ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង សោ​ភ័​ណ្ឌ ឡាំប៉ា​លើ​រេញ ខណៈ​កីឡាករ​២​រូប​ឈ្នះ​ថៃ​ទាំង​វេទនា

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្នុង​ចំណោម​ការ​ប្រកួត​អន្តរជាតិ​៥​គូ កាលពី​ថ្ងៃអាទិត្យ​ទី​១៩ ធ្នូ ម្សិល​ម៉្ងៃ នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ មាន​តែ​កីឡាករ​កម្ពុជា​២​រូប​ប៉ុណ្ណោះ ដែល​មានសំណាង​ឈ្នះ​កីឡាករ​ថៃ ។

រាជធានី​ភ្នំពេញ ៖ ក្នុង​ចំណោម​ការ​ប្រកួត​អន្តរជាតិ​៥​គូ កាលពី​ថ្ងៃអាទិត្យ​ទី​១៩ ធ្នូ ម្សិល​ម៉្ងៃ នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ មាន​តែ​កីឡាករ​កម្ពុជា​២​រូប​ប៉ុណ្ណោះ ដែល​មានសំណាង​ឈ្នះ​កីឡាករ​ថៃ ។ ទោះបី​យ៉ាងណា​គេ​ឃើញ​ជ័យជម្នះ​របស់ ផា​ន់ គ្រាន់ និង​ព្រំ សំណាង គឺ​បាន​កើតឡើង​ដោយ​ទ្រម​ខ្លួន​បំផុត ឯ​រឿង សោ​ភ័​ណ្ឌ បាន​បញ្ចេញ​សកម្មភាព​ឡាំប៉ា​ចង់​ផ្អើល​អ្នក​ទស្សនា​បន្ទាប់​ពី​គណៈកម្មការ​ប្រកាស​ឲ្យ​គេ​ស្មើ​ពិន្ទុ​ជាមួយ​កីឡាករ​ថៃ ខណៈ​រូបគេ​យល់​ថា​ខ្លួន​សមតែ​ឈ្នះ ។

ការ​ប្រកួត​អន្តរជាតិ​ដែល​បាន​ធ្វើ​ឡើង​ពេញ​មួយ​ថ្ងៃអាទិត្យ​នៅ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​នោះ គឺ​មាន​កីឡាករ​កម្ពុជា​២​រូប​ឈ្នះ​ថៃ មួយ​រូប​ចាញ់ និង​មួយ​រូប​ស្មើ ដោយ​កីឡាករ​រឿង សោ​ភ័​ណ្ឌ មក​ពី​ក្លិប​មកុដ​រាជសីហ៍​ត្រូវ​គេ​ឃើញ​បង្ហាញ​សភាព​ឡាំប៉ា​តែ​ម្ដង​មិន​ព្រម​ទទួលយក​ការ​លើកដៃ​ឲ្យ​ស្មើ​ពិន្ទុ​ជាមួយ​កីឡាករ​ថៃ បន្ទាប់​ពី​ការ​ប្រកួត​របស់​គេ និង​កីឡាករ De Banchong ត្រូវ​បាន​បញ្ចប់​នៅ​លើសង្វៀន​ប្លេ​ក​ខេត​នៅ​ពេល​រាត្រី ។ ក្នុង​ក្រសែភ្នែក​មនុស្ស​រាប់​ម៉ឺន​នាក់​ទាំង​អ្នក​ទស្សនា​ផ្ទាល់ និង​តាម​កញ្ចក់​ទូរទស្សន៍ សុទ្ធតែ​ឃើញ​សកម្មភាព​រលាស់ដៃ​នៅ​ពេល​លោក​អាជ្ញាកណ្ដាល​លើកដៃ​ឲ្យ​ស្មើ និង​មិន​ព្រម​ទទួលយក​សកម្មភាព​ឱប​លាគ្នា​របស់​កីឡាករ​ថៃ ដោយ​រឿង សោ​ភ័ណ្ឌ បាន​ដើរ​ក្រឡឹង​មួយ​ជុំរេញ​មិន​ទទួលយក​ការ​ប្រកាស​លទ្ធផល ហើយ​ក៏​ស្ទុះ​ចុះ​តែ​ម្ដង បង្ហាញ​ពី​អារម្មណ៍​មិន​យល់​ស្រប ។

ការ​ប្រកួត​គូ​នេះ ដើម​ទឹក​ទី​១​កីឡាករ​ថៃ​វាយ​ឲ្យ​រឿង សោ​ភ័​ណ្ឌ​រាប់​ដល់​៨ លុះដល់​ទឹក​ទី​២​ថៃ​ត្រូវ​ខាង​កម្ពុជា​វាយ​ឲ្យ​រាប់​២​លើក​វិញ ខណៈ​ដែល​ទឹក​ទី​៣ គឺ​លទ្ធផល​ឈ្នះ​ប្រៀប​នៅ​តែ​ជា​របស់​រឿង សោ​ភ័​ណ្ឌ ។ទោះបី​យ៉ាងណា​នៅ​២​ទឹក​ចុង​ក្រោយ​កីឡាករ​កម្ពុជា​បាត់បង់​ជំហរ​ដោយសារ​ហត់​ទើប​ក្លាយជា​ឱកាស​របស់​កីឡាករ​ថៃ​វិញ ដែល​នាំ​ឲ្យ​លោក​គណៈកម្មការ​សម្រេច​ឲ្យ​ស្មើ ។

