ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​សាលា​ធម្ម​សភា​នៅ​វត្ត​​ពោធិព្រឹក្ស​​ផ្អើល​​ព្រះសង្ឃ​​ និង​តាអាចារ្យ

15 ឆ្នាំ មុន

​ខេត្ត​កណ្តាល​ ៖ ​អគ្គីភ័យ​​មួយបាន​ឆាប​ឆេះ​សាលា​ធម្មសភានៅ​វត្ត​​ពោធិ​ព្រឹក្ស​​ស្ថិត​​ក្នុង​ភូមិ​លេខ​៥ ឃុំ​ស្វាយ​​លំ​ ស្រុកស្អាង ​កាល​ពី​វេលា​ម៉ោង​​១២​និង​១៥​នាទី​​ថ្ងៃត្រង់​ ថ្ងៃទី​​៣១ មីនា ២០១១ បណ្តាល​ឱ្យ​​ឆេះ​ពិតាន និង​ដំបូល​ស្ទើរ​​ទាំង​ស្រុង ​ផ្អើល​ព្រះសង្ឃ និង​​តាអាចារ្យ​​រត់​រក​ទឹក​​ និង​​ទាក់ទង​​ហៅឡាន​ទឹក។​ មូលហេតុ​​ដែល​​នាំ​ឱ្យ​កើត​អគ្គីភ័យ​នេះ​ត្រូវ​​បាន​គេ​​អះអាង​ជា​ជំហាន​​ដំបូង​ថា ​បណ្តាល​មក​ពី​​​ឆ្លង​ចរន្ត​អគ្គិ​សនី ​​​នៅឯ​​​បន្ទប់មួយ​​​ខាង​​ត្បូង​បល្ល័ង្ក​​ព្រះ ។ ​

សាលា​ធម្ម​សភា​​ដែល​​ឆេះ​​​​នេះ​មានទំហំ​​១៧​ម៉ែត្រគុណ​នឹង​​​២០ម៉ែត្រ ​​ធ្វើអំពី​​សសរបេតុង ប្រក់ក្បឿង ។ បន្ទាប់ពីកើត​ហេតុ ​ប្រមាណ​​៣០​នាទី ​រថយន្ត​ពន្លត់​​អគ្គីភ័យ​​របស់​ស្នង​ការ​​ដ្ឋាន​នគរបាល​ខេត្តកណ្តាល​​២គ្រឿង​បាន​ទៅ​បាញ់​ទឹក​ពន្លត់ ​​ប៉ុន្តែ​​ភ្លើង​បាន​​​ឆាប​ឆេះ​​ស្ទើរ​ទាំង​ស្រុង​ទៅហើយ​ ។ សាក្សី​បាន​​ឱ្យ​​ដឹង​ថា​​​ បន្ទាប់ពី​​ព្រះ​​​សង្ឃ​ឆាន់​រួចរាល់​ (ព្រះសង្ឃ​ឆាន់​​នៅលើ​សាលា​ធម្ម​សភា) ហើយ​បាន​​និមន្ត​​ចេញ​ប្រហែល​​មួយ​ម៉ោង​​​ គេឃើញ​​ផ្សែង​ហុយ​​ចេញពី​​បន្ទប់​មួយ​នៅ​ចំហៀង​​ខាង​ត្បូង​​បល្ល័ង្ក​ព្រះ រួច​ឆេះ​ជា​អណ្តាត​ភ្លើងយ៉ាង​ឆាប់រហ័ស រាល​ដាលដល់​​ពិតាន​ខាង​លើ និង​បាក់ដំបូល​​ធ្លាក់​ៗ​​មក​ក្រោម ៕