ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពាណិជ្ជកម្ម​ផ្លូវការ​រ​របស់​ថៃ​សម្លឹង​ឃើញ​កំណើន​នៃ​ការ​នាំ​ចេញ​ចំនួន​5​ភាគរយ ក្នុង​ឆ្នាំ​2016

8 ឆ្នាំ មុន

ប្រទេស​ថៃ ៖ រដ្ឋាភិបាល​បាន​កំណត់​ទិស​ដៅ​កំណើន​នៃ​ការ​នាំ​ចេញ​ឲ្យ​បាន​៥%​នៅ​ឆ្នាំ​ក្រោយ ដោយ​ផ្អែក​លើ​ការ​រើប​ឡើង​វិញ​នៃ​ធនាគារពិភពលោក ក៏​ដូច​ជា​វិធានការ​លើកទឹកចិត្ត​របស់​រដ្ឋ និង​ការ​អភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច

ប្រទេស​ថៃ ៖ រដ្ឋាភិបាល​បាន​កំណត់​ទិស​ដៅ​កំណើន​នៃ​ការ​នាំ​ចេញ​ឲ្យ​បាន​៥%​នៅ​ឆ្នាំ​ក្រោយ ដោយ​ផ្អែក​លើ​ការ​រើប​ឡើង​វិញ​នៃ​ធនាគារពិភពលោក ក៏​ដូច​ជា​វិធានការ​លើកទឹកចិត្ត​របស់​រដ្ឋ និង​ការ​អភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស​ជាដើម ។

យោង​តាម​លោកស្រី Malee Choklumlerd អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​អន្តរជាតិ មាន​ប្រសាសន៍​ថា ៖ « ការ​នាំ​ចេញ​នឹង​មាន​ទំហំ​ទឹកប្រាក់​តាម​ការ​ព្យាករ​ទុក​ប្រមាណ​ជា​២២៥​ប៊ី​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៦ ដោយ​បាន​ជំរុញ​តាម​រយៈ​ទស្សនវិស័យ ដែល​អាច​ទទួល​បាន​ជោគជ័យ​ចំពោះ​រថយន្ត​និង​គ្រឿងបន្លាស់ ត្បូង​និង​គ្រឿងអលង្ការ សាច់​មាន់​ក្លា​សេ និង​កែ​ច្នៃ​រួច គ្រឿង​អេ​ឡិច​ត្រូ​និក ប្រដាប់ប្រដា​ប្រើប្រាស់ សម្ភារ​អគ្គិសនី និង​គ្រឿងសំណង់ ជាដើម » ។

ចំណែក​កត្តា​ដទៃ​ទៀត​ដូច​ជា សេវា​ថែទាំ​សុខភាព មជ្ឈមណ្ឌល​កម្សាន្ត ដឹក​ជញ្ជូន អប់រំ មន្ទីរពេទ្យ និង​សំណង់ ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ជួយ​ជំរុញ​កំណើន​នៃ​ការ​នាំ​ចេញ​នា​ឆ្នាំ​ខាង​មុខ​នេះ ។

ក្រសួងពាណិជ្ជកម្ម​មាន​សុទិដ្ឋិនិយម​ក្នុង​ការ​នាំ​ចេញ​ទៅ​កាន់​ប្រទេស​មួយ​ចំនួន​ដូច​ជា កម្ពុជា ឡាវ មី​យ៉ា​ន់​ម៉ា វៀតណាម អូស្ត្រាលី ឥណ្ឌា ចិន សហរដ្ឋអាមេរិក និង​អឺរ៉ុប ។
ទោះជា​យ៉ាងណា ការ​នាំ​ចេញ​ដែល​មាន​កម្រិត​ទាប​ជាង​មុន ត្រូវ​បាន​គេ​រំពឹង​ថា នឹង​កើត​មាន​ចំពោះ​ការ​បញ្ជូន​ទំនិញ​ទៅ​កាន់​ទីផ្សារ​ជប៉ុន មជ្ឈិម​បូព៌ា និង​អាហ្វ្រិក ។

លោកស្រី Malee Choklumlerd ថ្លែង​ថា ៖ « ទិស​ដៅ​ក្នុង​ការ​សម្រេច​កំណើន​៥%​នេះ គឺ​ផ្អែក​ទៅ​លើ​ការ​ព្យាករ​ទុក​ដោយ​អង្គការ​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ ដែល​សេដ្ឋកិច្ច​ពិភពលោក​នឹង​កើនឡើង​៣,៦%​នៅ​ឆ្នាំ​២០១៦ បន្ទាប់​ពី​បាន​វាយតម្លៃ​នូវ​កំណើន​៣,១% នៃ​ឆ្នាំ​នេះ » ។

