ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯម ខ្លឹម​ខ្មៅ រង​ព្យុះ​ភ្លៀង​ជា​ថ្មី​ក្រោយ​ចាញ់​កីឡាករ​ថៃ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​កាលពី​ល្ងាច​ថ្ងៃ​សៅរ៍​ទី​២៦ ធ្នូ នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​K-Cement​កីឡាករ​ឯម ខ្លឹម​ខ្មៅ បាន​ទទួល​បរាជ័យ​ជា​ថ្មី​ទៀត​ហើយ​នៅ​ក្រោម​កណ្ដាប់ដៃ​កីឡាករ​ថៃ​

រាជធានី​ភ្នំពេញ ៖ នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​កាលពី​ល្ងាច​ថ្ងៃ​សៅរ៍​ទី​២៦ ធ្នូ នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​K-Cement​កីឡាករ​ឯម ខ្លឹម​ខ្មៅ បាន​ទទួល​បរាជ័យ​ជា​ថ្មី​ទៀត​ហើយ​នៅ​ក្រោម​កណ្ដាប់ដៃ​កីឡាករ​ថៃ​នៅ​ក្នុង​ជំនួប​ប៉ះ​គ្នា​នោះ ។ លទ្ធផល​ដែល​បាន​ស្ដែង​ឡើង បាន​ធ្វើ​ឲ្យ​មាន​ព្យុះ​ភ្លៀង​កាន់តែ​អាក្រក់​ទៅ​លើ​កីឡាករ​រូប​នេះ បន្ទាប់​ពី​ពេល​កន្លង​មក​មានការ​រិះគន់​រួច​ទៅ​ហើយ ។

គ្មាន​អ្នក​ណា​មិន​បង្ហាញ​ទស្សនៈ​រិះគន់​នោះ​ទេ បន្ទាប់​ពី​អតីត​ម្ចាស់​ខ្សែក្រវាត់​ឯម ខ្លឹម​ខ្មៅ មក​ពី​ក្លិប​ឫ​ទ្ធី​ពោធិ​សែន​ជ័យ ត្រូវ​កីឡាករ​ថៃ​ឈ្មោះ​Super Chhai វាយ​ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​៣​។ បើ​ទោះជា​វី​ដេ​អូ​សាចុះសាឡើង​បាន​បង្ហាញ​ច្បាស់​ថា កីឡាករ​ថៃ​ជា​ជើង​ខ្លាំង​មាន​សមត្ថភាព​វាយ​ត្រូវ​គោលដៅ​ក្នុង​ពេល​ភាគី​កម្ពុជា​ភ្លាត់ស្នៀត ក៏​ក្រុម​អ្នក​ទស្សនា​នៅ​តែ​យល់​ថា​នោះ​ជា​លទ្ធផល​ដែល​បាន​កើតឡើង​ពី​បញ្ហា​ធ្លាក់ដៃ​របស់​ឯម ខ្លឹម​ខ្មៅ​ដោយ​ផ្ទាល់ ។ នៅ​បរិវេណ​នៃ​ច្រកចេញ​របស់​ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍ អ្នកគាំទ្រ​បាន​បន្លឺ​សំឡេង​ឡើង​ខ្ទរ​រេញ​ថា កីឡាករ​ឯម ខ្លឹម​ខ្មៅ ប្រកួត​លែង​កើត និង​បាន​វាយតម្លៃ​ថា​ហេតុផល​នៃ​ការ​ភ្លាត់ស្នៀត​អាច​បណ្ដាល​មក​ពី​គេ​មិន​បាន​ហ្វឹកហាត់​ទៀងទាត់ ឬ​អាច​មាន​ចេតនា​ចង់​ឲ្យ​មានរឿង​ភ្លាត់ស្នៀត​នៅ​លើ​សង្វៀន ។

ចំពោះ​ការ​វិភាគ​របស់​អ្នកគាំទ្រ​ដែល​បាន​បន្លឺ​ឡើង​នេះ នៅ​មិន​ទាន់​មានការ​អះអាង​ថា​មាន​ចំណុច​ត្រឹមត្រូវ​ត្រង់​ណា​នោះ​ទេ ។ ប៉ុន្តែ​យោង​តាម​សមត្ថភាព​ជាក់ស្ដែង​របស់​កីឡាករ​រូប​នេះ គឺ​ឯម ខ្លឹម​ខ្មៅ ពិតជា​មិន​ដូច​មុន​មែន ។ នៅ​ទឹក​ទី​១ និង​ទឹក​ទី​២ គេ​ឃើញ​កីឡាករ​រូប​នេះ នៅ​ប្រើ​ពេល​ស្ទាបស្ទង់​គូប្រកួត​ដោយ​ញញើតញញើម​នៅឡើយ​មិន​ដូច​ពេល​គេ​ឡើង​កូដ​នោះ​ឡើយ​។ នៅ​ទឹក​ទី​៣​គេ​ចាប់ផ្ដើម​ស្ទុះ​មួយ​ដង្ហើម ក៏​ត្រូវ​កីឡាករ​ថៃ Super Chhai វាយ​កែង​ត្រូវ​គុម្ព​ថ្គាម និង​ចំណុច​សំខាន់​ធ្វើ​ឲ្យ​ប្រកាច់​លើ​រេញ​ងើប​លែង​រួច​តែ​ម្ដង ។

