ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ថាធិប្បាយ៖ បិទព្រំដែនថៃ តែត្រូវខំកាត់ផ្តាច់​កូវីដ ដែលឆ្លងដែនរួចហើយ

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ​៖ គឺ​ចាប់ពី​ម៉ោង ១១ និង ​៥៩​នាទី​យប់​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២១ តទៅ កម្ពុជា បានសម្រេច​​បិទ​ព្រំដែនជាមួយ​​ថៃ​​​ជា​បណ្តោះអាសន្ន…

ភ្នំពេញ​៖ គឺ​ចាប់ពី​ម៉ោង ១១ និង ​៥៩​នាទី​យប់​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២១ តទៅ កម្ពុជា បានសម្រេច​​បិទ​ព្រំដែនជាមួយ​​ថៃ​​​ជា​បណ្តោះអាសន្ន សម្រាប់​អ្នកដំណើរ​ចេញ​-​ចូល​។ វិធាន​ការបិទ​ព្រំដែនកម្ពុជា​រយៈពេល ១៤​ថ្ងៃ រហូតដល់​ថ្ងៃទី​១២ ខែសីហា​​ គឺ​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​​កូ​វីដ​១៩ ខណៈដែល​រាជរដ្ឋាភិបាល​កម្ពុជា កាលពី​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២១ បានសម្រេច​​បិទ​ខ្ទប់​ខេត្ត ចំនួន ៨ ពិសេស​ខេត្ត​ជាប់​ព្រំដែន​ថៃ និង​បាន​ចេញ​សារាចរ​ណែនាំ​ថ្មី ចំនួន ១១​ចំណុច ក្នុង​បំណង​ទប់ស្កាត់​កូ​វីដ បំប្លែង​ថ្មី Delta​។​

​កាលពី​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២១ អភិបាលខេត្ត​ នៅ​ជាប់​ព្រំដែន​ថៃ បាន​សរសេរ​លិខិត​ជ​ម្រាប​ទៅកាន់​អភិបាលខេត្ត​ថៃ នៅជាប់​ព្រំដែន​កម្ពុជា ពី​ការបិទ​ព្រំដែន​ជា​បណ្តោះអាសន្ន សម្រាប់​អ្នកដំណើរ​ចេញ​-​ចូល ឆ្លងដែន​រវាងប្រទេសទាំងពីរ។ នោះ​គឺដោយសារ​មាន​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ រាជរដ្ឋាភិបាលកម្ពុជា​ បានដាក់​ចេញ​នូវ​សេចក្តីសម្រេច ស្តីពី ការបិទ​ព្រំដែន​កម្ពុជា​-​ថៃ និង​ដើម្បី​ធានា​ដល់​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​មេរោគ​កូ​វីដ​១៩ ប្រភេទ ដែល​តា ( Delta ) ក្នុង​ខេត្ត ដែល​ត្រូវបាន​បិទ​ខ្ទប់​។​

​ការបិទ​ព្រំដែន​ជា​បណ្តោះអាសន្ន ចាប់ពី​ម៉ោង ២៣ និង ៥៩​នាទី នា​ពាក់​កណ្តាលយប់​ថ្ងៃទី​២៩ ខែកក្កដា រហូតដល់​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២១ សម្រាប់​អ្នកដំណើរ​ចេញ​-​ចូល រួមមាន ពលករ អាជីវករ និង​ពាណិជ្ជករ ប៉ុន្តែ​លើកលែងតែ​ការដឹកជញ្ជូន​ទំនិញ និង​ករណី​ពិសេស ដែលមាន​ការអនុញ្ញាត​របស់​អាជ្ញាធរ មាន​សមត្ថកិច្ច ជាអាទិ៍ ករណី​អ្នកជំងឺ​សង្គ្រោះបន្ទាន់​។​

