ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

2015 យុទ្ធ​ក្រម​ខម លេចធ្លោ​ខ្លាំង​នៅ​ក្រៅ​សង្វៀន

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ធៀប​នឹង​ប្រមាណ​៣​ឆ្នាំ​មុន គេ​ចាប់អារម្មណ៍​ថា​មហាជន​កាន់តែ​ច្រើន​ស្គាល់​ច្បាស់​ពី​ក្បាច់គុន និង​កីឡា​យុទ្ធ​ក្រម​ខម​ដែល​ជា​ក្បាច់​ប្រយុទ្ធ​ដ៏​ចំណាស់​របស់​បុព្វបុរស​ខ្មែរ​។ មនុស្ស​ភាគច្រើន​បាន​ទាំង​ស្គាល់​ថា​ក្បាច់គុន

រាជធានី​ភ្នំពេញ ៖ ធៀប​នឹង​ប្រមាណ​៣​ឆ្នាំ​មុន គេ​ចាប់អារម្មណ៍​ថា​មហាជន​កាន់តែ​ច្រើន​ស្គាល់​ច្បាស់​ពី​ក្បាច់គុន និង​កីឡា​យុទ្ធ​ក្រម​ខម​ដែល​ជា​ក្បាច់​ប្រយុទ្ធ​ដ៏​ចំណាស់​របស់​បុព្វបុរស​ខ្មែរ​។ មនុស្ស​ភាគច្រើន​បាន​ទាំង​ស្គាល់​ថា​ក្បាច់គុន និង​កីឡា​ប្រយុទ្ធ​ប្រភេទ​នេះ មិនមែន​ជា​ល្បុក្កតោ​ដែល​ផ្ទុយ​ពី​ក្នុង​គ្រា​ចម្រូងចម្រាស​នា​មួយ​រយៈ​មុន​នោះ​ផង ។ ទោះបី​យ៉ាងណា​គេ​នៅ​តែ​មិន​ទាន់​ឃើញ​កីឡា​នេះ​មាន​សង្វៀន​ប្រកួត​យក​ជើង​ខ្លាំង​ដូច​គ្នា​នឹង​កីឡាប្រដាល់​ក្បាច់គុន​បុរាណ​ខ្មែរ​នៅឡើយ​ទេ​។

លោក យូ ជឿន​នរៈសិង្ហ ប្រធាន​សមាគម​យុទ្ធ​ក្រម​ខម បាន​អះអាង​ថា ក្រោយ​ការ​ពង្រីក​ខ្លួន​ចុះ​បង្ហាត់​តាម​វិទ្យាល័យ និង​សាកលវិទ្យាល័យ កីឡា​ប្រភេទ​នេះ​ត្រូវ​បាន​ទទួលស្គាល់​យ៉ាង​ខ្លាំង​ថា ជា​ក្បាច់គុន​របស់​ខ្មែរ និង​មាន​លក្ខណៈ​ពិសេស​ដាច់​ឆ្ងាយ​ពី​ក្បាច់គុន​ល្បុក្កតោ ដែល​ក្នុង​ឯកសារ​គ្រាន់តែ​ជា​ឈ្មោះ​អាវុធ​សម្រាប់​ប្រើ​ក្នុង​ពេល​ប្រយុទ្ធ តែ​ក្រោយមក​ក៏​ត្រូវ​គេ​យក​មក​បំបែក​ជា​ក្បាច់គុន​ហើយ​ហ្វឹកហាត់​ត​គ្នា​នោះ​។ លោក​នៅ​តែ​អះអាង​ថា ចាស់​បុរាណ​ដែល​ចេះ​ល្បុក្កតោ គឺ​សំដៅលើ​អ្នកចេះ​ប្រើ​អាវុធ​ល្បុក្កតោ ដោយ​ពាក្យ​ថា​ល្បុក្កតោ​នេះ មិនមែន​សំដៅលើ​ក្បាច់គុន​ដូច​គ្នា​នឹង​យុទ្ធ​ក្រម​ខម​នោះ​ឡើយ ។ យ៉ាងណា​ក៏​ដោយ​លោក​បាន​សម្ដែង​អារម្មណ៍​សប្បាយ​រីករាយ បន្ទាប់​ពី​កីឡា​ប្រភេទ​នេះ​ត្រូវ​បាន​ទទួលស្គាល់​ទូលំទូលាយ​ជាង​មុន ដោយ​អាច​និយាយ​បាន​ថា​គ្រាន់តែ​ប្រាប់​គេ​ពី​ឈ្មោះ ក៏​មាន​អ្នក​ស្គាល់​។ លោក​និយាយ​ថា​៖ «​ពី​មុនគេ​ស្គាល់​តែ​ល្បុក្កតោ​ទេ ប៉ុន្តែ​ឥឡូវ​គេ​ស្គាល់​យុទ្ធ​ក្រម​ខម​ច្បាស់​ដូច​ថ្ងៃ​អ​ញ្ចឹ​ង ។

