ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាស​អំពាវនាវ​ឲ្យ​មាតាបិតា នាំ​កូន​អាយុ​ចាប់ពី ១២​ឆ្នាំ ដល់ ១៧​ឆ្នាំ ទៅ​ចាក់​វ៉ាក់សាំង​កូ​វីដ ចាប់ពី​ថ្ងៃអាទិត្យ ទី​១​សីហា​

2 ឆ្នាំ មុន
  • ភ្នំពេញ

​ភ្នំពេញ​៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ទទួល​ដោយផ្ទាល់​នូវ​ការមកដល់ វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​១៩ (AstraZeneca) ចំនួន ១​លាន​ដូ​ស…

​ភ្នំពេញ​៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ទទួល​ដោយផ្ទាល់​នូវ​ការមកដល់ វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​១៩ (AstraZeneca) ចំនួន ១​លាន​ដូ​ស ដែលជា​ជំនួយ​របស់​រដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នាម៉ោងជាង ១០យ​ប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ នេះ។ ក្នុង​ពិធី​ទទួល​វ៉ាក់សាំង​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស​អំពាវនាវ​ដល់​មាតាបិតា​ទាំងអស់ នាំ​កូន​អាយុ​ចាប់ពី ១២​ឆ្នាំ ដល់ ១៧​ឆ្នាំ ទៅ​ចាក់​វ៉ាក់សាំង​ឲ្យ​បាន​គ្រប់ៗ​គ្នា ចាប់ពី​ថ្ងៃអាទិត្យ ទី១ ខែសីហា ឆ្នាំ​២០២១ តទៅ​។​

សម្តេច​តេ​ជោ ហ៊ុន សែន លើកឡើងថា យុទ្ធនាការ​នៃ​ការចាក់​វ៉ាក់សាំង​ដល់​កុមារ និង​យុវវ័យ ចាប់ពី​អាយុ ១២​ឆ្នាំ ដល់ ១៧​ឆ្នាំ នឹង​ចាប់ផ្តើម​ពី​ព្រឹក​ថ្ងៃអាទិត្យ ទី​១ ខែសីហា ឆ្នាំ​២០២១ សម្តេច​នឹង​អញ្ជើញ​ទៅធ្វើជា​អធិបតី​នៃ​ការចាក់​វ៉ាក់សាំង​នេះ នៅ​មន្ទីរពេទ្យ​កាល់ម៉ែត បន្ទាប់​ទៅ សម្តេច​នឹងធ្វើ​សន្និសីទកាសែត នៅ​ទីនោះ​។ សម្តេច​ក៏​នឹង​នាំ​ចៅៗ​របស់​សម្តេច ដែលមាន​អាយុ​លើសពី ១២​ឆ្នាំ ទៅកាន់​ទីនោះ អាច​នឹងមាន​រួមជាមួយ​សម្តេច​ឯកឧត្តម​លោកជំទាវ ដែលមាន​កូនចៅ អាយុ​ចាប់ពី ១២​ឆ្នាំ​ឡើងទៅ ទៅ​ចា​ក់នៅ​ទីនោះ ដោយ​ចាប់ផ្តើម​នៅ​ថ្ងៃទី​១​សីហា ចេញពី​ទីក្រុង​ភ្នំពេញ ហើយ​នៅពេល​យើង​មាន​វ៉ាក់សាំង​គ្រប់គ្រាន់ នឹង​ចាក់​ដំណាលគ្នា ទាំង​មនុស្សពេញវ័យ និង​ទាំង​កុមារ​តែម្តង​។​

