ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​ម៉ាស៊ីន ATM សន្ធោសន្ធៅ រហូត​រាលដាល​ស្លាក​យីហោ​ហាង​​​២​ផ្អើល​ពលរដ្ឋ

2 ឆ្នាំ មុន
  • ភ្នំពេញ

ម៉ាស៊ីន ATM របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់ ត្រូវ​បាន​អណ្តាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ធ្វើ​ឲ្យ​រាលដាល​ដល់​ប្រអប់​កុង​ទ័​រ​ភ្លើង​នៅ​លើ​បង្គោល រួម​ទាំង​ស្លាក​យីហោ​ហាង​PIZZA PEZZO និង​ហាង Peach Tea ទៀត​ផង ដែល​គេ​សង្ស័យ​ថា

រាជធានី​ភ្នំពេញ ៖ ម៉ាស៊ីន ATM របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់ ត្រូវ​បាន​អណ្តាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ធ្វើ​ឲ្យ​រាលដាល​ដល់​ប្រអប់​កុង​ទ័​រ​ភ្លើង​នៅ​លើ​បង្គោល រួម​ទាំង​ស្លាក​យីហោ​ហាង​PIZZA PEZZO និង​ហាង Peach Tea ទៀត​ផង ដែល​គេ​សង្ស័យ​ថា អាច​បណ្ដាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​១​និង​១៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៨​ខែកក្កដា ឆ្នាំ​២០២១ ត្រង់​ចំណុច​ទល់មុខ​ទីស្ដីការក្រសួង​សុខាភិបាល តាម​បណ្ដោយ​ផ្លូវ​២៨៩ ស្ថិត​ក្នុង​សង្កាត់​បឹង​កក់​ទី​២ ខណ្ឌទួលគោក​។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​ម៉ាស៊ីន ATM មួយ​គ្រឿង​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់ បាន​បើក​ដំណើរការ​ជា​ធម្មតា ខណៈ​ដែល​ហាង​ទាំង​ពីរ​នៅ​ខាងក្រោយ​ម៉ាស៊ីន ATM នោះ បាន​បិទទ្វារ​សំរាក​លែង​ដំណើរការ​ទៅ​ហើយ​។

ប្រភព​ដដែល​បន្ត​ថា លុះ​មក​ដល់​វេលា​កើតហេតុ ក៏​ស្រាប់តែ​មាន​ផ្សែងហុយ​ខ្មួលខ្មាញ់​លាយឡំ​នឹង​អណ្តាតភ្លើង​ឆាបឆេះ​ចេញពី​ម៉ាស៊ីន ATM បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជុំវិញ​នោះ ហើយ​នាំ​គ្នា​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន និង​រថយន្ត​ពន្លត់​អគ្គិភ័យ​ឲ្យ​ចុះ​មក​ធ្វើការ​អន្តរាគមន៍​។

ប្រភព​ដដែល​បន្ត​ថា ប៉ុន្តែ​ដោយសារ​ស្ថានភាព​ភ្លើង​ឆាបឆេះ​ខ្លាំង​ពេក ថែម​ទាំង​មានការ​ផ្ទុះ​បែក​ផ្កាភ្លើង​ទៀត ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មិន​ហ៊ាន​យក​បំពង់​ពន្លត់​អគ្គិភ័យ​ទៅ​បាញ់​ពន្លត់​ភ្លាម​នោះ​ទេ ធ្វើ​ឲ្យ​អណ្តាតភ្លើង​បាន​ឆាបឆេះ​រាលដាល​ដល់​ប្រអប់​កុង​ទ័​រ​ភ្លើង​នៅ​លើ​បង្គោល​ថ្ម​ដែល​នៅ​ជិត​នឹង​ម៉ាស៊ីន ATM រួម​ទាំង​ឆេះ​រាលដាល​ដល់​ស្លាក​យីហោ​ហាង​ទាំង​ពីរ​បន្ថែម​ទៀត ធ្វើ​ឲ្យ​អណ្តាតភ្លើង​ឆាបឆេះ​កាន់តែ​ខ្លាំង​ឡើង​ៗ​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ស្រប​ពេល​នោះ​ដែរ ក៏​មាន​សមត្ថកិច្ច​មូលដ្ឋាន រួម​ទាំង​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចំនួន​៦​គ្រឿង រួច​បាន​មក​ជួយ​បាញ់​ទឹក​ពន្លត់​អស់​ទឹក​ចំនួន​២​រថយន្ត ទើប​អណ្តាតភ្លើង​រលត់​ទៅ​វិញ​ជា​ស្ថាពរ គឺ​រលត់​នៅ​ម៉ោង​១​និង​៤៥​នាទី​រំលង​អធ្រាត្រ​នៅ​ថ្ងៃ​ដដែល​។

ចំណែក​សមត្ថកិច្ច​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា ហេតុការណ៍​ខាងលើ​នេះ មិន​បង្ក​ឲ្យ​មាន​នរណា​ម្នាក់​រង​របួស​នោះ​ទេ គឺ​ឆេះ​ខូចខាត​ស្លាក​យីហោ​ហាង PIZZA PEZZO ហាង Peach Tea និង​សម្ភារៈ​របស់​ហាង​មួយ​ចំនួន​តូច ចំណែកឯ​ម៉ាស៊ីន ATM វិញ បាន​រង​ការ​ខូចខាត​ស្ទើរ​ទាំងស្រុង​ទៅ​ហើយ​។ ចំពោះ​មូលហេតុ​វិញ សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា បណ្ដាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី​ចេញពី​ម៉ាស៊ីន ATM ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