ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិស័យចិញ្ចឹមសត្វមិនជឿនលឿន បើអ្នកមានទ្រព្យមិននាំគ្នាបង្កើនការចិញ្ចឹម និងផលិតនៅក្នុងស្រុក

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​ទោះបី​ការ​ចិញ្ចឹមសត្វ​ក្នុងស្រុក​មក​ដល់​បច្ចុប្បន្ន​នេះ​បង្ហាញ​ថា មានការ​កើនឡើង​ខ្លះ​ក្តី តែ​វា​មិន​ទាន់​បាន​បង្ហាញ​ថា វិស័យ​ចិញ្ចឹមសត្វ​ក៏​ដូច​ជា វិស័យ​កសិកម្ម​របស់​កម្ពុជា​មាន​ភាព​រីក​ចម្រើន ឬ​ជឿនលឿន​នោះ​ទេ ហើយ​នៅ​ពេល​ខាង​មុខ​ប្រហែលជា​មិន​អាច​មាន​ភាព​ជឿនលឿន​ដដែល ព្រោះ​អ្នកមាន​ទ្រព្យ​ច្រើន…

រាជធានី​ភ្នំពេញ ៖ បើ​ទោះបី​ការ​ចិញ្ចឹមសត្វ​ក្នុងស្រុក​មក​ដល់​បច្ចុប្បន្ន​នេះ​បង្ហាញ​ថា មានការ​កើនឡើង​ខ្លះ​ក្តី តែ​វា​មិន​ទាន់​បាន​បង្ហាញ​ថា វិស័យ​ចិញ្ចឹមសត្វ​ក៏​ដូច​ជា វិស័យ​កសិកម្ម​របស់​កម្ពុជា​មាន​ភាព​រីក​ចម្រើន ឬ​ជឿនលឿន​នោះ​ទេ ហើយ​នៅ​ពេល​ខាង​មុខ​ប្រហែលជា​មិន​អាច​មាន​ភាព​ជឿនលឿន​ដដែល ព្រោះ​អ្នកមាន​ទ្រព្យ​ច្រើន ឬ​អ្នកមាន​លុយ​ច្រើន​ៗ​នូវ​ស្រលាញ់​ការ​បង្កើត​មុខរបរ​លើ​ការ​នាំ​ចូល​មុខទំនិញ​មក​ពី​ខាងក្រៅ​ប្រទេស​ជា​ជាង​បង្កើត​ក្រុមហ៊ុន​ផលិត​កែ​ច្នៃ​ផលិតផល ដើម្បី​ផ្តល់​ការងារ​ដល់​ពលរដ្ឋ​នៅ​ក្នុងស្រុក ។

ពាក់ព័ន្ធ​និង​វិស័យ​ចិញ្ចឹមសត្វ​ក៏​ដូច​ជា កសិកម្ម​នេះ បើ​តាម​អ្នកជំនាញ​ហើយ​ទទួល​បាន​ជោគជ័យ​ខ្លាំង​ជាងគេ នៅ​ភាគ​ខាងលិច​នៃ​ប្រទេស​បាន​កត់ សម្គាល់​ឃើញ​ថា លោក​កម្រ​ឃើញ​អ្នកមាន​លុយ​មាន​លទ្ធភាព​ជជែក​គ្នា​អំពី​ការ​ចិញ្ចឹមសត្វ ដើម្បី​ជួយ​បង្កើន​កំណើន​សេដ្ឋកិច្ចជាតិ ហើយ​បើសិន​អ្នកមាន​លទ្ធភាព​ក្នុងស្រុក​ទាំងនោះ​មិន​នាំ​គ្នា​បង្កើន​ការ​ចិញ្ចឹម និង​ផលិត​ចំណី​សត្វ​នៅ​ក្នុងស្រុក​នោះ​ទេ នៅ​ថ្ងៃ​ខាង​មុខការ​ធ្វើ​កសិកម្ម ការ​ចិញ្ចឹមសត្វ នៅ​តែ​មិន​ជឿនលឿន​ត​ជំនាន់ ។

