ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកស្រី ជា គឹមសួ រកចំណូលបាន ៧០០ ដុល្លារក្នុងមួយខែ ពីការចិញ្ចឹមមាន់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ កន្លងមកពោលគឺមុនឆ្នាំ ២០១៨ ស្វាមីរបស់អ្នកស្រី ជា គឹមសួ ជាពលកចំណាកស្រុកដែលតែងតែឃ្លាតឆ្ងាយពីគ្រួសារទៅធ្វើការនៅប្រទេសថៃ ដើម្បីរកប្រាក់បំពេញតម្រូវការគ្រួសារ តែការងារនៅប្រទេសគេមិនសមដូចក្តីរំពឹងទុកនោះឡើយ…

រាជធានីភ្នំពេញ ៖ កន្លងមកពោលគឺមុនឆ្នាំ ២០១៨ ស្វាមីរបស់អ្នកស្រី ជា គឹមសួ ជាពលកចំណាកស្រុកដែលតែងតែឃ្លាតឆ្ងាយពីគ្រួសារទៅធ្វើការនៅប្រទេសថៃ ដើម្បីរកប្រាក់បំពេញតម្រូវការគ្រួសារ តែការងារនៅប្រទេសគេមិនសមដូចក្តីរំពឹងទុកនោះឡើយ ។ ស្វាមីគាត់បានត្រឡប់មកភូមិស្រុកកំណើតវិញ ដើម្បីបន្តការងារកសិកម្មជាមួយភរិយា ។ ការចិញ្ចឹមមាន់ និងការដាំបន្លែដែលគ្មានបច្ចេកទេសនៅតែធ្វើឲ្យគ្រួសារអ្នកស្រី ជា គឹមសួ ខ្វះមុខខ្វះក្រោយជាដដែល ។

ចាប់ពីខែកញ្ញា ឆ្នាំ ២០១៨ មក អ្នកស្រី ជា គឹមសួ បានចូលរួមកម្មវិធី ASPIRE ដែលមានឈ្មោះពេញថា កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ។ កម្មវិធីនេះបានផ្តល់ទុន ២០% ដើម្បីឲ្យអ្នកស្រីធ្វើទ្រង់មាន់ រួមនឹងការផ្តលបច្ចេកទេសចិញ្ចឹមមាន់ ការលាយចំណីមាន់ រួមនិងការចាក់វ៉ាក់សំាងការពារសត្វមាន់ជាដើម ។ ក្នុងទំហំដីដដែល ទីតំាងដដែល ការចិញ្ចឹមមាន់របស់អ្នកស្រីមានការរីកចម្រើន ដែលអាចផ្តត់ផ្គង់គ្រួសារឲ្យនៅជុំគ្នាបាន មិនបាច់ធ្វើចំណាកស្រុកនោះឡើយ ។

«កាលពីមិនទាន់ចូលរួមកម្មវិធី ASPIRE ការចិញ្ចឹមមាន់របស់ខ្ញុំទទួលបានប្រាក់តែប្រមាណ ១០០ ដុល្លារក្នុងមួយខែ ។ ចំណូលនេះមិនអាចផ្ត់ត់ផ្គង់គ្រួសារបានឡើយ ។ ប៉ុន្តែនៅពេលខ្ញុំចូលរួមកម្មវិធី ASPIRE ខ្ញុំអាចរកចំណូលបាន ៧០០ ដុល្លារក្នុងមួយខែ ។ ស្វាមីខ្ញុំមិនបាច់ធ្វើចំណាកស្រុក ឬរកការងារផ្សេងទៀតដូចជាសំណង់ទៀតឡើយ ។ យើងចិញ្ចឹមមាន់អាចផ្តត់ផ្គង់គ្រួសារបាន» អ្នកស្រី ជា គឹមសួ បញ្ជាក់ ។

ការចិញ្ចឹមមាន់របស់អ្នកស្រី ជា គឹមសួ មានការរីកចម្រើនពី ១០ ទៅ ២០ ក្បាល ពេលនេះមានជាង ២០០ ក្បាល ។ កសិករជាច្រើនទៀតនៅក្នុងខេត្តកំពង់ឆ្នាំង បាននិងកំពុងទទួលផលពីកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ដូចអ្នកស្រីដែរ ។  កម្មវិធី ASPIRE ត្រូវបានរៀបចំឲ្យមាន ដើម្បីគាំទ្ររាជរដ្ឋាភិបាល ក្នុងការរៀបចំឲ្យមាន និងកែលម្អគោលនយោបាយ និងសមត្ថភាពផ្តល់សេវាកម្មផ្សព្វផ្សាយកសិកម្ម ដែលមានភាពប្រសើរជាងសព្វថ្ងៃ និងដើម្បីសម្របសម្រួលសកម្មភាពផ្សព្វផ្សាយរបស់ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងអង្គការសង្គមស៊ីវិល ។ កម្មវិធីនេះទទួលបន្ទុកគ្រប់គ្រង និងដឹកនាំអនុវត្តដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយសហការជាមួយឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងដោយប្រើប្រាស់ថវិកាជាង ៦៧ លានដុល្លារអាមេរិក ដែលថវិកានេះភាគច្រើនជាជំនួយ និងកម្ចីរបស់មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) និងពីប្រទេស ព្រមទាំងដៃគូអភិវឌ្ឍន៍មួយចំនួនទៀត ។ 

