ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាច់​ក្របី​បង្កក​ពី​ឥណ្ឌា ​ដែល​កម្ពុជា​រក​ឃើញ​ផ្ទុក​វីរុស​កូ​វី​ដ​-១៩ ដុត​ចោល​រួចរាល់ និង​ផ្អាក​នាំ​ចូល

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សាច់​ក្របី​បង្កក នាំ​ចូល​ពី​ប្រទេស​ឥណ្ឌា ចំនួន​៥​កុងតឺន័រ ក្នុង​នោះ​មាន ៣​កុងតឺន័រ ដែល​អាជ្ញាធរ​សមត្ថកិច្ច​គយ​កម្ពុជា​រក​ឃើញ​មាន​ផ្ទុក​វីរុស​កូ​វី​ដ​-១៩ ត្រូវ​បាន​ដុត​បំផ្លាញ​ចោល​រួចរាល់​ហើយ នៅ​ក្នុង​ខេត្តកំពង់ស្ពឺ…

រាជធានី​ភ្នំពេញ ៖ សាច់​ក្របី​បង្កក នាំ​ចូល​ពី​ប្រទេស​ឥណ្ឌា ចំនួន​៥​កុងតឺន័រ ក្នុង​នោះ​មាន ៣​កុងតឺន័រ ដែល​អាជ្ញាធរ​សមត្ថកិច្ច​គយ​កម្ពុជា​រក​ឃើញ​មាន​ផ្ទុក​វីរុស​កូ​វី​ដ​-១៩ ត្រូវ​បាន​ដុត​បំផ្លាញ​ចោល​រួចរាល់​ហើយ នៅ​ក្នុង​ខេត្តកំពង់ស្ពឺ ។

«កម្ពុជា​សម្រេច​ផ្អាក​ការ​នាំ​ចូល​សាច់​បង្កក​ពី​បរទេស​ជា​បណ្តោះអាសន្ន »

លោក វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​មាន​ប្រសាសន៍​ថា កាលពី​ពេល​ថ្មី​ៗ​នេះ កម្ពុជា​បាន​រក​ឃើញ​វីរុស​កូ​វី​ដ​-១៩​នៅ​ក្នុង​សាច់​ក្របី​បង្កក ដែល​នាំ​ចូល​ពី​ប្រទេស​ឥណ្ឌា​ចំនួន​៣​កុងតឺន័រ ក្នុង​ចំណោម​៥​កុងតឺន័រ នៅ​ទីលាន​ផែស្ងួត ត្រីកូដ ដ្រា​យ​ផត ប៉ុន្តែ​ក៏​ត្រូវ​បាន​ដុត​បំផ្លាញ​ចោល​រួចរាល់​ហើយ នៅ​ក្នុង​ខេត្តកំពង់ស្ពឺ ដូច្នេះ​ហើយ​ទើប​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្រេច​ផ្អាក​នូវ​ការ​នាំ​ចូល​សាច់​បង្កក​ពី​បរទេស​ជា​បណ្តោះអាសន្ន​មួយ​រយៈ ។

លោក​បន្ត​ថា ការ​សម្រេច​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី អូន​ព័ន្ធ មុនី​រត្ន៍ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​ដាក់​លិខិត​សុំ​ផ្អាក​ការ​នាំ​ចូល​សាច់​បង្កក​ពី​បរទេស គោរព​ជូន​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ។

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា « ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ដែល​មាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច អូន ព័ន្ធ​មុនីរ​ត្ន័ បាន​ធ្វើ​លិខិត​ទៅ​សម្ដេច​តេ​ជោ​ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​សុំ​ការ​អនុញ្ញាត​ផ្អាក​នាំ​ចូល​សាច់​បង្កក​ពី​បរទេស ដូច្នេះ​ហើយ​សម្តេច​តេ​ជោ​ក៏​បាន​ផ្តល់​ជា​ចំណារ​យល់ ព្រមឱ្យ​ផ្អាក​ការ​នាំ​ចូល​នូវ​សាច់​បង្កក​ទាំង​អស់ពី​បរទេស ដែល​មានការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ដូច្នេះ​ខ្ញុំ​គិត​ថា ចាប់ពី​ពេល​នេះ​តទៅ គឺ​យើង​មានការ​រិ​ត​ត្បឹ​ត​ដល់​ការ​នាំ​ចូល​ឬ​ក៏​ផ្អាក​ទាំងស្រុង​ក្នុង​ករណី​ចាំបាច់​ណាមួយ តាម​អ្វី​ដែល​ជា​ចំណារ​ដ៏​ខ្ពង់ខ្ពស់ របស់​សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា » ។

