ខេត្តស្វាយរៀង ៖ មានភ្លៀងកក់ខែមួយមេធំបានបង្អុរចុះយ៉ាងខ្លាំង អស់រយៈពេលមួយម៉ោងកន្លះ បណ្តាលឱ្យទឹកជន់លិចផ្សារវាលយន្តជិតជម្រៅត្រឹមជង្គង់ និងលិចតាមដងផ្លូវនានាក្នុងក្រុងមួយចំនួនផងដែរ ដោយសារលូទឹកហូរមិនទាន់ ។ ភ្លៀងកក់ខែមួយមេធំនេះបានចាប់ផ្តើមធ្លាក់គំហុកកាលពីវេលាម៉ោង២រសៀល រហូតដល់ម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២១ មីនា ២០១១ ហើយបានត្រូវប្រជាពលរដ្ឋ និងអាជីវករមានចិត្តសប្បាយរីករាយដោយបានភ្លៀងកក់ខែ ធ្វើឱ្យដំណាំហូបផ្លែ និងបន្លែបង្ការ មានទឹកជោកជាំ ក្នុងរដូវប្រាំងកំពុងក្តៅហួតហែង ហើយដើមឈើក៏ដូចរុក្ខជាតិនានា ជាពិសេសស្មៅគោក្របីដែលកំពុងក្រៀមស្វិតស្រពោន ឈានទៅមានពន្លកស្រស់បំព្រងឡើងវិញ ។
សូមបញ្ជាក់ថា កំដៅព្រះអាទិត្យក្តៅខ្លាំង មិនដែលមានភ្លៀងសោះចាប់តាំងពីខែវិច្ឆិកា ២០១០ រហូតមកដល់ខែមីនា ២០១១ នេះ ។ ភ្លៀងធ្លាក់មកពីទិសបូព៍ាមេឃមានពពកខ្មៅ ពុំមានខ្យល់ ធ្វើឱ្យទឹកភ្លៀងបង្អុរចុះយ៉ាងខ្លាំង ហើយពេលកំពុងភ្លៀងពុំមានឃើញមនុស្សម្នាណាធ្វើដំណើរ ឬចេញពីផ្ទះមុជទឹកភ្លៀងលេង ឬចេញត្រងទឹកភ្លៀងទុកឡើយ ទំនងជាប្រជាពលរដ្ឋមិនហ៊ានឱ្យត្រូវទឹកភ្លៀង ដោយភ័យខ្លាចមានជំងឺ ភ្លៀងដំបូងកាច តែអ្នកខ្លះខ្លាចទឹកភ្លៀងមានចំហាយជាតិគីមី (វិទ្យុសកម្ម) ចេញមកពីការផ្ទុះរោងចក្របរិមាណូនៅប្រទេសជប៉ុន កាលពីសប្តាហ៍មុន ។ មានពាក្យចចាមអារ៉ាមថា ខ្លាចវិទ្យុសកម្មសាយភាយ ហាមមិនឱ្យមុជទឹកភ្លៀងនាំឱ្យកើតរមាស់ ឬកើតមហារីកស្បែក និងជ្រុះសក់ ទើបពេលភ្លៀងលើកនេះពុំមានអ្នកណាហ៊ានចេញពីផ្ទះឡើយ រហូតភ្លៀងរាំងទើបមានមនុស្សចេញមើលទឹកភ្លៀង ។
ភ្លៀងនេះទៀតសោត នៅតាមជនបទវិញទឹកជន់លិចភ្លឺស្រែ ពេលយប់ឡើង មានប្រជាកសិករចេញរកឆ្លុះកង្កែប ឆ្លុះត្រី ចាប់ក្តាម ធ្វើម្ហូប និងលក់ទៀតផង ។ អំឡុងពេលភ្លៀងធ្លាក់ក៏មានផ្គររន្ទះបាញ់ ងាប់ក្របីចំនួន៦ក្បាលផងដែរ គឺនៅភូមិធ្លក សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង រន្ទះបាញ់នៅវេលាម៉ោង៣រសៀលងាប់ក្របីអស់២ក្បាល ។ នៅភូមិបែកចាន ឃុំរមាំងថ្កោល ស្រុកស្វាយទាប រន្ទះបាញ់ងាប់ក្របីអស់៤ក្បាល…ក្របីទាំង៦ក្បាលនោះត្រូវម្ចាស់លក់ឱ្យឈ្មួញពន្លះសាច់លក់នៅផ្សារទាំងល្ងាចពេលរាំងភ្លៀង ៕



ចែករំលែកព័តមាននេះ