ជាក់ស្ដែង​តាំងពី​ក្រសួង​អប់រំ​អនុញ្ញាត​ឲ្យ​យើង​ចុះ​បង្ហាត់​ក្បាច់គុន​នៅ​តាម​សាលា​ទូ​ទាំង​រាជធានី​ភ្នំពេញ គឺថា​កន្លែង​បង្ហាត់​របស់​យើង​មួយ​ណា​ក៏​មាន​សិស្ស​រៀន​ច្រើន​ដែរ ខ្ញុំ​អាច​និយាយ​បាន​ថា​កីឡា​យើង​ឥឡូវនេះ លោត​ខ្លាំង​ក្នុង​ស្រទាប់​យុវវ័យ​!» ។ លោក​ថា បើ​កីឡា​យុទ្ធ​ក្រម​ខម​អាច​មាន​សង្វៀន​ឡើង​ប្រកួត​យក​ចាញ់​ឈ្នះ ដើម្បី​ស្វែងរក​ជើង​ខ្លាំង​ដូច​គ្នា​នឹង​ការ​ប្រដាល់​នា​ពេល​បច្ចុប្បន្ន​នោះ​អ្នក​ចូល​ហ្វឹកហាត់​គឺ​មិន​ខ្វះ និង​អាច​កើនឡើង​រក​កន្លែង​ហាត់​គ្មាន​ផង​ក៏​មិនដឹង ដោយសារ​តែ​ការ​ចាប់អារម្មណ៍​គឺ​មាន​កាន់តែ​ច្រើន ។ លោក​និយាយ​៖ «​ឥឡូវ​ហ្នឹង​កន្លែង​ហ្វឹកហាត់​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ គឺ​សឹង​អត់​មាន​កន្លែង​ទទួល​សិស្ស​ទៀត​ទៅ​ហើយ ចំណែក​នៅ​តាម​វិទ្យាល័យ​គឺ​តាំងពី​យើង​បើក​មក មាន​សិស្ស​មិន​ក្រោម​ពី​៥០​ទៅ​៦០​នាក់​ទេ​មក​ហាត់​!» ។

ជាមួយនឹង​ការ​អះអាង​នេះ​គេ​កត់​សម្គាល់ថា កីឡា​យុទ្ធ​ក្រម​ខម​មាន​ភាព​លេចធ្លោ​យ៉ាង​ខ្លាំង បើ​ធៀប​នឹង​កីឡា​ល្បុក្កតោ បើ​ទោះជា​កីឡា​ប្រភេទ​នេះ នៅ​មិន​ទាន់​មានឱកាស​បង្ហាញខ្លួន​នៅ​ក្នុង​កម្មវិធី​ធំ​ៗ​ដូច​គ្នា​នឹង​ល្បុក្កតោ​នៅឡើយ​ក្ដី​។ ជាមួយនឹង​ភាព​លេចធ្លោ​តាម​រយៈ​បរិមាណ​សិស្ស​ចូល​ហ្វឹកហាត់​នេះ យុទ្ធ​ក្រម​ខម​ក៏​ត្រូវ​គេ​ឃើញ​ទទួល​បានការ​ចាប់អារម្មណ៍​ក្នុង​ការ​សម្ដែង​ភាពយន្ត​ជំនួស​ឱ្យ​តួនាទី​របស់​កីឡាករ​ផ្នែក​ល្បុក្កតោ​នៅ​ក្នុង​វិស័យ​ភាពយន្ត​ផង​ដែរ ។

ជាក់ស្ដែង​គ្មាន​អ្នក​ណា​មិនដឹង​នោះ​ទេ​ថា ក្រុម​គ្រូបង្វឹក​នៅ​ក្នុង​សហព័ន្ធ​នេះ បាន​សហការ​ជាមួយ​ផលិតកម្ម​ចក្រ​វា​ទ្ប​ពេជ្រ​ភាពយន្ត​ហើយ​ផលិត​រឿង​មួយ​ជាមួយ​គ្នា​ក្រោម​ចំណងជើង​ថា  «​វិស្សមកាល​មរណៈ​» ។ នេះ​ជា​រឿង​ដែល​និយាយ​ពី​ឈុត​ឆាក​វាយតប់ និង ហក់លោត​ស្ទើរ​ទាំងស្រុង​ដែល​កំពុង​ដំណើរការ​ចុះ​ថត និង​គ្រោង​ដាក់​បញ្ចាំង​ក្នុង​ពេល​ដ៏​ខ្លី​នោះ​ផង​។ យោង​តាម​ការ​អះអាង​ថា ខ្សែ​រឿង «​វិស្សមកាល​មរណៈ​» នឹង​ក្លាយជា​ភាពយន្ត​ខ្មែរ​ដែល​បង្ហាញ​ពី​ភាព​រស់​រវើក​របស់​យុទ្ធ​ក្រម​ខម​តែ​មួយ​គត់ ដែល​ចូល​វាយលុក​ទីផ្សារ​ភាពយន្ត​នៅ​ដើមឆ្នាំ​២០១៦ ដោយ​សមាសភាព​តារា​សម្ដែង​គឺ​ចម្រុះ​ដោយ​តារាភាពយន្ត​ល្បី​ៗ​នៅ​ក្នុង​វិស័យ​ភាពយន្ត ហើយ​ប្រមូលផ្ដុំ​ដោយ​គ្រូបង្វឹក​ខ្លាំង​ៗ​របស់​យុទ្ធ​ក្រម​ខម​ទាំងមូល​។

