ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវករ​​​លក់​​មាស​​​​រក​​ការ​​ជួយ​​អន្តរាគមន៍​​ពី​​អាជ្ញាធរ​ ​កន្លង​មក​ការ​ទិញ​ដូរ​ខ្លះ​ប៉ូលិស​ចោទ​ថា​«ទទួលផលចោរកម្ម»

15 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ ក្រុម​អាជីវ​ករ​លក់​មាស​ប្តូរ​ប្រាក់​នៅ​ផ្សារ​​ស្ទឹង​មានជ័យ​ប្រមាណ​៣០​នាក់ ក្នុង​ចំណោម​អាជីវ​ករ​​ប្រកប​របរ​លក់​មាស​ក្នុងផ្សារ​ទាំង​អស់​៦៤​នាក់ ស្មើ​នឹង​៦៤​តូប បាន​លើក​គ្នា​មក​តវ៉ា​ដល់​សាលា​ខណ្ឌ​មាន​​ជ័យ​នាព្រឹក​ថ្ងៃ​ទី​១៤ មីនា ដើម្បី​ទាម​ទារ​សុំ​ឱ្យ​លោក​អភិ​បាល​ខណ្ឌ​មាន​ជ័យ​ជួយ​មាន​វិធាន​ការ​ចំពោះ​មន្ត្រី​នគរ​បាល​ព្រហ្ម​​ទណ្ឌ​ក្រសួង​មហា​ផ្ទៃ ក៏​ដូច​ជា​នគរ​បាល​​ក្រុង​ភ្នំពេញ និង​នគរ​បាល​នៃ​អង្គ​ភាព​ផ្សេង​ៗ​ទៀត ​ដែល​កន្លង​មក​តែង​តែ​ចាប់​ពួក​​គាត់​ជា​អាជីវ​ករ​លក់​មាស​ទៅ​​គំរាម​កំហែង​ឃុំ​ខ្លួន​រឿង​បញ្ហា​ទទួល​ផល​ចោរ​កម្ម។

ក្រុម​អាជីវ​ករ​បាន​លើក​ឡើង​ថា កន្លង​មក​មាន​អាជីវ​ករ​ខ្លះ​ធ្លាប់​ត្រូវ​សមត្ថ​កិច្ច​នគរ​បាល​ព្រហ្ម​ទណ្ឌ​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​រាជ​ធានី​ភ្នំពេញ​ ចាប់​ខ្លួន​​ទៅ​គំរាម​កំហែង​ដាក់​គុក​​ទារ​ប្រាក់​ឆៅៗ​រាប់​ពាន់​ដុល្លារ​ ដោយ​ចោទ​ថា ពាក់​ព័ន្ធ​នឹង​បញ្ហា​ទទួល​ទិញ​គ្រឿង​អលង្ការ​ពី​ចោរ។ បញ្ហា​នេះ​ក្រុម​អាជីវ​ករ​លើក​ឡើង​ថា គាត់​រក​ស៊ី​លក់​ដូរ​មាស​ធ្វើ​ម្តេច​នឹង​ដឹង​ថា​បុគ្គល​ណា​ជា​ចោរ​ប្លន់ ឆក់ លួច​យក​មាស​ប្រាក់​គ្រប់​ប្រភេទ​មក​លក់​ឱ្យ​ពួក​គាត់​។ ​បើ​មាន​អតិថិ​ជន​យក​គ្រឿង​អលង្ការ​មក​លក់ គឺ​​​គាត់​ទាំង​អស់​​គ្នា​ច្បាស់​ជា​ទិញ​ ហើយ​មិន​ដឹង​ថា បុគ្គល​នោះ​ជា​សមាស​ភាព​អ្វី​ទេ។ ដូច្នេះ​បើ​មាន​បញ្ហា​នេះ​កើត​ឡើង​គួរ​តែ​ច្បាប់ ឬ​មន្ត្រី​មាន​សមត្ថ​កិច្ច​ថ្នាក់​មូល​ដ្ឋាន​ជួយ​រក​យុត្តិ​ធម៌​ជូន​ពួក​គាត់​ផង កុំ​ឱ្យ​​យក​លេស​លើ​ច្បាប់​ទទួល​ផល​ចោរ​កម្ម​ ហើយ​ចាប់​មនុស្ស​ទៅ​ជំរិត​ទារ​ប្រាក់​ឆៅ​ៗ​ដូច​កន្លង​មក គឺ​អយុត្តិ​ធម៌​ពេក ​សម្រាប់​អាជីវ​ករ​រកស៊ី​ស្រប​ច្បាប់។

