ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គង់ ហូ​វ និង​រឿង សោ​ភ័​ណ្ឌ ប៉ះ​ថៃ​លើ​សង្វៀន​ប្លេ​ក​ខេត

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ធៀប​នឹង​វត្តមាន​របស់​គូ​អន្តរជាតិ​នៅ​វេលា​ព្រឹកខានស្អែក ការ​ប្រកួត​អន្តរជាតិ​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​នៅ​វេលា​យប់​ខានស្អែក​រឹតតែ​មានការ​រំពឹង​ខ្ពស់​ទៅ​ទៀត​ថា នឹង​កក្រើក​អ្នក​ទស្សនា​នៅ​គ្រប់​ទិស​ទី

រាជធានី​ភ្នំពេញ ៖ ធៀប​នឹង​វត្តមាន​របស់​គូ​អន្តរជាតិ​នៅ​វេលា​ព្រឹកខានស្អែក ការ​ប្រកួត​អន្តរជាតិ​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​នៅ​វេលា​យប់ខាន​ស្អែក​រឹតតែ​មានការ​រំពឹង​ខ្ពស់​ទៅ​ទៀត​ថា នឹង​កក្រើក​អ្នក​ទស្សនា​នៅ​គ្រប់​ទិស​ទី បន្ទាប់​ពី​មានការ​ប្រកាស​ថា កីឡាករ​ល្បីឈ្មោះ​ពីរ​រូប​គឺ​ជើង​ខ្លាំង​វ័យក្មេង​ទើប​ឡើង​កូដ​គង់ ហូ​វ និង​រឿង សោ​ភ័​ណ្ឌ ត្រូវ​គេ​ឱ្យ​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​នៅ​ក្នុង​ព្រឹត្តិការណ៍​«​កំពូល​អ្នក​ប្រដាល់​ប្លេ​ក​ខេត​» ។ នេះ​ជា​ការ​ប៉ះ​ប្រកួត​ដែល​មានការ​ចាប់អារម្មណ៍​ខ្លាំង ជា​ពិសេស​ចំពោះ​គូប្រកួត​រវាង​គង់ ហូ​វ និង​កីឡាករ​ថៃ ដោយសារ​តែ​កីឡាករ​កម្ពុជា​រូប​នេះ គឺជា​គ្រាប់ពេជ្រ​ថ្មី​ដ៏​ទាក់ទាញ​នៅ​ក្នុង​ពិភព​ប្រដាល់ ។

ទោះជា​ទើប​ឡើង​កូដ ប៉ុន្តែ​អ្នក​ស្នេហា​វិស័យ​ប្រដាល់​យ៉ាង​ហោច​ច្រើន​ជាង​ពាក់កណ្ដាល បាន​កត់សម្គាល់​ពី​ស្នាដៃ និង​លទ្ធភាព​ធ្វើ​បាន​របស់​កីឡាករ​វ័យក្មេង​គង់ ហូ​វ នៅ​លើ​សង្វៀន ។ ការ​ប្រកាស​ឲ្យ​គេ​ឡើង​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍​របស់​ក្រុមហ៊ុនស្រា​បៀរ​ប្លេ​ក​ខេត​យប់​ខានស្អែក បាន​ក្លាយជា​ការ​ចោទសួរ និង​តាមដាន​យ៉ាង​ផុលផុស ថា​គេ​នឹង​មានសំណាង​ដូច​គ្នា​នឹង​អ្វី​ដែល​ធ្លាប់​រំលេច​ឡើង​កន្លង​មក ឬ​អាច​ស៊យ​ក្រោម​ដៃគូ​ប្រកួត​មក​ពី​ខាងក្រៅ ។ ការ​ប្រកួត​ដែល​ធ្វើ​ឡើង​ចាប់ពី​ម៉ោង​៨​យប់​នៅ​ថ្ងៃអាទិត្យ​ស្អែក​នេះ គេ​ត្រូវ​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ល្បីឈ្មោះ​គួរសម ដែល​មាន​អ្នក​ទទួលស្គាល់​កម្រិត​ប្រកួត​រួច​ទៅ​ហើយ គឺ​កីឡាករ​ផា យ៉ា​ណ​ន់ ។

