ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ភ្នំពេញ សម្រេច​ផ្អាកអាជីវកម្មក្លឹ​ប​កម្សាន្តគ្រប់​ប្រភេទ ហាង​ម៉ាស្សា និង​សារមន្ទីរ

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​សម្រេច​ផ្អាក​នូវ​អាជីវកម្ម មុខរបរ ឬ​អាជីវកម្ម​ជា​ច្រើន​ប្រភេទ ដែល​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ ក្នុង​នោះ មាន​ដូច​ជា​កាស៊ីណូ ខារ៉ាអូខេ…

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​សម្រេច​ផ្អាក​នូវ​អាជីវកម្ម មុខរបរ ឬ​អាជីវកម្ម​ជា​ច្រើន​ប្រភេទ ដែល​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ ក្នុង​នោះ មាន​ដូច​ជា​កាស៊ីណូ ខារ៉ាអូខេ រង្គសាល ឌី​ស្កូ​តែ​ក បៀ​ហ្គា​ឌិន និង​អាជីវកម្ម​ម៉ាស្សា សូ​ណា និង​ស្ចឹ​ម​ជាដើម ។

ការ​សម្រេច​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​អាជីវកម្ម​នេះ គឺជា​ផ្នែក​មួយ នៃ​ការ​ដាក់​ចេញ​នូវ​វិធានការ​រដ្ឋបាល នៅ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ សម្រាប់​រយៈពេល​១៤ (​ដប់​បូ​ន​) ថ្ងៃ គិត​ចាប់ពី​ម៉ោង ២៣​និង​៥៩​នាទី (​ម្ភៃ​បី និង​ហាសិប​ប្រាំបួន​នាទី​) នា​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១១ រហូត​ដល់​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០២១ ដើម្បី​ប្រយុទ្ធ និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល នៃ​ជំងឺ​កូ​វី​ដ​-១៩ ។

លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីសម្រេច​មាន​ចំនួន ៦​ទំព័រ​ថា ក្នុងអំឡុងពេល នៃ​ការ​ដាក់​ចេញ​វិធានការ​រដ្ឋបាល ត្រូវ​បាន​ផ្អាក​ជា​បណ្តោះអាសន្ន ចំពោះ​សកម្មភាព​ការងារ​មុខរបរ ឬ​អាជីវកម្ម ដែល​មាន​ហានិភ័យ​ខ្ពស់ នៃ​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ ដូច​ខាងក្រោម ៖
១ – សាលារៀន រួម​ទាំង​សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ទាំង​រដ្ឋ និង​ឯកជន ប៉ុន្តែ អាច​ធ្វើការ​បណ្តុះបណ្តាល​តាម​ប្រព័ន្ធ​អន​ឡាញ​។
២ – អាជីវកម្ម​ក្លឹ​ប​កម្សាន្ត​គ្រប់​ប្រភេទ ជា​អាទិ៍ ខារ៉ាអូខេ រង្គសាល ឌី​ស្កូ​តែ​ក បៀ​ហ្គា​ឌិន និង​កាស៊ីណូ ។
៣ – រមណីយដ្ឋាន សារមន្ទីរ សួន​កុមារ និង​សួន​កម្សាន្ត​នានា
៤ – អាជីវកម្ម​ម៉ាស្សា សូ​ណា និង​ស្ចឹ​ម​គ្រប់​ប្រភេទ
៥ – ហាង​លក់ និង​សេព​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ
៦ – រោង​ភាពយន្ត រោង​សម្តែង​សិល្បៈ ក្លឹ​ប​ហាត់ប្រាណ និង​មជ្ឈមណ្ឌល​កីឡា​គ្រប់​ប្រភេទ​។

ជាមួយ​គ្នា​នោះ​ផង​ដែរ អភិបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ថា រាល់​សកម្មភាព​ការងារ មុខរបរ និង​អាជីវកម្ម​ដែល​មិន​ត្រូវ​បាន​ហាមឃាត់​ខាងលើ​នេះ ត្រូវ​អនុវត្ត​វិធានការ សុវត្ថិភាព​ផ្នែក​សុខាភិបាល​ឱ្យ​បាន​ម៉ឺងម៉ាត់ ជា​អាទិ៍ កាតព្វកិច្ច​ពាក់​ម៉ាស កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព ការ​ធ្វើ​អនាម័យ ដើម្បី​សម្លាប់​មេរោគ ការ​វាស់​កម្ដៅ ការ​ស្កេ​ន QR Code និង​ត្រូវ​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ជា​ពិសេស​ត្រូវ​ប្រកាន់ខ្ជាប់​ជា​និច្ច​នូវ​វិធានការ *៣ ការពារ និង ៣ កុំ​” របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

ក្រៅពី​សកម្មភាព​ការងារ មុខរបរ ឬ​អាជីវកម្ម ដែល​ត្រូវ​បាន​ផ្អាក​ជា​បណ្តោះអាសន្ន ដូច​បាន​កំណត់​ខាងលើ​រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ពិនិត្យ​សម្រេច​ផ្អាក​សកម្មភាព​ការងារ មុខរបរ និង​អាជីវកម្ម​ផ្សេង​ទៀត ទៅ​តាម​ស្ថានភាព វិវឌ្ឍន៍​ជាក់ស្តែង ដោយ​អនុលោម​តាម​តម្រូវការ​ចាំបាច់​ក្នុង​ការ​ប្រយុទ្ធ និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