លោក​ឧកញ៉ា ម៉ុង ​ឬ​ទ្ធី បាន​សរសេរ​នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​លោក​ឧកញ៉ា​ថា «​ខ្ញុំ​កម្រ​បានឃើញ​អ្នកមាន​លុយ មាន​លទ្ធភាព​ជជែក​គ្នា​អំពី​ការ​ចិញ្ចឹមសត្វ ដើម្បី​ជួយ​បង្កើន​កំណើន​សេដ្ឋកិច្ចជាតិ ផ្តល់​ការងារ​អោយ​ប្រជាជន​នៅ​តាម​ទី​ជនបទ​បាន​ធ្វើ និង​ដើម្បី​កាត់​បន្ថយ​លំហូរ​សាច់ប្រាក់​ទៅ​បរទេស​ដោយសារ​តែ​ការ​នាំ​ចូល​សត្វ​រស់ សាច់សត្វ ក៏​ដូច​ជា ចំណី​សត្វ មក​សម្លាប់​កសិករ​ផ្នែក​ដាំ​ដំណាំ​កសិកម្ម និង​ការ​ចិញ្ចឹមសត្វ​ទាំង​ខ្នាត​តូច មធ្យម និង​ខ្នាត​ធំ ។

ប្រសិនបើ​អ្នកមាន​ទ្រព្យសម្បត្តិ​ច្រើន​មាន​លទ្ធភាព​មិន​នាំ​គ្នា​បង្កើន​ការ​ចិញ្ចឹមសត្វ ផលិត​ចំណី​សត្វ ហើយ​នៅ​តែ​ចង់​ប្រ​គួ​ត​ប្រជែង​គ្នា នាំ​សត្វ​រស់ សាច់សត្វ និង​ចំណី​សត្វ​ចូល​មក​ពី​បរទេស​យ៉ាង​ដូច្នេះ អ្វី​ដែល​ចាស់​ៗ​ជំនាន់​យើង​បាន​បន្សល់​ទុក​អោយ​កូនចៅ​ជំនាន់​ក្រោយ​ៗ គឺ​នៅ​តែ​នាំ​ចូល​ដដែល​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​លើ​វិស័យ​កសិកម្ម កសិឧស្សាហកម្ម ការ​ដាំ​ដំណាំ​កសិកម្ម និង​ការ​ចិញ្ចឹមសត្វ នៅ​តែ​ដដែល​មិន​ជឿនលឿន​តំណ​ជំនាន់​» ។

លោក ស្រ៊ុ​ន ពៅ ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា មាន​ប្រសាសន៍​ថា នៅ​ក្នុង​ប្រទេស​បើ​យើង​អ្នកមាន​លុយ​គួរតែ​បង្កើត​អ្វីមួយ ដើម្បី​ផ្តល់​ផលប្រយោជន៍​ដល់​ប្រទេស​ជាតិ តែបើ​គាត់​នាំ​ចូល យើង​ឃើញ​ថា អ្នក​ដាំពោត ក៏​គាត់​ឈប់​ដាំ អ្នក​ដាំ​សណ្តែក​ក៏​ឈប់​ដាំ ហើយ​បើ​ដាំ​ហើយ​ទាល់តែ​យក​លក់​ទៅ​ខាងក្រៅ ហើយ​លក់​មិន​ដែល​បាន​ថ្លៃ​ទេ ហើយ​គេ​នាំ​ចូល​មក​លក់​ឱ្យ​យើង​វិញ​វា​ថ្លៃ ។ លោក​លើក​ឡើង​ថា «​បើ​តាម​យោបល់​ខ្ញុំ​ជា​ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា ខ្ញុំ​នឹកឃើញ​ថា បើសិនជា​បងប្អូន​អ្នកមាន​លុយ ពិសេស​ឧកញ៉ា​ដែល​មាន​លុយ​ច្រើន គួរតែ​ប្រ​មើ​មើល ឬ​នាំ​គ្នា​ដឹក​ដៃ​គ្នា​មក​ធ្វើ​កសិកម្ម​នៅ​ក្នុងស្រុក​ទៅ ដើម្បី​ផ្តល់​ផល​ចំណេញ​ដល់​ប្រជា​កសិករ ដោយ​ពុំ​ចាំបាច់​ឱ្យ​កសិករ​ទៅ​ធ្វើការ​ចំណាកស្រុក ។ បើសិនជា​ឧកញ៉ា​ទាំងអស់​ធ្វើ​តាម​លោក​ឧកញ៉ា ​ម៉ុង ​ឬ​ទ្ធី​ បាន ខ្ញុំ​ជឿជាក់​ថា ប្រទេស​យើង​នឹង​សម្បូរសប្បាយ​រុងរឿង​មិន​ពិបាក​ហើយ​ប្រជាពលរដ្ឋ​មិន​ចាំបាច់​ទៅ​ធ្វើការ​ចំណាកស្រុក​នោះ​ទេ​» ។