នេះ​ជា​លើក​ទី​២​ហើយ ដែល​កម្ពុជា បាន​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ការ​នាំ​ចូល​សាច់​បង្កក​ពី​ប្រទេស​ឥណ្ឌា ដែល​លើក​ទី​១​បាន​ធ្វើ​ឡើង​កាលពី​ខែឧសភា បន្ទាប់​ពី​ប្រទេស​ឥណ្ឌា មានការ​ផ្ទុះ​ឡើង​នូវ​ករណី​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩​ច្រើន ។

គួរ​បញ្ជាក់​ដែរ​ថា «​មន្ត្រី​ស្ថានទូត​ឥណ្ឌា ប្រចាំ​កម្ពុជា ចង់​បញ្ជូន​សាច់​បង្កក ដែល​កម្ពុជា​រក​ឃើញ​ផ្ទុក​កូ​វី​ដ ទៅ​ពិនិត្យ​នៅ​សិង្ហ​បុរី​» នេះ​បើ​យោង​តាម​ការ​អះអាង​របស់​ស្ថានទូត​ឥណ្ឌា ប្រចាំ​នៅ​កម្ពុជា ។

ស្ថានទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា បានអោយ​ដឹង​កាលពី​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០២១ ថា ក្រុមហ៊ុននាំចេញ​របស់​ឥណ្ឌា ចំនួន​ពីរ បាន​ទទួល​ការ​បញ្ជាក់​អំពី​សំណាក ដែល​ត្រូវ​បាន​គេ​ធ្វើតេស្ត​សាកល្បង នៅ​ក្នុង​មន្ទីរពិសោធន៍ នៅ​ក្នុង​ប្រទេស​ឥណ្ឌា ដែល​ទទួលស្គាល់​ដោយ ISO 17025 រួច​ហើយ ពួក​គេ​ក៏​បាន​រក​ឃើញ​ថា អវិជ្ជមាន​វីរុស SARS-COV-2 ផង​ដែរ ។

ក្រុមហ៊ុន​អ្នក​នាំ​ចេញ​របស់​ឥណ្ឌា តាម​រយៈ​ស្ថានទូត​ឥណ្ឌា​នៅ​ភ្នំពេញ នៅ​តែ​មិន​អស់ចិត្ត ដោយ​មើលឃើញ​លទ្ធផល មិន​ចុះសម្រុង​គ្នា នៅ​ប្រទេស​ឥណ្ឌា និង​កម្ពុជា​នោះ ក៏​បាន​ស្នើ​សុំ​ទៅ​ក្រសួងសុខាភិបាល​កម្ពុជា និង​គណៈកម្មាធិការ ពិសេស​ប្រយុទ្ធ​នឹង Covid-19 ដើម្បី​ធ្វើការ​ពិនិត្យ​ឡើង​វិញ នូវ​សំណាក​ថ្មី​ៗ ចេញពី​កុងតឺន័រ​ដដែល ដើម្បី​បញ្ជាក់​លទ្ធផល​តេស្ត​នេះ ។ ប្រសិនបើ​អាច​ធ្វើ​ទៅ​បាន​នៅ​ក្នុង​មន្ទីរពិសោធន៍​ជឿនលឿន​មួយ​នៅ​ប្រទេស​សិង្ហ​បុរី ។ ការ​រក​ឃើញ​ហ្សែ​ន​(SARS-COV-2)​នេះ មិនមែន​ជា​ការ​បង្ហាញ​ពី​ការ​ឆ្លង​មេរោគ​សកម្ម​ទេ ចាប់តាំងពី​កុងតឺន័រ បាន​ចាក​ចេញពី​ប្រទេស​ឥណ្ឌា ក្នុង​ខែមេសា ឆ្នាំ ២០២១ ហើយ​បាន​ទៅ​ដល់​ប្រទេស​កម្ពុជា នៅ​ខែកក្កដា ឆ្នាំ​២០២១ ។

