ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាគីសៀមមកពិនិត្យបង្គោលឡាក់លេខ៣៦ឯកតោភាគី

15 ឆ្នាំ មុន

​ក្រុងប៉ោយប៉ែត​ ៖ ​អាជ្ញាធរ​​ និងសមត្ថ​កិច្ច​​ចម្រុះ​សៀម​​ប្រមាណ​​៤០នាក់​ប្រដាប់​ដោយ​​​អាវុធ ​M16 ​ចំនួន​១០ដើម​ និង​មាន​ទាំង​អ្នក​កា​សែត​​​​ផង បានចូលមក​​​បង្គោលឡាក់​​​ព្រំដែន​លេខ​​៣៦ ​ជាលើក​ទី​២ កាលពីវេលាម៉ោង​​​​២​និង​២៥​នាទី​ រសៀលថ្ងៃទី​​២៨ មីនា ​ជា​ឯក​​តោ​ភាគី​​​ និង​មិន​​​បានផ្តល់​​សេចក្តីជូនដំណឹង​​​ជា​មុន​មក​ភាគី​កម្ពុជា​​ទេ ។ ភាគីសៀម​​នេះ​​បានចូលមក​​​ជា​លើក​ទី​​១ រហូតដល់ទៅ​​​២ដង ​កាលពីថ្ងៃទី​​២៣ មីនា កន្លង​មក ។​

​​បង្គោល​ឡាក់ព្រំដែន​​​លេខ​​៣៦ ​ដែល​ស្ថិត​នៅ​​ក្នុងភូមិបន្ទាយ​​មានឫទ្ធិ ​ឃុំ​គោក​​​រមៀត ស្រុក​ថ្ម​​ពួក​ ខេត្ត​បន្ទាយមាន​ជ័យ​នេះ គឺ​​ឈមនឹង​​​ភូមិ​​​ចាប់​​សាន់ ឃុំ​​ថាត់​ថៃ ស្រុក​តាប់​ប្យា ​ខេត្ត​ស្រះ​កែវរបស់ថៃ​ ។ បើ​តាម​ប្រភពព័ត៌​មាន​​​​បាន​ឱ្យ​ដឹង​ថា ​​កម្លាំង​​​ចម្រុះ​ដែលចូលមក​នេះ​មាន​ប៉ូលិស​ការ​ពារ​ព្រំដែន​​កង​​រយ​លេខ​​១២៦ ​ចំនួន​១០នាក់ ​ប្រដាប់​ដោយ​​អាវុធ M16 ​ចំនួន​​១០ដើម ​​​ទាហាន​​​ឈុត​ប៉ារ៉ា​​​៦​នាក់ តែ​មិន​មាន​អាវុធ​ទេ ​អភិ​បាល​ស្រុក​​តាប​់ប្យា ​កម្លាំង​ឈុត​ខ្មៅ​​មក​ពី​​ក្រុង​បាង​កក ​និង​ប៉ូលិស​​អន្តោប្រវេសន៍ ។ កម្លាំង​ចម្រុះ​​របស់សៀម​នេះ បាន​​មក​​ពិនិត្យ​​​ប្រមាណ​​១៥​នាទី​គឺនៅម៉ោង​​២​និង​​​៤០នាទី​រសៀល​ថ្ងៃ​ដដែល​ក៏​ត្រឡប់​​ទៅវិញ ។​
លោក​ប្រាក់ សាំ​ ​នាយប៉ុស្តិ៍​​​ព្រំដែន​​ច្រក​​តំបន់​បឹង​​ត្រកួន​បានប្រាប់​​តាមទូរស័ព្ទ​​នៅ​ល្ងាច​ថ្ងៃទី​​២៩ មីនា ​ថា ពិតជា​​មានការ​ចូល​​មកពិនិត្យ​​​​បង្គោល​ព្រំដែន​​​លេខ​៣៦ ពីសំណាក់​អាជ្ញាធរ និង​​សមត្ថកិច្ច​​សៀម​មែន ។ លោកបន្ត​ថា ការ​ចូល​មក​​​របស់ភាគីសៀម​នេះ​គ្មាន​ជូនដំណឹង​​​ទេ គឺ​​គេ​មក​​​ពិនិត្យ​ជាឯ​ក​តោភាគី​​តែ​ម្តង ។ ​លោក​បន្ត​ទៀត​​​ថា ភាគីសៀម​​ពិបាក​​យក​​ពាក្យ​សម្តីធ្វើជា​​ការ​ណាស់ ដោយ​លោកប្រាប់​ថា រាល់​ការ​​ជួប​គ្នា​​នា​ពេល​ប្រជុំ​រាល់​​លើក​គឺ​​ភាគី​​ទាំង​២ តែង​តែ​និយាយ​ថា ​បើមាន​​​អ្វីត្រូវ​ប្រាប់គ្នាជា​មុន ​ហើយ​ភាគី​​​កម្ពុជា​​យើងបាន​ប្រាប់ដែរ​​ថា បើ​ចុះ​មក​មើលបង្គោល​ឡាក់​លេខ​៣៦ គឺ​ត្រូវ​​ប្រាប់​ជា​មុន បើ​មិន​បាន​៣ថ្ងៃ​មុន​ក៏មួយថ្ងៃ​​​មុនដែរ ។ ប៉ុន្តែ​​​ទីបំផុត​​សៀម​នៅតែ​មិន​ផ្តល់​​ដំណឹង​​ដដែល ហើយចំពោះ​​​ការពិនិត្យ​​បង្គោលឡាក់​​​នោះ​មួយ​ដង​ជា​២ដង មិនដឹង​ថា ខាងភាគីសៀម​​មាន​បំណង​អ្វីទេ ។