ការ​ជំរុញ​បន្ថែម​នេះ នឹង​ត្រូវ​បាន​ផ្តល់​ឲ្យ​តាម​រយៈ​វិធានការ​លើកទឹកចិត្ត​ដែល​ណែនាំ​ដោយ​រដ្ឋាភិបាល​ក្នុង​អំឡុង​ឆ្នាំ​២០១៥ ក៏​ដូច​ជា​ចង្កោម​ឧស្សាហកម្ម តំបន់​សេដ្ឋកិច្ច​ពិសេស និង​ការ​គាំទ្រ​លើ​ការ​វិនិយោគ​ក្នុង​ឧស្សាហកម្ម​កំណត់​គោលដៅ​ចំនួន​១០ ។

គណៈរដ្ឋមន្ត្រី​បាន​ធ្វើ​ប​ដ្ឋិ​លេខ​លើ​គម្រោង​មួយ​កាលពី​ខែ​មុន ក្នុង​ការ​ទាក់ទាញ​ការ​វិនិយោគ​សម្រាប់​ឧស្សាហកម្ម​ចំនួន​១០ បន្ទាប់​ពី​ក្រសួង​ហិរញ្ញវត្ថុ​សិក្សា​ឃើញ​ថា ការ​វិនិយោគឯកជន​បាន​ដើរ​ថយក្រោយ​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​ជាង​មួយ​ទសវត្សរ៍​មុន​នេះ ។

ឧស្សាហកម្ម​ទាំង​១០​នោះ​រួម​មាន រថយន្ត​ជំនាន់​ថ្មី គ្រឿង​អេ​ឡិច​ត្រូ​និក​ដ៏​ឆ្លាត​វៃ ទំនិញ​និង​សម្ភារ​ដ៏​សម្បូរ​បែប ឱសថ​និង​ទេសចរណ៍​សុខភាព កសិកម្ម​និង​ជីវ​បច្ចេកវិទ្យា អាហារ មនុស្ស​យន្ត​សម្រាប់​ឧស្សាហកម្ម ដឹក​ជញ្ជូន​និង​អាកាសចរណ៍ ជីវ​ប្រេងឥន្ធនៈ​និង​ជីវគីមី ឌី​ជី​ថ​ល​និង​សេវា​ឱសថ ជាដើម ។

កាលពី​ខែ​មុន គណៈរដ្ឋមន្ត្រី ក៏​បាន​អនុម័ត​នូវ​គោលការណ៍​សំណើ​មួយ​របស់​ក្រសួង​ហិរញ្ញវត្ថុ​ក្នុង​ការ​បង្កើត​មូលនិធិ​១០​ប៊ី​លាន​បាត ដើម្បី​គាំទ្រ​ដល់​ការ​វិនិយោគ​ក្នុង​ចង្កោម​ឧស្សាហកម្ម​ទាំង​១០ ។ មូលនិធិ​នេះ​នឹង​ជួយ​ដល់​បណ្តា​វិនិយោគិន​អាច​បង្កើន​ការ​ប្រតិបត្តិការ​កាន់តែ​ងាយ​ដើម្បី​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ និង​ព​ន្លឿ​ន​ការ​វិនិយោគ​ក្នុង​គម្រោង​ចង្កោម​ឧស្សាហកម្ម​ទាំងនោះ ។

ដើម្បី​សម្រេច​បាន​ទិស​ដៅ​នេះ ក្រសួងពាណិជ្ជកម្ម​នឹង​លើកទឹកចិត្ត​ដល់​ការ​នាំ​ចេញ​របស់​ថៃ តាម​រយៈ​យុទ្ធសាស្ត្រ​គន្លឹះ​ដូច​ជា ដំណើរការ​ទីផ្សារ​ប្រសើរ​ជាង​មុន និង​កិច្ច​សហ​ប្រតិបត្តិការ​សេដ្ឋកិច្ច តម្រូវការ​ជំរុញ​ការ​ខិតចូល​ទៅ​ជិត​នៃ​ទីផ្សារ ការ​ពង្រីក​ពាណិជ្ជកម្ម​តាម​ព្រំដែន ការ​ជួយ​គាំទ្រ និង​ជួយ​សម្រួលការ​វិនិយោគ​នៅ​ក្រៅប្រទេស ការ​អភិវឌ្ឍ​នូវ​ការ​បញ្ចូល​របៀប​ថ្មី និង​ពាណិជ្ជកម្ម​ខ្នាត​តូច ក៏​ដូច​ជា​តម្លៃបន្ថែម​នៃ​ផលិតផល​ឧស្សាហកម្ម ជាដើម ។

ដោយឡែក កត្តា​អវិជ្ជមាន​ដែល​អាច​ទប់ស្កាត់​ការ​នាំ​ចេញ​រួម​មាន តម្លៃ​ប្រេង​ទាប​ជាង​មុន ការ​បង្អន់ល្បឿន​សេដ្ឋកិច្ច​របស់​ចិន និង​ការ​ផាកពិន័យ​របស់​អឺរ៉ុប​ចំពោះ​អំពើ​ខុសច្បាប់​ជាដើម ៕