ក្រុម​អាជីវ​ករ​ខ្លះ​ទៀត​លើក​ឡើង​ថា ពេល​ជួប​បញ្ហា​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​ទទួល​ផល​ចោរ​កម្ម​ម្តង​ៗ​ ក្រុម​អាជីវ​ករ​តែង​តែ​ទទួល​រង​ការ​ខាត​បង់​ទាំង​ដើម​ទាំង​ចុង ដោយ​ទទួល​រង​ការ​ផាក​ពិន័យ​យ៉ាង​ចាស់​ដៃ​ពី​សំណាក់​សមត្ថ​កិច្ច​ អ្នក​អនុ​វត្ត​ច្បាប់ និង​តុលា​ការ​ផង​ដែរ។ ទាក់​ទិន​ទៅ​នឹង​រឿង​រ៉ាវ​ចោទ​ប្រកាន់​ឡើង​ពី​សំណាក់​ក្រុម​អាជីវ​ករ​​ទៅ​លើ​សមត្ថ​កិច្ច​នគរ​បាល​ដែល​ធ្លាប់​ពាក់​ព័ន្ធ​ជា​មួយ​ការ​ចាប់​ខ្លួន​ក្រុម​អាជីវ​ករ​នោះ​ នៅ​ព្រឹក​ថ្ងៃ​ដដែល លោក​គួច ចំរើន អភិ​បាល​ខណ្ឌ​មាន​ជ័យ បាន​ជួប​ជា​មួយ​ក្រុម​អាជីវ​ករ ហើយ​ពន្យល់​អំពី​នីតិ​វិធី​ច្បាប់​ខ្លះ​ដល់​​ពួក​គាត់​ឱ្យ​យល់​អំពី​បទ​ល្មើស «ទទួល​ផល​ចោរ​កម្ម» ដែល​​ច្បាប់​បាន​ចែង​ ​​ហើយ​តុលា​ការ​កំពុង​ប្រតិ​បត្តិ​​រាល់​ថ្ងៃ​នេះ។

លោក​គួច ចំរើន បាន​លើក​ឡើង​ថា បើ​បង​ប្អូន​អាជីវ​ករ​ជួប​នូវ​វិវាទ​កើត​ទុក​មិន​សុខ​ចិត្ត​លើ​ការ​អនុ​វត្ត​នីតិ​វិធី​ច្បាប់​អ្វី​មួយ​ បង​ប្អូន​មាន​សិទ្ធិ​ពឹង​ពាក់​មេធាវី​ពិគ្រោះ​បញ្ហា​សេវា​ផ្លូវ​ច្បាប់ ព្រោះ​មេធាវី​​ចេះ​ច្បាប់​ជាង​បង​ប្អូន​ទាំង​អស់​គ្នា។ ម្យ៉ាង​ទៀត​មេធាវី​​មាន​សិទ្ធិ​ការ​ពារ​ផ្លូវ​ច្បាប់​ជូន​បង​ប្អូន​គ្រប់​បទ​ល្មើស​ទាំង​អស់​ មិន​ថា​តែ​បទ​ល្មើស​រដ្ឋ​ប្បវេណី ឬ​បទ​ល្មើស​ព្រហ្ម​ទណ្ឌ​ឡើយ។ ឆ្លៀត​ឱកាស​នៃ​ការ​ជួប​ជុំ​គ្នា​ខាង​លើ​នេះ​ដែរ លោក​គួច ចំរើន​ ក៏​បាន​ពន្យល់​ដល់​បង​ប្អូន​អាជីវ​ករ​ទាំង​អស់​ត្រូវ​ធ្វើ​យ៉ាង​ណា​ទិញ​លក់​គ្រឿង​អលង្ការ​គ្រប់​ប្រភេទ​ចាំ​បាច់​​ត្រូវ​មាន​វិក្កយ​បត្រ​ទិញ​លក់​ឱ្យ​បាន​ត្រឹម​ត្រូវ​។ លើស​ពី​នេះ​ទៅ​ទៀត​បង​ប្អូន​អាជីវ​ករ​​ទិញ​លក់​គ្រឿង​អលង្ការ​ទាម​ទារ​ឱ្យ​មាន​សាវតារ​ជាតិ ឬ​សាក្សី​អ្នក​ទិញ​លក់​ឱ្យ​បាន​ត្រឹម​ត្រូវ ទើប​ពេល​មាន​បញ្ហា​ពាក់​ព័ន្ធ​បទ​ល្មើស​កើត​ឡើង​បង​ប្អូន​មាន​ឯក​សារ​ខ្លះ​គ្រាន់​ធ្វើ​ជា​ភស្តុ​តាង​បង្ហាញ​ដល់​ភ្នាក់​ងារ​មាន​សមត្ថ​កិច្ច​ ចៀស​វាង​មាន​បញ្ហា​កើត​ឡើង​បង​ប្អូន​មាន​តែ​ដៃ​ទទេ។ ដូច្នេះ​ក្រៅ​ពី​នេះ​​គ្មាន​មធ្យោ​បាយ​ណា​ជួយ​ដោះ​ស្រាយ​បង​ប្អូន​​បាន​ឡើយ។