  • សភាថៃ​​លើកពេលប្រជុំ​​ស្តីពីការអនុម័ត​​លើកំណត់​ហេតុ​របស់ JBC ទៅថ្ងៃទី៥ មេសា​

យោងតាមកាសែត​​ឌឹណេស្សិន​របស់ថៃ​ជា​ភាសាអង់គ្លេស​​​នៅថ្ងៃទី​​២៩ មីនា ផ្សាយ​​ឱ្យ​ដឹង​​ថា កិច្ចប្រជុំ​​រួមគ្នា​រវាង​សភា និង​ព្រឹទ្ធសភា​​ថៃ ដើម្បី​ពិភាក្សា​​ និង​ពិចារណា​ពីការផ្តល់​​ការអនុ​ម័ត​លើ​កំណត់ហេតុ​​​របាយការណ៍​​ចំនួន​​៣​របស់​គណៈ​កម្មា​​ធិការ​​ព្រំដែនចម្រុះ​ JBC ដែលគ្រោង​​ធ្វើនៅ​​​ថ្ងៃទី​​២៩ មីនា ត្រូវបានពន្យារ​ពេល​​​រហូត​ដល់​ថ្ងៃ ទី​៥ ​មេសា ខាងមុខ ដោយ​​សារ​សមាជិក​​សភា និង​ព្រឹទ្ធសភា​ដែលចូលរួម​​មិនគ្រប់កូរ៉ុម​។​

កាសែត​ថៃ​ដដែល​បាន​ឱ្យ​ដឹងទៀតថា ​​ដំបូង​កិច្ចប្រជុំ​​​​ចាប់​ផ្តើម​​ដំណើរ​ការ​តាមការ​គ្រោង​ទុក​ ប៉ុន្តែ​ត្រូវ​បញ្ឈប់វិញ ក្រោយពី​​សមាជិក​សភា​​គណបក្ស​​ភឿថៃ លោក Sunail Jullapong-sathorn ស្នើសុំ​​​ពិនិត្យ​​មើល​កូរ៉ុម ។ មាន​តែ​​សមា​ជិក​សភា និង​ព្រឹទ្ធសភា​​ចំនួន​​២៦២​រូប​ប៉ុណ្ណោះ ​មាន​វត្តមាន​នៅក្នុង​វិមានរដ្ឋសភា​ដោយ​​ខ្វះ​​១៥​រូប​ទៀត​ទើបគ្រប់​​កូរ៉ុម ។​ នេះជាលើកទី​​២ ហើយ​មិន​​បាន​ប៉ុន្មាន​​ថ្ងៃ​ផង​ដែល​​សភាថៃ​​ពន្យារពេល​​​កិច្ចប្រជុំ​​របស់​​ខ្លួន​ទាក់​ទង​​ទៅនឹងការ​ផ្តល់​ការ​អនុម័តលើ​កំណត់​​ហេតុ​របាយការណ៍​​​ចំនួន​​៣​របស់ JBC ដែលលើកទី​១ ​គ្រោង​​ធ្វើកាលពីថ្ងៃទី​​២៥ មីនា កន្លង​មក ។​