លោក​សង្កត់ធ្ងន់​ថា «​ខ្ញុំ​ធ្វើ​ជា​ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា​អស់​រយៈពេល​ជាង​ ១០ ​ឆ្នាំ​ហើយ ឃើញ​ថា ផ្នែក​ដែល​នាំ​ចូល​នៅ​តែ​នាំ​ចូល​រហូត អត់​មាន​អ្នក​ណាមួយ​ចង់​ចិញ្ចឹមសត្វ ដើម្បី​បង្គ្រប់​តម្រូវការ​ទីផ្សារ​ក្នុងស្រុក​នេះ​អត់​មាន ។ បើ​យើង​គិត​ឱ្យ​មែនទែន បើ​គំនិត​ស្នេហា​ជាតិ​គួរតែ​នាំ​គ្នា​ងាក​មក​ធ្វើ​កសិកម្ម​នៅ​ក្នុង​ប្រទេស​យើង​ទៅ​ដើម្បី​បាន​ប្រយោជន៍​ទាំងអស់​គ្នា​» ។

លោក​ឧកញ៉ា ម៉ុង ឬ​ទ្ធី លើក​ឡើង​ថា ដោយ​មើលឃើញ​ហេតុផល ដូច​ខាងលើ​នេះ​ហើយ ទើប​កាលពីខែឧសភា ឆ្នាំ ​២០០៨ ដោយ​មានការ​ផ្តួចផ្តើម​ពី​USAID Cambodia MSME បាន​រៀបចំ​ដំណើរ​ទស្សនកិច្ច​មួយទៅ​រដ្ឋ North Carolina សហរដ្ឋអាមេរិក ដែល​បាន​ចាត់តាំង​ឱ្យ​រូប​ខ្ញុំ ដឹកនាំ​អ្នកក្រ និង​អ្នកក្រ​បំផុត រួម​ជាមួយ​អ្នក​ពាក់ព័ន្ធ​ផ្នែក​ចិញ្ចឹម​ជ្រូក ចំនួន​ ១៦​ នាក់ ពី​ប្រទេស​កម្ពុជា​យើងធ្វើ​ដំណើរ​ទស្សនកិច្ច​រយៈពេល ​១០ ​ថ្ងៃ ដោយ​អា​មេ​រិ​ក​ជា​អ្នក​ទទួល​បន្ទុក​លើ​ការ​ចំណាយ​ទាំងអស់ ដើម្បី​ទៅ​មើល​សាលាបង្រៀន​ពី​ការ​ចាប់ផ្តើម​បន្ត​ពូជ រហូត​ដល់​ដឹក​ជ្រូក​យក​ទៅ​លក់ ។ យើង​ឃើញ​ថា វា​អស្ចារ្យ​ខ្លាំង​ណាស់ ដោយសារ​តែ​អា​មេ​រិ​កបាន​ដើរ​មុន​យើង​លើ​វិស័យ​កសិកម្ម កសិឧស្សាហកម្ម ការ​ដាំ​ដំណាំ​កសិកម្ម​និង ការ​ចិញ្ចឹមសត្វ​ជា​យូរយារ​ណាស់​មក​ហើយ ។

