ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលាបន្តបិទទ្វារអាចប៉ះពាល់ដល់ផែនការក្លាយជាប្រទេសអ្នកមានរបស់កម្ពុជា

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ការបិទទ្វារសាលារៀនដោយសារជំងឺកូវីដ ១៩ ធ្វើឲ្យប៉ះពាល់ដល់ចំណូលគ្រឹះស្ថានសិក្សាឯកជនជាពិសេសប៉ះពាល់គុណភាពអប់រំដែលនាំដល់ការខាតបង់កាន់ច្រើនសម្រាប់ការអភិវឌ្ឍកម្ពុជានៅថ្ងៃអនាគត ។ លោក ប៉ិច បូឡែន ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា…

រាជធានីភ្នំពេញ ៖ ការបិទទ្វារសាលារៀនដោយសារជំងឺកូវីដ ១៩ ធ្វើឲ្យប៉ះពាល់ដល់ចំណូលគ្រឹះស្ថានសិក្សាឯកជនជាពិសេសប៉ះពាល់គុណភាពអប់រំដែលនាំដល់ការខាតបង់កាន់ច្រើនសម្រាប់ការអភិវឌ្ឍកម្ពុជានៅថ្ងៃអនាគត ។

លោក ប៉ិច បូឡែន ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុនវេស្ទន៍ឡាញ អេឌ្យូខេសិន គ្រុប បានលើកឡើងថា បើសិនជាស្ថានភាពនៅតែបន្តបែបនេះទៀត នឹងធ្វើឱ្យមានផលមិនល្អសម្រាប់កម្លាំងសេដ្ឋកិច្ចរបស់កម្ពុជានៅពេលខាងមុខ ពីព្រោះថាដើម្បីសម្រេចឱ្យបានផែនការរបស់រដ្ឋាភិបាលក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០ គឺមានតែក្មេងៗជំនាន់នេះហើយដែលជាធ្វើបន្តវេន ។ «បើនិយាយពីសាលាវិញក៏ដូចគ្នាដែរ គឺមានផលប៉ះពាល់ទៅលើសេដ្ឋកិច្ចរបស់សាលា ដោយពិបាកក្នុងការទប់ទល់នឹងការចំណាយ ។ កាលពីឆ្នាំទី ១យើងអាចទប់ជាប់ តែសម្រាប់ឆ្នាំទី ២ នេះយើងពិបាកទប់ខ្លាំងណាស់» ។

គ្រឹះស្ថានសិក្សាឯកជនទំាងសាលាចំណេះទូទៅរហូតមហាវិទ្យាល័យ បានត្អូញត្អែរពីការខាតបង់ចំណូលនៅពេលកូវីដ ១៩ រាតត្បាត ហើយសាលាបានបិទទ្វារដាក់ឲ្យការសិក្សាតាមអនឡាញជំនួសនោះគេសង្កេតឃើញថា សាលាជាច្រើនគ្មានលទ្ធភាពដាក់ឲ្យដំណើរសិក្សាតាមអនាឡាញ ដោយគ្មានលទ្ធភាពបំពាក់សម្ភារៈបច្ចេកវិទ្យា ការចំណាយលើប្រាក់បៀវត្សគ្រូបង្រៀន និងបុគ្គលិក រួមនឹងការជួលអគារនោះបានបង្ខំចិត្តបិទទ្វារតែម្តង ។សាលាបន្តបើកទ្វារបានត្អូញត្អែរពីការខាតបង់ ។

លោកវេជ្ជបណ្ឌិត គួច ម៉េងលី ប្រធានក្រុមប្រឹក្សាភិបាលសាលារៀនអន្តទ្វីប អាមេរិកាំង ធ្លាប់ប្រាប់សារព័ត៌មានកោះសន្តិភាពការផ្ទុះកូវីដ ១៩ នៅក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ នេះ បានធ្វើឲ្យសាលាលោកខាតបង់ថវិការាប់ម៉ឺនដុល្លារក្នុងមួយខែៗ ។ ការខាតបង់ដោយសាលាមានការចំណាយកាន់ខ្ពស់នៅក្នុងការដាក់ឲ្យដំណើរការសិក្សាអនឡាញដើម្បីធានាឲ្យមានការសិក្សាមួយប្រកបដោយគុណភាព តែចំណូលរបស់សាលាជាច្រើនបានបាត់បង់ ដូចជាសេវាកម្មដឹកជញ្ជួន អាហារ និងភេជ្ជៈជាដើមនោះ ។

កាលពីខែមិថុនា កន្លងមកនេះគ្រឹះស្ថានសិក្សាឯកជនបានដាក់សំណើទៅក្រសួងអប់រំដើម្បីបើកដំណើរឡើងវិញតែបានក្រសួងបានបដិសេធ ។ លោក ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាលើកឡើងថា ជំងឺកូវីដ ១៩ ដែលបានកើតឡើងតាំងពីឆ្នាំ ២០២០ បានធ្វើឱ្យគ្រឹះស្ថានសិក្សាឯកជនរងផលប៉ះពាល់ពេញមួយឆ្នាំ២០២០ រីឯឆ្នាំ ២០២១ នេះព្រឹត្ដិការណ៍ ២០ កុម្ភៈកំពុងបន្តជះឥទ្ធិពលធ្ងន់ធ្ងរដល់គ្រឹះស្ថានសិក្សាឯកជនដែលនៅមិនអាចកំណត់ការបិទបញ្ចប់បាន ។ លោកបានបញ្ជាក់ថា ការស្នើសុំឱ្យបើកដំណើរការសាលារៀនឡើងវិញ ព្រោះបើមិនបើកទេគ្រឹះស្ថានសិក្សាវិស័យឯកជនមិនអាចទប់ជាប់ទេដោយសារគ្មានចំណូល ។

ទោះយ៉ាងណាក្តីនៅពេលរដ្ឋាភិបាលប្រកាសផ្តល់វ៉ាក់សំាងដល់កុមារ និងយុវជនអាយុចាប់ពី ១២ ដល់ ១៧ ឆ្នាំ នាពេលប៉ុន្មានថ្ងៃទៀតនេះជាក្តីសង្ឃឹមមួយដែលគ្រប់អ្នកពាក់ព័ន្ធរំពឹងថា សាលារៀននៅកម្ពុជាអាចបើកដំណើរការឡើងវិញ ។ បើកដំណើរឡើងវិញដើម្បីបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជាក៏ដូចជាចូលរួមស្តារដង្ហើមសាលាឯកជនផងដែរ ។

លើសពីការខាតបង់របស់វិស័យឯកជន គុណភាពធនធានមនុស្សជាក្តីបារម្ភរួម ។ លោកប៉ិច បូឡែន ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា ថាគុណភាពសិក្សាមានការប៉ះពាល់ខ្លាំងក្នុងកំលុងពេលនេះគឺ សាលាកូមារតូចៗ និងសាលារៀននៅជនជន ដែលគ្មានប្រព័ន្ធអ៊ិនធឺណែត ។

នៅពេលប្រកាសពីការផ្តល់វ៉ាក់សំាងដលល់កុមារ និងយុវជនចាប់ពីអាយុ ១២ ឆ្នាំដល់១៧ ឆ្នាំ ដែលអាចឈានដល់ដល់ការបើកសាលារៀនឡើងវិញ ប្រមុខរាជរដ្ឋាភិបាល សម្តេច ហ៊ុន សែន បានទទួលស្គាល់ពីការខាត់បង់ដ៏ធំពីការបិទសាលារៀនដោយសារជំងឺកូវីដ ១៩ នេះដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