អ្នក​ទាំង​ពីរ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម ហើយ​ក៏​ជា​ការ​ប្រកួត​បើក​ឆាក​ដើម្បី​ពង្រីក​ប្រជាប្រិយភាព​របស់​ភាគី​កម្ពុជា បន្ទាប់​ពី​គេ​បាន​ឈាន​ឡើង​ក្នុង​តំណែង​ជួរ​មុខជា​បណ្ដើរ​នៅ​លើ​សង្វៀន​ក្នុងស្រុក​នោះ​ផង​ដែរ ។ កីឡាករ​គង់ ហូ​វ ទាំង​វ័យក្មេង និង​កម្លាំង​ស៊ុ​ហ្វ​ពេញ​ខ្លួន គេ​ថែម​ទាំង​មាន​បច្ចេកទេស និង​មាន​ទឹកចិត្ត​តស៊ូ​ចំពោះ​គូប្រកួត​ទៀត​ផង ។ លោក​តឹក ឡៃ ជា​គ្រូបង្វឹក​ហាក់​មាន​ជំនឿ​ចិត្ត​ចំពោះ​កូនសិស្ស​របស់​ខ្លួន​យ៉ាង​ខ្លាំង ដោយសារ​តែ​លោក​បាន​អះអាង​ថា កីឡាករ​គង់ ហូ​វ កំពុង​ពោរពេញ​ដោយ​ទឹកចិត្ត​ចង់​ប្រយុទ្ធ ហើយ​មានការ​ប្រឹងប្រែង​ហ្វឹកហាត់​ខុស​ពី​កីឡាករ​ល្បីឈ្មោះ​មួយ​ចំនួន ដែល​មើល​ស្រាល​ការ​ប្រកួត ហើយ​ចំណាយពេល​តែ​២​ថ្ងៃ ឬ​៣​ថ្ងៃ ចូល​ក្លិប​មុន​ឡើង​សង្វៀន​។ លោក​តឹក ឡៃ មាន​ជំនឿ​ថា កូនសិស្ស​របស់​ខ្លួន បើ​ទោះជា​ថ្មី​មិនសូវ​មានបទពិសោធន៍​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​បរទេស ប៉ុន្តែ​លោក​ថា​ការ​ប៉ះ​គ្នា​ជាមួយ​កីឡាករ​មក​ពី​ថៃ ផា យ៉ា​ណ​ន់ សម្រាប់​យប់​ស្អែក ពិតជា​ធ្វើ​ឲ្យ​សង្វៀន Black Cat កក្រើក និង​ទទួលស្គាល់​ស្នាដៃ​កូនសិស្សលោក​មិន​ខាន ។

ទោះ​មិន​ទាន់​រំពឹង​ថា​ឈ្នះ​១០០​ភាគរយ​នៅឡើយ​ក៏​កូនសិស្សលោក​ដែល​មានការ​ត្រៀម​ទុក​ក្នុង​ការ​ហ្វឹកហាត់​ប្រកួត​ដោយ​ការ​តាំងចិត្ត​តាំងពី​ចម្ងាយ​នោះ​ពិតជា​អាច​កំដរ​កីឡាករ​ថៃ​ដោយ​អស់ពី​សមត្ថភាព​បាន ។

កីឡាករ​គង់ ហូ​វ ទើបតែ​មាន​ប្រវត្តិ​ឡើង​ប្រកួត​បាន​៥១​លើក ឈ្នះ​៤១​លើក និង​ចាញ់​១០​លើក​ប៉ុណ្ណោះ ប៉ុន្តែ​ជា​ការ​កត់សម្គាល់​គឺ​កម្រិត​ប្រកួត​ប៉ុន្មាន​លើក​ចុង​ក្រោយ​របស់​កីឡាករ​រូប​នេះ ល្អ​រស់​វើក និង​មាន​ជ័យជម្នះ​ស្ទើរ​គ្រប់​លើក ដែល​សូ​ម្បី​តែ​គូប្រកួត​ដែល​ជា​កីឡាករ​ខ្លាំង​របស់​គេ​ក៏​ភ្ញាក់ផ្អើល ។ អ្នក​ទស្សនា​បាន​ហៅ​សន្ទុះ​ឈាន​ឡើង​របស់​កីឡាករ​រូប​នេះ​ថា​ឡើង​កូដ ដោយសារ​តែ​គេ​អាច​កែទម្រង់​ប្រកួត​បាន​កាន់តែ​ល្អ មិន​ខុស​ពី​ក្របី​ឡើងក ឬ​ហៅ​ថា​កីឡាករ​ដែល​ពេញ​ដោយ​ឆន្ទៈ និង​កម្លាំង​ប្រយុទ្ធ​មិន​រា​ថយ​នោះ ។ សម្រាប់​កីឡាករ​ថៃ​វិញ ក៏​មាន​តួលេខ​ឡើង​រេញ​មិន​លើស​ពី​គេ​ប៉ុន្មាន​ដែរ ប៉ុន្តែ​គេ​ជា​កីឡាករ​ដែល​ស្ថិត​នៅ​ក្នុង​បរិយាកាស​ដែល​មានការ​បំប៉ន និង​មាន​គ្រឹះ​ប្រយុទ្ធ​រឹង​មាំ​ជាង​កម្ពុជា ។