ដោយឡែក មុនពេល​ឈានដល់​ការ​សម្រេច​​​ពន្យារពេល​​កិច្ចប្រជុំ​​នោះ សមាជិកសភា និងព្រឹទ្ធ​​សភា ​ដែល​មានវត្តមាន​នៅក្នុង​វិមាន​រដ្ឋសភា​ត្រូវ​​បែក​ចែក​​ជា​​២ក្រុម​​មាន​មតិ​យោបល់​​ផ្សេង​​​គ្នា​ ក្នុង​នោះ​មួយក្រុម​​មិនចង់​ឱ្យសភា​​បោះឆ្នោត​​ផ្តល់​ការអនុម័ត​​លើកំណត់ហេតុ​​ទាំង​​៣​របស់ JBC ដោយលើកហេតុផល​ថា តុលាការ​ធម្មនុញ្ញ​​មិន​ទាន់​សម្រេច​ថា តើ​​កំណត់ហេតុ​​ទាំងនេះ​ត្រូវ​បាន​​ចាត់ទុក​ថា ជា​កិច្ចព្រមព្រៀង​​​មួយដែល​​តម្រូវ​​​ឱ្យ​មានការ​អនុម័ត​​ពីសភា ឬ​ក៏អត់​។ ​ក្រោយ​មក​ក្រុមនេះ​​បានដាក់​​ញត្តិ​​មួយជូនទៅ​តុលាការ​​ធម្ម​នុញ្ញ​​ដោយ​សមាជិក​សភា​មួយរូប​របស់​គណបក្ស​​ប្រជា​ធិបតេយ្យកំពុងកាន់ អំណាច ហើយ​​តុលា​ការ​​ធម្មនុញ្ញា​ក៏​ព្រម​​ទទួល យក​ រួច​នឹង​​ពិចារណា​លើ​ញត្តិ​នេះ​នៅថ្ងៃទី​៣០ មីនា ។​

ចំណែក​​មួយក្រុម​ទៀត​ចង់​​ឱ្យសភា​​ពិចារ​ណា​​មើល​​ តែ​ការ​អង្កេត​​ដែលដាក់​​​ដោយគណៈ​កម្មា​ធិការ​​ដឹកនាំដោយ​​សមាជិក​​សភាគណបក្ស​ប្រជា​ធិបតេយ្យ​ លោក Charoeun Khantha​wong  បានហើយ​​មិនចាំ​បាច់​​ពិចារណា​ពី​កំណត់​ហេតុ​​របស់ JBC ទេ ។ ជាមួយគ្នានេះ ​ទាក់ទិន​នឹង​ការ​ចូលរួមរបស់ភាគីថៃ​​ក្នុង​​កិច្ចប្រជុំ​​ JBC និង​កិច្ច​ប្រជុំ​​ GBC ដែលគ្រោង​រៀបចំឡើង​​​នៅ​ទីក្រុង​​បូហ្គ័រ ​ប្រទេស​ឥណ្ឌូណេស៊ី​​ចាប់ពី​ថ្ងៃ​៧​ដល់​ថ្ងៃ​ទី​៨​ មេសា ខាង​មុខ កាសែត​បាង​កក​ប៉ុស្តិ៍​នៅ​ថ្ងៃ​ទី​២៩ មីនា​ ផ្សាយ​ឱ្យ​ដឹងថា រដ្ឋ​មន្ត្រី​ក្រសួង​ការ​​ពារ​ប្រទេស​ថៃ​លោក​ប្រាវីត​ វង្ស ​សុវុន អះ​អាង​ថា រូប​លោក​នឹង​ចូល​រួម​កិច្ច​ប្រជុំ​​គណៈ​កម្មាធិ​ការ​ព្រំ​ដែន​ទូទៅ GBC ដែល​នឹង​រៀប​ចំឡើង​នៅ​ក្នុង​ប្រទេស​​ឥណ្ឌូ​ណេ​ស៊ីក្នុង​​លក្ខ​ខណ្ឌ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ីជា​ផ្ទះ​​មិន​ជាប់​ពាក់​ព័ន្ធ​ជា​ម្ចាស់​មួយ​កិច្ច​ប្រជុំ​នេះ ។

កាល​ពី​ប៉ុន្មាន​​ថ្ងៃ​កន្លង​មក​នេះ លោក​ឧត្តម​សេនីយ៍​ ប្រាវីត ថ្លែង​ថា រូប​លោក​នឹង​មិន​ទៅ​ចូល​​រួម​កិច្ច​ប្រជុំ GBC នៅ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ទេ ដោយ​លោក​លើក​ហេតុ​ផល​ថា ជំលោះ​​រវាង​ប្រទែស​ថៃ និង​ប្រទេស​កម្ពុជា​អាច​ដោះ​ស្រាយ​ដោយ​ទ្វេ​ភាគី​​មិន​បាច់​មាន​ការ​​ជាប់​ពាក់​ព័ន្ធ​ពី​ប្រទេស​ទី​៣​នោះ​ទេ ប៉ុន្តែ​កាលពី​ថ្ងៃ​​ទី​២៨ មីនា​កន្លង​មក​ លោក​ប្រាវីត ថ្លែងថា ចំពោះ​ទី​កន្លែង​សម្រាប់​កិច្ច​ប្រជុំ GBC គ្មាន​បញ្ហា​​នោះ​ទេ​ធ្វើ​​ម៉េច​កុំ​ឱ្យ​ប្រទេស​​ជា​ម្ចាស់​​ផ្ទះ​ចូល​រួម៕

(អារុណ​+សុខលី​)