ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​នាំ​ចេញ​សម្លៀក​បំពាក់​របស់​វៀតណាម​ទៅ​កាន់​សហរដ្ឋអាមេរិក​ស្មើនឹង​ជិត​10​ប៊ី​លាន​ដុល្លារ

8 ឆ្នាំ មុន

ប្រទេស​វៀតណាម ៖ ការ​នាំ​ចេញ​សម្លៀក​បំពាក់ និង​វាយនភ័ណ្ឌ​សរុប​របស់​វៀតណាម​ទៅ​កាន់​ទីផ្សារ​សហរដ្ឋអាមេរិក បាន​កើនឡើង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ចំនួន​១១,៧% ឬ​ស្មើនឹង​៩,៨៨​ប៊ី​លាន​ដុល្លារ​ក្នុងអំឡុងពេល​១១​ខែ​ដើមឆ្នាំ​២០១៥​នេះ ។

ប្រទេស​វៀតណាម ៖ ការ​នាំ​ចេញ​សម្លៀក​បំពាក់ និង​វាយនភ័ណ្ឌ​សរុប​របស់​វៀតណាម​ទៅ​កាន់​ទីផ្សារ​សហរដ្ឋអាមេរិក បាន​កើនឡើង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ចំនួន​១១,៧% ឬ​ស្មើនឹង​៩,៨៨​ប៊ី​លាន​ដុល្លារ​ក្នុងអំឡុងពេល​១១​ខែ​ដើមឆ្នាំ​២០១៥​នេះ ។

យោង​តាម​សមាគម​សម្លៀក​បំពាក់ និង​វាយនភ័ណ្ឌ​វៀតណាម (Vitas) ឱ្យ​ដឹង​ថា ក្នុងអំឡុងពេល​១១​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៥ ទំហំ​ទឹកប្រាក់​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ធំ​ៗ​ដទៃ​ទៀត​នៃ​ផលិតផល​សម្លៀក​បំពាក់ និង​វាយនភ័ណ្ឌ​របស់​វៀតណាម​ក៏​មាន​សុទិដ្ឋិនិយម​ដែរ ក្នុង​នោះ​ការ​នាំ​ចេញ​ទៅ​កាន់​អឺរ៉ុប​មាន​ចំនួន​៣,០៩​ប៊ី​លាន​ដុល្លារ នាំ​ចេញ​ទៅ​ជប៉ុន​២,៥៣​ប៊ី​លាន​ដុល្លារ និង​នាំ​ចេញ​ទៅ​កូរ៉េ​ខាងត្បូង​១,៩៨​ប៊ី​លាន​ដុល្លារ ។

គេ​រំពឹង​ថា ការ​នាំ​ចេញ​ក្នុង​វិស័យ​កាត់ដេរ និង​វាយនភ័ណ្ឌ​របស់​វៀតណាម​ទៅ​កាន់​សហរដ្ឋអាមេរិក នឹង​មានការ​កើនឡើង​ក្នុង​កម្រិត​ខ្ពស់​ជាង​មុន​នៅ​ពេល​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​អន្តរ​ប៉ា​ស៊ី​ហ្វិ​ក (TPP) ចូល​ជា​ធរមាន ។

លោក Luong Hoang Thai ប្រធាន​នាយកដ្ឋាន​គោលនយោបាយ​ពាណិជ្ជ​ពហុភាគី​របស់​ក្រសួង​ឧស្សាហកម្ម និង​ជា​អនុប្រធាន​អ្នក​ចរចា​លើ​កិច្ចព្រមព្រៀង TPP របស់​វៀតណាម​ថ្លែង​ថា ៖ « តម្លៃ​ពន្ធ​នាំ​ចេញ​ផលិតផល​ស្បែក ស្បែកជើង សម្លៀក​បំពាក់ និង​វាយនភ័ណ្ឌ​របស់​វៀតណាម ថ្មី​ៗ​នេះ​អ្នក​នាំ​ចេញ​ចាំបាច់​ត្រូវ​បង់ ឬ​ទូទាត់​ឲ្យ​សហរដ្ឋអាមេរិក​ក្នុង​តម្លៃ​មួយ​ខ្ពស់​ជាង​បណ្តា​ប្រទេស​សមាជិក​របស់ TPP ផ្សេង​ទៀត​។ នេះ​បើ​តាម​របាយការណ៍​របស់​សារព័ត៌មាន​ពាណិជ្ជកម្ម www.cafef.vn » ។

ចំណែក​សហគ្រាស​ក្នុងស្រុក​ទាំងឡាយ​ត្រូវ​តែ​បង់ពន្ធ​សរុប​១,១៧​ប៊ី​លាន​ដុល្លារ​លើ​ការ​នាំ​ចេញ​ផលិតផល​សម្លៀក​បំពាក់ និង​វាយនភ័ណ្ឌ​ទៅ​កាន់​ទីផ្សារ​សហរដ្ឋអាមេរិក ហើយ​ត្រូវ​បង់​ចំនួន​៣០០​លាន​ដុល្លារ​សម្រាប់​ការ​នាំ​ចេញ​ផលិតផល​ស្បែកជើង ។

