គាំទ្រ​ដល់​ការងារ​អង្កេត តាមដាន​រក​អ្នកពាក់ព័ន្ធ បង្កើន​សមត្ថភាព និង​ការស្រាវជ្រាវ​រក​ប្រភព ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩​។ ការខិតខំ​ទាំងនេះ ​បំពេញបន្ថែម​លើ​ការងារ​ជួយសង្គ្រោះ​ជីវិត​អស់​រយៈពេល​រាប់​ទសវត្សរ៍​មក និង​ភាពជា​អ្នកដឹកនាំ​របស់​សហរ​ដ្ឋ​អាមេរិក ក្នុងការ​ដោះស្រាយ​វិបត្តិ​សុខ​ភាពជា​សាកល​។

​ចាប់តាំងពី​ឆ្នាំ ១៩៩២ មក សហរដ្ឋអាមេរិក បានផ្តល់​ជំនួយ​ជាង ៣៧៧ លាន​ដុល្លារ​នៅ​កម្ពុជា ដើម្បី​ជួយ​លើ​ការងារ​មរណភាព​មាតា​និង​ទារក ជំងឺគ្រុនចាញ់ របេង ជំងឺអេដស៍ និង ភាព​ក្រិន ការលើកកម្ពស់​អនាម័យ និង​អាហារូបត្ថម្ភ ព្រមទាំង​ពង្រឹង​នូវ​សមត្ថភាព​កម្ពុជា ក្នុង​ការផ្តល់​ហិរញ្ញវត្ថុ និង​គ្រប់គ្រង​លើ​ផ្នែក​ភស្តុភារ និង​ព័ត៌មាន​សម្រាប់​ប្រព័ន្ធ​សុខាភិបាល​របស់ខ្លួន​។​

​ក្នុង​ពិធី​បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ដល់​កុមារ និង​យុវវ័យ ចាប់ពី​អាយុ ១២​ឆ្នាំ ដល់​ក្រោម​អាយុ ១៨​ឆ្នាំ នា​ព្រឹក​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០២១ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា វ៉ាក់សាំង Johnson & Johnson ដែលជា​ជំនួយ​របស់​អាម៉េរិក​នេះ នឹងត្រូវ​ប្រើប្រាស់ សម្រាប់​ចាក់​ជូន​ជនជាតិដើម​ភាគតិច នៅ​កម្ពុជា​។ វ៉ាក់សាំង​អាមេរិក​នេះ ម្នាក់ ចាក់​តែ ១​ដូ​ស​ប៉ុណ្ណោះ​៕​