រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានព្រមានថា «លោករដ្ឋមន្ត្រីក្រសួង ស្ថាប័ននានាកុំឱ្យមានស្ថានភាពប្តីស័ក្តិបី ប្រពន្ធស័ក្តិ៤ កូនស័ក្តិ៥។ ខ្ញុំបានស្តាប់ឮនូវការត្អូញត្អែរពីក្រសួងខ្លះ ដោយសារប្រពន្ធចូលទៅលូកដៃជ្រៅពេកក្នុងក្រសួង» ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានព្រមានបែបនេះកាលពីរសៀលថ្ងៃទី៧ ខែមីនា នៅវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្ត្រីក្នុងឱកាសប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិនារី៨ មីនា ឆ្នាំ២០១១ ខួបលើកទី១០០។ សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា ខ្ញុំសូមស្នើឱ្យលោករដ្ឋមន្ត្រីនានាផ្អាកប្រពន្ធឱ្យសំរាកនៅឯផ្ទះទៅ នៅត្រឹមតែផ្ទះបានហើយ កុំទៅជ្រុលហួស។ គេស្អប់ប្តីដោយសារប្រពន្ធទៅលូកដៃទៅធ្វើរដ្ឋមន្ត្រីស្អីគេដែរ។ បើមិនដូច្នេះទេ អស់លោកសាកល្បងលមើល ប្រថុយទៀតលមើល។ មន្ត្រីរាជការនៅក្រោមឱវាទគេរអ៊ូរទាំរហូតឮចូលត្រចៀកខ្ញុំខ្លាំងជ្រុល។ បញ្ហាមកពីប្រពន្ធរបស់អស់លោកជាអ្នកបង្កើត ខ្ញុំសូមផ្តាំទុកឱ្យហើយ! ឥឡូវមានកន្លែងខ្លះ គឺស្ថាប័ននោះក្លាយទៅជាកន្លែងចាត់ការរបស់ប្រពន្ធនៅកន្លែងហ្នឹងសូមដកខ្លួនថយទៅមិនមែនជារឿងរបស់លោកជំទាវទេ ។ លោកជំទាវដើរតួនាទីជួយប្តីបាន តែកុំចាត់ចែងលើការងាររបស់ប្តីនៅក្រសួង។
សម្តេចបន្តថា មិនមែនអស់លោក លោកជំទាវធ្វើអ្វីខ្ញុំមិនដឹងនោះទេ ថ្ងៃនេះខ្ញុំត្រូវនិយាយ ព្រោះមានមនុស្សមួយចំនួនបានបង្ហាញពីការត្អូញត្អែរ ប្តីផងប្រពន្ធផង កូននោះផង ត្រួតត្រានៅក្នុងក្រសួងដូច្នេះល្មមដកខ្លួនចេញទៅបាន
ហើយ។ ក្រោយឆ្នាំ១៩៩៣មិនមែនទាំងអស់ទេ មានមួយភាគតូច ខ្ញុំកត់សំគាល់ ប្រពន្ធរដ្ឋមន្ត្រីខ្លះដែលទើបបានទទួលតំណែងបានឡើងមករៀបចំការិយាល័យឱ្យប្តី។ ទីចុងបំផុតរដ្ឋមន្ត្រីទាំងនោះធ្លាក់ស័ក្តិទាំងអស់។ ធ្វើរបៀបនេះធ្វើបាបប្តីទេ ណ៎ា មិនមែនជួយប្តីទេ។ កុំក្រអឺតក្រទម កុំយកស្ថាប័នរបស់ជាតិដែលប្តីកំពុងធ្វើការក្លាយទៅជាកន្លែងចាត់ការរបស់ប្រពន្ធ។ នេះជាបញ្ហាដែលត្រូវយកចិត្តទុកដាក់ វាមានតិចតួចទេ ប៉ុន្តែត្រូវស្តាប់សំដីរបស់មហាជនអ្នកនៅក្រោមឱវាទផង។ ជួនកាលគេថា ប្តីមិនបញ្ហាទេ ប៉ុន្តែយ៉ាប់ប្រពន្ធ វាយ៉ាប់ពេក គេនិយាយត្រង់ៗ។
សម្តេចថ្លែងថា ជួនកាលគេ«បាទ»នៅទល់មុខហ្នឹង ប៉ុន្តែគេ«បាទ» មិនមែន«បាទ»ដោយក្តីគោរពស្រឡាញ់យើងទេ«បាទ» ទាំងទើសទាល់ ដល់ក្រោយខ្នងគេជេរបញ្ជូនថែមទៀតផង។ និយាយត្រង់ៗតែម្តង។ ទិវាបុណ្យខួបនារីត្រូវនិយាយលើកនារី ប៉ុន្តែក៏មាននារីខ្លះត្រូវតែនិយាយផងដែរ និយាយឱ្យហើយ ព្រោះក្រែងលោថ្ងៃក្រោយមិនបានមកកន្លែងហ្នឹងទៀត ព្រោះពេលណាមហាជនគេស្រែកច្រើនពេកខ្ញុំក៏ត្រូវបង្ខំចិត្តដែរ បង្ខំចិត្តឡើងជ្រញ់ដកពីតំណែងដែរ ករណីហ្នឹង។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានលើកឡើងពីករណីប្រពន្ធលោករដ្ឋមន្ត្រីថា សូមជួយប្តីក្នុងការងារ តែកុំឱ្យចាត់ចែងទៅលើស្ថាប័ននោះ។មានកន្លែងខ្លះជេរគេតែម្តង ជេរគេតាំងពីអ្នកបើកបររថយន្ត។ មិនមែនធម្មតាទេ ព័ត៌មានច្រើនណាស់ យកមន្ត្រីបុគ្គលិកទៅបំរើការនៅឯផ្ទះ។ លើកកំរិតសមត្ថភាពស្ត្រីឱ្យខ្ពស់ឡើង ក៏ប៉ុន្តែលើកកុំឱ្យទៅខុសជំនាញ ខុសមុខងារ រហូតទៅដល់លូកដៃចាត់ចែងការងាររបស់ប្តីនោះទេ។ សុំផ្តាំផ្ញើប៉ុណ្ណឹង ជាប្រធានស្ថាប័ននីតិប្រតិបត្តិត្រូវតែនិយាយ បើយើងមិននិយាយទុកឱ្យមន្ត្រី ខុសថ្ងៃក្រោយ។ បើមិនជឿហៅប្រាំនាក់ចូលបន្ទប់ម្តង សួរលមើលចេញអស់រលីង។ រឿងនេះវាអាចប៉ះពាល់មនុស្សមួយចំនួនទៀត ក៏ប៉ុន្តែវាក៏ត្រូវចិត្តមនុស្សមួយចំនួនធំដែរ ៕
ចែករំលែកព័តមាននេះ