​ការប្រកាស​ពី​ការបិទ​ព្រំដែន​ជា​បណ្តោះអាសន្ន​នេះ បានធ្វើ​ឡើង​ភ្លាមៗ ខណៈដែល​កាលពី​យប់​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២១ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន បានចេញ​សេចក្តីសម្រេច បិទ​ខ្ទប់​ភូមិសាស្ត្រ​ខេត្ត​ជាប់​ព្រំដែន​ថៃ និង​ខេត្ត​មួយចំនួនទៀត សរុប ចំនួន ៨​ខេត្ត​ ដើម្បី​​ទប់​ស្កាត់​​ការ​​រាល​ដាល​​ក្នុង​​សហគមន៍ ដែល​បណ្តាលមកពី​មេរោគ​កូ​វីដ​-១៩ ប្រភេទ ​ដែល​តា (Delta)​។ ខេត្ត ដែល​ត្រូវ​បិទ​ខ្ទប់ ទាំង ៨ រួមមាន​៖ ខេត្តកោះកុង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្ត​ប៉ៃលិន ខេត្តបន្ទាយមានជ័យ ខេត្ត​ឧ​ត្ត​រ​មានជ័យ ខេត្តព្រះវិហារ និង​ខេត្តសៀមរាប​។ ការបិទ​ខ្ទប់​នេះ មាន​រយៈពេល ១៤​ថ្ងៃ គិត​ចាប់ពី​វេលា​ម៉ោង ២៣ និង​៥៩​នាទី នា​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២១ រហូតដល់​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២១​។

​កាលពី​យប់​ថ្ងៃទី​២៨ ខែកក្កដា ប្រមុខ​រាជរដ្ឋាភិបាល ក៏បាន​ចេញ​នូវ​សារាចរ ណែនាំ ១១​ចំណុច ដើម្បី​ពង្រឹង​វិធានការ​ប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ រលក​ទី​៣​។ ក្នុង​សារាចរ​ថ្មី​នេះ ក៏បាន​កំណត់​ឲ្យ​រាជធានី​ខេត្ត​ទូទាំងប្រទេស រឹតបន្តឹង​នូវ​វិធានការ​រដ្ឋបាល ដែល​រួមមាន ការហាមឃាត់​មុខរបរ ការងារ និង​អាជីវកម្ម​មួយចំនួន រួមទាំង​ការដាក់ចេញ​បម្រាម​គោចរ ពី​ចន្លោះ​ម៉ោង ៩​យប់ ដល់​ម៉ោង ៣​ទៀបភ្លឺ សម្រាប់​ភូមិសាស្ត្រ​ទាំងមូល ឬ​ផ្នែក​ណាមួយ ដែល​ស្ថិតក្រោម​សមត្ថកិច្ច​របស់ខ្លួន ជាពិសេស សម្រាប់​រាជធានី​ភ្នំពេញ ទី​រួម​ខេត្ត និង​ទីប្រជុំជន​នានា ជាដើម​។​

​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២១ បានដាក់​ចេញ​នូវ​បម្រាម​គោចរ ដោយ​ផ្អាក​ជា​បណ្តោះអាសន្ន នូវ​រាល់​ការធ្វើ​ចរាចរណ៍ និង​រាល់​សកម្មភាព​ការងារ មុខរបរ ឬ អាជីវកម្មមួយចំនួន​ នៅ​ចន្លោះ​ម៉ោង ៩​យប់​ដល់​ម៉ោង ៣​ទៀបភ្លឺ ដើម្បី​ប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។ បម្រាម​គោចរ​នេះ ត្រូវអនុវត្ត​រយៈពេល ១៤ថ្ងៃ​ គិត​ចាប់ពី​ម៉ោង ១១ និង​៥៩ នាទី​យប់ ថ្ងៃទី​២៩ ខែកក្កដា រហូតដល់​ថ្ងៃទី​១២ ខែសីហា​។ វិធានការ​​ទាំង​នេះ ​ដើម្បី​ប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។​

