ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម​៦​ខែ​បង្ក្រាប​ការ​ជួញដូរ​មនុស្ស​១៩៨​ករណី និង​រំ​ដោ​ជន​រង​គ្រោះ​សរុប​៧៣១​នាក់

2 ឆ្នាំ មុន
  • ភ្នំពេញ

​ក្នុង​ឆមាស​ទី​១ នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន និង​ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​តាមដាន​ស្រាវជ្រាវ

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ឆមាស​ទី​១ នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន និង​ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​តាមដាន​ស្រាវជ្រាវ បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ សរុប​បាន ១៩៨​ករណី លើ​៦៣​ករណី កើនឡើង​ចំនួន ១៣៥​ករណី ធៀប​នឹង​ឆ្នាំ​២០២០ ហើយ​ឃាត់ខ្លួន​ជនសង្ស័យ​បញ្ជូន​ទៅ​សាលាដំបូង​ចំនួន ២៩១​នាក់ និង​បាន​សង្គ្រោះ​ជន​រង​គ្រោះ​ចំនួន ៧២១​នាក់ ក្នុង​នោះ​មាន អាយុ​ក្រោម​១៥​ឆ្នាំ ៨៨​នាក់​, អាយុ​១៥-១៧​ឆ្នាំ ៦៣​នាក់ និង​អាយុ​ពី​១៨​ឆ្នាំ​ឡើង ៥៧០​នាក់ ដោយ​ប្រគល់​ឱ្យ​មន្ទីរ​សង្គមកិច្ច ២៥​នាក់ និង​ប្រគល់​ឱ្យ​គ្រួសារ ៦៩៦​នាក់​។ នេះ​បើ​យោង​តាម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច​ក្រឡាហោម​ឲ្យ​ដឹង​។

នៅ​ហ្វេ​ស​ប៊ុ​ក​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​រយៈពេល​មួយ​ឆមាស​នេះ ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត បាន​ល្បាត​ឃ្លាំមើល​គោលដៅ​សង្ស័យ​មាន​សកម្មភាព​អាជីវកម្ម​ផ្លូវភេទ​បាន​ចំនួន​១.០៧៤​លើក លើ​គោលដៅ​៣១៨​គោលដៅ មាន​ចំនួន​មនុស្ស​សរុប​ចំនួន​១.២៤៩​នាក់ ក្នុង​នោះ​មាន​ស្ត្រី ១.០៣៦​នាក់ និង​បាន​ធ្វើ​សកម្មភាព​បង្ការ​ទប់ស្កាត់​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ តាម​គោលដៅ​បម្រើសេវា​កំសាន្ត ដែល​អាច​បង្កប់​សេវា​ផ្លូវភេទ ដោយ​ចុះ​ធ្វើ​បច្ចុប្បន្នភាព​ទិន្នន័យ​ស្ថិតិ និង​ធ្វើ​កិច្ចសន្យា​ហាមឃាត់ ការ​ប្រព្រឹត្ត​បទល្មើស​សញ្ចារ​កម្ម និង​ផ្សព្វផ្សាយ​ច្បាប់​ស្ដី​ពី ការ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ ដល់​ម្ចាស់​អាជីវកម្ម និង​បុគ្គលិក​ធ្វើការ​ក្នុង​ហាង​ម៉ាស្សា និង​ខារ៉ាអូខេ​។

