ព្រះពុទ្ធ ព្រះអង្គមិនដែលមានចិត្តចង់ឈ្នះអ្នកណាទេ សូម្បីតែពួកមារមកផ្ចាញ់យ៉ាងណានោះ ក៏ព្រះអង្គមិនរវល់នឹងតបតវិញឡើយដោយគង់នៅដ៏ត្រជាក់ចិត្ត ហើយព្រះអង្គតែងតែផ្សាយមេត្តាធម៌ដល់សត្វទាំងឡាយថែមទៀត ព្រោះយល់ថា ប្រយោជន៍អ្វីនឹងការចង់ឈ្នះចាញ់នោះ អ្នកចាញ់រមែងដេកកើតទុក្ខ ចំណែកអ្នកឈ្នះនឹងជាប់ដោយពៀរវេរា ។
សមដូចពុទ្ធគាថានៅក្នុងគម្ពីរធម្មបទបានពោលថា អ្នកចាញ់រមែងដេកកើតទុក្ខ ឯអ្នកឈ្នះនឹងត្រូវជាប់ដោយពៀរព្រោះថ្ងៃណាមួយនឹងត្រូវគេយកឈ្នះវិញមិនខាន ដូច្នេះការហ្វឹកហាត់ឲ្យខ្លួនឯងចេះលះបង់ និងចេះព្រមចាញ់ប្រៀបអ្នកដទៃទើបជីវិតបានសុខរួចចាកទុក្ខនិងពៀរទាំងឡាយ មិនមែនចុះចាញ់ប្រៀបគេហើយអន់នោះទេ ។
ដោយហេតុថា ការដែលមនុស្សយើងព្រមចាញ់ប្រៀបអ្នកដទៃ វាជាគន្លងដ៏ត្រឹមត្រូវ ព្រោះបើយើងទាមទារតែពីចង់ឈ្នះដោយអាងហេតុ អាងផលយ៉ាងនេះ យ៉ាងនោះ ដោយមិនព្រមចាញ់ប្រៀបគេ ចង់តែពីត្រូវគ្រប់យ៉ាង ចង់តែពីឈ្នះគេ ប៉ុន្តែបែរទៅជាមិនមានសេចក្ដីសុខក្នុងជីវិតទៅវិញក៏មិនប្រសើរដែរ ព្រោះហេតុផលនៃការចង់ឈ្នះនោះត្រូវតស៊ូជាមួយនឹងមនុស្សនៅជុំវិញខ្លួន ដើម្បីទាមទាររកឲ្យខ្លួនឯងត្រូវ និងឈ្នះគេតែម្យ៉ាង ។
ដូច្នេះមានតែការព្រមចាញ់ប្រៀបអ្នកដទៃហ្នឹងឯង ដើម្បីបន្ទន់ចិត្ត បន្សាបមានះ បន្ថែមមេត្តាចិត្តទើបមានសេចក្ដីសុខក្នុងជីវិតផង និងដើម្បីបានឈ្នះនូវចិត្តរឹងត្អឹងក្នុងខ្លួនឯងផងដែលជាជម្នះគ្មានថ្ងៃចាញ់នោះឡើយ ៕ សាន សារិន
ចែករំលែកព័តមាននេះ