ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​ការ​ប្រកួត​កីឡា​ប៉េតង់​ជ្រើសរើស​ជើងឯក​អាស៊ី​លើក​ទី​19​ឆ្នាំ​2015

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​កីឡា​ប៉េតង់​ជ្រើសរើស​ជើងឯក​អាស៊ី លើក​ទី​១៩ ឆ្នាំ​២០១៥ ដែល​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​នោះ​បាន​បើក​ដំណើរការ​ជា​ផ្លូវការ​ហើយ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៧​ធ្នូ នៅ​ពហុ​កីឡដ្ឋាន​ជាតិ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​កីឡា​ប៉េតង់​ជ្រើសរើស​ជើងឯក​អាស៊ី លើក​ទី​១៩ ឆ្នាំ​២០១៥ ដែល​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​នោះ​បាន​បើក​ដំណើរការ​ជា​ផ្លូវការ​ហើយ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៧​ធ្នូ នៅ​ពហុ​កីឡដ្ឋាន​ជាតិ ក្រោម​អធិបតីភាព​លោក​បណ្ឌិត​សភាចា​រ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីការគណៈរដ្ឋមន្ត្រី និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា ។

លោក ស៊ា​ន បូ​រ៉ាត រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ថ្លែង​ឱ្យ​ដឹង​ថា ការ​ប្រកួត​កីឡា​ប៉េតង់​ជ្រើសរើស​ជើងឯក​អាស៊ី លើក​ទី​១៩ នឹង​ប្រព្រឹត្ត​ទៅ​រយៈពេល​៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​១៧​រហូត​ដល់​ថ្ងៃ​ទី​១៩ ធ្នូ ដែល​មាន​អត្ត​ពលិកម​ក​ពី​បណ្ដា​ប្រទេស​ចំនួន​១២​ចូលរួម និង​មាន​កិច្ចសហការ​ជាមួយ​ផ្នែក​បច្ចេកទេស​ពី​សហព័ន្ធ​កីឡា​ប៉េតង់​អាស៊ី​ផង​ដែរ ។ ចំណែក​ប្រតិភូ​កីឡា​ដែល​បាន​មក​ចូលរួម​សរុប​ទាំងអស់​មាន​ចំនួន​១៩០​នាក់ ហើយ​វិញ្ញាសា​ដែល​ដាក់​ឱ្យ​ប្រកួត​មាន​ចំនួន​៦​ក្នុង​នោះ​វិញ្ញាសា​ប្រកួត​វាយ​យក​ពិន្ទុ​មាន​៣​មាន​ផ្នែក​បុរស ផ្នែក​នារី និង​ផ្នែក​យុ​ជន និង​វិញ្ញាសា​៣​នាក់​ទល់​នឹង​៣​នាក់ មាន​៣ មាន​ផ្នែក​បុរស ផ្នែក​យុវជន និង​ផ្នែក​នារី ។​លោក​បានឱ្យ​ដឹង​ទៀត​ថា ប្រតិភូ​កីឡា​ទាំង​១៩០​នាក់​នេះ ការ​ហូប​ចុក និង​ស្នាក់​នៅ​គឺ​ខាង​ក្រសួង​ជា​អ្នករ៉ាប់រង​ទាំងស្រុង ។

លោក​រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ដដែល បានឱ្យ​ដឹង​ទៀត​ថា ផ្អែក​លើ​គោលនយោបាយ​ជាតិ​ស្ដី​ពី​ការ​អភិវឌ្ឍ​វិស័យ​អប់រំ​កាយ​និង​កីឡា និង​ផែនការ​យុទ្ធ​សាស្ត្រ​​ឆ្ពោះទៅ​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២​នោះ ក្រសួង​អប់រំ​យុ​ជន​និង​កីឡា​បាន​ធ្វើ​វិមជ្ឈការ​ការងារ​ទៅ​ឱ្យ​សហព័ន្ធ​កីឡា​ជាតិ ក្នុង​ការ​រៀបចំ​ការ​ប្រកួត​National Championship,Sea Championship និង​Asian Championship ។ ជាក់ស្ដែង ឆ្នាំ​២០១៥​នេះ​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា បាន​រៀបចំ​ការ​ប្រកួត SEAPA លើក​ទី​២​កាលពី​ថ្ងៃ​ទី​២​ដល់​ថ្ងៃ​ទី​៥ មេ​សា ប្រកបដោយ​ជោគជ័យ ។

លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន បាន​ថ្លែង​នូវ​ការ​កោតសរសើរ​យ៉ាង​ខ្លាំង​ដល់​ក្រសួង​អប់រំ​យុវជន និង​កីឡា ដែល​បាន​រៀបចំ​កម្មវិធី​ប្រកួត​មាន​ភាព​អធិកអធម​ក្រៃ​លែង​។ មិនតែប៉ុណ្ណោះ លោក​បាន​កោតសរសើរ​ដល់​មន្ត្រី​សហព័ន្ធ​កីឡា​ប៊ូល​និង​ប៉េតង់​កម្ពុជា​ដែល​បាន​ចូលរួម​រៀបចំ​ឱ្យ​មាន​ព្រឹត្តិការណ៍​នៃ​ការ​ប្រកួត​នានា​យ៉ាងច្រើន​នា​ពេល​កន្លង​មក ថែម​ទាំង​បាន​បញ្ជូន​កីឡាករ​-​កីឡាការិនី​ទៅ​ចូលរួម​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍​ពិភពលោក​ទទួល​បាន​មេដាយមាស មក​ជូន​ជាតិ​ទៀត​ផង​។ ជាក់ស្ដែង កីឡាការិនី កែ ឡេ​ង ថ្មី​ៗ​នេះ​ដណ្ដើម​បាន​មេដាយមាស​លើ​វិញ្ញាសា​វាយ​យក​ពិន្ទុ និង​អាច​រក្សា​បាន​តំណែង​ជា​ម្ចាស់​ជើងឯក​ពិភពលោក​ឆ្នាំ​២០១៣​ទៀត​ផង ។ លទ្ធផល​ទាំងនេះ​បាន​មក​ដោយសារ​តែ​ការ​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​បាន​ល្អ ។ លោក​បញ្ជាក់​ថា កីឡា​មិន​ត្រឹមតែ​នាំ​មក​នូវ​សុខុមាលភាព កម្លាំង​មាំមួន​ប៉ុណ្ណោះ​ទេ ថែម​ទាំង​នាំ​មក​នូវ​សាមគ្គីភាព មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​ល្អជា​មួយ​គ្នា​ទៀត​ផង ៕