នៅក្នុងឆ្នាំ ២០២០ ចំនួនអ្នកធ្វើអាជីវកម្មខ្លួនឯងបានកើនឡើងយ៉ាងគំហុក ដូចនេះតើអ្នកដឹងទេថា អ្នកត្រូវត្រៀមខ្លួនបែបណាមុនពេលអ្នកក្លាយខ្លួនជាសហគ្រិនម្នាក់ ។ ខាងក្រោមនេះជាចំណុចមួយចំនួន សម្រាប់អ្នកចង់ចាប់ផ្តើមអាជីវកម្មខ្លួនឯង ៖
ទី ១) ហានទទួលយកភាពមិនមានស្ថេរភាព ៖ មានន័យថា អ្វីៗក៏ដោយនឹងអាចដូចការគិតរបស់យើងទាំងស្រុងនោះទេ នៅពេលអ្នកចាប់ផ្តើមអាជីវកម្មឬត្រៀមក្លាយខ្លួនជាសហគ្រិនម្នាក់ នោះប្រហែលជាប្រាក់ខែរបស់អ្នកមិនមាននោះទេ ។ ជារឿយៗវាអាចត្រូវការពេលវេលាយូរបន្តិច រហូតអាជីវកម្មរបស់អ្នកមានស្ថេរភាព ។ របៀបដែលអ្នកបង់ប្រាក់ឱ្យខ្លួនឯង នឹងផ្អែកលើការអនុវត្តរបស់ក្រុមហ៊ុន ឬអាជីវកម្មអ្នក ប្រសិនបើក្រុមហ៊ុន ឬអាជីវកម្មអ្នក រកចំណូលមិនទាន់បាន នោះប្រាក់ខែរបស់អ្នកក៏មិនមានដែរ ។ បន្ថែមពីនេះ ប្រសិនបើអ្នកមិនមានឆន្ទៈ ក្នុងការលះបង់នូវរបៀបរស់នៅ និងការកាត់បន្ថយការចំណាយផ្សេងៗ (ខ្ជះខ្ជាយ) អ្នកនឹងមិនអាចបន្តដំណើរទៅមុខបាននោះទេ ។
ទី ២) ត្រូវតែមានភាពជឿជាក់លើខ្លួនឯង ៖ ការសិក្សាបានបង្ហាញថា ម្ចាស់អាជីវកម្មដែលតែងតែបន្ទាបខ្លួន និងសម្របខ្លួនបានល្អអាចរកប្រាក់ចំណេញពី ១០ ទៅ ២៥ ភាគរយ ជាងអាជីវកម្មដែលក្រអើតក្រទម (សំដៅលើសេវាកម្មល្អ ទំនាក់ទំនងល្អជាមួយអតិថិជន។ល។) ។ មួយវិញទៀតកង្វះទំនុកចិត្តលើខ្លួនឯង ក៏ជាឧបសគ្គដល់ការរីកចម្រើនរបស់ក្រុមហ៊ុនឬអាជីវកម្មរបស់អ្នកដែរ ។ សូម្បីតែអ្នកខ្លួនឯងមិនមានទំនុកចិត្តផង តើអ្នកអាចធ្វើឱ្យនិយោជិក និងអតិថិជនរបស់មានទំនុកចិត្តលើអ្នកយ៉ាងដូចម្តេច ? ។ សហគ្រិនមិនគួរគិត និងនិយាយភាពអវិជ្ជមានចំពោះខ្លួនឯង និងអ្នកដទៃនោះទេ ។ ហើយអ្នកត្រូវតែគ្រប់គ្រងឱ្យបាននូវការភ័យខ្លាចរបស់ខ្លួន នៅពេលមានបញ្ហាប្រឈមម្តងៗ អ្នកត្រូវប្រឆាំងនឹងគំនិតអវិជ្ជមាន និងជំនួសមកវិញនូវការគិតវិជ្ជាមានជានិច្ច ។
ទី ៣) ហានសម្រេចចិត្ត និងមានភាពរហ័ស ៖ សហគ្រិនជោគជ័យច្រើនតែអាចធ្វើការសម្រេចចិត្តបានរហ័សនិងត្រឹមត្រូវ ។ ដូចពាក្យគេតែងតែនិយាយថា ពេលវេលាគឺជាមាសប្រាក់ ។ អ្នកដឹកនាំពូកែ គឺជាអ្នកធ្វើការសម្រេចចិត្តដ៏អស្ចារ្យ ហើយរងចាំទាល់តែប្រមូលទិន្នន័យឱ្យបានច្រើននោះទេ ។ ការសម្រេចចិត្តចាប់ផ្តើមពីរឿងតូចៗនិងញឹកញាប់ នោះយូរទៅៗវានឹងធ្វើឱ្យស៊ាំនឹងការសម្រេចលឿនដោយមិនស្ទាក់ស្ទើរនោះទេ ព្រោះវាបានធ្វើឱ្យអ្នកមានសភាវគតិ និងបទពិសោធន៍រួចហើយ ។ ដូចនេះក្នុងជីវិតនៃអនុវត្តន៍ជាក់ស្តែង នឹងធ្វើឱ្យកាន់តែប្រសើរ ហើយវាថែមទាំងផ្តល់មេរៀនឱ្យអ្នករៀនពីកំហុសទៀតផង ។ ប្រសិនបើការសម្រេចចិត្តមិនដំណើរការដូចអ្វីដែលអ្នកចង់បាន សូមកុំបាក់ទឹកចិត្ត ។
