ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អូ​ឡាំ​ពិ​ក ​៖ ​ជប៉ុន​ឡើង​ទៅ​វគ្គ​បន្ទាប់ ខណៈ​បារាំង អា​ហ្ស​ង់​ទី​ន និង​អា​ល្លឺ​ម៉​ង់ ត្រូវ​ហាលអាវ

2 ឆ្នាំ មុន

ជប៉ុន ៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​យុវជន​អាយុ​ក្រោម​២៣​ឆ្នាំ បារាំង អា​ហ្ស​ង់​ទី​ន និង អា​ល្លឺ​ម៉​ង់ ធ្លាក់​ចេញពី​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​

ជប៉ុន ៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​យុវជន​អាយុ​ក្រោម​២៣​ឆ្នាំ បារាំង អា​ហ្ស​ង់​ទី​ន និង អា​ល្លឺ​ម៉​ង់ ធ្លាក់​ចេញពី​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​ទីក្រុង​តួ​ក្យូ​ឆ្នាំ ២០២០ យ៉ាង​ភ្ញាក់ផ្អើល​ត្រឹម​វគ្គ​សន្សំ​ពិន្ទុ​។ ខណៈ​ដែល​ម្ចាស់ផ្ទះ​ជប៉ុន បន្ត​ឡើង​ទៅ​កាន់​វគ្គ​៨​ក្រុម​ចុង​ក្រោយ​។

ការ​ប្រកួត​ជុំ​ទី​ចុង​ក្រោយ​នៅ​ក្នុង​ពូ​ល A ម្ចាស់ផ្ទះ​ជប៉ុន​ធ្វើ​បាន​យ៉ាង​ល្អ​បំផុត ដោយ​បាន​យកឈ្នះ​លើ​ជើង​ខ្លាំង​បារាំង​ដោយ​លទ្ធផល ៤-០​។ ស្រប​ពេល​ដែល​ម៉ិ​ក​ស៊ិ​ក​ក៏​បាន​ផ្តួល​អាហ្វ្រិក​ខាងត្បូង​ដោយ​លទ្ធផល ៣-០ ផង​ដែរ​។ ជប៉ុន​បញ្ចប់​ទៅ​នៅ​កំពូល​តារាង​មាន​៩​ពិន្ទុ​ពេញ ដោយ​ដឹក​ដៃ​ម៉ិ​ក​ស៊ិ​ក​បន្ត​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​។ ខណៈ​ដែល​បារាំង និង​អាហ្វ្រិក​ខាងត្បូង ត្រូវ​ហាលអាវ​ត្រឹមនេះ​។

នៅ​ក្នុង​ពូ​ល B កូរ៉េ​ខាងត្បូង បាន​បំបាក់​ហុង​ឌូ​រ៉ា​ស​ដោយ​លទ្ធផល​រហូត​ដល់ ៦-០​។ ជ័យជម្នះ​នេះ​ជួយ​ឱ្យ​កូរ៉េ​ខាងត្បូង​ឈរ​នៅ​កំពូល​តារាង និង​បន្ត​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​រួម​ជាមួយ​នូ​វែ​ល​ហ្សេ​ឡង់ ដែល​ស្មើ​ជាមួយ​រូ​ម៉ា​នី ០-០ នៅ​ការ​ប្រកួត​ចុង​ក្រោយ​វគ្គ​សន្សំ​ពិន្ទុ​។

ចំណែក​នៅ​ក្នុង​ពូ​ល C អេ​ស្ប៉ា​ញ​ស្ថិត​នៅ​កំពូល​តារាង ក្រោយ​ស្មើ​ការ​ប្រកួត​ជាមួយ​ជើង​ខ្លាំង​អា​ហ្ស​ង់​ទី​ន​លទ្ធផល ១-១​។ ហើយ​ជ័យជម្នះ​នេះ ធ្វើ​ឱ្យ​ពួក​គេ​រួម​ជាមួយ​អេ​ហ្ស៊ី​ប ដែល​បាន​យកឈ្នះ​លើ​អូស្ត្រាលី​លទ្ធផល ២-០ បន្ត​ឈាន​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​។
ដោយឡែក​នៅ​ក្នុង​ពូ​ល D វិញ ក្រុម​ការពារ​តំណែង​ជើងឯក​ប្រេ​ស៊ី​ល បាន​ដឹក​ដៃ​កូដ​ឌី​វ័​រ បន្ត​ឡើង​ទៅ​កាន់​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ផង​ដែរ​។ បន្ទាប់​ពី​បញ្ចប់​ការ​ប្រកួត​ចុង​ក្រោយ​នៅ​វគ្គ​សន្សំ​ពិន្ទុ ប្រេ​ស៊ី​ល​បាន​យកឈ្នះ​លើ​អា​រ៉ា​ប៊ី​សា​អូឌីត​ដោយ​លទ្ធផល ៣-១​។ ស្រប​ពេល​ដែល​កូដ​ឌី​វ័​រ​ស្មើ​ការ​ប្រកួត​ជាមួយ​ជើង​ខ្លាំង​អា​ល្លឺ​ម៉​ង់​ដោយ​លទ្ធផល ១-១​។

សមាសភាព​ក្រុម​ត្រូវ​ប្រកួត​តទល់​គ្នា​នៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ នា​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ ២០២១ រួម​មាន​៖
•​ ​ម្ចាស់ផ្ទះ​ជប៉ុន ត្រូវ​ប៉ះ នូ​វែ​ល​ហ្សេ​ឡង់
•​ ​ប្រេ​ស៊ី​ល ត្រូវ​ប៉ះ អេ​ហ្ស៊ី​ប
•​ ​អេ​ស្ប៉ា​ញ ត្រូវ​ប៉ះ កូដ​ឌី​វ័​រ
•​ ​កូរ៉េ​ខាងត្បូង ត្រូវ​ប៉ះ ម៉ិ​ក​ស៊ិ​ក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