កម្មវិធី ASPIRE មានគោលដៅរួមចំណែកកាត់បន្ថយភាពក្រីក្រ និងបង្កើនភាពធន់ទ្រាំរបស់កសិករដែលមានទំហំផលិតកម្មតូច ជាមួយនឹងការប្រែប្រួលអាកាសធាតុ ។ ក្នុងនោះកម្មវិធី ASPIRE មានគោលបំណងធ្វើឲ្យមានគំរូសេវាកម្មកសិកម្ម ដែលមានប្រសិទ្ធភាពសម្រាប់គាំទ្រកសិករដែលមានទំហំផលិតកម្មតូច សំដៅរួមចំណែកបង្កើនសេដ្ឋកិច្ច ដោយធ្វើអាជីវកម្មបានចំណេញ ធន់ទ្រាំនឹងអាកាសធាតុ ហើយគំរូសេវាកម្មកសិកម្ម ត្រូវបានយកទៅពិចារណាក្នុងការរៀបចំធ្វើគោលនយោបាយ ។

កម្មវិធីនេះមានរយៈពេល ៧ ឆ្នាំ គឺពីឆ្នាំ ២០១៥ ដល់ត្រីមានទី ១ ឆ្នាំ ២០២២ ។ ដោយសារការរាតត្បាតនៃជំងឺកូវីដ ១៩ កម្មវិធីនេះអាចត្រូវបានបន្លាយដល់ចុងឆ្នាំ ២០២២ ។ ពីដំបូង គឺពីឆ្នាំ ២០១៥ កម្មវិធីនេះត្រូវបានអនុវត្តនៅក្នុងខេត្តចំនួន ៦ គឺខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ព្រះវិហារ ស្ទឹងត្រែង និងខេត្តក្រចេះ ។ ដោយត្រូវបានទទួលការវាយតម្លៃខ្ពស់ពីថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាពិសេស ឯកឧត្តមរដ្ឋមន្ត្រី និងបេសកកម្មជាបន្តបន្ទាប់របស់ IFAD ថាជាកម្មវិធីដ៏ល្អ ដែលបានរួមចំណែកអភិវឌ្ឍវិស័យកសិកម្មជាតិ និងបង្កើនជីវភាពប្រជាកសិករ កម្មវិធីនេះត្រូវបានពង្រីកទៅអនុវត្តនៅក្នុងខេត្តផ្សេងទៀតជាបន្តបន្ទាប់ ។ ចាប់ពីឆ្នាំ ២០២០ កម្មវិធីនេះត្រូវបានអនុវត្តនៅក្នុងខេត្ត ២៤ នៅកម្ពុជា ។ 

កម្មវិធី ASPIRE គាំទ្រគ្រួសារកសិករគោលដៅបាន ១៣០ ៥៥៦ គ្រួសារ ឬ ជាង ៩១ % នៃគ្រួសារគោលដៅសរុបចំនួន ១៤៤ ០០០ គ្រួសារ ហើយបានបង្កើនចំណូលគ្រួសារកសិករពី ២ ៨៥៩ ដុល្លារក្នុងមួយគ្រួសារនៅឆ្នាំ ២០១៧ ដល់ ៣ ៣០៨ ដុល្លារក្នុងមួយគ្រួសារនៅឆ្នាំ ២០២០ នេះ ពោលគឺកើនឡើង ១៦ % ក្នុង រយៈពេល ៣ ឆ្នាំ (ស្មើនឹង ៥,៣៣ % ក្នុងមួយឆ្នាំ) នេះបើតាមការវាយតម្លៃរបស់ក្រសួងកសិកម្ម ដែលនៅក្នុងគ្រួសារកសិករដែលរីកចម្រើនពីកម្មវិធី ។ កម្មវិធី ASPIRE នេះប្រាកដណាស់មានគ្រួសារអ្នកស្រី គឹមសួរ មួយដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