រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា បុរសម្នាក់បានឡើងទៅលើដំបូលផ្ទះមួយកន្លែង ក្នុងបំណងបើកដំបូលចូលទៅលួចទ្រព្យសម្បត្តិ ប៉ុន្តែពុំទាន់បានធ្វើផង ក៏ត្រូវបានប្រជាពលរដ្ឋប្រទះឃើញទាន់ រួចក៏រាយការណ៍ជូននគរបាលចុះទៅធ្វើការឃាត់ខ្លួន ហើយនាំយកទៅសាកសួរ និងចាត់ការតាមច្បាប់តែម្តង។ ហេតុការណ៍នោះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ នៅក្បែររោងចក្រកាត់ដេរ៦ជាន់ តាមបណ្ដោយផ្លូវវ៉េងស្រេង ស្ថិតនៅភូមិចោមចៅ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សេចក្តីរាយការណ៍បន្តថា បុរសដែលជាជនសង្ស័យខាងលើនោះ ឈ្មោះ រ៉េន រឿន អាយុ៣៩ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅជិតកន្លែងកើតហេតុនោះដែរ។
តាមប្រព័ត៌មានបានឲ្យដឹងថា ពុំមាននរណាបានឃើញ និងបានដឹងថា បុរសជាជនសង្ស័យរូបនេះឡើងទៅលើដំបូលផ្ទះនោះតាំងពីពេលណានោះទេ ស្រាប់តែនៅវេលាម៉ោងកើតហេតុ ក៏ប្រទះឃើញជនសង្ស័យរូបនេះស្ថិតនៅលើដំបូលទៅហើយ ទើបមានការភ្ញាក់ផ្អើលតែម្តង។
ប្រភពដដែលបន្តថា ពេលនោះ អ្នកភូមិបាននាំគ្នាហៅឲ្យចុះ ជនសង្ស័យរូបនេះពុំព្រមចុះឡើយ ទើបប្ដឹងសុំការអន្តរាគមន៍ពីកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី១តែម្តង ហើយនគរបាលក៏ចុះទៅកាន់ទីនោះភ្លាមៗផងដែរ។
ប្រភពដដែលបានបន្តឲ្យដឹងទៀតថា គ្រាន់តែឃើញនគរបាលទៅដល់ភ្លាម ជនសង្ស័យរូបនោះក៏បានរត់ផ្លោះពីផ្ទះមួយទៅកាន់ផ្ទះមួយ និងផ្លោះចូលទៅក្នុងរោងចក្រថែមទៀត ហើយកម្លាំងនគរបាលបានលួងលោមឲ្យចុះ តែភ្លាមៗនោះជនសង្ស័យអត់ព្រមចុះ និងនិយាយថា «ខ្លាចប្រជាពលរដ្ឋវាយ»។
ចំណែកនគរបាលវិញ ក៏បានធ្វើការឡោមព័ទ្ធ និងធានាថា មិនឲ្យនរណាធ្វើបាបនោះទេ ប៉ុន្តែជនសង្ស័យរូបនេះនោះនៅតែពុំព្រមចុះទៀត លុះរហូតដល់នគរបាលឡើងទៅចាប់តែម្ដង បន្ទាប់មកបាននាំទៅសាកសួរនៅប៉ុស្តិ៍ ហើយជនសង្ស័យរូបនេះក៏ព្រមសារភាពថា «ខ្លួនឡើងលើដំបូលផ្ទះខាងលើដើម្បីលួចទ្រព្យសម្បត្តិ តែពុំទាន់បានធ្វើផង ក៏ត្រូវនគរបាលឃាត់ខ្លួនបែបនេះតែម្ដង»។
បើតាមប្រភពបន្ថែមពីមន្ត្រីនគរបាលខណ្ឌពោធិ៍សែនជ័យ បានបញ្ជាក់ឲ្យដឹងថា ជនសង្ស័យរូបនេះពុំមែនឡើងទៅលើដំបូលផ្ទះនោះប៉ុនប៉ងលួចនោះទេ គឺបានធ្វើសកម្មភាពលួចយកទូរស័ព្ទ១គ្រឿងម៉ាកIphone8 ព្រមទាំងកាបូបលុយ១ និងកុំព្យូទ័រ១គ្រឿងផងពីយុវជនម្នាក់ឈ្មោះវឿន វៀត អាយុ២៣ឆ្នាំ មុខរបរជាកម្មកររោងចក្រកាត់ដេរ ស្នាក់នៅបន្ទប់ជួលក្នុងភូមិកើតហេតុនោះដែរ ។ ហើយខណៈពេលដែលជនរងគ្រោះកំពុងដេកនៅក្នុងបន្ទប់ដោយចំហរទ្វារក្រោយនោះ ជនសង្ស័យរូបនេះក៏ឆ្លៀតឱកាសចូលទៅលួចតែម្តង ប៉ុន្តែត្រូវជនរងគ្រោះដឹងទាន់បានដេញតាមចាប់ និងយកបានរបស់របរមកវិញ ចំណែកជនសង្ស័យរូបនេះវិញ ក៏បានរត់ឡើងទៅលើដំបូលផ្ទះនៅម្ដុំនោះ រហូតដល់ពេលនគរបាលចាប់ខ្លួនបាន ដោយឡែកជនរងគ្រោះក៏បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលចោមចៅ១រួចរាល់ហើយដែរ៕
ចែករំលែកព័តមាននេះ