ក្រុម​មន្ត្រី​ខ្លះ​និយាយ​ថា បង​ប្អូន​អាជីវ​ករ​រក​ស៊ី​ទទួល​ទាន​មុខ​របរ​ទិញ​លក់​គ្រឿង​អលង្ការ​តែង​តែ​ពុំ​សូវ​បាន​គិត​ពី​បញ្ហា​ផ្លូវ​ច្បាប់​ឡើយ គឺ​ឱ្យ​តែ​មាន​អតិថិ​ជន​យក​មាស ឬ​ប្លាទីន​ទៅ​លក់​គឺ​ទិញ​ភ្លាម​ៗ​ ឆៅ​ៗ​មិន​បាន​គិត​ពី​ផល​វិបាក​ផ្លូវ​ច្បាប់​​ដែល​អាច​នឹង​កើត​មាន​ឡើង។ ថ្វី​ដ្បិត​តែ​មាស​ប្រាក់​យក​ដុត​រំលាយ​​បាន​មែន ប៉ុន្តែ​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​ដែល​ច្បាប់​បាន​ចែង​សម្រាប់​អនុ​វត្ត​ក្នុង​សង្គម​ ពុំ​អាច​រលត់​បាន​ឡើយ ​លើក​លែង​តែ​ផុត​អាជ្ញា​យុកាល​ច្បាប់​​ប៉ុណ្ណោះ​។
ទាក់​ទិន​នឹង​ការ​ចោទ​ប្រកាន់​លើ​ក្រុម​សមត្ថ​កិច្ច​នគរ​បាល​ដែល​ពាក់​ព័ន្ធ​ជា​មួយ​ក្រុម​អាជីវ​ករ​ខាង​លើ​នេះ ពុំ​មាន​មន្ត្រី​ពាក់​ព័ន្ធ​ណា​មួយ​ចេញ​មុខ​បំភ្លឺ​ ឬ​បក​ស្រាយ​ពី​ការ​ចោទ​ប្រកាន់​របស់​ក្រុម​អាជីវ​ករ​ឡើយ។ ក្រុម​អ្នក​ច្បាប់​ខ្លះ​និយាយ​ថា បញ្ហា​ខាង​លើ​នេះ​វា​ពិត​ជា​ធ្លាប់​កើត​មាន​ប្រាកដ​មែន ​ទៅ​លើ​មន្ត្រី​ខិល​ខូច​ដែល​អនុ​វត្ត​ច្បាប់​ហួស​ស្ថាន​ទម្ងន់​ទោស​នៃ​ច្បាប់។ បង​ប្អូន​អាជីវ​ករ​វិញ​ក៏​ល្មម​យល់​អំពី​ផ្លូវ​ច្បាប់​ខ្លះ​ៗ​ហើយ​ ពាក់​ព័ន្ធ​នឹង​មុខ​របរ​របស់​ខ្លួន៕