ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិដ្ឋភាព​នៅ​ថ្ងៃ​ដំបូង​នៃ​ការ​បើក​ដំណើរការ​ផ្សារ​កណ្តាល​ឡើង​វិញ

2 ឆ្នាំ មុន
  • ភ្នំពេញ

ផ្សារ​កណ្តាល ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​សង្កាត់​ផ្សារ​កណ្តាល​ទី​១ ខណ្ឌដូនពេញ ត្រូវ​បាន​បើក​អោយ​ដំណើរការ​ឡើង​វិញ​ហើយ ក្រោយ​ពី​ផ្អាក​ជា​បណ្តោះអាសន្ន​អស់​រយៈពេល​១៤​ថ្ងៃ​កន្លង​មក ដោយ​ចាប់ផ្តើម​ពី​ថ្ងៃ​ទី

រាជធានី​ភ្នំពេញ ៖ ផ្សារ​កណ្តាល ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​សង្កាត់​ផ្សារ​កណ្តាល​ទី​១ ខណ្ឌដូនពេញ ត្រូវ​បាន​បើក​អោយ​ដំណើរការ​ឡើង​វិញ​ហើយ ក្រោយ​ពី​ផ្អាក​ជា​បណ្តោះអាសន្ន​អស់​រយៈពេល​១៤​ថ្ងៃ​កន្លង​មក ដោយ​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ ២០២១ ដោយសារ​តែ​ផ្ទុះ​ជំងឺ​កូ​វី​ដ​១៩ ទៅ​លើ​គណៈកម្មាធិការ​ផ្សារ និង​ក្រុម​អាជីវករ​លក់ដូរ​ក្នុង​ផ្សារ​ទាំងស្រុង​។

លុះដល់​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០២១​នេះ ទើប​សម្រេច​បើក​ដំណើរការ​ជា​ធម្មតា​វិញ ក្រោយ​ពី​គណៈកម្មការ​ផ្សារ និង​ក្រុម​អាជីវករ​ទាំងអស់​ធ្វើ​សំណាក​ជា​លើក​ទី​២ កាលពី​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០២១​មុន​នេះ​រួច​មក​ផង​ដែរ​នោះ​។

លោក ទុ​យ សុ​ភ័ក្ត្រ អនុប្រធាន​ផ្សារ​កណ្តាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០២១​នេះ​ដែរ ផ្សារ​កណ្តាល​របស់​យើង​ត្រូវ​បាន​បើក​អោយ​ដំណើរការ​ឡើង​វិញ​ហើយ ក្រោយ​ពី​មានការ​អនុញ្ញាត​អំពី​សាលា​ខណ្ឌដូនពេញ ក៏​ដូច​ជា​សាលា​រាជធានី​ភ្នំពេញ រួច​មក​នោះ​។ ដោយ​ខាង​ផ្សារ​អនុវត្ត​ទៅ​តាម​ការ​ណែនាំ​របស់​រាជរដ្ឋាភិបាល ក៏​ដូច​ជា​ខាង​ក្រសួងសុខាភិបាល នូវ​វិធានការ «៣​ការពារ ៣​កុំ​» និង​រក្សា​គម្លាត​សុវត្ថិភាព​ជាដើម​។

លោក​ក៏​បាន​ប្រាប់​បន្ត​ទៀត​ថា ក្នុង​ថ្ងៃ​បើក​ដំណើរការ​ផ្សារ​កណ្តាល​ជា​ធម្មតា​វិញ​ដែរ ខាង​គណៈកម្មាធិការ​ផ្សារ បាន​ចាប់ផ្តើម​ធ្វើការ​ត្រួតពិនិត្យ​ទៅ​លើ​កាត​ចាក់​វ៉ាក់សាំង​របស់​បងប្អូន​អាជីវករ​ទាំងអស់​គ្នា ដែល​បាន​ចូល​មក​លក់ដូរ​ក្នុងថ្ងៃនេះ បានឃើញ​ថា ពួក​គាត់​ភាគច្រើន​ស្ទើរតែ​ទាំងអស់​គ្នា​សុទ្ធតែ​បាន​ចាក់​វ៉ាក់សាំង​លើក​ទី​២ រួចរាល់​ហើយ​។

ដោយឡែក​សំរាប់​ក្រុម​អាជីវករ​ណា​ដែល​មិន​ទាន់​បាន​យក​សំណាក​ជា​លើក​ទី​២ កាលពី​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០២១ កន្លង​មក ក៏​សូម​មេត្តា​នាំ​គ្នា​ទៅ​យក​សំណាក​នៅ​សាលា​បាក់​ទូក ឬ​ក៏​ម៉ូ​ឌែ​ន​៥​ជា​បន្ត​ទៀត​ផង​ដែរ​។ សំរាប់​បងប្អូន​ប្រជាពលរដ្ឋ​ជា​អ្នក​មក​ផ្សារ​កណ្តាល​វិញ ខាង​ផ្សារ​របស់​លោក ក៏​ដើរ​ផ្សព្វផ្សាយ​តាម​មេក្រូ​នៅ​គ្រប់​ច្រកចេញ ឬ​ចូល​ផ្សារ​ជា​ប្រចាំ ដោយ​ធ្វើការ​ណែនាំ​ដល់​ពួក​គាត់ មាន​ដប​អាល់កុល ឬ​ជែ​ល ទុក​លាងដៃ​សំអាត និង​ពាក់​ម៉ាស់​អោយ​បាន​ត្រឹមត្រូវ ដើម្បី​ការពារ និង​ទប់ស្កាត់​ជំងឺ​កូ​វី​ដ ១៩ ទាំងអស់​គ្នា​ផង​ដែរ​។

គួរ​បញ្ជាក់​ថា ផ្សារ​កណ្តាល ត្រូវ​បាន​សាលា​រាជធានី​ភ្នំពេញ ចេញ​សេចក្តីសម្រេច​ផ្អាក​ជា​បណ្តោះអាសន្ន​រយៈពេល​១៤​ថ្ងៃ ដោយ​ចាប់តាំងពី​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២១ រហូត​ដល់​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០២១ មក​ម្ល៉េះ ក្រោយ​ពី​កើត​មាននូវ​ជំងឺ​កូ​វី​ដ​១៩ កើតឡើង​ទៅ​លើ​ក្រុម​គណៈកម្មាធិការ​ផ្សារ និង​អាជីវករ​លក់ដូរ​ក្នុង​ផ្សារ​ផង​ដែរ​។ ក្រោយ​ពី​ផ្ទុះ​កើត​មាន​ជំងឺ​កូ​វី​ដ​១៩ ក្នុង​ផ្សារ​កណ្តាល និង​អាជ្ញាធរ​សម្រេច​បិទ​ក្នុង​រយៈពេល​១៤​ថ្ងៃ​នោះ ក្រុម​គ្រូពេទ្យ​ក៏​បាន​ចុះ​ទៅ​យក​សំណាក​ពី​គណៈកម្មាធិការ​ផ្សារ​ចំនួន​២​លើក​រួចរាល់ ទើប​អនុញ្ញាត​អោយ​បើក​ដំណើរការ​ផ្សារ​ជា​ធម្មតា​ឡើង​ឡើង​វិញ​នា​ថ្ងៃនេះ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