ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំទាវ​ទី​មួយ​របស់​ប្រទេស​ស៊ី​ម​បា​វ៉េ​ចាយ​លុយ​រដ្ឋ​ខ្ជះខ្ជាយ

8 ឆ្នាំ មុន

ជំទាវ​ទី​មួយ Grace Mugabe នៅ​ប្រទេស​ស៊ី​ម​បា​វ៉េ​ខាង​ទ្វីបអាហ្វ្រិក បាន​បង្ក​ឱ្យ​ប្រជាជន​របស់​ខ្លួន​មាន​កំហឹង​ជា​ថ្មី បន្ទាប់​ពី​និយាយ​ថា «​នាង​ៗ​ដែល​ស្លៀកពាក់​ខ្លី​ពេល​ចេញ​ទៅ​លេង​ខាងក្រៅ ហើយ​ត្រូវ​គេ​ចាប់រំលោ.ភ

ជំទាវ​ទី​មួយ Grace Mugabe នៅ​ប្រទេស​ស៊ី​ម​បា​វ៉េ​ខាង​ទ្វីបអាហ្វ្រិក បាន​បង្ក​ឱ្យ​ប្រជាជន​របស់​ខ្លួន​មាន​កំហឹង​ជា​ថ្មី បន្ទាប់​ពី​និយាយ​ថា «​នាង​ៗ​ដែល​ស្លៀកពាក់​ខ្លី​ពេល​ចេញ​ទៅ​លេង​ខាងក្រៅ ហើយ​ត្រូវ​គេ​ចាប់រំលោភ គឺជា​កំហុស​របស់​ខ្លួន បន្ទោស​អ្នក​ណា​កើត​» ។ សម្តី​នេះ​ផ្ទុយ​ពី​សម្តី​ប្រធានាធិបតី Robert Mugabe ស្វាមី​របស់​គាត់ ដែល​ធ្លាប់​និយាយ​រឿង​ចាប់រំលោភ​នារី​ភេទ​កាលពីមុន​ថា រដ្ឋាភិបាល​កំពុង​ពិចារណា​ចាប់ ប្រុស​ៗ​កំហូច​ក្រៀវ​ចោល​ដើម្បី​កុំឱ្យ ស្រី​ៗ​រង​គ្រោះ​ទៅ​ទៀត ។

អាយុ​តិច​ជាង​ស្វាមី​៤១​ឆ្នាំ ប៉ុន្តែ​ចាប់តាំងពី​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​ប្រធានាធិបតី Robert Mugabe នា​ឆ្នាំ​១៩៩៦ រហូត​ដល់​សព្វថ្ងៃ ជំទាវ Grace Mugabe (​ស្ត្រី​មេម៉ាយ​កូន​មួយ​)​រូប​នេះ មានរឿង​អាស្រូវ​ធ្វើ​ឱ្យ​មហាជន​ទើសភ្នែក​ទើស​ត្រចៀក​ជា​និច្ច មាន​តាំងពី​រឿង​សហាយ​ស្មន្ធ រឿង​ចាយ​លុយ​រដ្ឋ​តាម​ចិត្ត​យ៉ាង​ខ្ជះខ្ជាយ​។  ជំទាវ Grace Mugabe ចូល​ចិត្ត​ដើរ​លេង​ទិញ​អីវ៉ាន់​នៅ​ទី​ក្រុងប៉ារីស ទីក្រុង​ទ្បុ​ង​ដ៍ សិង្ហ​បុរី ហុងកុង ទិញ ម្តង​ៗ​ចំណាយ​ប្រាក់​យ៉ាងតិច​ក៏​១​លាន​ដុល្លារ​អា​មេ​រិ​ក​ដែរ ។ តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត Daily Mail ឃើញ​ថា ជំទាវ​ទី​១​រូប​នេះ​ចំណាយ​ប្រាក់​៣,១​លាន​ដុល្លារ​អា​មេ​រិ​ក សម្រាប់​ទិញ​អីវ៉ាន់​ក្នុង​ឆ្នាំ​២០១៤ ហើយ​ក្នុង​ឆ្នាំ​ដដែល​នោះ​ចំណាយ​ប្រមាណ​៣​លាន​ផោន​អង់គ្លេស រៀប​អាពាហ៍ពិពាហ៍​កូនស្រី​ច្បង​របស់​ខ្លួន​ទៀត ។

ប្រភព​ជា​ច្រើន​អះអាង​ថា ជំទាវ​ទី​មួយ Grace Mugabe ដក​ប្រាក់​ជាង​១០​លាន​ដុល្លារ​អា​មេ​រិ​ក​ពី​ធនាគារកណ្តាល​ស៊ី​ម​បា​វ៉េ យក​ទៅ​ទិញ​អចលនទ្រព្យ ទិញ​ភូមិ​គ្រឹះ​មួយ​ចំនួន​នៅ​ទ្វីបអាស៊ី សម្រាប់​ខ្លួន​និង​ស្វាមី​រស់នៅ​ពេល​ស្វាមី​ចូល​និវត្តន៍ ហើយ​ក៏​ធ្លាប់​ចំណាយ​៦​លាន​ដុល្លារ​អា​មេ​រិ​ក ទិញ​ភូមិ​គ្រឹះ​មួយ​នៅ​ប្រទេស​ថៃ ពេល​កូនស្រី​របស់​ខ្លួន​រៀន​នៅ​ទីនោះ ។

