ខេត្តកំពង់ឆ្នាំង ៖ រហូតមកដល់ពេលនេះ មានរយៈពេលជិត២ឆ្នាំហើយ ដែលសំណុំរឿងជនខិលខូចកាប់ទន្ទ្រានយកដីទ្រព្យសម្បត្តិរដ្ឋ ហើយបែរក្បាលមកប្តឹងភ្នាក់ងារកោះសន្តិភាពប្រចាំខេត្តកំពង់ឆ្នាំងពីបទ «ផ្សាយព័ត៌មានមិនពិត» ហើយបើទោះណាជាលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបានលើកលែងការចោទប្រកាន់នោះក្តី ក៏ពេលនេះលោកចៅក្រមស៊ើបអង្កេតសាន សុផាត នៅតែបន្តបញ្ជូនសំណុំរឿងនេះទៅជម្រះដដែល ។ ប៉ុន្តែទោះយ៉ាងណាក៏ដោយ លោកពេញ វិបុល បានជំទាស់នីតិវិធីរបស់លោកចៅក្រមរូបនេះ ហើយសុំបញ្ជូនសំណុំរឿងនេះទៅសាលាឧទ្ធរណ៍ ។
ដើម្បីឱ្យអ្នកអានជ្រាបកាន់តែច្បាស់ពីដំណើររឿងនេះ ក៏ដូចជាអំពាវនាវដល់ក្រសួងយុត្តិធម៌ និងបណ្តាអង្គការសារព័ត៌មាននានាក្នុងប្រទេស និងស្ថាប័នសិទ្ធិមនុស្ស សុំជួយដល់អ្នកវិជ្ជាជីវៈដែលសរសេរដើម្បីការពារផលប្រយោជន៍សម្បត្តិរដ្ឋតែប៉ុណ្ណោះ ព្រោះបើមិនអ៊ីចឹងទេ ពួកជនខិលខូចទាំងនោះនឹងកាប់ទន្ទ្រានយកដីរដ្ឋអស់ជាពុំខាន ។
កោះសន្តិភាពបានចេញផ្សាយអត្ថបទមួយក្រោមចំណងជើងថា «ដីព្រៃជាង២០ហិកតាត្រូវបានគេកាប់ទន្ទ្រានយកដី មន្ត្រីរដ្ឋបាលព្រៃឈើបានអះអាងថា ទីនោះគឺជាដីរបស់រដ្ឋ» ច្បាប់លេខ៦៦៤២ ចុះថ្ងៃទី៦ ឧសភា ឆ្នាំ២០០៩។ ក្នុងខ្លឹមសារនៃអត្ថបទបានសរសេរពីជនខិលខូចឈ្មោះនួន សុវណ្ណរិទ្ធ ហៅទូច បានកាប់ទន្ទ្រានយកដីរដ្ឋធ្វើជាកម្មសិទ្ធិនៅចំណុចអូររលុះ ស្ថិតក្នុងស្រុកបរិបូណ៌ ។ ក្រោយការចុះផ្សាយ ឈ្មោះនួន សុវណ្ណរិទ្ធ បានប្តឹងភ្នាក់ងារកោះសន្តិភាពពីបទផ្សាយព័ត៌មានមិនពិត និងប្តឹងមនុស្ស២នាក់ទៀតថា ជាអ្នកសមគំនិត គឺឈ្មោះសុក មី នាយសង្កាត់រដ្ឋបាលព្រៃឈើបរិបូណ៌ និងឈ្មោះនូ ចាន់ ។
ចាប់តាំងពីពេលនោះមក ការស៊ើបអង្កេតរបស់ស្ថាប័នតុលាការ មានព្រះរាជអាជ្ញា មានចៅក្រមស៊ើប ។ ក្រោយការស៊ើបអង្កេត និងសាកសួរមនុស្សជាច្រើននាក់ រួមទាំងមន្ត្រីរដ្ឋបាលព្រៃឈើផង សុទ្ធតែមានឯកសារថា ឈ្មោះនួន សុវណ្ណរិទ្ធ ពិតជាបានកាប់ទន្ទ្រានដីនៅទីនោះមានទំហំ២,៣៦ហិកតា បូកនឹងឈ្មោះកាំង ម៉ៅ មាន២,៨៨ហិកតាផង សរុប៥,២៤ហិកតា ។ ក្នុងសំណុំរឿងលេខ១៧១ ខរព.កឆ ចុះថ្ងៃទី២៤ មិថុនា ឆ្នាំ២០១០ របស់លោកស៊ីន កុសល នាយខណ្ឌរដ្ឋបាលព្រៃឈើដែលបានដាក់ប្តឹងមកកាន់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ប្តឹងពីជនឈ្មោះនួន សុវណ្ណរិទ្ធ និងឈ្មោះកាំង ម៉ៅ ពីបទកាប់រានដីព្រៃឈើហ៊ុមព័ទ្ធកាន់កាប់ដីព្រៃឈើក្នុងដែនដីបម្រុងទុកអចិន្ត្រៃយ៍ដោយគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើ ។
