ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជារកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មី Delta ចំនួន៣៩ករណី និងឆ្លងក្នុងសហគមន៍ហើយ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី ២៧ ខែកក្កដា បាន​ប្រកាស​ពី​ការ​រក​ឃើញ​វីរុស​កូ​វី​ដ​-១៩ បំប្លែង​ថ្មី​ដែល​តា (B.1.617.2 Delta)…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី ២៧ ខែកក្កដា បាន​ប្រកាស​ពី​ការ​រក​ឃើញ​វីរុស​កូ​វី​ដ​-១៩ បំប្លែង​ថ្មី​ដែល​តា (B.1.617.2 Delta) ចំនួន ៣៩​នាក់ បន្ថែម​ទៀត ដែល​នាំ​កម្ពុជា​មាន​វីរុស​បំប្លែង​ថ្មី​នេះ​ឡើង​ដល់ ចំនួន ១១៤​នាក់ បង្ក​ឱ្យ​មានការ​ព្រួយបារម្ភ ដោយសារ​តែ​វីរុស​ដែល​តា គឺ​មាន​ល្បឿន​នៃ​ការ​ឆ្លង​លឿន ។

ក្នុងចំណោម ៣៩ នាក់ដែលមានវិជ្ជមានវីរុសបំប្លែងថ្មីដែលតា គឺមាន ៨ នាក់ជាករណីឆ្លងក្នុងសហគមន៍ ។

បើ​តាម​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល បានឱ្យ​ដឹង​តាម​ប្រព័ន្ធ​តេ​ឡ​ក្រាម​នៅ​មុន​នេះ​បន្តិច​ថា វីរុស​បំប្លែង​ថ្មី B.1.617.2 Delta ចំនួន ៣៩​នាក់ ( ស្ត្រី ១៩​នាក់ ) ជា​អ្នកដំណើរ​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ តាម​ច្រកព្រំដែន​កម្ពុជា​-​ថៃ ចំនួន ២១​នាក់ ( ស្ត្រី ១១​នាក់ ) បុគ្គលិក​សុខាភិបាល ចំនួន ៤​នាក់ ( ស្ត្រី​ម្នាក់ ) និង​ប្រជាពលរដ្ឋ ក្នុង​សហគមន៍ ដែល​ប៉ះពាល់​ផ្ទាល់ ចំនួន ៦​នាក់ (​ស្ត្រី ៣​នាក់​) និង​ប្រជាពលរដ្ឋ ក្នុង​សហគមន៍ ដែល​មិន​ប៉ះពាល់​ផ្ទាល់ ចំនួន ៨​នាក់ ( ស្ត្រី ៤​នាក់ )​។

ប្រភព​ដដែល​បាន​បន្ត​ថា ករណី​ឆ្លង​វីរុស​កូ​វី​ដ​បំប្លែង​ថ្មី​ដែល​តា ទាំង ៣៩​នាក់​នោះ​ខាងលើ​នេះ ត្រូវ​បាន​រក​ឃើញ នៅ​ថ្ងៃ​ទី​២២ ខែកក្កដា និង​នៅ​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០២១​។ ក្នុង​នោះ ចំនួន ១៤​នាក់ រក​ឃើញ​នៅ​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០២១ លើ​អ្នកដំណើរ​តាម​ព្រំដែន​គោក ចាប់ពី​ថ្ងៃ​ទី​១១ ដល់​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០២១​។ ម្នាក់ ជា​បុគ្គលិក​សុខាភិបាល នៅ​ខេត្តឧត្តរមានជ័យ រក​ឃើញ​កាលពី​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០២១ បន្ទាប់​ពី​ធ្វើតេស្ត​រហ័ស រក​ឃើញ​ឆ្លង​កូ​វី​ដ កាលពី​ថ្ងៃ​ទី​១១ ខែកក្កដា​។ រីឯ ៧​នាក់ (​ស្ត្រី ៣​នាក់​) រក​ឃើញ​នៅ​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០២១ លើ​អ្នកដំណើរ​តាម​ព្រំដែន​គោក ដែល​ចូល​មក​កម្ពុជា កាលពី​ថ្ងៃ​ទី​១៩ និង​ថ្ងៃ​ទី​២០ ខែកក្កដា​។ ដោយឡែក នៅ​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០២១ រក​ឃើញ ៦​នាក់ ( ស្ត្រី ៣​នាក់ ) ជា​អ្នក​ប៉ះពាល់​ជាមួយ​អ្នកដំណើរ​តាម​ព្រំដែន​គោក ដែល​បាន​ធ្វើតេស្ត​រក​ឃើញ​ឆ្លង​កូ​វី​ដ ដោយ​តេស្ត​រហ័ស កាលពី​ថ្ងៃ​ទី​១៩ ខែកក្កដា​។