​ក្រៅពី​ការផ្អាក​ជា​បណ្តោះអាសន្ន នូវ​រាល់​ការធ្វើ​ចរាចរណ៍ និង​រាល់​សកម្មភាព ការងារ មុខរបរ ឬ​អាជីវកម្ម នៅ​ចន្លោះ​ម៉ោង ៩​យប់ ដល់​ម៉ោង ៣​ទៀបភ្លឺ រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏​លើកលែង​ចំពោះ ការធ្វើដំណើរ​ដោយ​ភ្ជាប់​ជាមួយ​លិខិត​បញ្ជា​បេសកកម្ម​របស់​មន្ត្រីរាជកា​រ និង​កងកម្លាំង​គ្រប់​ប្រភេទ ជនបរទេស​ដែលជា​មន្ត្រីការទូត មន្ត្រី​បុគ្គលិក​នៃ​ស្ថាន​តំណាង​បរទេស ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ អ្នកសារព័ត៌មាន មន្ត្រី និង​បុគ្គលិក​ផ្នែក​ប្រតិបត្តិ​ការដែល​បម្រើការ​ងារ​នៅ​អាកាសយានដ្ឋាន ការធ្វើដំណើរ​ដោយ​មូលហេតុ​សុខភាព​បន្ទាន់ ការដឹកជញ្ជូន​ទំនិញ​-​សម្ភារៈ និង​គ្រឿង​ឧបភោគបរិភោគ​គ្រប់​ប្រភេទ និង​ការដឹកជញ្ជូន​ទំនិញ​យុទ្ធសាស្ត្រ​របស់​រដ្ឋ សេវា​សង្គ្រោះបន្ទាន់ និង​សេវា​សុខាភិបាល ទាំង​រដ្ឋ និង​ឯកជន​។​

​ជាមួយគ្នានេះ នៅក្នុង​អំឡុងពេល​អនុ​វត្ត​ន៍​វិធានការ​រដ្ឋបាល​រយៈពេល ២​សប្តាហ៍ ចាប់ពី​វេលា​ម៉ោង ១១ និង​៥៩ នាទី​យប់ ថ្ងៃទី​២៩ ខែកក្កដា រហូតដល់​ថ្ងៃទី​១២ ខែសីហា រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ផ្អាក​ជា​បណ្ដោះអាសន្ន ​ចំពោះ​សកម្មភាព​ការងារ មុខរបរ ឬ អាជីវកម្ម ​ដែលមាន​ហានិភ័យ​ខ្ពស់​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ រួមមាន ​សាលារៀន រួមទាំង​សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ទាំង​រដ្ឋ និង​ឯកជន ប៉ុន្តែ​អាចធ្វើ​ការបណ្ដុះបណ្ដាល​តា​ម​ប្រព័ន្ធ​អន​ឡាញ អាជីវកម្ម​ក្លឹប​កម្សាន្ត​គ្រប់​ប្រភេទ ខារ៉ាអូខេ រង្គសាល ឌី​ស្កូ​តែ​ក បៀ​ហ្គា​ឌិន និង​កាស៊ីណូ រមណីយដ្ឋា​ន សារមន្ទីរ សួន​កុមារ និង​សួន​កម្សាន្ត​នានា អាជីវកម្ម​ម៉ាស្សា សូ​ណា និង​ស្ចឹ​ម​គ្រប់​ប្រភេទ ហាង​លក់ និង​សេព​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ រោងភាពយន្ត រោង​សម្ដែង​សិល្បៈ ក្លឹប​ហាត់ប្រាណ និង​មជ្ឈមណ្ឌល​កីឡា​គ្រប់​ប្រភេទ​។​