ចំណែកក្នុងសាលាកបត្រទោសទណ្ឌរបស់រដ្ឋបាលព្រៃឈើចុះថ្ងៃទី១៧ មិថុនា ឆ្នាំ២០១០ ដោយលោកម៉ៅ បរិមិន្ទ នាយផ្នែករដ្ឋបាលព្រៃឈើកំពង់ឆ្នាំង និងចំណារឯកភាពរបស់លោកស៊ីន កុសល នាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំងបានចោទប្រកាន់មនុស្សពីរនាក់ខាងលើ (នួន សុវណ្ណរិទ្ធ និងកាំង ម៉ៅ) តាមច្បាប់ស្តីពីព្រៃឈើដែលត្រូវផ្តន្ទាទោសតាមមាត្រា៩៧ កឋាខណ្ឌ១ ចំណុច៦នៃច្បាប់ ត្រូវជួសជុលសងការខូចខាតចំនួន២៦.៩៨៦.០០០រៀល រឹបអូសដីទាំងនេះជាសម្បត្តិរដ្ឋ និងត្រូវជាប់ពន្ធនាគារពី៥ឆ្នាំ ទៅ១០ឆ្នាំ ។ សូមបញ្ជាក់ថា ក្នុងកំណត់ហេតុរបស់ខណ្ឌរដ្ឋបាលព្រៃឈើ គឺមានសាក្សីយ៉ាងច្រើនដែលបានបញ្ជាក់ថា ដីចំណុចនោះគឺជាដីរបស់នួន សុវណ្ណរិទ្ធ ពិតមែន ហើយខ្លះក៏ជាកម្មករស៊ីឈ្នួលកាប់ដីព្រៃនោះដែរ ។ ចំណែកកំណត់ហេតុដដែលក៏មានបញ្ជាក់ពីលេខចំណុច UTM មានច្រើនខ្ទង់ច្រើនចំណុច ដែលមិនបានបង្ហាញផងដែរ ។
ដោយផ្អែកលើសាក្សី អាជ្ញាធរមូលដ្ឋាន ពិសេសមន្ត្រីជំនាញរដ្ឋបាលព្រៃឈើបែបនេះ ហើយ ទើបលោកពេញ វិបុល ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ចេញដីកាសន្និដ្ឋានស្ថាពរលេខ៣៣៧៥ ដ.ស.ព ចុះថ្ងៃទី១៥ វិច្ឆិកា ឆ្នាំ២០១០ លើកលែងការចោទប្រកាន់ «រិទ្ធិសែន» ភ្នាក់ងារកោះសន្តិភាពពីបទបរិហារកេរ្តិ៍ និងឈ្មោះនូ ចាន់ ពីបទសមគំនិត ។ ប៉ុន្តែក្រោយមកស្រាប់តែលោកសាន សុផាត ចៅក្រមស៊ើបសួរបានចេញលិខិតជូនដំណឹងលេខ៤៤/១១ ចុះថ្ងៃទី១០ មីនា ឆ្នាំ២០១១ មកភ្នាក់ងារកោះសន្តិភាព និងឈ្មោះនូ ចាន់ ដោយបញ្ជាក់ក្នុងកម្មវត្ថុថា «ជូនដំណឹងស្តីពីការបញ្ជូនរឿងទៅជម្រះ» ។
លោកពេញ វិបុល ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត មានប្រសាសន៍ថា សំណុំរឿងបញ្ជូនទៅជម្រះនេះបានដល់កន្លែងរបស់លោកនៅថ្ងៃទី១៥ មីនា ប៉ុន្តែលោកមានប្រសាសន៍ថា លោកក៏មិនសុខចិត្តដែរ ព្រោះករណីសារព័ត៌មានចុះផ្សាយពីអ្នកកាន់កាប់ដីព្រៃរដ្ឋយកធ្វើកម្មសិទ្ធិគឺជារឿងពិតមែន ព្រោះសំអាងលើសាក្សីច្រើននាក់ ពិសេសគឺមន្ត្រីរដ្ឋបាលព្រៃឈើតែម្តង ដោយហេតុនេះលោកនឹងបញ្ជូនរឿងនេះទៅសាលាឧទ្ធរណ៍បន្តទៀត ។ សម្រាប់ភ្នាក់ងារកោះសន្តិភាពប្រចាំខេត្តកំពង់ឆ្នាំង ជាថ្មីម្តងទៀត សូមអំពាវនាវដល់អង្គការសង្គមស៊ីវិល សិទ្ធិមនុស្ស ពិសេសសាលាឧទ្ធរណ៍សុំមេត្តាផ្តល់នូវភាពយុត្តិធម៌ដល់ភ្នាក់ងារកោះសន្តិភាព ដែលរាល់ការសរសេរលើកឡើងធ្វើឱ្យមានបណ្តឹងនេះព្រោះចង់រក្សាដីព្រៃរដ្ឋតែប៉ុណ្ណោះ គ្មានបំណងបែបណាផ្សេងពីនេះទេ ៕




ចែករំលែកព័តមាននេះ