បន្ថែម​ពីលើ​នេះ នៅ​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០២១ ក្រសួងសុខាភិបាល​កម្ពុជា បាន​ប្រកាស​ថា ក៏​បាន​រក​ឃើញ​បុគ្គលិក​សុខាភិបាល ៣​នាក់ (​ស្ត្រី​ម្នាក់​) នៅ​ខេត្តឧត្តរមានជ័យ ឆ្លង​កូ​វី​ដ វីរុស​បំប្លែង​ថ្មី Delta​។ ក្រសួង​បន្ត​ថា ក្នុង​នោះ ក៏​មាន​ប្រជាពលរដ្ឋ ដែល​ស្ថិត​ក្នុង​សហគមន៍ មិន​ប៉ះពាល់​ជាមួយ​អ្នកដំណើរ មក​ពី​ក្រៅប្រទេស ដោយ​មិន​ប៉ះពាល់​ពលករ​មក​ពី​ប្រទេស​ថៃ ចំនួន ៨​នាក់ ( ស្ត្រី ៤​នាក់ ) ។

សូម​បញ្ជាក់​ថា គិត​ចាប់ពី​ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០២១ ដល់​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០២១ កម្ពុជា​បាន​រក​ឃើញ​អ្នកមាន​វិជ្ជមាន​វីរុស​កូ​វី​ដ​១៩ ប្រភេទ ដែល​តា ( Delta ) សរុប​ទាំងអស់ ចំនួន ១១៤​នាក់ ( ស្ត្រី ៥៩​នាក់ ) ។

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលធ្លាប់បានព្រមានជាច្រើនលើកច្រើនសារ អំពីវីរុសបំប្លែងថ្មី ដែលតា ដែលត្រូវបានរកឃើញជាបន្តបន្ទាប់ ហើយដែលអាចនឹងនាំឱ្យកម្ពុជាឈានហួសបន្ទាត់ក្រហម បើសិនជាវីរុសនេះឆ្លងចូលក្នុងសហគមន៍នោះ ។

កាលពីថ្ងៃទី ១៦ ខែកក្កដា លោកជំទាវវេជ្ជបណ្ឌិត ធ្លាប់បានបង្ហោះសារលើបណ្តាញសង្គមធ្វីតធើ (Twitter) ដោយលោកជំទាវបានបញ្ជាក់ថា «យើងបានរកឃើញវីរុសបំប្លែងថ្មីប្រភេទ ដែលតា ជាបន្តបន្ទាប់ ខណៈ អាល់ហ្វា វិញ បាននិងកំពុងចរាចរយ៉ាងសកម្មរួចទៅហើយ។ កាលពីម្សិលមានអ្នកស្លាប់ ២៧នាក់បន្ថែមទៀត ហើយបើសិនជាយើងនៅតែមិនខិតខំអនុវត្តវិធានការការពារទេនោះ សោកនាដកម្មនៃសុខភាពសាធារណៈ អាចនឹងកើតឡើងក្នុងពេលខាងមុខហើយ ហើយយើងក៏អាចនឹងប្រឈមនឹងការឆ្លងផុតបន្ទាត់ក្រហមផងដែរ»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