- ភ្នំពេញ
ភ្នំពេញ៖ ការបូជាសព នៅតាមវត្តអារាម នាពេលសព្វថ្ងៃ ពិសេសនៅភ្នំពេញ មានតម្លៃថ្លៃ ដែលនាំឲ្យមានការរិះគន់ជាខ្លាំង រហូតដល់មានការលើកឡើងថា វត្តអារាម កំពុងធ្វើអាជីវកម្មលើមរណទុក្ខ។…
ភ្នំពេញ៖ ការបូជាសព នៅតាមវត្តអារាម នាពេលសព្វថ្ងៃ ពិសេសនៅភ្នំពេញ មានតម្លៃថ្លៃ ដែលនាំឲ្យមានការរិះគន់ជាខ្លាំង រហូតដល់មានការលើកឡើងថា វត្តអារាម កំពុងធ្វើអាជីវកម្មលើមរណទុក្ខ។…
ភ្នំពេញ៖ ការបូជាសព នៅតាមវត្តអារាម នាពេលសព្វថ្ងៃ ពិសេសនៅភ្នំពេញ មានតម្លៃថ្លៃ ដែលនាំឲ្យមានការរិះគន់ជាខ្លាំង រហូតដល់មានការលើកឡើងថា វត្តអារាម កំពុងធ្វើអាជីវកម្មលើមរណទុក្ខ។ ចំណុចនេះ ទាមទារឲ្យថ្នាក់ដឹកនាំធម្មការ និងសាសនា ពិសេសគណៈកម្មការតាមវត្តនិមួយៗ ត្រូវតែកែសម្រួលលើតម្លៃ និងទម្លាប់មិនល្អទាំងនោះជាបន្ទាន់ ដើម្បីលើកតម្លៃព្រះពុទ្ធសាសនាយើងផង និងដើម្បីលើកតម្លៃសីលធម៌សង្គមយើងផង។
កាលពីសប្តាហ៍មុន លោក អ៊ឹម បុរិន្ទ អ្នកហោរាសាស្ត្រខ្មែរ និងជាអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិ បានបង្ហោះសារ ដែលគួរឲ្យភ្ញាក់ផ្អើលថា «អារាម កំពុងធ្វើអាជីវកម្មលើមរណទុក្ខ»។
លោក អ៊ឹម បុរិន្ទ លើកឡើងថា ក្រុមគ្រសារ ដែលមានទុក្ខធ្ងន់ដោយមានសាច់ញាតិទទួលមរណភាព ក្រុមគ្រួសារសាច់ញាតិបង្កើត ឳពុកម្ដាយបងប្អូនបង្កើតៗ ដែលរស់នៅជាទូទៅភាគច្រើន ច្រើនបាត់បង់ម្ចាស់ការ ពួកគាត់មានកង្វល់ជាខ្លាំង ទុក្ខព្រួយខ្លាំង គិតរឿងអ្វី មិនចេញនោះឡើយ។ យល់ស្ថានការណ៍ដូចនេះ ក្រុមឱកាសនិយម ក្រុមអាចារ្យយោគី ដូនជីតាជី ដែលរស់នៅដុះស្លែរ ក្នុងទីប៉ាឆា ស្គាល់ស្ថានការណ៍ ចំពោះអ្នករងទុក្ខដូច្នេះ ឆ្លៀតឱកាសធ្វើអាជីវកម្មលើសាកសព លើក្រុមគ្រួសារ ដែលជនរងគ្រោះជួបនឹងមរណទុក្ខ។
លោក អ៊ឹម បុរិន្ទ បន្តថា ជាក់ស្ដែង នៅថ្ងៃទី១៧-១៨ ខែមិថុនា ឆ្នាំ២០២១ រូបលោក បានជួបផ្ទាល់ ដែលបានបាត់បង់កូនស្រីជាទីស្រឡាញ់។ លោក បានដឹកសព ទៅតម្កល់ធ្វើបុណ្យ និងបូជាសព នៅបរិវេណទីប៉ាឆាវត្តសំបួរមាស ក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
