ខេត្តបាត់ដំបង ៖ បុរសម្នាក់បានត្រូវសមត្ថកិច្ចចាប់ខ្លួននាប៉ុន្មានម៉ោងក្រោយពីមានបណ្តឹងចោទប្រកាន់ថា បុរសរូបនេះបានចាប់នារីវ័យ១៦ឆ្នាំម្នាក់ប៉ុនប៉ងរំលោភសេពសន្ថវៈកាលពីរសៀលថ្ងៃទី២៨ មីនា នៅឃុំអូរដា ស្រុកកំរៀង ខណៈនាងនៅក្នុងផ្ទះម្នាក់ឯង ។
មន្ត្រីនគរបាលមូលដ្ឋានបានឱ្យដឹងថា ជនសង្ស័យត្រូវបានចាប់ខ្លួនប្រហែលបីម៉ោងក្រោយពីបានប្រព្រឹត្តបទល្មើសមិនបានសម្រេចដែលប៉ុនប៉ងចាប់រំលោភក្មេងស្រីជំទង់ម្នាក់អាយុ១៦ឆ្នាំ រស់នៅឃុំក្នុងអូរដា និងក្រោយបន្តិចបន្ទាប់ពី អាណាព្យាបាលរបស់នាងមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលមូលដ្ឋាន ។ សមត្ថកិច្ចបានប្រាប់ថា ជនសង្ស័យឈ្មោះសុខ ស៊ីថុន អាយុ៣២ឆ្នាំ មានប្រពន្ធ និងមានកូនទៀតផង ។
តាមការបំភ្លឺរបស់នាងក្រមុំបានប្រាប់សមត្ថកិច្ចថា បុរសនោះបានចាប់អោបនាងរួចប៉ុនប៉ងរំលោភក្នុង ខណៈដែលនាងនៅលក់ដូរក្នុងផ្ទះម្នាក់ឯង ពេលឪពុកម្តាយនាងចេញទៅចំការស្ងាត់អស់ ។ នាងបានព្យាយាមរើបម្រះរួចពីកណ្តាប់ដៃបីសាចតណ្ហានោះរួចរត់ទៅប្រាប់ម្តាយនាងនៅឯចំការ និងបានទៅដាក់ពាក្យបណ្តឹងភ្លាមៗដែរ ។ នាងបានបញ្ជាក់ថា រូបនាងនិងបុរសនោះមានផ្ទះនៅក្នុងភូមិជាមួយគ្នា ប៉ុន្តែមិនធ្លាប់ពាក់ព័ន្ធអ្វីជាមួយគ្នាទេ ។
ចំពោះការចោទប្រកាន់នេះ ជនសង្ស័យឈ្មោះសុខ ស៊ីថុន បានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តដូច្នេះមែន ។ ជននេះនិយាយថា ខ្លួនបានចាប់អោបនាងពីក្រោយ ប៉ុន្តែគ្មានបំណងចាប់រំលោភទេ គឺគ្រាន់តែចង់សាកល្បងចិត្តថា តើនាងខឹង ឬអត់? ព្រោះមុននេះប៉ុន្មានថ្ងៃនាងហាក់បីដូចជានិយាយបែបស្និទ្ធស្នាលជាមួយខ្លួនយ៉ាងខ្លាំង ដូច្នេះហើយទើបខ្លួនហ៊ានសាកល្បងបែបនេះ ។ បុរសរពឹសដៃរូបនេះបាននិយាយទៀតថា ពេលដែលចាប់អោបនោះ នាងបានស្រែកបន្ទោសខ្លួនមួយម៉ាត់រួចរត់ចេញពីផ្ទះបាត់ ឯខ្លួនក៏ដើរទៅផ្ទះដែរ លុះប៉ុន្មានម៉ោងក្រោយស្រាប់តែសមត្ថកិច្ចមកចាប់ខ្លួនដល់ផ្ទះតែម្តង។
ក្រោយពេលចាប់ខ្លួនជនសង្ស័យត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋានខេត្ត។ មន្ត្រីការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនបាននិយាយថា ជនឈ្មោះសុខ ស៊ីថុន ត្រូវចោទប្រកាន់ពីបទប៉ុនប៉ងរំលោភសេពសន្ថវៈ និងបានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការហើយ៕
ចែករំលែកព័តមាននេះ