ដូច្នេះ​បើ​ទោះជា​មានបទពិសោធន៍​ទើបតែ​បាន​៥៩​លើក ឈ្នះ​៤៧​លើក ចាញ់​១១​លើក និង​ស្មើ​១​លើក ក៏​ស្ថានភាព​ថែបំប៉ន​សុខភាព និង​ការ​ហ្វឹកហាត់​របស់​កីឡាករ​ថៃ​ល្អ​ជាង​កីឡាករ​កម្ពុជា​នោះ​ដែរ ។ ការ​ប្រកួត​សម្រាប់​យប់​ស្អែក​បើ​គង់ ហូ​វ បរាជ័យ​នឹង​ក្លាយជា​បទ​ពិសោធន៍ ប៉ុន្តែ​បើ​ឈ្នះ​ដូច​គ្នា​នឹង​អ្វី​ដែល​គេ​សម្រេច​បានជា​មួយ​កីឡាករ​ក្នុងស្រុក​នាំ​ឲ្យ​មានការ​កត់សម្គាល់ នោះ​គឺ​ក្រេ​ឌី​តរបស់​កីឡាករ​វ័យក្មេង​រូប​នេះ នឹង​បោះ​ជំហាន​ដាច់​ឆ្ងាយ ហើយ​ក្រេ​ឌី​ត​ឡើង​ប៉ះ​កីឡាករ​អន្តរជាតិ ក៏​ស្ថិត​នៅ​ក្នុង​កណ្ដាប់ដៃ​របស់​គេ​រក​ពេល​សម្រាក​លែង​បាន មិន​ចាញ់​កីឡាករ​ល្បីឈ្មោះ​ចាស់វស្សា​នោះ​ដែរ​។

មួយគូ​អន្តរជាតិ​ទៀត គឺ​រឿង សោ​ភ័​ណ្ឌ ត្រូវ​គេ​ឲ្យ​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​មក​ពី​សហព័ន្ធ​ថៃ​ឈ្មោះ​ឌី ប៊េ​ន​ចុង ក្នុង​ប្រភេទ​ទម្ងន់​៦៩​គីឡូក្រាម ។ ការ​ប៉ះ​គ្នា​លើក​ដំបូង​របស់​គូ​នេះ ក៏​មាន​អ្នក​ចាំ​ឃ្លាំមើល​មិន​តិច​ដែរ ដោយសារ​តែ​កីឡាករ​ថៃ ឌី ប៊េ​ន​ចុង គឺជា​កីឡាករ​ថ្មី​មិន​ធ្លាប់​មក​ប្រកួត​នៅ​កម្ពុជា ហើយ​មានការ​បញ្ជាក់​ថា កីឡាករ​មិន​ថា​ខាង​កម្ពុជា និង​ថៃ លុះត្រាតែ​មាន​ក្រេ​ឌី​ត​ខ្ពស់ ទើប​អាច​មានមុខ​ឡើង​ប្រកួត​នៅ​លើ​សង្វៀន​អន្តរជាតិ​របស់​ក្រុមហ៊ុនស្រា​បៀរ​Black Cat នេះ​បាន ។ មានការ​បញ្ជាក់​ច្រើន​ដង​មក​ហើយ​ថា ក្រុមហ៊ុនស្រា​ប​បៀរប្លេ​ក​ខេត បាន​ចំណាយ​ទុន​ខ្ពស់​ជាមួយ​កម្មវិធី​ប្រដាល់​អន្តរជាតិ​ផ្សេង​ៗ ក្នុង​ការ​បញ្ជូន​កីឡាករ​ថៃ​ល្អ​ៗ​ឲ្យ​មក​ប្រកួត​នៅ​លើ​សង្វៀន​របស់​ខ្លួន ដោយ​បាន​ទាំង​ឃ្លាំមើល​វត្តមាន​កីឡាករ​កម្ពុជា​ដែល​ត្រូវ​កំណត់​ឲ្យ​ឡើង​រេញ​នោះ​យ៉ាង​ម៉ត់ចត់​នោះ​ផង ។ អ៊ីចឹង​ហើយ ទើប​គេ​កត់​សម្គាល់ថា កីឡាករ​កម្ពុជា​បើ​ទោះជា​ល្អ​ប៉ុនណា ក៏​ពិបាក​ទទួល​ជ័យជម្នះ​នៅ​លើ​សង្វៀន​របស់​ស្រា​បៀរ​ប្លេ​ក​ខេត​នេះ​ដែរ ដោយសារ​តែ​វត្តមាន​របស់​កីឡាករ​ថៃ​ភាគច្រើន​ជា​កីឡាករ​លំដាប់​ជួរ​មុខ​។