​ក្នុងអំឡុង​ពេលនេះ ក៏ត្រូវ​ផ្អាក​ជា​បណ្ដោះអាសន្ននូវ​​ការជួបជុំ ឬ​ការប្រមូលផ្តុំ​មនុស្ស​​ជា​លក្ខណៈ​​ឯកជន ដែលមាន​មនុស្ស​​ចូលរួម​លើសពី ១០​នាក់ លើកលែងតែ​ការជួបជុំ ក្នុងចំណោម​សមាជិក​គ្រួសារ ដែល​រស់នៅក្នុង​លំនៅឋាន ឬ​ទី​សំណាក់​ជាមួយគ្នា ការរៀបចំ​ពិធី​បុណ្យសព ដោយ​គោរព​តាម​ការកំណត់​របស់​អា​ជ្ញា​ធរមាន​សមត្ថកិច្ច ការជួបជុំ​របស់​ស្ថាប័ន​សាធារណៈ ការប្រមូលផ្តុំ​មនុស្ស និង​ការជួបជុំ​របស់​បុគ្គលិក​សុខាភិបាល ដែល​បំពេញការងារ​ផ្សេង និង​ការចាក់​វ៉ា​ក់​ការពារ​ជំងឺ​កូ​វីដ​-១៩ និង​ការជួបជុំ​របស់​អាជ្ញាធ​រ​មាន​សមត្ថកិច្ច បំពេញការងារ​ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ ជាដើម​។​

​វិធាន​ការបិទ​ព្រំដែន បិទ​ខ្ទប់​ខេត្ត​ជាប់​ព្រំដែន រួមទាំង​ការអនុវត្ត​នូវ​បម្រាម​គោចរ​នៅ​រាជធានី​ភ្នំពេញ រយៈពេល ១៤​ថ្ងៃ​ ចាប់​ថ្ងៃទី​២៩​កក្កដា ដល់​ថ្ងៃទី​១២​សីហា​នេះ បន្ទាប់ពី​ការរកឃើញ​អ្នក​ឆ្លង​កូ​វីដ កាន់តែ​ច្រើនឡើងៗ ពីមួយថ្ងៃ​ទៅមួយថ្ងៃ លើ​ក្រុម​អ្នក​ឆ្លងដែន​ មកពីថៃ​​ ចូលខ្ទង់​រាប់រយ​​នាក់ ក្នុង១ថ្ងៃៗ​​។ ក្រៅពីនោះ វត្តមាន​មេរោគ​កូ​វីដ​បំប្លែង​ថ្មី ដែល​តា ដ៏កាចសាហាវ​ ក៏ត្រូវ​បាន​​រកឃើញ​​លើ​ក្រុម​អ្នក​ឆ្លងដែន​​ទាំង​នោះ ហើយ​​ក៏មាន​ធ្លាយ​ឆ្លង​ចូល​សហគមន៍​​ច្រើន​នាក់​ដែរ​។​

​ពាក់ព័ន្ធ​នឹង​ស្ថានភាព​ជំងឺ​កូ​វីដ​១៩ នៅ​កម្ពុជា​យើង គឺ​ក្នុង​រយៈពេល ២៤​ម៉ោង​ចុង​ក្រោយនេះ កាលពី​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២១ នៅ​ទូទាំងប្រទេស មាន​ករណី​ឆ្លង​ថ្មី ៧៦៥​នាក់ ជាសះស្បើយ ៦៩៤​នាក់ និង​ស្លាប់​ថ្មី ១១​នាក់​។ ក្នុងចំណោម​អ្នក​ឆ្លង​កូ​វីដ​១៩ ថ្មី ទាំង ៧៦៥​នាក់ កាលពី​ថ្ងៃទី​២៨ ខែកក្កដា គឺមាន ៣២៨​នាក់ ជា​ករណី​នាំចូល​ពី​ក្រៅប្រទេស ដែល​សំដៅលើ​អ្នកដំណើរ តាម​យន្តហោះ និង​ដោយ​ច្រើន គឺជា​ពលករ​ខ្មែរ ឆ្លងដែន​មកពី​ប្រទេស​ថៃ​។ គិត​ត្រឹម​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២១ នៅ​ទូទាំង​ប្រទេស មាន​ករណី​ឆ្លង​សរុប ៧៥៩១៧​នាក់ ករណី​ជាសះស្បើយ​សរុប ៦៨៣៨៦​នាក់ និង​ករណី​ស្លាប់​សរុប ចំនួន ១៣៥០​នាក់​។​