តាម​ការ​លើក​ទ្បើ​ង​របស់​កាសែត The Sunday Times គេ​ដឹង​ថា កាលពី​ខែមិថុនា​២០០៨ ជំទាវ​ទី​មួយ Grace Mugabe ចំណាយ​ប្រាក់ ស្ងាត់​ៗ​ទិញ​ភូមិ​គ្រឹះ​ស្កឹមស្កៃ​មួយ​នៅ​ទីក្រុង​ហុងកុង តម្លៃ​៥,៦​លាន​ដុល្លារ​អា​មេ​រិ​ក ហើយ​គេ​ឃើញ​នាង Bona Mugabe កូនស្រី​ជំទាវ​ទី​មួយ​រូប​នេះ​ជា​អ្នក​នៅ​ភូមិ​គ្រឹះ​នោះ ។ កាលពី​ថ្ងៃ​ទី​២៧ កុម្ភៈ ២០១៥ ជំទាវ​ទី​មួយ Grace Mugabe ចំណាយ​ប្រាក់​១​លាន​ដុល្លារ​អា​មេ​រិ​ក​រៀបចំ​បុណ្យខួបកំណើត​ទី​៩១ របស់​ប្រធានាធិបតី Robert Mugabe នៅ​តំបន់​ទេសចរណ៍ Victoria Falls ក្បែរ​ជ្រោះ Victoria ។ ក្នុង​ពិធី​នោះ​ប្រធានាធិបតី Robert Mugabe បញ្ជា​ឱ្យ​គេ​ពន្លះសាច់​ដំរី​មួយ​ក្បាល​ធ្វើ​ម្ហូប​ជប់លៀង​ភ្ញៀវ ។

ក្រៅពី​រឿងអាស្រូវ​ចាយវាយ​ខ្ជះខ្ជាយ ជំទាវ​ទី​មួយ Grace Mugabe នៅ​មានរឿង​អាស្រូវ​ដ៏​ធំ​មួយទៀត គឺ​លួច​មាន​សហាយ​ស្មន្ធ​នៅ​ខាងក្រៅ​ជាមួយ​ប្រុស​ដល់​ទៅ​៣​នាក់ ។ តាម​ការ​លើក​ទ្បើ​ង​របស់​កាសែត Daily Mail គឺ​ប្រុស​សហាយ​ទី​មួយ​ឈ្មោះ Gideon Gono ជា​ទេសាភិបាល​ធនាគារកណ្តាល​ស៊ី​ម​បា​វ៉េ ។ គេ​ទាំង​២​នាក់​ណាត់ជួប​គ្នា​១​ខែ​៣​ដង គឺ​ជួប​គ្នា​នៅ​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​របស់​ជំទាវ​ទី​មួយ​ផ្ទាល់ ឬ​ជួនកាល​ណាត់ជួប​គ្នា​នៅ​សណ្ឋាគារ​លំដាប់​ខ្ពស់​ក្នុង​ប្រទេស​អាហ្វ្រិក​ខាងត្បូង ។ រហូត​ដល់​ខែកក្កដា​ឆ្នាំ​២០១០ ទើប​ប្រធានាធិបតី Robert Mugabe ដឹង​រឿង​នេះ ពេល​ប្អូនស្រី​គាត់​មាន​ជំងឺ​ធ្ងន់​ចូល​ដេកពេទ្យ ។ ប្រការ​ដែល​គួរ​និយាយ​គឺ​អង្គរក្ស​ឈ្មោះ Cain chademanw អ្នកមាន​ស្វាមីភក្តិ​បំផុត​ចំពោះ​ប្រធានាធិបតី Robert Mugabe ដែល​ដឹង​រឿង​នេះ បែរជា​អត់​ប្រាប់​ប្រធានាធិបតី Robert Mugabe សោះ ។

សហាយ​ទី​២​របស់​ជំទាវ​ទី​មួយ Grace Mugabe គឺ​ឈ្មោះ Peter Pamire អ្នក​ដែល​ក្រោយមក​ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​អាថ៌​កំបាំង​មួយ ។ រីឯ​សហាយ​ទី​៣​ឈ្មោះ James Makamba ។ ជន​នេះ​លួចលាក់​ទ្បើ​ង​គ្រែ​ជាមួយ​ភរិយា​ប្រធានាធិបតី​បាន​ពីរ​បី​ដង ក៏​រត់គេច​ខ្លួន​ទៅ​បរទេស​បាត់​ស្រមោល ។

ទោះបី​ភរិយា​មានរឿង​អាស្រូវ ផ្ទួន​ៗ​ដូច្នេះ​ក្តី បច្ចុប្បន្ន​លេចឮ​ព័ត៌មាន​ថា ប្រធានាធិបតី Robert Mugabe មាន​ផែនការ​ត្រាយផ្លូវ​ឱ្យ​ភរិយា​រូប​នេះ​បាន​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​ស៊ី​ម​បា​វ៉េ​បន្តវេន​ពី​ខ្លួន​ទៀត​ផង ។ ហេតុ​ដែល​មាន​ព័ត៌មាន​ដូច្នេះ ព្រោះ​កាលពី​ឆ្នាំ​២០១៤ ជំទាវ​ទី​មួយ Grace Mugabe បាន​ទទួល​តែងតាំង​ជា​ប្រធាន​សមាគមនារី ZANU-PF ដែល​មុខងារ​នេះ​ធ្វើ​ឱ្យ​លោក​ជំទាវ​មានឈ្មោះ​ជា​ស្វ័យប្រវត្តិ​ក្នុង​គណៈកម្មាធិការ​កណ្តាល​គណបក្សកាន់អំណាច ZANU-PF ងាយស្រួល​ចេញ​ឈរឈ្មោះ​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​នា​ពេល​ខាង​មុខ ៕