ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេពន្ធដារប្រកាសឱ្យបង់ពន្ធយានយន្តតាម App ទូរស័ព្ទដៃ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ស្ថិតក្នុងកាលៈទេសៈសេដ្ឋកិច្ច និងសង្គមកម្ពុជា ជួបវិបត្តិនឹងជំងឺកូវីដ ១៩ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ ប្រកាស…

រាជធានីភ្នំពេញ ៖ ស្ថិតក្នុងកាលៈទេសៈសេដ្ឋកិច្ច និងសង្គមកម្ពុជា ជួបវិបត្តិនឹងជំងឺកូវីដ ១៩ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ ប្រកាស និងជំរុញឱ្យបង់ពន្ធមធ្យោបាយដឹកជញ្ជូន និងជំនិះគ្រប់ប្រភេទតាម App ទូរស័ព្ទដៃ ស្របពេលនៃការចុះបញ្ជីយានយន្តគ្រប់ប្រភេទនៅតាមក្រសួងសាធារណការ និងដឹកជញ្ជូនគិតត្រឹមរយៈពេល ៦ ខែ ឆ្នំា ២០២១ នេះមានជាង ២៦ ម៉ឺនគ្រឿង ។

ប្រកាសនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែមិថុនា និងប្រចាំឆមាសទី ១ ឆ្នាំ ២០២១ របស់អគ្គនាយកដ្ឋានពន្ធដារថ្មីៗនេះ ឯកឧត្តម គង់ វិបុល ជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ មានប្រសាសន៍ថា អគ្គនាយកដ្ឋានបានបង្កើតនូវផលិតផលថ្មីមួយទៀតដែលផ្តល់លក្ខណៈកាន់តែងាយស្រួលជាមុន គឺការបង់ពន្ធតាម App ទូរស័ព្ទដៃ ដែលមានឈ្មោះថា បង់ពន្ធមធ្យោបាយដឹកជញ្ជូន និងជំនិះគ្រប់ប្រភេទ ដែលជាជម្រើសថ្មីមួយកាត់បន្ថយពេលវេលា និងចំណាយពេលក្នុងការធ្វើដំណើរផ្សេងៗ ដោយម្ចាស់យានយន្តគ្រប់ប្រភេទអាចបង់តាមប្រព័ន្ធនេះបានចំនួន ១០ គ្រឿង ។ ជាពិសេសអាចឆែកមើលពីប្រវត្តិនៃការបង់ពន្ធនានាបានថែមទៀតផង ។

ឯកឧត្តមគូសបញ្ជាក់ថា «ការអនុវត្តបង់ពន្ធតាមអនឡាញនេះ គឺជាការកាត់បន្ថយការជួបជុំ ឬប្រមូលផ្តុំគ្នា នៅក្នុងស្ថានភាពនៃការរីករាលដាលជម្ងឺកូវីដ-១៩ ដែលរាជរដ្ឋាភិបាលកំពុងទប់ស្កាត់» ។

យោងតាមរបាយការណ៍នៃការចុះបញ្ជីយានយន្តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា គិតត្រឹមរយៈពេល ៦ ខែដើមឆ្នំា ២០២១ នេះ ការចុះបញ្ជីយានយន្តគ្រប់ប្រភេទសរុបមានប្រមាណ ២៦៦.៩៨០ ម៉ឺនគ្រឿង បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នំា ២០២០ មាន ២៩៦.២៥៤ គ្រឿង ពោលមានការថយចុះជាង ៩% ។

លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងតាមប្រព័ន្ធទំនាក់ទំនងសង្គមតេឡេក្រាមថា «ការចុះបញ្ជីយានយន្តនៅក្នុងរយៈពេល ៦ខែដើមឆ្នាំ ២០២១ មានការស្រុតចុះ តែមិនជាខ្លំាងនោះទេ បើយើងមើលទៅការចុះបញ្ជីលើម៉ូតូ ថយចុះពី ២៣ ម៉ឺនគ្រឿងមកនៅត្រឹម ២០,៥ ម៉ឺនគ្រឿង, រថយន្តគ្រួសារ រថយន្តទេសចរណ៍ពីជាង ៥,៧ ម៉ឺនគ្រឿងមកនៅត្រឹម ៥,២ ម៉ឺនគ្រឿង រីឯរថយន្តធុនធំពីជាង ១ ម៉ឺនគ្រឿង ថយមកនៅជាង ៩ ពាន់គ្រឿងនៃឆ្នំា ២០២១» ។

លោកគូសបញ្ជាក់ថា ការចុះបញ្ជីយានយន្តមានការថយចុះបន្តិចបន្តួចនេះ ជាសញ្ញាមួយមិនបានបង្ហាញជាបញ្ហាចោទនោះទេ ដោយសារនៅឆ្នំានេះ យើងឃើញថា វិបត្តិជំងឺកូវីដ ១៩ បានធ្វើឱ្យប៉ះពាល់ដល់គ្រប់វិស័យនៅក្នុងសេដ្ឋកិច្ច តែយើងនៅអាចគ្រប់គ្រងបាន ។

បើតាមឯកឧត្តម គង់ វិបុល ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននេះរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះអនុស្សារណៈយោគយល់គ្នាជាមួយធនាគារចំនួន ៧ ដោយម្ចាស់យានយន្តអាចទៅបង់ពន្ធនៅតាមធនាគារជាដៃគូរនោះបាន ក្រៅពីនេះម្ចាស់យានយន្តអាចបង់ពន្ធតាមអនឡាញ E-Payment របស់អគ្គនាយកដ្ឋានពន្ធដារ បានកាន់តែងាយស្រួលបន្ថែមទៀត ជាក់ស្តែងការបង់ពន្ធតាមប្រព័ន្ធនេះនាឆ្នាំកន្លងមកមានកំណើនកើនឡើងគួរជាទីកត់សម្គាស់ ។

ការប្រមូលចំណូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ រួមជាមួយការផាកពិន័យ ដែលម្ចាស់យានយន្តមិនទាន់បានបង់ពន្ធលើមធ្យោបាយធ្វើដំណើររបស់ខ្លួនតាមការកំណត់នៅក្នុងឆ្នាំ ២០២០ សរុបមានចំនួនជាង ៧៣ ម៉ឺនគ្រឿង ក្នុងនោះមានរថយន្តចុះបញ្ជីថ្មី មានចំនួនជិត ១០ ម៉ឺនគ្រឿង បានកើនឡើងលើសផែនការ ដែលបានកំណត់ចំនួនជាង ៣៥ ភាគរយ នៃប្រាក់ចំណូលពន្ធ ។ ចំណែកការបង់ពន្ធលើមធ្យោ បាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ ២០២១ នេះ អគ្គនាយកដ្ឋានពន្ធដារ បានប្រកាសដល់ម្ចាស់យានយន្តគ្រប់ប្រភេទ បង់ពន្ធឆ្នាំ ២០២១ ដែលបានប្រកាសបង់ពន្ធចាប់តាំងពីខែ ឧសភា ឆ្នាំ ២០២១ នឹងត្រូវបញ្ចប់នៅត្រឹមថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២១ ខាងមុខនេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