​ទន្ទឹមនឹង​រាជរដ្ឋាភិបាល អាជ្ញាធរ​សមត្ថកិច្ច​តាម​ខេត្ត​រាជធានី ចាត់វិធានការ មាន​ទាំង​ការបិទ​ខ្ទប់ និងដាក់​​បម្រាម​គោចរ​ផង​នេះ គឺ​ប្រជាពលរដ្ឋ​​យើង​​ម្នាក់ៗ ក៏​ត្រូវតែ​ចូលរួម​គោរព និងការពារខ្លួនពីកូវីដ។ ​ងាយស្រួល​ទេ ដោយ​គ្រាន់តែ​បន្ត​អត់ធ្មត់ ១៤​ថ្ងៃ​តទៅទៀត តាមរយៈ​ការបន្ត​ស្នាក់​នៅតែក្នុង​ផ្ទះ កុំ​ជួបជុំគ្នា ពិសេស​ការជួបជុំ​ផឹកស៊ី​​គ្រប់​រូបភាព​​។ បើ​ចាំបាច់ ​ត្រូវ​ចេញទៅ​ក្រៅ​ផ្ទះ ទៅ​ផ្សារ ឬ​ទៅ​ធ្វើការ ក៏​សូម​ទៅដោយ​ប្រុងប្រយ័ត្ន​ជាប់​ជានិច្ច ពិសេស​ពាក់​ម៉ាស​គ្រប់ពេលវេលា លាង​សម្អាត​ដៃ​ឲ្យ​បាន​ញឹកញាប់ និង​សំខាន់បំផុត ត្រូវ​រក្សា​គម្លាត​ពី​ម្នាក់​ទៅ​ម្នាក់ យ៉ាងហោចណាស់ ១​ម៉ែត្រ​កន្លះ​ពីគ្នា​។​

​បើសិនជា​យើង​អាច​ជម្នះ និង​កាត់ផ្តាច់ការឆ្លងកូវីដ មិនចូលដល់​​រលក​​ទី​៣ នៅក្នុង​រយៈពេល ១៤​ថ្ងៃនេះ​​បាន នោះ​ស្ថានការណ៍​បិទ​ខ្ទប់ ដែល​អាច​ធ្ងន់ធ្ងរ​ជាង​​នេះ ដូច​កាលពី​ខែមេសា នឹងមិន​កើតមានឡើង​វិញ​​ទេ​។ ផ្ទុយ​ទៅវិញ បើ​​ម្នាក់ៗ ធ្វេសប្រហែស ហើយ​ភ្លេចខ្លួន នោះ​យើង​នឹង​ត្រូវមាន​ហានិភ័យ​ខ្ពស់ និង​ប្រើពេល​យូរ​ថែមទៀត ជាមួយនឹង​កូ​វីដ​ដ៏​កំណាច ពិសេស​មេរោគ​បំប្លែង​ថ្មី ដែល​តា ដែល​ពិភពលោក ខ្លាចញញើត​នេះ​តែម្តង​។

បើយើងម្នាក់ៗ​ ធ្វេស​ប្រហែស នោះ​ការបិទខ្ទប់ ក៏មិនមែនត្រឹមតែ ១៤ថ្ងៃ នៅក្នុងខេត្តទាំង ៨ នៅជាប់ព្រំដែនថៃ ហើយក៏អាចនឹងរាលដាលនូវវិធានការបិទខ្ទប់នេះ មកដល់ខេត្ត​នៅជួរក្រោយទៀត ក្នុងនោះ ក៏មានទាំងរាជធានីភ្នំ​ពេញ​ផងដែរ៕