លោក អ៊ឹម បុរិន្ទ បន្តថា អំពីរថយន្តដឹកសព ចេញពីបុរីពិភពថ្មីចំការដូង ដល់ទីប៉ាឆាវត្តសំបួរ ចម្ងាយ ១២០០ម៉ែត្រ តម្លៃ ៨០ដុល្លារអាមេរិក ស្មើនឹង ៣២៨.០០០៛ មេរុបូជាសព (មេរុរបស់វត្ត) ដែលពុទ្ធបរិស័ទ មានសទ្ធាជ្រះថ្លាកសាងទុកបូជាសពពុទ្ធសាសនិកជន (មេរុកសាងអំពីថ្ម) តម្លៃសពមួយរូប ៧០០ដុល្លារអាមេរិក ស្មើនឹង ២.៨៧០.០០០៛ ក្នុងនោះ មានក្ដារមឈូស ធ្វើអំពីក្ដារកុងផ្លាកេ មួយសម្រាប់ដាក់សព។ ឫស្សីដាក់សំឡីជ្រលក់ប្រេងកាត មួយដើម សម្រាប់ឈួលភ្លើងតម្លៃ ៤៨.០០០៛។ ដោយឡែក រួមមាន លោកអាចារ្យយោគីពីរនាក់ និងយាយជី ៥ ទៅ ៦នាក់ គាត់និយាយថា គាត់រស់នៅទីនេះ រកស៊ីមុខរបរនឹង ២០ឆ្នាំមកហើយ។ ពួកគាត់ តែងតែណែនាំពួកយើង ទិញនេះ ទិញនោះ ដាក់ឱ្យសព ក្រុមគ្រួសារ ដែលកំពុងរងទុក្ខ និងសោកសង្រែងអាណិតកូនផង បង ឬប្អូនផង ចេះតែធ្វើតាមគាត់ទាំងអស់ ហើយរបស់ទាំងអស់នោះ ថ្លៃៗកប់ពពក។
លោក អ៊ឹម បុរិន្ទ បន្ថែមថា នៅមានរឿង គួរឱ្យហួសចិត្តពីររឿងទៀត នោះគឺ៖ ទី១ គឺប៉ាឡុង ដែលរៀបចំ សម្រាប់សពតម្លៃ ៨០ដុល្លារ ស្មើ ៣២៨.០០០៛ ដែលអាចារ្យ តម្រូវឱ្យជាវដែរនោះ។ យើងខ្ញុំ សង្កេតឃើញថា គ្រាន់តែដាក់បញ្ឈរក្បែរៗទីនោះ តែមិនបានឱ្យព្រះសង្ឃវេរទេ ហើយចប់កម្មវិធីហើយ ក៏មិនឃើញព្រះសង្ឃ យកទៅដែរ។ ទី២ ចំណែកយាយជី ដែលគាត់រស់នៅប្រកបរបរនេះដុះស្លែរនោះ គាត់បានដើរប្រមូលក្រដាសមាសក្រដាសប្រាក់ ដែលយើងបាចនៅពេលហែរសព ជុំវិញមេរុនោះ មករៀបចំទុកវិញ សម្រាប់លក់ឱ្យសពក្រោយៗទៀត។ សម្រាប់លោកអាចារ្យយោគីយាយជី ការចំណាយទៅលើពួកគាត់ ត្រូវចំណាយប្រហែល ៣០០ដុល្លារទៀត។ នៅមានរឿងតូចតាចជាច្រើនទៀត ដែលលោក អ៊ឹម បុរិន្ទ មិនចង់និយាយ។
លោក អ៊ឹម បុរិន្ទ បន្ថែមថា នៅក្នុងពិធីបុណ្យ ៧ថ្ងៃរបស់កូនលោក មានលោកតាលោកយាយ មកពីទីផ្សេងៗ លោកបាននិយាយរឿងនេះ ប្រាប់គាត់ គាត់បានឆ្លើយតបមកលោកថា នៅវត្ត គាត់បូជាសពមួយថ្លៃ ១៥០០ដុល្លារ ខ្លះទៀតថា វត្តគាត់ ដល់ទៅ ១៨០០ដុល្លារឯណោះ។ អីចឹងវត្ត ដែលមានមេរុភាគច្រើន នៅទីក្រុងភ្នំពេញ គឺបូជាសពមួយៗ មានតម្លៃខ្ពស់ណាស់ ស្ទើគ្រប់វត្តទៅហើយ។ សម្រាប់ជន ដែលមានថវិកាគួរសម វាមិនអីទេ តែសម្រាប់ជនក្រីក្រវិញ តើយ៉ាងណាទៅ? សូមពិចារណាផង។
លោក អ៊ឹម បុរិន្ទ ក៏បានបន្ថែមថា «សួរថា ព្រះគ្រូចៅអធិការវត្ត មេភូមិ ចៅសង្កាត់ ខណ្ឌ ចៅហ្វាយក្រុង ក្រសួងធម្មការ ដឹងរឿងអស់ទេ? បើមិនដឹង គួរចាត់វិធានការ ដើម្បីរក្សាតម្លៃព្រះពុទ្ធសាសនា រក្សាជំនឿទំនៀមទម្លាប់សាសនា កុំឱ្យពួកឱកាសនិយម ឆ្លៀតឱកាសបំផ្លាញព្រះពុទ្ធសាសនាផង បំផ្លាញប្រពៃណីទំនៀមទម្លាប់សាសនាផង ក្នុងពេលវេលា ដែលប្រជាពលរដ្ឋ កំពុងរងទុក្ខដោយសារកូវីដ-១៩ផង»។
