ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូ វ៉ា​ន់​សក្តិ និង​យស់ សំ​អាល់ ណាត់ជួប​គ្នា​នៅ​លើ​សង្វៀន​ស៊ី​ធី​អិន​ថ្ងៃ​សៅរ៍​ខានស្អែក​នេះ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ប៉ូ វ៉ាន់​សក្តិ អ្នក​ប្រដាល់​ជើង​ចាស់​មក​ពី​ក្លិប​គី​សែ​មាន​រិ​ទ្ធ និង​យស់ សំ​អាល់ មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ដែល​បាន​បាត់​មុខ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ នៅ​ថ្ងៃ​សៅរ៍ ទី​១៩ ធ្នូ ខាបស្អែក​នេះ

រាជធានី​ភ្នំពេញ ៖ ប៉ូ វ៉ាន់​សក្តិ អ្នក​ប្រដាល់​ជើង​ចាស់​មក​ពី​ក្លិប​គី​សែ​មាន​រិ​ទ្ធ និង​យស់ សំ​អាល់ មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ដែល​បាន​បាត់​មុខ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ នៅ​ថ្ងៃ​សៅរ៍ ទី​១៩ ធ្នូ ខាបស្អែក​នេះ បាន​ណាត់ជួប​គ្នា​នៅ​លើ​សង្វៀន​ស៊ី​ធី​អិន សាក​កណ្តាប់ដៃ​គ្នា​ដើម្បី​រំលឹក​វិជ្ជា​គុន​ឡើង​វិញ ។

ការ​លេចមុខ​នៅ​លើ​សង្វៀន​របស់​កីឡាករ​ទាំង​២​លើក​នេះ ធ្វើ​ឱ្យ​អ្នក​តាមដាន​ការ​ប្រកួត​ភាគច្រើន​ចាប់អារម្មណ៍​យ៉ា​ង​ខ្លាំង ដោយសារ​កន្លង​មក​អ្នក​ទាំង​២​សុទ្ធតែ​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​និង​ល្បីឈ្មោះ​ដូច​គ្នា​និង​មិន​ធ្លាប់​ប៉ះ​គ្នា​ទៀត​ផង ។

ប៉ូ វ៉ា​ន់​សក្តិ និង​យស់ សំ​អាល់ រហូត​មក​ទល់​នឹង​ពេល​នេះ មិនដឹង​ជា​មាន​អ្វី​ប្រែប្រួល​នោះ​ទេ ប៉ុន្តែ​ពី​មុន​មក ប៉ូ វ៉ា​ន់​សក្តិ គឺជា​អ្នក​ប្រដាល់​ដែល​មាន​ផ្លែ​ល្អ​គួរសម ជា​ពិសេស​ផ្លែ​កែង​និង​ជង្គង់​របស់​គេ​តែ​ម្តង ពេល​វាយ​ចេញ​ម្តង​ៗ​ធ្វើ​ឱ្យ​គូប្រកួត​ញាក់សាច់​គ្រប់​គ្នា ។ ទោះបី​ចិត្ត​កីឡាករ​រូប​នេះ​រាង​តូច​បន្តិច​មែន ប៉ុន្តែ​គាត់​ល្អ​កម្ពស់​ដែល​អាច​មាន​ប្រៀប​ជាង​គូប្រកួត ។

ចំណែក យស់ សំ​អាល់ វិញ បើ​ទោះជា​ចាញ់​ប្រៀប​ខាង​កម្ពស់​គូប្រកួត​បន្តិច​មែន តែ​កុំ​មើល​ស្រាល​ឱ្យ​សោះ ចិត្ត​របស់​គេ​សឿង​ខ្លាំង​ណាស់ និង​មាន​ស្បែក​មុខ​ក្រាស់​ទៀត​ផង ។ កីឡាករ​រូប​នេះ​មិនសូវ​ពូកែ​ប្រើ​ស្នៀត​កែង និង​ជង្គង់​ទេ ប៉ុន្តែ​ស្នៀត​កណ្តាប់ដៃ​របស់​គេ​អាច​វាយ​ចេញ​បាន​រហ័ស និង​មាន​ទម្ងន់​ធ្ងន់​ទៀត​ផង ។ យស់ សំ​អាល់ ទោះបី​មាន​ចរិត​ឆាប់​ឆេវឆាវ​បន្តិច​មែន ប៉ុន្តែ​កម្រ​មាន​នរណា​ផ្តួល​គេ​ឱ្យ​សន្លប់​ណាស់ ។ សម្រាប់​ការ​ប្រកួត​លើក​នេះ​អត់​មាន​អ្នក​ណា​ហ៊ា​ន​ទាយ​ទុក​ថា​គេ​នៅ​ខ្លាំង​ដូច​មុន​ទៀត​ឬ​ក៏​អត់​នោះ​ទេ ដូច្នេះ​បើ​ចង់​ដឹង​ថា អ្នក​ណា​ខ្លាំង​ជាង​អ្នក​ណា​នោះ មាន​តែ​រង់ចាំ​អ៊ុត​មើល​ការ​ប្រកួត​ជាក់ស្តែង​ប៉ុណ្ណោះ ។

នៅ​លើ​សង្វៀន​ដដែល​កីឡាករ​កង មក​រា មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ប្រកួត​ជាមួយ​កីឡាករ​ផ​ន ផល្លា មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ​បង្ក្រាប​គ្រឿងញៀន ។ កីឡាករ ចាន់ រតនៈ មក​ពី​ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​៨ ភ្នំ​ទ្រព្យ ប្រកួត​ជាមួយ​កីឡាករ សេន កុសល មក​ពី​ក្លិប​មោងឫស្សី​មរតក​គុន​ខ្មែរ ខេត្តបាត់ដំបង ។ កីឡាករ​ថៃ សក្តិ​សារៈ មក​ពី​ក្លិប​កងទ័ពជើងទឹក ប្រកួត​ជាមួយ​កីឡាករ ឈាន រស្មី មក​ពី​ក្លិប​ខេត្តរតនៈគិរី និង​កីឡាករ ផា​ន់ ជី​វ័​ន្ត មក​ពី​ក្លិប​គជសារ​កីឡា ប្រកួត​ជាមួយ​កីឡាករ អ៊ុ​ក ស៊ី​ម៉េ​ង មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា ៕