ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យចំនួន២នាក់ ពាក់ព័ន្ធក្នុងករណីចែកចាយគ្រឿងញៀន ត្រូវបានកម្លាំងប៉ូលិសក្រុងសិរីសោភ័ណ សហការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បើកការស៊ើបអង្កេតស្រាវជ្រាវចាប់ខ្លួននៅវេលាម៉ោង១១ព្រឹកថ្ងៃទី១៥ មីនា នៅចំណុចភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ។
លោកវរសេនីយ៍ទោឆេង ឈួត នាយការិយាល័យប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត និងការយកចិត្តទុកដាក់ពីមន្ត្រីជំនាញ ជាលទ្ធផលសមត្ថកិច្ចការិយាល័យជំនាញបានសហការជាមួយសមត្ថកិច្ចនគរបាលក្រុងសិរីសោភ័ណ ធ្វើការស៊ើបអង្កេតតាមវិធានការជំនាញកំណត់មុខសញ្ញា ឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ដែលពាក់ព័ន្ធនឹងករណីចែកចាយគ្រឿងញៀនជាក់ស្តែង ឈ្មោះស៊ុន ចន្ថា ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិចាប់ឃាត់ខ្លួនខាងលើ ជាអ្នករត់ម៉ូតូឌុប ។ ក្នុងការឃាត់ខ្លួននោះសមត្ថកិច្ចដកហូតបានថ្នាំញៀនពណ៌ផ្កាឈូក មានអក្សរ WY លើគ្រាប់ថ្នាំម្ខាង ចំនួន២គ្រាប់ និងមធ្យោបាយជិះធ្វើសកម្មភាពម៉ូតូម៉ាកហុងដាឌ្រីម១គ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ 1B-1260 ទូរស័ព្ទដៃ២គ្រឿង ប្រាក់១៨០.០០០រៀល និង ប្រាក់អាមេរិក២១ដុល្លារ ។
ក្រោយពីសួរនាំជនសង្ស័យឈ្មោះស៊ុន ចន្ថា សមត្ថកិច្ចបានឈានដល់ការចាប់ឃាត់ខ្លួនស្ត្រីម្នាក់ទៀត ឈ្មោះវ៉ាន់ ចាន់ហេង អាយុ២៦ឆ្នាំ នៅភូមិជាមួយគ្នា តាមបទបញ្ជារបស់លោកតន់ សីហតេជៈ ព្រះរាជអាជ្ញានៃ សាលាដំបូងខេត្តបន្ទាយមានជ័យ។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតបានប្រាក់ខ្មែរចំនួន៦៩.០០០រៀល ។
លោកឧត្តមសេនីយ៍ត្រីខេង ស៊ុម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា តាមការសួរចម្លើយ ឈ្មោះស៊ុន ចន្ថា បានសារភាពថា រូបគេពិតជាបានចែកចាយគ្រឿងញៀនប្រាកដមែន ដោយលក់ក្នុង១ថ្ងៃពី៣០ទៅ៤០គ្រាប់ ការទិញដូរគឺទាក់ទងតាមរយៈទូរស័ព្ទ ប៉ុន្តែគេយកថ្នាំញៀនជាប់ខ្លួនតែ២ទៅ៣គ្រាប់ប៉ុណ្ណោះ ពេលលក់អស់រូបគេជិះម៉ូតូទៅទិញថ្នាំញៀនពីឈ្មោះវ៉ាន់ ចាន់ហេង លក់បន្តទៀត ។
លោកឧត្តមសេនីយ៍ស្នងការបានគូសបញ្ជាក់ថា ស្ត្រីឈ្មោះវ៉ាន់ ចាន់ហេង ពុំព្រមសារភាព និងប្រាប់សមត្ថកិច្ចពីកន្លែងដែលខ្លួនទុកលាក់ថ្នាំញៀននោះទេ ទោះបីជាឈ្មោះស៊ុន ចន្ថា បានសារភាពពីការទិញថ្នាំញៀនពីរូបគេក៏ដោយ តែទោះជាយ៉ាងណា សមត្ថកិច្ចការិយាល័យជំនាញបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ទាំងជនសង្ស័យ និងវត្ថុតាង ៕


ចែករំលែកព័តមាននេះ