ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់​.​ក​! ១០​នាក់​ចេញ​ធ្វើ​សកម្មភាព លុះ​ចាប់​បាន​២​នាក់​រក​ឃើញ​ឆ្កែ​ជិត​១០​ក្បាល

2 ឆ្នាំ មុន
  • ភ្នំពេញ

ជនសង្ស័យ​ចំនួន​២​នាក់ ក្នុង​ចំណោម​បក្សពួក​១០​នាក់ ត្រូវ​បាន​កម្លាំង​អន្តរាគមន៍​ខណ្ឌ​ជ្រោយចង្វារ ចាប់​ឃាត់ខ្លួន បន្ទាប់​ពី​ធ្វើ​សកម្មភាព​ជិះ​ម៉ូតូ​ដើរ​ទាក់​សត្វ​ឆ្កែ​តាម​ផ្លូវ​សាធារណៈ បង្ក​ឲ្យ​មាន​កាល​ភ្ញាក់ផ្អើល​

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​២​នាក់ ក្នុង​ចំណោម​បក្សពួក​១០​នាក់ ត្រូវ​បាន​កម្លាំង​អន្តរាគមន៍​ខណ្ឌ​ជ្រោយចង្វារ ចាប់​ឃាត់ខ្លួន បន្ទាប់​ពី​ធ្វើ​សកម្មភាព​ជិះ​ម៉ូតូ​ដើរ​ទាក់​សត្វ​ឆ្កែ​តាម​ផ្លូវ​សាធារណៈ បង្ក​ឲ្យ​មាន​កាល​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០២១ ត្រង់​ចំណុច​ក្បែរ​ផ្ទះសំណាក់ «​មហាលាភ​» តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦ ស្ថិត​ក្នុង​សង្កាត់​ព្រែក​លាភ ខណ្ឌ​ជ្រោយចង្វារ​។

ជនសង្ស័យ​ខាងលើ ទី​១- មានឈ្មោះ រិ​ន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ និង​ស្នាក់​នៅ​មិន​ពិតប្រាកដ និង​ទី​២- មានឈ្មោះ អ៊ឿ​ន ហ្សា ភេទ​ប្រុស អាយុ​១៤​ឆ្នាំ មុខរបរ​និង​ស្នាក់​នៅ​មិន​ពិតប្រាកដ​។

តាម​ប្រភព​ព័ត៌មាន​ពី​កម្លាំង​សមត្ថកិច្ច​អន្តរាគមន៍​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ជ្រោយចង្វា​បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ កម្លាំង​សមត្ថកិច្ច​បាន​ធ្វើការ​ជិះ​ម៉ូតូ​ល្បាត​ក្នុងភូមិ​សាស្ត្រ​នៃ​ខណ្ឌ​ជ្រោយ ដើម្បី​កាត់​បន្ថយ និង​ទប់ស្កាត់​បទល្មើស​ផ្សេង​ៗ​នៅ​អាច​កើតឡើង​ដោយ​ប្រការ​ណាមួយ​។

សមត្ថកិច្ច​ខាងលើ​បន្ត​ថា លុះ​ពេល​ដែល​ជិះ​ល្បាត​ដល់​ចំណុច​ផ្លូវ​លី​យ៉ុ​ង​ផាត់ ស្រាប់តែ​ប្រទះ​ឃើញ​ជនសង្ស័យ​ទាំង​ពីរ​នាក់​ខាងលើ ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​វ៉េវ អ​អេះ​អ៊ិ​ច ពណ៌​ខៀវ គ្មាន​ស្លាក​លេខ រួម​ជាមួយនឹង​បក្សពួក​ចំនួន​៨​នាក់​ទៀត ជិះ​ម៉ូតូ​៤​គ្រឿង​មិន​ចាំ​ម៉ាក ដែល​បាន​ជិះ​បណ្តើរគ្នា​តាម​បណ្ដោយ​ផ្លូវ​លី​យ៉ុ​ង​ផាត់ ទិស​ដៅ​ពី​លិចទៅ​កើត និង​មាន​ដឹក​សត្វ​ឆ្កែ​ដែល​លួច​ទាក់​បាន​មួយ​បាវ​ធំ​ជាប់​ជាមួយ​ផង​ដែរ​។

សមត្ថកិច្ច​បន្ត​ទៀត​ថា បន្ទាប់​ពី​ឃើញ​ក្រុម​ជនសង្ស័យ​ដែល​ជា​មុខសញ្ញា​លួច​ទាក់​សត្វ​ឆ្កែ​យ៉ាង​សកម្ម​នៅ​ភូមិសាស្ត្រ​ខណ្ឌ​ជ្រោយចង្វារ​នោះ កម្លាំង​សមត្ថកិច្ច​បាន​ធ្វើការ​ជិះ​ប្រដេញ​តាម​ក្រុម​ជនសង្ស័យ ហើយ​ត្រូវ​បាន​ក្រុម​ជនសង្ស័យ​ដឹងខ្លួន​ក៏​បន្ថែម​ល្បឿន​ជិះ​គេចខ្លួន និង​បាន​ប្រើប្រាស់​ចាំ​ពាម​កៅស៊ូ​បាញ់​ទៅ​លើ​កម្លាំង​សមត្ថកិច្ច បណ្ដាល​ឲ្យ​សមត្ថកិច្ច​ម្នាក់​របួស​ស្ទើរ​ពេញ​ដងខ្លួន​តែ​ម្តង ប៉ុន្តែ​សមត្ថកិច្ច​នៅ​តែ​បន្ត​ដេញ​តាម​រហូត​ដល់​ចំណុច​កើតហេតុ ទើប​អាច​ធ្វើការ​ស្ទាក់​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​២​នាក់ ដោយ​ដកហូត​បាន​ឧបករណ៍​សម្រាប់​ទាក់​សត្វ​ឆ្កែ​ចំនួន​៣​ខ្សែ និង​ឆ្កែ​ដែល​ទាក់​បាន​ជិត​១០​ក្បាល​សុទ្ធតែ​ងា​.​ប់​អស់ហើយ ។ ចំណែកឯ​បក្សពួក​ចំនួន​៨​នាក់​ទៀត បាន​នាំ​គ្នា​ជិះ​រត់គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្តង​។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ រួម​ទាំង​វត្ថុ​តាំង ត្រូវ​បាន​សមត្ថកិច្ច​នាំ​ខ្លួន​យក​ទៅ​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ជ្រោយចង្វារ ដើម្បី​រង់ចាំ​ចាត់ការ​ទៅ​តាម​នីតិវិធី​ជា​បន្ត​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