ក្រោយ​ពី​បាន​វិល​ត្រឡប់​មក​ដល់​ស្រុក​កំណើត​វិញ ដោយសារ​តែចង់ឱ្យ​ព្រះរាជាណាចក្រ​កម្ពុជា​យើង ឆាប់​បាន​រីក​ចម្រើន​ដូច​សហរដ្ឋអាមេរិក​ ដែរ ខ្ញុំ បាន​រៀបចំ​ផ្ទៃដី​ចំនួន​ ៥ ​ហិ​កតា និង​បាន​សាងសង់​វិទ្យាស្ថាន​បណ្តុះបណ្តាល​វិជ្ជាជីវៈ​កសិកម្ម ព្រមទាំង​បាន​ខិតខំ​ទំនាក់ទំនង​ទិញ មេ​ពូជ​ដូនតា​ទួត​ជ្រូក ពី​ក្រុមហ៊ុន​អា​មេ​រិ​ក ដែល​សុទ្ធតែ​បាន​សន្យា​ថា នឹង​ជួយ​ទាំង​សាលាបង្រៀន និង​លក់​ពូជ​ជ្រូក​មក​ឱ្យ​ខ្ញុំ ។ ប៉ុន្តែ​ជា​អកុសល​រយៈពេល​ ៣ ​ខែ មិន​មាន​អ្វី​ជា​ផ្លែផ្កា ទាល់តែ​សោះ ខ្ញុំ​ក៏​បាន​ងាក​មក​រក​ស្ថានទូត​ចក្រភព​អង់គ្លេស អោយ​ជូ​យ​ឧទ្ទេសនាម​ក្រុមហ៊ុន​ដែល​ចិញ្ចឹម​ជ្រូក​មានឈ្មោះ​ល្បី​នៅ​ចក្រភព​អង់គ្លេស​វិញ​ម្តង​បាន​ដូច​បំណង​មែន ស្ថានទូត​បាន​ឧទ្ទេសនាម​ក្រុមហ៊ុន ​ACMC ដែល​មានបទពិសោធន៍​បច្ចេកទេស​ចិញ្ចឹម​ជ្រូក​ជាង ​១០០ ​ឆ្នាំ​កន្លង​មក​ហើយ នៅ​ចុងឆ្នាំ ២០០៨ យើង​បាន​ដឹក​ជ្រូក​ពូជ​យ៉​ក​សៀ ពូជ​ដូនតា​ទួត​ចំនួន​ ៦៣០ ​ក្បាល ឈ្មោល ​៣០​ ក្បាល ៣ ​យន្តហោះ​លេខ​មូល​ ៣ ​លាន​ដុល្លារ​សហរដ្ឋអាមេរិក មក​ដល់​អាកាសយានដ្ឋាន អន្តរជាតិ​ភ្នំពេញ នេះ​ជា​លើក​ទី​ ១​ ហើយ ដែល​ព្រះរាជាណាចក្រ​កម្ពុជា​យើង​បាន​នាំ​ចូល​ពូជ​ជ្រូក​យ៉​ក​សៀ ប​ន្សុ​ត​ពូជ​មក​ពី​ទីក្រុង យ៉​ក​សាយ ចក្រភព​អង់គ្លេស ។

លោក​ឧកញ៉ា​សង្កត់ធ្ងន់​ថា​ «​រយៈពេល ​១៣ ​ឆ្នាំ​បាន​កន្លង​ទៅ កាលនោះ ខ្ញុំ​មាន​អាយុ​ ៥៤ ​ឆ្នាំ មក​ដល់​អាយុ​ ៦៧ ​ឆ្នាំ ខ្ញុំ​បាន​ហែល​ឆ្លងកាត់​រាប់រយ​ពាន់​ឧ​ប​ស័គ្គ ដោយសារ​តែ​បុគ្គល​មួយ​ចំនួន​គាត់​គិតតែ​ពី​ផលប្រយោជន៍​ផ្ទាល់ខ្លួន មិន​បាន​គិត​ពី​ផលប្រយោជន៍​ជាតិ និង​ប្រជាជន​ជា​ធំ​ទេ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