ដោយឡែក​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ គឺ​ក្រុមការងារ​អនុវត្ត​ច្បាប់ នៃ​ច្រក​ចេញចូល​តែ​មួយ ទទួល​បន្ទុក​ការងារ​អាពាហ៍ពិពាហ៍​រវាង​ពលរដ្ឋ​ខ្មែរ និង​ជនបរទេស បាន​ទទួល​ពាក្យ និង​សម្ភាសន៍ ​ពលរដ្ឋ​ខ្មែរ និង​ជនបរទេស សរុប​ចំនួន ២១១​គូ ដែល​បាន​ដាក់​ពាក្យសុំ​រៀប​អាពាហ៍ពិពាហ៍​តាម​ផ្លូវច្បាប់ ព្រមទាំង​បាន​ទំនាក់ទំនង​ទៅ​នារី​ខ្មែរ ដែល​ទៅ​រស់នៅ​ជាមួយ​ស្វាមី​នៅ​ក្រៅប្រទេស ក្នុង​នោះ​សាធារណរដ្ឋ​កូរ៉េ ១៣​នាក់ ដើម្បី​តាមដាន​ស្ថានភាព ដែល​សង្ស័យ​ថា អាច​កើត​មានការ​ជួញដូរ​មនុស្ស តាម​រយៈ​ការ​រៀប​អាពាហ៍ពិពាហ៍​។

ជាមួយ​នោះ​ដែរ ចាប់ពី​ខែមករា ដល់​ខែមិថុនា ឆ្នាំ​២០២១​នេះ អគ្គលេខាធិការដ្ឋាន គ​.​ជ​.​ប​.​ជ បាន​ប្រមូល​ទិន្នន័យ​ជា​ប្រចាំ​របស់​រដ្ឋបាល​រាជធានី​-​ខេត្ត នូវ​ចំនួន​ពលករ​វិល​ត្រឡប់​ជា​រៀងរាល់ថ្ងៃ ក្នុងអំឡុងពេល​នៃ​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ ១៩ សរុប​ប្រមាណ ៦៣.២៦៩​នាក់ មាន​ស្ត្រី​ប្រមាណ ២៧.១៦២​នាក់​។ ជាមួយ​គ្នា​នេះ​ដែរ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​ធ្វើ​បច្ចុប្បន្នភាព​ទិន្នន័យ​ប្រចាំខែ ចំពោះ​ពលករ​ចំណាកស្រុក​ត្រឡប់​មក​ពី​ក្រៅប្រទេស​វិញ ទាំង​ស្របច្បាប់ និង​មិន​ស្របច្បាប់ សរុប​ចំនួន ១៥០.៨៨៥​នាក់ ដែល​ក្នុង​នោះ​មាន​ស្ត្រី​៥៤.៥៥៦​នាក់ និង អនីតិជន​៥៦៤​នាក់ មាន​ស្រី​១៥៧​នាក់ ។

សម្តេច​ក្រឡាហោម​ស ខេ​ង ប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស គ​.​ជ​.​ប​.​ជ ក៏​បាន​អំពាវនាវ​បង​ប្អ​ន​ជនរួមជាតិ​បន្ត​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ និង​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​នៅ​ក្នុង​ការងារ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​នេះ នៅ​តាម​មូលដ្ឋាន​របស់​បងប្អូន តាម​រយៈ​ការ​មិន​ប្រព្រឹត្ត​អំពើ​ល្មើស ការ​រាយការណ៍​អំពី​អំពើ​ល្មើស និង​ការ​ចូលរួម​ផ្សព្វផ្សាយ ពន្យល់ អប់រំ​ណែនាំ​ដល់​សាច់ញាតិ បងប្អូន អ្នក​ភូមិ​ផង​ឱ្យ​មានការ​យល់​ដឹង​ពី​គ្រោះថ្នាក់​នៃ​អំពើ​ជួញដូរ​មនុស្ស ដែល​ស្ដែង​ឡើង​តាម​រយៈ​អាពាហ៍ពិពាហ៍​មិន​ស្របច្បាប់​ទៅ​ក្រៅប្រទេស ការ​ធ្វើ​ចំណាកស្រុក​ខុសច្បាប់ និង​ការ​ប្រើ​ឧបាយកល​ទុច្ចរិត​អូស​ទាញ ឃោសនា ក្រោម​រូបភាព​ផ្សេង​ទៀត​របស់​ជនល្មើស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