មន្ត្រី​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ បាន​បញ្ជាក់​ច្រើន​លើក​មក​ហើយ​ថា ព្រឹត្តិការណ៍​ប្រដាល់​អន្តរជាតិ «​កំពូល​អ្នក​ប្រដាល់​ប្លេ​ក​ខេត​» គឺ​ពិបាក​ស្វែងរក​កីឡាករ​កម្ពុជា​ល្អ​ៗ​ឲ្យ​មក​ប្រកួត​ជាមួយ​ថៃ ដោយសារ​តែ​ក្រុមហ៊ុន​បាន​ចុះ​កុងត្រា​ជាមួយ​អ្នកដឹកនាំ​កីឡាករ​ថៃ ឲ្យ​យក​តែ​កីឡាករ​ដែល​មាន​សមត្ថភាព​ឲ្យ​មក​ប្រកួត​ដាច់ខាត ដើម្បី​ឲ្យ​ការ​ប្រដាល់​ពេល​យប់​ទទួល​បានការ​ចាប់អារម្មណ៍​ខ្ពស់ ។ ព្រឹត្តិការណ៍​នេះ​រមែង​ធ្វើ​ឲ្យ​កីឡាករ​កម្ពុជា​ដែល​មាន​អំនួត ហើយ​មើល​ស្រាល​ការ​ហ្វឹកហាត់​បរាជ័យ ។

ជាក់ស្ដែង​កីឡាករ ឌី ប៊េ​ន​ចុង មានការ​ប្រកួត​១០២​ដង ឈ្នះ​៨២​ដង ចាញ់​១៦​ដង និង​ស្មើ​៤​ដង​រួច​មក​ហើយ ដែល​តួលេខ​នេះ​បង្ហាញ​យ៉ាង​ច្បាស់​ថា ទាំង​បទ​ពិសោធន៍ និង​សមត្ថភាព​របស់​គេ​គឺ​មិនធម្មតា​។ បើ​ទោះជា​រឿង សោ​ភ័​ណ្ឌ ធ្លាប់​ប្រកួត​បាន​ដល់​១៣៩​ដង ឈ្នះ​១២៦​ដង ចាញ់​១១​ដង និង​ស្មើ​២​ដង ប៉ុន្តែ​គេ​មិន​ទាន់​ដឹង​នៅឡើយ​ទេ​ថា​នឹង​មាន​លទ្ធផល​បែប​ណា0x017d7 យ៉ាងណា​ក៏​ដោយ គេ​ជឿ​ថាបើ​កីឡាករ​ថៃ មិន​វ៉ៃ​ឲ្យ​ឈ្នះ​ដាច់​ទេ លទ្ធផល​ស្មើនឹង​អាច​កើតឡើង ដោយសារ​ការ​កត់សម្គាល់ បើ​ត្រឹម​កីឡាករ​ថៃ​ឈ្នះ​ពិន្ទុ​តិចតួច គឺ​គេ​ច្រើន​ឲ្យ​ស្មើ ដើម្បី​កុំ​ឲ្យ​រឿង សោ​ភ័​ណ្ឌ បាក់មុខ ហើយ​អន់ចិត្ត ៕