ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្ត​កែប​នឹង​រៀបចំ​កម្មវិធី​កម្សាន្ត​ផ្សេង​ៗសម្រាប់​ឱកាស​បុណ្យចូលឆ្នាំ​សាកល

8 ឆ្នាំ មុន

ខេត្ត​កែប ៖ លោក​កែន ស​ត្ថា អភិបាលខេត្ត​កែប​បាន​អះអាង​ថា ដើម្បី​ចូលរួម​អបអរ​បុណ្យចូលឆ្នាំ​សាកល និង​ទិវា​ជ័យជម្នះ​៧​មក​រា ខេត្ត​កែប បាន​ត្រៀម​រៀបចំ​កម្មវិធី​សិល្បៈ និង​កម្មវិធី​កម្សាន្ត​មួយ​ចំនួន​ទៀត

ខេត្ត​កែប ៖ លោក​កែន ស​ត្ថា អភិបាលខេត្ត​កែប​បាន​អះអាង​ថា ដើម្បី​ចូលរួម​អបអរ​បុណ្យចូលឆ្នាំ​សាកល និង​ទិវា​ជ័យជម្នះ​៧​មក​រា ខេត្ត​កែប បាន​ត្រៀម​រៀបចំ​កម្មវិធី​សិល្បៈ និង​កម្មវិធី​កម្សាន្ត​មួយ​ចំនួន​ទៀត សម្រាប់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ដែល​ទៅ​កម្សាន្ត​ខេត្ត​កែប ។

លោក​កែន ស​ត្ថា បញ្ជាក់​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា បច្ចុប្បន្ន​បណ្តា​ខេត្ត​ជាប់មាត់​សមុទ្រ​កម្ពុជា​មាន​ភ្ញៀវ​កើន​ឡើងជា​លំដាប់ ក្នុង​នោះ​សម្រាប់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ដែល​ទៅ​លេង​ខេត្ត​កែប​កើនឡើង​ជាង​១​លាន​នាក់​ហើយ​។ ឆ្លើយ​តប​ទៅ​នឹង​ភ្ញៀវ​ទេសចរ​ចេះ​តែ​កើន​ឡើងជា​រៀង​រាល់​ឆ្នាំ​នេះ ទើប​សហការ​ជាមួយ​ផ្នែក​ពាក់ព័ន្ធ​រៀបចំ​កម្មវិធី​សិល្បៈ និង​ទស្សនីយភាព​មួយ​ចំនួន​ក្នុង​រយៈពេល​៣​ថ្ងៃ គឺ​ថ្ងៃ​ទី​២៩​ដល់​៣១ ខែធ្នូ ។ មានការ​តាំងពិព័រណ៍ ផ្សារណាត់ ការ​បង្ហោះ​ខ្លែង បង្ហោះគោម បាញ់​កាំជ្រួច​ពីលើ​ទឹក និង​អុំទូក​ប៉ុ​ក​ចាយ ដែល​ជា​ប្រពៃណីរបស់​អ្នកនេសាទ​រស់នៅ​តាម​បណ្តា​ខេត្ត​ជាប់មាត់​សមុទ្រ ។ សម្រាប់​ការ​ប្រគំ​តន្ត្រី គឺ​នឹង​មាន​សិល្បករ សិល្ប​ការិនី ល្បី​ៗ​ពី​ភ្នំពេញ​ចូលរួម​សម្តែង ខណៈ​ឆ្នាំ​នេះ​បាន​ត្រៀម​រៀបចំ​ពិធី​បង្ហោះ​ខ្លែង ដើម្បី​រំឭក​ដល់​វប្បធម៌ និង​ប្រពៃណី​របស់​បុព្វបុរស​ខ្មែរ​យើង​ឲ្យ ក្មេង​ៗ​ជំនាន់​ក្រោយ​បាន​ស្គាល់ ។

បើ​តាម​លោក​កែន ស​ត្ថា ការ​ប្រារព្ធ​ពិធី​រយៈពេល​៣​ថ្ងៃនេះ​លោក​រំពឹង​ថា នឹង​មាន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ចូលរួម​កម្សាន្ត​ប្រមាណ​ជាង​២០​ម៉ឺន​នាក់ ដោយសារ​តែ​កាលពី​ឆ្នាំ​កន្លង​ទៅ​ប្រារព្ធ​ពី​ធី​នេះ​ត្រឹមតែ​រយៈពេល​១​យប់​១​ថ្ងៃ​ប៉ុណ្ណោះ​ទទួលភ្ញៀវ​ចូលរួម​ប្រហែល​គ្នា​នោះ ។

ស្រប​ពេល​កំណើន​ភ្ញៀវ​ទៅ​លេង​នៅ​ថ្ងៃ​បុណ្យ និង​ព្រឹត្តិការណ៍ ផ្សេង​ៗ​នោះ គឺ​ខេត្ត​កែប​នៅ​ពុំ​ទាន់​អាច​មាន​បន្ទប់​ស្នាក់​នៅ​សម្រាប់​ភ្ញៀវ​គ្រប់គ្រាន់​នៅឡើយ​ទេ ។ ខេត្ត​កែប​នា​ពេល​នេះ​ទាំង​ផ្ទះសំណាក់ និង​សណ្ឋាគារ​សរុប​មាន​តែ​ជាង​១​ពាន់​បន្ទប់​ប៉ុណ្ណោះ ។ ទោះជា​យ៉ាងណា​ក្តី បើ​ភ្ញៀវ​ទៅ​លេង គឺ​អាច​ទៅ​ស្នាក់​នៅ​ខេត្តកំពត បូកគោ និង​ខេត្ត​ព្រះ​សីហ​នុ ឬ​ខេត្ត ជាប់​ៗ​នេះ​ក៏​បាន ជា​ពិសេស​ភ្ញៀវ​អាច​ទៅ​លេង​ហើយ​វិល​ត្រឡប់​ទៅ​ភ្នំពេញ​វិញ​ពេល​រសៀល​ក៏​បាន ។

លោក​កែន ស​ត្ថា ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ខេត្ត​កែប​ខិតខំ​កសាង​រាល់​ហេដ្ឋារចនាសម្ព័ន្ធ ផ្សេង​ៗ រហូត​ដល់​ខេត្ត​មួយ​នេះ​ទទួល​បាន​ផ្ការំដួល​៣​ទង​ពី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ ជាង​នេះ​ទៅ​ទៀត​ខេត្ត​កែប​កំពុង​ទទួល​បានការ​វិនិយោគ​សណ្ឋាគារ និង​ផ្ទះសំណាក់​បន្ថែម ។ អ្វី​ដែល​ពិសេស​នោះ​ប្រជាពលរដ្ឋ​នៅ​ខេត្ត​កែប​បាន​រៀបចំផ្ទះ​របស់​ខ្លួន​ឲ្យ​ទៅ​ជា​បន្ទាប់​ស្នាក់​នៅ​២​ឬ​៣​បន្ទប់​សម្រាប់​ភ្ញៀវ​សម្រាក​បាន ហើយ​មាន​តម្លៃ​សមរម្យ ។ ការ​ខិតខំ​ប្រឹងប្រែង​នេះ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ងារ​ធ្វើ បង្កើន​មុខរបរ និង​មាន​ប្រាក់​ចំណូល​គួរសម ខណៈ​ពេល​ដែល​អា​ត្រា​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​ក្នុង​ខេត្ត​កែប​ធ្លាក់​មក​ត្រឹម​១៤,៣៧%​ប៉ុណ្ណោះ​នៅ​ក្នុង​ឆ្នាំ  ២០១៥ ៕