​សម្តេច​បន្តថា បើ​យើង​ចាក់​លើ​កូនក្មេង​អាយុ​ចាប់ពី​អាយុ ១២​ឆ្នាំ ដល់ ១៧​ឆ្នាំ ដែល​យើង​ប៉ាន់​ស្មានថា មាន ២​លាន​នាក់ នោះ​យើង​នឹង​ចាក់​បាន គិត​ទាំង​មនុស្សពេញវ័យ ១០​លាន​នាក់​នោះ យើង​នឹង​ចាក់​សរុប​ដល់​ជាង ៨០% នៃ​ប្រជាជន​សរុប ១៦​លាន​នាក់​។ សម្តេច​តេ​ជោ ក៏បាន​ប្រកាស កុំ​ឲ្យ​អាណាព្យាបាល​ឪពុកម្តាយ ព្រួយបារម្ភ​ពី​សុវត្ថិភាព​កូនចៅ ដែល​ត្រូវ​ចាក​វ៉ាក់សាំង​នោះទេ ព្រោះ​សម្តេច​ថា ចៅ​សម្តេច​ម្នាក់ អាយុ ១៧​ឆ្នាំ ក៏​ទើបតែ​ចាក់​វ៉ាក់សាំង​កូ​វីដ​រួច​ដែរ ព្រោះ​គេ​ត្រូវ​ចេញទៅ​រៀន​នៅក្រៅ​ប្រទេស​។ ដូច្នេះ​មិនមាន​ហានិភ័យ​ណាមួយ កើតឡើង សម្រាប់​ការចាក់​វ៉ាក់សាំង​នោះទេ​។

សម្តេច​តេ​ជោ ហ៊ុន សែន លើកឡើងថា យោងទៅលើ​ស្ថិតិ​អ្នករស់នៅ​បច្ចុប្បន្ន នៅ​រាជធានី​ភ្នំពេញ កុមារ និង​យុវវ័យ មានតែ​ត្រឹម​ជាង ១៩​ម៉ឺន​នាក់​ប៉ុណ្ណោះ តែ​រាប់ទាំង​អ្នក​មក​ធ្វើការ នៅ​ទីក្រុង​ភ្នំពេញ មាន​ទាំង​កូន​មកជា​មួយ​ផង នាំ​ឲ្យ​តួលេខ កើនឡើង​រហូតដល់ ២៨​ម៉ឺន​នាក់ ដែល​យើង​ត្រូវតែ​ចាក់​ឲ្យ​ទាំងអស់​ដែរ​។

​សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជាក់ថា «​ទោះ​ដោយ​តម្លៃ​ណាក៏ដោយ រាជរដ្ឋាភិបាល​កម្ពុជា ត្រូវតែ​ចាក់​វ៉ាក់សាំង ជូន​ប្រជាជន​កម្ពុជា ដែល​ដល់​អាយុ​ត្រូវ​ចាក់ ហើយ​ដែល​ពេទ្យ អនុញ្ញាត​ឲ្យ​ចាក់​។ យើង​នៅ​សង្ឃឹម​តែ​លើ​ករណី​វ៉ាក់សាំង​នេះ​តែប៉ុណ្ណោះ​»​។​

​សម្តេច​តេ​ជោ ហ៊ុន សែន លើកឡើងថា ដោយសារតែ​ការចាក់​វ៉ាក់សាំង ទើប​កម្ពុជា ពេលនេះ មាន​សញ្ញា​ឆ្លង​ថមថយ​ចុះ ពិសេស​នៅ​តំបន់​រោងចក្រ ហើយ​បើ​ករណី​មានការ​ឆ្លង ក៏​ស្ថានភាព​វា​មិន​ទៅរក​សភាព​ធ្ងន់ធ្ងរ ឬ​ដល់​ការស្លាប់​នោះទេ វា​អាច​កាត់បន្ថយ​។ ករណី​ចាក់​វ៉ាក់សាំង ២​ដូ​ស​ហើយ នៅតែ​ឆ្លង មិនមែន​តែ​នៅ​កម្ពុជា​ទេ សូម្បីតែ​នៅ​សហរដ្ឋអាមេរិក នៅ​អង់គ្លេស និង​នៅ​ប្រទេស​ក្នុង​សហភាព​អឺរ៉ុប គឺមាន​ករណី​នេះដែរ​។​

