ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​៖ ជំងឺ​កូ​វី​ដ​១៩ នឹង​មិន​ចប់ឆាប់​ៗទេ ខណៈ​ណែនាំ​អ្នក​ម៉ាស្សា​គួរ​ប្តូរ​អាជីព

2 ឆ្នាំ មុន
  • ភ្នំពេញ

ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ថ្លែង​ថា ជំងឺ​កូ​វី​ដ​-១៩ មិន​អាច​នឹង​រលត់​ផុត​ទៅ​ឆាប់​ៗ​នោះ​ទេ ដូច្នេះ​ទាមទារ​ឱ្យ​ពលរដ្ឋ​ត្រូវ​រៀន​រស់​ជាមួយ​វីរុស​នេះ តាម​រយៈ​ការ​អនុវត្ត​នូវ​វិធានការ​សុខាភិបាល​ឱ្យ​បាន​ត្រឹមត្រូវ​បំផុត បើ​ទោះបីជា​បាន​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វី​ដ​-១៩ ហើយ​ក្តី

រាជធានី​ភ្នំពេញ ៖ ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ថ្លែង​ថា ជំងឺ​កូ​វី​ដ​-១៩ មិន​អាច​នឹង​រលត់​ផុត​ទៅ​ឆាប់​ៗ​នោះ​ទេ ដូច្នេះ​ទាមទារ​ឱ្យ​ពលរដ្ឋ​ត្រូវ​រៀន​រស់​ជាមួយ​វីរុស​នេះ តាម​រយៈ​ការ​អនុវត្ត​នូវ​វិធានការ​សុខាភិបាល​ឱ្យ​បាន​ត្រឹមត្រូវ​បំផុត បើ​ទោះបីជា​បាន​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វី​ដ​-១៩ ហើយ​ក្តី ។ «​ខ្ញុំ​អត់​ជឿ​ថា ជំងឺ​កូ​វី​ដ​-១៩ នឹង​ចប់​ទេ ។ ដូច​ផ្តាសាយ​អេ​ស្បា​ញ ដែល​បន្ត​មាន​ផ្តាសាយធំ​ដល់​រាល់ថ្ងៃ​… ដូច្នេះ​ត្រូវ​រៀន​រស់​តាម​គន្លង​ថ្មី របៀប​លាងដៃ របៀប​ពាក់​ម៉ាស់​» ។ នេះ​ជា​ការ​លើក​ឡើង​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា ក្នុង​សន្និសីទកាសែត បន្ទាប់​ពី​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ដល់​កុមារ និង​យុវវ័យ អាយុ​ចាប់ពី​១២​ឆ្នាំ ដល់​អាយុ​ក្រោម​១៨​ឆ្នាំ នា​ព្រឹក​ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០២១ នៅ​វិមាន​សន្តិភាព ។

សម្តេច​តេ​ជោ បាន​បញ្ជាក់​ថា ដូច​ករណី​ជំងឺ​ផ្តាសាយ​អេ​ស្បាយ ស្លា​.​ប់​ជាង​៥២​លាន​នាក់​កាលពី​ជំនាន់​នោះ ខណៈ​កូ​វី​ដ​១៩ នា​ពេល​ឥឡូវ​បាន​ឆក់​យក​ជីវិត​មនុស្ស​ប្រហែលជា​៥​លាន​នាក់​។ សម្តេច​ក៏​បាន​ណែនាំ​ផង​ដែរ​ថា បងប្អូន​ដែល​រកស៊ី​ម៉ាស្សា​គួរ​ពិចារណា​ដូរ​អាជីព​ព្រោះថា គេ​ខ្លាច​ឆ្លង​កូ​វី​ដ​-១៩ ដូច្នេះ​ទំនងជា​នឹង​មិន​ទៅ​ទទួល​សេវា​ម៉ាស្សា​ឡើយ ។

ទន្ទឹម​នឹង​នេះ សម្តេច​បាន​ជម្រុញ និង​លើកទឹកចិត្ត​មាតា​-​បិតា កុមារ និង​យុវវ័យ​ថា ការ​ចាក់​វ៉ាក់សាំង បង្ការ​កូ​វី​ដ​១៩ ពិតជា​មាន​ផលប្រយោជន៍​ណាស់ ក្នុង​នោះ ៖ ទី​១- ការពារ​ការ​ឆ្លង​ក្នុង​ក្រុម​គ្រួសារ ដូច្នេះ​ហើយ​ទាន់​មាន​វ៉ាក់សាំង​បង្ការ​កូ​វី​ដ​-១៩ មាតា​-​បិតា សូម​នាំ​កូន​ទៅ​ចាក់​ទៅ​វា​ពិតជា​ល្អ ។ ទី​២- ធានា​បាន​ថា ទំពាំង​ស្នង​ឬ​ស្សី មាន​សុខភាព​ល្អ រឹង​មាំ នា​ពេល​អនាគត​។ ទី​៣- កាត់​បន្ថយ​អត្រា​មរណភាព​កុមារ និង​យុវវ័យ និង​ទី​៤- ចាប់ផ្តើម​ចូល​រៀន​ឡើង​វិញ អាច​បើក​សាលារៀន យ៉ាង​ហោច​ណាស់​បើក​ពី​ថ្នាក់​អនុ​វិទ្យាល័យ​ឡើង សម្រាប់​ប​វេស​ន​ការ ២០២១-២០២២ ខែកញ្ញា ឬ​ខែតុលា​ខាង​មុខ​នេះ ។

សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​បញ្ជាក់​ថា «​ការ​បិទ​សាលា​បង្ក​ផល​ប៉ះពាល់ ដល់​ការ​រៀនសូត្រ ការ​ព្រួយបារម្ភ​ធំ​បំផុត​របស់​ពិភព ឬ​កម្ពុជា​ដូច​គ្នា គឺ​ខ្លាច​បាត់បង់​ធនធានមនុស្ស ចេញពី​កុមារ និង​យុវវ័យ​»​។

អ្នកស្រី វ៉ា​ន់ ធីតា ដែល​បាន​យក​កូនស្រី​ទៅ​ទទួល​ការ​ចាក់​វ៉ាក់សាំង​នៅ​មណ្ឌល​សុខភាព​ទឹកថ្លា បាន​ថ្លែងអំណរគុណ​ដល់​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល និង​បង្ហាញ​នូវ​ក្តី​សង្ឃឹមថា សាលារៀន​នឹង​បើកទ្វារ​ដំណើរការ​ឆាប់​ៗ ក្រោយ​ពី​កុមារ និង​យុវវ័យ​ខ្មែរ​បាន​ទទួល​វ៉ាក់សាំង​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