ក្រុម​អ្នកវិភាគ​បាន​ដាក់​ការ​សង្ស័យ​ថា ឯម ខ្លឹម​ខ្មៅ មាន​ចេតនា​ធ្វើ​ឲ្យ​ភ្លាត់ស្នៀត​ដោយសារ​តែ​ការ​វាយ​ត្រូវ​នៅ​ពេល​នោះ គឺ​គេ​មិន​បាន​គេច និង​ចូល​ធ្លោ​ទៅ​រង​កណ្ដាប់ដៃ​របស់​គូប្រកួត​តែ​ម្ដង ។ ប៉ុន្តែ​ក្រុម​អ្នក​ហែហម​កីឡាករ​រូប​នេះ​បាន​សម្ដែង​ប្រតិកម្ម​ថា ភាព​រហ័ស​របស់ Super Chhai គឺជា​ហេតុផល​មិន​អាច​ឲ្យ​ឯម ខ្លឹម​ខ្មៅ គេច​ទាន់ និង​ជា​ហេតុផល​ធ្វើ​ឲ្យ​គេ​សន្លប់​ដោយ​មិនមែន​លក់ខ្លួន​នោះ​ទេ ។ ឯការ​លើក​ឡើង​ថា​គេ​មិន​បាន​ហ្វឹកហាត់​ដិត​ដល់​នោះ ក្រុម​នោះ​ហាក់​ឆ្លើយ​មិន​រួច​ទេ ។

ផ្អែក​តាម​លទ្ធផល​នោះ ទោះជា​ឯម ខ្លឹម​ខ្មៅ អាច​គេច​រួច​ពី​ការ​ចោទប្រកាន់​ថា​មាន​ចេតនា​ធ្វើ​ឲ្យ​ភ្លាត់ ប៉ុន្តែ​សម្រាប់​ការ​វិភាគ​ថា​គេ​ប្រកួត​មិន​បាន​ល្អ​ព្រោះតែ​គ្មាន​ការ​ទទួលខុសត្រូវ​លើ​ការ​ហ្វឹកហាត់​នោះ ហាក់​ពិបាក​ដោះសារ​បន្តិច​ហើយ ។ មិន​ថា​អ្នក​ទស្សនា និង​អ្នក​រៀបចំ​ការ​ប្រកួត​នោះ​ទេ សុទ្ធតែ​បាន​លើក​ឡើង​ថា ការ​ប្រកួត​របស់​គេ​កាលពី​ថ្ងៃ​សៅរ៍​ម្សិលម្ង៉ៃ គឺ​ស្ដែង​យ៉ាង​ច្បាស់​ថា​មិនល្អ​ដូច​ពេល​កន្លង​មក ។ ទោះបី​យ៉ាងណា​លោក​ញាន សុធី អ្នក​រៀបចំ​ការ​ប្រកួត​បាន​អះអាង​ថា កីឡាករ​ឯម ខ្លឹម​ខ្មៅ មិន​ត្រូវ​បាន​បិទ​ឈប់​ឱ្យ​ប្រកួត​អន្តរជាតិ​នៅ​លើ​សង្វៀន​របស់​ខ្លួន​នោះ​ទេ បើ​ទោះជា​ដាក់​ឲ្យ​ឡើង​ប្រកួត​ប៉ុន្មាន​លើក​កន្លង​មក គឺ​ចាញ់​ច្រើន​ជាង​ឈ្នះ ធ្វើ​ឲ្យ​អ្នក​ទស្សនា​មិនសូវ​ពេញចិត្ត​ក្ដី ។

នៅ​ក្នុង​ព្រឹត្តិការណ៍​នោះ​ដែរ កីឡាករ ពេជ្រ ម្ទេសខ្មាំង មក​ពី​ក្លិប​អា​រុណ​រះ​កីឡា នៅ​តែ​ធ្វើ​ឲ្យ​អ្នក​ទស្សនា​កោតសរសើរ​បន្ទាប់​ពី​វាយ​ជើង​ខ្លាំង Deth Div ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​២ ។ យ៉ាង​ហោច​អ្នកគាំទ្រ​ជាង​ពាក់កណ្ដាល​បាន​បង្ហាញ​ការ​ចាប់អារម្មណ៍​ចំពោះ​កីឡាករ​រូប​នេះ និង​បាន​ប្រដូច​ថា​វាយ​ល្អ​គួរ​ឱ្យ​ទាក់ទាញ​ដូច​គេ​ទើប​សមជា​អ្នក​ប្រដាល់​ដែល​មិន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ខកចិត្ត ។ ការ​លើក​សរសើរ​លើ​ពេជ្រ ម្ទេសខ្មាំង ហាក់​បាន​ទាញ​ទម្លាក់​ឯម ខ្លឹម​ខ្មៅ ឲ្យ​រង​ការ​រិះគន់ ដោយសារ​តែ​គេ​មានឈ្មោះ​ដល់​ទៅ​ជា​ម្ចាស់​ខ្សែក្រវាត់​ប៉ុន្តែ​ការ​ប្រកួត​កាន់តែ​ចុះ​ខ្សោយ​ដែល​ស្ដែង​យ៉ាង​ច្បាស់​ពី​ការ​ហ្វឹកហាត់​របស់​គេ​លែង​ជា​ការ​ទទួលខុសត្រូវ​ចំពោះ​គេ​ដូច​មុន ទើប​ធ្វើ​ឲ្យ​កម្លាំង និង​ភាព​រហ័ស​ប្រែប្រួល ៕