ទី ៤) មានចក្ខុវិស័យក្នុងការប្តេជ្ញាចិត្តក្នុងការធ្វើវា ៖ អ្នកគួរដឹងថា សហគ្រិន មិនអាចធ្វើការដល់ម៉ោងចេញ ធ្វើ ៥ ថ្ងៃក្នុងមួយសប្តាហ៍ ហើយរៀងរាល់ចុងសប្តាហ៍ត្រូវតែដើរលេងនោះទេ ។ ជីវិតទាំងនេះនឹងត្រូវផ្លាស់ប្តូរនៅពេលអ្នកសម្រេចចិត្តធ្វើម្ចាស់អាជីវកម្ម ។ អ្នកត្រូវដឹងភាពខុសគ្នារវាងនិយោជិត និងនិយោជក ។ អ្នកត្រូវតែមានឆន្ទៈធ្វើឱ្យមនុស្សគ្រប់គ្នា ដើរលើផ្លូវរបស់អ្នក ។ មានន័យថា អ្នកនឹងលះបង់ពេលវេលាវិស្សមកាល ថ្ងៃឈប់សម្រាក និងចុងសប្តាហ៍ និងម៉ោងធ្វើការ អញ្ចឹងហើយបានជាវាទាមទារឱ្យអ្នកមានការប្តេជ្ញាខ្ពស់ ។
ទី ៥) ផ្តោតសំខាន់លើចំណុចល្អៗរបស់អ្នកដទៃ ៖ គំនិតរបស់អ្នក គឺល្អ ប៉ុន្តែក៏មិនមានន័យថា ល្អទាំងអស់នោះទេ ដូចនេះប្រសិនបើអ្នកក្លាយខ្លួនជាម្ចាស់សហគ្រិន អ្នកគួររៀនពីគំនិតរបស់អ្នកដទៃដែលល្អ និងធ្វើឱ្យអ្នករីកចម្រើន ។ និយាយរួមមិនមាននរណាល្អគ្រប់ដប់នោះទេ ដូចនេះអ្វីដែលអ្នកត្រូវដឹង សហគ្រិនគួរស្តាប់យោបល់និងគំនិតល្អៗរបស់ដទៃ ឬអតិថិជន (បញ្ជាក់គំនិត និងយោបល់ ដែលអ្នកគិតថាធ្វើឱ្យអាជីវកម្មរីកចម្រើន និងទទួលយកដោយការគិតពិចារណា) ។ អ្នកជំនាញបានណែនាំថា អ្នកគួរតែមានទំនាក់ទំនងល្អផងដែរ ជាមួយមនុស្សគ្រប់ប្រភេទ និងរៀនយល់អំពីពួកគេ ។ ការប្រាស្រ័យទាក់ទងជាមួយមនុស្សគ្រប់ប្រភេទ វាជាស្ពានសម្រាប់ចម្លងអ្នកឱ្យទទួលបានភាពជោគជ័យ និងមនុស្សជាច្រើនបានស្គាល់អ្នក ។
ទី ៦) មានការអត់ធ្មត់ខ្ពស់ ៖ ធម្មតា ប្រសិនបើយើងចាប់ផ្តើមដំបូងមិនទាន់ទទួលបានជោគជ័យទេ នោះប្រាកដណាស់ថា អ្នកមិនអាចបោះបង់ចោលបានទេ អ្នកត្រូវមានការអត់ធ្មត់ខ្ពស់ និងការរងចាំពេលវេលាដ៏ល្អមួយ និងមានការគិតពិចារណារកហេតុនិងផល ដើម្បីបន្តអាជីវកម្មឬធ្វើឱ្យអាជីវកម្មប្រសើរឡើង ។ អ្នកត្រូវដឹង ចង់បានភាពជោគជ័យមិនងាយស្រួលនោះទេ ដូចនេះហើយបានជាសហគ្រិនគួរត្រៀម នៅពេលអ្នកធ្វើអាជីវកម្មខ្លួនឯង វាអាចចំណាយពេលជាច្រើនឆ្នាំ នៃការលះបង់ប្រកបដោយនិរន្តរភាព និងការខិតខំ ដើម្បីក្លាយជានាយកប្រតិបត្តិ ដែលទទួលបានប្រាក់ខែខ្ពស់ ៕ ប្រភព ៖ Forbes
ចែករំលែកព័តមាននេះ