លោក Luong Hoang Thai បាន​លើក​ឡើង​ថា ៖ « ហេតុនេះ​ហើយ​ទើប​វៀតណាម​ទទួល​ជោគជ័យ​ក្នុង​ការ​ចរចា​ជាមួយ​សហរដ្ឋអាមេរិក ដើម្បី​កាត់​បន្ថយ​តារាង​ពន្ធ​សម្រាប់​ផលិតផល​ស្បែកជើង និង​សម្លៀក​បំពាក់ ក៏​ដូច​ជា​វាយនភ័ណ្ឌ ចាប់ពី​អត្រា​ជា​មធ្យម​១៧% មក​នៅ​សូន្យ​ភាគរយ​ក្រោម​ការ​ប្តេជ្ញា​ចិត្ត​របស់ TPP » ។

ដើម្បី​ចូលរួម​ក្នុង​តារាង​លើកលែង​ពន្ធ​រហូត​ដល់​សូន្យ​ភាគរយ​នោះ បណ្តា​អ្នក​នាំ​ចេញ​ក្នុងស្រុក​ត្រូវ​តែ​សម្រេច​នូវ​ការ​ធ្វើ​និយ័ត​កម្ម​តាម​ប្រភព​ពី​វត្ថុធាតុដើម​សម្រាប់​ផលិតកម្ម ក្រោម​កិច្ចព្រមព្រៀង TPP ដើម្បី​ការពារ​បណ្តា​ប្រទេស​ជិតខាង​ពី​ការ​នាំ​ចេញ​ផលិតផល​របស់​ពួក​គេ​ទៅ​វៀតណាម បន្ទាប់​មក​ទើប​នាំ​ចេញ​ទៅ​កាន់​បណ្តា​ប្រទេស​ដទៃ​ទៀត ។ ម្យ៉ាងទៀត កិច្ចព្រមព្រៀង TPP ក៏​មាន​យន្តការ​អាច​បត់បែន​បាន​សម្រាប់​វៀតណាម​ផង​ដែរ ក្នុង​ការ​ផ្គត់ផ្គង់​វត្ថុធាតុដើម​ពេល​ដែល​ការ​ផ្គត់ផ្គង់​ក្នុងស្រុក​របស់​ខ្លួន​មិន​ទាន់​គ្រប់គ្រាន់ ។

តាម​របាយការណ៍​ពី​កាសែត Tuoi tre ឱ្យ​ដឹង​ថា នាយកដ្ឋាន​ពន្ធដារ​បាន​បង្ហាញ​ពី​ទំហំ​ទឹកប្រាក់​នាំ​ចេញ​សម្លៀក​បំពាក់ និង​វាយនភ័ណ្ឌ​របស់​វៀតណាម ដោយ​សម្រេច​បាន​២០,៦​ប៊ី​លាន​ដុល្លារ​ក្នុង​រយៈពេល​១១​ខែ​ដំបូង ។

ឧស្សាហកម្ម​កាត់ដេរ និង​វាយនភ័ណ្ឌ​ក្នុងស្រុក ត្រូវការ​ទំហំ​នាំ​ចេញ​សរុប​ចំនួន​២,៤​ប៊ី​លាន​ដុល្លារ​ក្នុង​ខែធ្នូ ដើម្បី​សម្រេច​តាម​ទិស​ដៅ​ប្រចាំឆ្នាំ​ក្នុង​ផ្នែក​វាយនភ័ណ្ឌ និង​កាត់ដេរ​សម្រាប់​ឆ្នាំ​នេះ​ក្នុង​កម្រិត​២៣​ប៊ី​លាន​ដុល្លារ ។

ចំណែក​ក្រុមហ៊ុនកាត់ដេរ និង​វាយនភ័ណ្ឌ​ជាតិ​របស់​វៀតណាម (Vinatex) ដែល​ជា​អ្នក​ផលិត​សម្លៀក​បំពាក់ និង​វាយនភ័ណ្ឌ​ធំ​ជាងគេ​បំផុត​ក្នុង​ប្រទេស ត្រូវ​បាន​គេ​ព្យាករ​ថា នឹង​សម្រេច​បាន​នូវ​ទំហំ​ទឹកប្រាក់​នាំ​ចេញពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ចំនួន​១០% ស្មើនឹង​៣,៤​ប៊ី​លាន​ដុល្លារ​ក្នុង​រយៈពេល​ពេញ​មួយ​ឆ្នាំ ។