នៅ​ក្នុង​រឿង​នេះ មានការ​សម្ដែង​ដោយ​តារា​ល្បី​ៗ​ដូច​ជា កញ្ញា នី មុន្នីនាថ លោក​សាយ សៀ​រ៉ា ឆៃ​លី ដា​ឡែ​ន តារា​កំប្លែង​នាង​ខ្ញុង និង​លោក​ថៃ ប៊ុ​ន​នាង​ជាដើម ដោយ​ឈុត​ឆាក​សំខាន់​គឺ​គម្រោង​រំលេច​ឲ្យ​ឃើញ​នូវ​ភាព​ខ្លាំងក្លា​របស់​កីឡាករ​យុទ្ធ​ក្រម​ខម​ទាំងអស់​ដើម្បី​ឱ្យ​ទស្សនិកជន​បាន​ស្គាល់ និង​ដឹង​ពី​ភាព​អស្ចារ្យ​របស់​ក្បាច់គុន​នេះ​ជា​សាធារណៈ ។

លោក​យូ ជឿន​នរៈសិង្ហ បាន​អះអាង​ថា ការ​បញ្ជ្រាប​កីឡា​យុទ្ធ​ក្រម​ខម​នៅ​ក្នុង​ភាពយន្ត​នឹង​កាន់តែ​ជួយ​ឲ្យ​កីឡា​ប្រភេទ​នេះ​ទទួលស្គាល់​កាន់តែ​ទូលាយ​ទាំង​ក្នុង និង​ក្រៅប្រទេស នៅ​ក្នុង​កាលៈទេសៈ​ដែល​សហព័ន្ធ​មិន​ទាន់​មាន​សិទ្ធិ និង​ខ្វះ​លទ្ធភាព​រៀបចំ​ការ​ប្រកួតប្រជែង​ឱ្យ​បាន​ដូច​គ្នា​នឹង​កីឡា​ផ្សេង​ៗ​ដែល​មាន​វ័យ​ចំណាស់​ជាង​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​បាន​រៀបចំ​ជា​សហព័ន្ធ​តាំងពី​ច្រើន​ឆ្នាំ​មក​ហើយ​។ យ៉ាងណា​ក៏​ដោយ​លោក​អះអាង​ថា អ្វី​ដែល​បាន​លេចធ្លោ​នា​ពេល​ចុង​ក្រោយ​នោះ មិនមែន​ជាទី​បញ្ចប់​ដែល​ខាង​សហព័ន្ធ​បញ្ឈប់​ការ​គិតគូរ​នោះ​ទេ ដ្បិត​ក្នុង​ពេល​ដ៏​ខ្លី​លោក​ក៏​មាន​គម្រោង​ផ្សព្វផ្សាយ​កីឡា​មួយ​នេះ តាម​រយៈ​សកម្មភាព​ផ្សេង​ៗ ឲ្យ​កាន់តែ​មាន​ប្រជាប្រិយភាព​នៅ​ក្រៅ​សង្វៀន​ប្រកួត​បន្ថែម​ទៀត​នោះ​ផង​ដែរ​។

អ្នកស្រី​ថុ​ង ស៊ីវ​ទៀង ចាងហ្វាង​ផលិតកម្ម​ចក្រ​វា​ទ្ប​ពេជ្រ​ភាពយន្ត​បាន​អះអាង​ថា ក្រោយ​ការ​បញ្ចប់រឿង «​វិស្សមកាល​មរណៈ​» កីឡា​យុទ្ធ​ក្រម​ខម ពិតជា​មាន​ទីផ្សារ​កានតែ​ខ្លាំង​នៅ​ក្នុង​វិស័យ​ភាពយន្ត ដោយសារ​តែ​ក្នុង​មួយ​រឿង​នេះ ឈុត​ឆាក​វាយតប់​មាន​សភាព​រស់​រវើក ហើយ​ពិតជា​ធ្វើ​ឱ្យ​មហាជន​ចាប់អារម្មណ៍ និង​រួម​គ្នា​គាំទ្រ​កីឡា​នេះ​ឱ្យ​មាន​សន្ទុះ​ខ្លាំងក្លា​មិន​ខាន ៕