ក្រឡេក​ទៅ​កាន់​កីឡាករ ផា​ន់ គ្រាន់ និង​ព្រំ សំណាង គេ​ហាក់​ទទួល​បាន​នូវ​មោទនភាព​ខ្ពស់​ជាង​ដោយសារ​តែ​បាន​ឈ្នះ​ថៃ ។ កីឡាករ​ផា​ន់ គ្រាន់ មក​ពី​ក្លិប​គជសារ​កីឡា ត្រូវ​គេ​ឲ្យ​ប្រកួត​ជាមួយ​កីឡាករ Pha Phayarb​ដែល​ជា​ជើង​ខ្លាំង​ម្នាក់​មក​ពី​ទីក្រុង​បាងកក ។ ការ​ប្រកួត​គូ​នេះ កីឡាករ​កម្ពុជា​មាន​សន្ទុះ​ល្អ​ជាង​ក្នុង​ទឹក​ទី​២ និង​ទី​៣ ប៉ុន្តែ​ឈាន​ដល់​ទឹក​ទី​៤ កីឡាករ​ថៃ​មាន​កម្រិត​វាយបក​ល្អ​ជាង ដោយ​បាន​ទាំង​ធ្វើ​ឲ្យ​ការ​ប្រកួត​ទាំងមូល​ទទួល​សំឡេង​ស្រែក​កងរំពង​ពី​អ្នក​ទស្សនា ក្នុង​ពេល​កីឡាករ​ថៃ​វាយបក​ចំ​ប្លង់ ហើយ​កីឡាករ​កម្ពុជា​ក៏​បាន​សម្រុក​តប​វិញ ។ កីឡាករ​ផា​ន់ គ្រាន់ ដ្បិតថា​បាន​ឈ្នះ​ពិន្ទុ​ក្រោយ​បញ្ចប់​ទឹក​ទី​៥ ប៉ុន្តែ​អ្នក​ណា​ក៏​ឃើញ​ដូច​គ្នា​ថា​ជ័យជម្នះ​ដែល​គេ​ទទួល​បាន គឺ​ស្ថិត​ក្នុង​សភាព​យ៉ាប់យ៉ឺន​យ៉ាង​ខ្លាំង ។ អ៊ីចឹង​ហើយ ទើប​អ្នក​ទស្សនា​ទះដៃ​ផង និង​ខ្លះ​លោតកញ្ឆេង​កញ្ជ្រោល​ផង ដែល​កីឡាករ​ផា​ន់ គ្រាន់ ប៉ះ​ជើង​ខ្លាំង Pha Phayarb ប៉ុន្តែ​អាច​យកឈ្នះ​បាន ។

 មិន​ខុស​គ្នា​ដែរ កីឡាករ​ព្រំ សំណាង​ឯណោះ​វិញ ក៏​ទទួល​បាន​ជោគជ័យ​លើ​កីឡាករ​ថៃ​ដូច​គ្នា​ផង​ដែរ ។ កីឡាករ Kang Chak ដែល​ធ្លាប់​យកឈ្នះ​លើ​កីឡាករ​កម្ពុជា​ក្នុង​ការ​បង្ហាញខ្លួន​កន្លង​ទៅ បាន​ក្លាយជា​អ្នក​បរាជ័យ​សម្រាប់​ការ​ប្រកួត​លើក​នេះ​។ ប៉ុន្តែ​កីឡាករ​កម្ពុជា​ក៏​ត្រូវ​ទ្រម​ខ្លួន​ណាស់​ដែរ ដោយសារ​គូប្រកួត​របស់​គេ គឺ​រស់​រវើក​ជាង Pha Phayarb ដែល​ចាញ់​ផា​ន់ គ្រាន់​ទៅ​ទៀត ។ ក្នុង​ទឹក​ទី​១ ទី​២ និង​ទី​៣ Kang Chak  មានឱកាស​វ័ធ​កែង និង​ម៉ាត់​ល្អ ប៉ុន្តែ​បាន​ចាញ់​ដាច់​លើ​កីឡាករ​កម្ពុជា​ក្នុង​ទឹក​ទី​៤ និង​ទី​៥ ទើប​ធ្វើ​ឲ្យ​លទ្ធផល​ចុង​ក្រោយ គឺ​ព្រំ សំណាង​មាន​ប្រៀប ។

យ៉ាងណាមិញ កីឡាករ​ថៃ​ក៏​មិន​បាន​បង្ហាញ​អារម្មណ៍​ចម្រូងចម្រាស​នោះ​ទេ ដោយ​គេ​បាន​ទាំង​ទះ​ស្មា និង​ឱបរឹត ព្រំ សំណាង ក្រោយ​ការ​ប្រកាស​ឲ្យ​ចាញ់​នោះ​ផង​។ ២​គូ​អន្តរជាតិ​ទៀត កីឡាករ​ផង់ សុ​ភ័ស្ស មក​ពី​ក្លិប​តា​ឡី​ដំរី​មាន​ឫទ្ធិ បាន​ចាញ់​ពិន្ទុ​កីឡាករ​ថៃ A Noukvath បន្ទាប់​ពី​ប្រឹងប្រែង​ប្រកួត​អស់​ពេញ​៥​ទឹក និង​កីឡាករ​គង់ ហូ​វ វាយ​ចាញ់​កីឡាករ Pha Yanor ដោយ​ពិន្ទុ​ដូច​គ្នា ៕