ប្រធាន​នាយកដ្ឋាន​កិច្ចការ​ទូទៅ និង​នីតិកម្ម​របស់ Vinatex លោក Tran Viet បាន​ថ្លែង​ក្នុង​សន្និសីទកាសែត​មួយ​ស្តី​ពី​ផលិតកម្ម និង​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន​ប្រចាំឆ្នាំ​នេះ​ដែល​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ទីក្រុង​ហាណូយ ។

ទោះជា​យ៉ាងណា ប្រាក់​ចំណេញ​មុន​កាត់​ពន្ធ​របស់​ក្រុមហ៊ុន​ត្រូវ​បាន​គេ​ព្យាករ​ទុក​ថា នឹង​សម្រេច​បាន​ក្នុង​រង្វង់​៦០​លាន​ដុល្លារ​សម្រាប់​ឆ្នាំ​នេះ គឺ​ប្រហាក់ប្រហែល​គ្នា​នឹង​អត្រា​សម្រេច​បាន​ក្នុង​ឆ្នាំ​២០១៤​ដែរ ដោយសារ​ការ​ទម្លាក់​ថ្លៃ​រូបិយប័ណ្ណ​របស់​បណ្តា​ប្រទេស​នាំ​ចេញ​ផលិតផល​ដូច​ជា ចិន ឥណ្ឌា និង​ឥណ្ឌូ​ណេ​ស៊ី ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ផលិតកម្ម និង​លទ្ធផល​ជំនួញ​ក្នុង​ឆ្នាំ​២០១៥ របស់​ក្រុមហ៊ុន Vinatex ។

គេ​រំពឹង​ថា ការ​នាំ​ចេញ​របស់​ក្រុមហ៊ុន​ទៅ​កាន់​ទីផ្សារ​ធំ​ៗ​ក្នុងឆ្នាំនេះ​នឹង​កើនឡើង​ដូច​ជា ស្មើនឹង​១២,៩៥% ទៅ​សហរដ្ឋអាមេរិក​, ៥,៩៦% ទៅ​អឺរ៉ុប​, ៧,៩៥% ទៅ​ជប៉ុន និង​៨,៧៧% ទៅ​កាន់​កូរ៉េ​ខាងត្បូង បើ​ធៀប​នឹង​ឆ្នាំ​២០១៤ ។

ការ​កើនឡើង​នេះ​ដោយសារ​តែ​ភាព​វិជ្ជមាន​នៃ​ផលិតកម្ម និង​ពាណិជ្ជកម្ម​ពី​បណ្តា​ក្រុមហ៊ុន​សមាជិក​ធំ​ៗ​របស់ Vinatex រាប់​បញ្ចូល​ទាំង​ក្រុមហ៊ុន​រួម​ភាគហ៊ុន​ដូច​ជា Phong Phu, Hoa Tho Textile and Garment, Viet Tien Garment Corporation, Duc Giang Corporation រួម​ទាំង​ក្រុមហ៊ុន​សាជីវកម្ម​កាត់ដេរ​១០​ទៀត  ។

ជាមួយនឹង​ភាព​វិជ្ជមាន​នៃ​ការ​ប៉ាន់​ប្រមាណ​ការ​នាំ​ចេញ​សម្លៀក​បំពាក់​ក្នុងស្រុក Vinatex រំពឹង​ថា កំណើន​ឆ្នាំ​ក្រោយ​នឹង​សម្រេច​បាន​៨% នៃ​ចំណូល​សរុប​របស់​ខ្លួន និង​១០% នៃ​ទំហំ​ទឹកប្រាក់​នាំ​ចេញ​សរុប​ទាំងអស់ បើ​ធៀប​នឹង​ឆ្នាំ​២០១៥ ។

លោក Hoang Ve Dung អគ្គនាយករង​របស់​ក្រុមហ៊ុន Vinatex មាន​ប្រសាសន៍​ថា ៖ « សញ្ញា​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​មួយ​ចំនួន​ក្នុងឆ្នាំនេះ នឹង​បង្កើត​បាន​នូវ​រលក​ដ៏​ធំ​សម្រាប់​ការ​វិនិយោគ ជា​ពិសេស ការ​វិនិយោគ​ពី​បរទេស​មក​កាន់​វៀតណាម និង​ការ​វិនិយោគ​ក្នុង​ឧស្សាហកម្ម​វាយនភ័ណ្ឌ និង​កាត់ដេរ​ក្នុងស្រុក​នា​ថ្ងៃ​អនាគត » ។
ដើម្បី​ទទួល​នូវ​រលក​វិនិយោគ​នេះ ក្រុមហ៊ុន​បាន​បញ្ចប់​គម្រោង​ធំ​ៗ​លើ​ផលិតកម្ម​សរសៃអំបោះ​រួម​មាន រោងចក្រ Phu Hung Fiber Factory, Phu Cuong Fiber Factory, Nam Dinh Fiber Factory និង Que Son Textile and Garment ៕​