​ដូច្នេះ​សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាសថា «​ទោះបីជា​បានទទួល​វ៉ាក់សាំង​ហើយ​ក្តី មិនទាន់​ទទួល​វ៉ាក់សាំង​ក្តី ការការពារ ៣​កុំ និង​៣​ការពារ នៅតែ​ត្រូវ​បន្ត​។ នេះ​ជា​វិធី ដែល​ល្អ​បំផុត​។ សង្ឃឹមថា ប្រជាពលរដ្ឋ​របស់​យើង បន្ទាប់ពី​ឪពុកម្តាយ ដែល​ចាក់ គ្មាន​បញ្ហា នឹង​នាំ​កូន ដែលមាន​អាយុ​ចាប់ពី ១២​ឆ្នាំ​ឡើង ទៅ​ចាក់​វ៉ាក់សាំង ព្រោះ​បើ​នៅក្នុង​ផ្ទះ ចាក់​បានតែ​ប្តី​ប្រពន្ធ ឯ​កូន ៣​នាក់ មិនបាន​ចាក់​នោះ មិនមាន​ភាពស៊ាំ​នៅក្នុង​ផ្ទះ​ទេ​។ ដូច្នេះ​គោលដៅ​របស់ខ្ញុំ ចង់​ចាក់​ឲ្យ​បាន​ទៅដល់​ជាង ៨០%​។ អីចឹង យើង​គិត​ក្នុង​ចំនួន​នេះ បើ​ចាក់​ដល់ ១២​លាន​នាក់ យើង​មាន ៧៥%​។ បើ​ចាក់​ដល់ ១៣​លាន​នាក់ យើង​នឹងមាន​ដល់ ៨១,២៥%​។ ដូច្នេះ​ពេលនោះ យើង​នឹងមាន​ភាពស៊ាំ​នៅក្នុង​សហគមន៍​។ នៅសល់តែ​ក្មេង​តូចៗ ហើយ​ដែល​ក្មេង​តូចៗ​នោះ ដែល​សុទ្ធតែជា​អ្នក​ដែល​ទទួលបាន​វ៉ាក់សាំង បង្ការ​ការពារ​ជំងឺ ៦​មុខ​រួចស្រេច​ទៅហើយ​»​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បន្ថែមថា «​ទោះបី​តម្លៃ​ណាក៏ដោយ វ៉ាក់សាំង ត្រូវតែ​រក ដើម្បី​ចាក់​ជូន​ប្រជាជន​កម្ពុជា ហើយ​ដែលមាន​អ្នកខ្លះ​ធ្វើ​អត្ថាធិប្បាយ​ថា ប្រហែលជា​មរតក​ធំ​បំផុត​របស់​ហ៊ុនសែន គឺ​វ៉ាក់សាំង​។ ក៏ប៉ុន្តែ​ខ្ញុំ​សូមបញ្ជាក់​ត្រលប់​ទៅវិញ​ថា មរតក​ហ៊ុនសែន មិន​មែនមាន​ត្រឹម​វ៉ាក់សាំង​នោះទេ​! មរតក​ហ៊ុនសែន បាន​យក​ប្រជាជន ចេញពី​ការស្លាប់ នៃ​ថ្ងៃ​៧​មករា ឆ្នាំ​១៩៧៩​។ មរតក​ហ៊ុនសែន ក៏បាន​យក​ប្រជាជន​កម្ពុជា ចេញ​ផុតពី​សង្គ្រាម នាំមក​កាន់​នូវ​សន្តិភាព រហូតមកដល់​សព្វថ្ងៃ​។ មរតក​ហ៊ុនសែន មាន​ច្រើន​ទៀត​!»​។​

​ក៏ប៉ុន្តែ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​រម្លឹក​ជាថ្មី​ថា «​ខ្ញុំ​មិន​ចង់បាន​មរតក ឬ​មិន​មរតក​ទេ អ្វីដែល​ខ្ញុំ​ចង់បាន គឺ​សុខមាលភាព​ប្រជាជន ជីវិត​របស់​ប្រជាជន ត្រូវបាន​ធានា ហើយ​ជីវិត​ធំ​បំផុត មិនមែន​សិទ្ធិ​បញ្ចេញមតិ ឬ​ប្រជាធិបតេយ្យ​ទេ គឺ​សិទ្ធិ​រស់រានមានជីវិត ដែល​ត្រូវតែ​ទទួលបាន​មុនគេ​។ ដូច្នេះ​ចង់​នរណា ចង់​និយាយ​ពី​អី ទិតៀន​ច្បាប់​កម្ពុជា ក៏​ទិតៀន​ទៅ​ចុះ តែ​ច្បាប់​របស់​កម្ពុជា ធ្វើ​ដើម្បី​ការពារ​ជីវិត​មនុស្ស​។ អ្វីដែល​ខ្ញុំ​ខិតខំ​ធ្វើ គឺ​ដើម្បី​ការពារ​ជីវិត​មនុស្ស កុំ​ឲ្យ​ស្លាប់​»​៕