ករណីខាងលើនេះ ដោយសារតែមនុស្សមួយក្រុម ធ្វើឲ្យខូចឈ្មោះដល់វត្ត និងព្រះពុទ្ធសាសនាទាំងមូលតែម្តង។ ករណីនេះ ដូចលោកអ៊ឹមបុរិន្ទ លើកឡើង គឺមិនមែនតែនៅវត្តសំបួរមាស ក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ គឺនៅវត្តជាច្រើនទៀត ដែលមានមេរុ មានបច្ឆា សម្រាប់បូជាសព ក៏តែងតែត្រូវបានប្រជាពុទ្ធបរិស័ទលើកឡើងពីការចំណាយថ្លៃលើការស្នើសុំរៀបចំពិធីបុណ្យសព នៅក្នុងវត្តដូចគ្នានេះដែរ។
តម្លៃ ត្រូវបានកំណត់តាមមាត់របស់អាច្ចារ្យ ឬអ្នកមើលការខុសត្រូវ លើការចាត់ចែងរៀបចំបុណ្យ និងបូជាសព។ តម្លៃថ្លៃលើការចំណាយបូជាសពនេះ ជារឿងមួយជ្រុង មិនល្អនៅក្នុងវត្ត ដែលគេមិនទាន់គិតដល់បញ្ញាជាច្រើនទៀតទេ។ ក្នុងនោះ ការជាវដីក្នុងវត្ត ធ្វើចេតិយ ដែលប្រៀបដូចជា ការពុះដីវត្តលក់ដូច្នោះដែរ។ មិនថា ដីវត្តនៅភ្នំពេញ ឬនៅវត្តតាមបណ្តាខេត្តស្រុកស្រែចំការណាទេ គឺអ្នកចង់ធ្វើចេតិយតម្កល់ធាតុជីដូនជីតា ឪពុកម្តាយ ឬសាច់ញាតិ ត្រូវចំណាយលុយរាប់ពាន់ដុល្លារ ហើយនៅវត្តខ្លះ ចូលដល់រាប់ម៉ឺនដុល្លារ ដើម្បីបានដីមួយដុំ ធ្វើចេតិយ។
ចំណុចអសកម្ម នៅតាមវត្ត ពិសេសលើតម្លៃធ្វើបុណ្យ និងបូជាសពនេះ ត្រូវតែកែប្រែ។ អ្នកទទួលបន្ទុកធ្វើបុណ្យ បូជាសព តាមទីបច្ឆា តាមមេរុក្នុងវត្ត ត្រូវកែសម្រួលមុនគេ ហើយមិនត្រូវកំណត់តម្លៃ ដូចនៅវត្តសំបួរមាស ដែលបានលើកឡើងខាងលើនោះឡើយ។ តាមសទ្ធាជ្រះថ្លារបស់ក្រុមគ្រួសារសព ជាអ្នកជូន ហើយបើត្រូវកំណត់ចំណាយ ក៏ត្រូវកំណត់ឲ្យសមរម្យតាមរបស់របរនោះ គិតត្រឹមតែរួចខ្លួនបានហើយ។ ថ្លៃសាំងឡាន និងថ្លៃអុស ហើយអ្វីផ្សេងទៀត មិនគួរកំណត់ឲ្យក្រុមគ្រួសារសព បង់ថ្លៃនេះបង់នោះ ដែលជារបៀបចង់ធ្វើស៊ីគេនោះឡើយ។
រឿងនេះ យើងគួរតែធ្វើបុណ្យទាន មិនមែនចាស់ៗហើយ ទៅនៅវត្ត បែរជាយកវត្ត ធ្វើអាជីវកម្មនោះឡើយ។ រឿងនេះ បើគិតពីបុណ្យបាប គឺធ្លាក់នរក ហើយបើគិតពីគុណធម៌ និងសីលធម៌វិញ រឹតតែខុសឆ្គង និងត្រូវគេតិះដៀល ដែលសង្គមព្រះពុទ្ធសាសនាយើង ស្អប់ខ្ពើមថែមទៀត។
ខាងក្រសួងធម្មការ និងសាសនា រួមទាំងមន្ទីរធម្មការ និងសាសនា អាជ្ញាធររាជធានីខេត្ត ស្រុក និងខណ្ឌ រួមទាំងថ្នាក់ដឹកនាំព្រះសង្ឃ មិនត្រូវសង្ងំស្ងៀមតទៅទៀតទេ ក្នុងរឿងយកលុយថ្លៃៗ លើការធ្វើបុណ្យ និងបូជាសពតាមវត្ត ពិសេសវត្តនៅភ្នំពេញនេះតែម្តង។ អាចជារឿង ដែលយើងមើលរំលង តែកុំភ្លេចថា រឿងនេះ ធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ហើយប្រជាជនកម្ពុជាយើង ច្រើនលើសលប់ ជាអ្នកគោរព និងកាន់ព្រះពុទ្ធសាសនា៕
ចែករំលែកព័តមាននេះ