ស្ថានទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា បាន​លើក​ឡើង​ដែរ​ថា មិន​មាន​ភ័ស្តុតាង​វិទ្យាសាស្ត្រ​បង្ហាញ​ថា វីរុស​កូ​វី​ដ​-១៩ អាចរ​ស់បាន​លើ​សម្ភារ​វេច​ខ្ចប់ អាហារ​និង​ចំណីអាហារ ក្នុង​រយៈពេល​ជិត​៣​ខែ​ឡើយ ព្រោះថា កូ​វី​ដ​-១៩ គឺជា​ជំងឺ​ផ្លូវដង្ហើម ដែល​ត្រូវ​បាន​ចម្បង​តាម​រយៈ​ការ​ទំនាក់ទំនង​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់​ទៀត ។ មក​ដល់​បច្ចុប្បន្ន មិន​មាន​ភស្តុ​តាង​ណាមួយ បញ្ជាក់​ពី​វីរុស​ដែល​អាច​ចម្លង​តាម​រយៈ​អាហារ ឬ​ការ​វេច​ខ្ចប់​ចំណីអាហារ​ទេ ។

មេរោគ​កូ​រ៉ូ​ណា ត្រូវការ​សត្វ​មានជីវិត ឬ​មនុស្ស​ដើម្បីរ​ស់រាន្ត ហើយ​មិន​អាច​កើត នៅ​លើ​កញ្ចប់​អាហារ​បាន​ទេ ។ រហូត​មក​ដល់​ពេល​នេះ​មិន​មាន​ប្រទេស​ណាមួយ នៅ​លើ​ពិភពលោក​ដែល​ធ្លាប់​បាន​រាយការណ៍​ទាក់ទង​នឹង​វីរុស​កូ​រ៉ូ​ណា នៅ​ក្នុង​អាហារ​ក្លា​សេ ឬ​វេច​ខ្ចប់ ឬ​ផ្ទៃ​ខាងលើ នៃ​ចំណីអាហារ​វេច​ខ្ចប់ ។

គួរ​ជម្រាប​ដែរ​ថា ក្រុមហ៊ុន​២ ដែល​នាំ​សាច់​ក្របី​បង្កក​ពី​ឥណ្ឌា មក​ចែកចាយ​នៅ​កម្ពុជា រក​ឃើញ​មាន​ផ្ទុក​វីរុស​កូ​វី​ដ​-១៩ យោង​តាម​លិខិត​របស់​លោក ហុ​ក គឹ​ម​ចេ​ង អគ្គនាយក​បច្ចេកទេស​សុខាភិបាល បានអោយ​ដឹង​ថា សាច់​ក្របី​បង្កក ទាំង​៣​កុងតឺន័រ ដែល​មាន​ផ្ទុកមេរោគ​កូ​វី​ដ​-១៩​នេះ គឺ​ចំនួន ០១​កុងតឺន័រ របស់​ក្រុមហ៊ុន បូ​វី​នី​ហ្វ៊ូ​ដ BOVINI FOOD Co.,LTD និង​ចំនួន​០២​កុងតឺន័រ​ទៀត ជា​របស់​ក្រុមហ៊ុន អើ​ស្អា​រី អ៊ី​ន​វេស​ម៉ិ​ន ខន​ស្ត្រា​ក់​ស៊ិ​ន ASHARY INVESTMENT & CONSTRUCTION Co.,LTD នៅ​ទីលាន​ផែស្ងួត​ត្រីកូដ ដ្រា​យ​ផត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